អ្នកសារព័ត៌មានខ្មែរមានលទ្ធភាពតិចតួចក្នុងការប្រមូលថវិកាសាមគ្គីរបស់អ្នកសារព័ត៌មានឧបត្ថម្ភសហការី ដែលចាំបាច់ត្រូវរកជំនួយសប្បុរសធម៌ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ទោះជាយ៉ាងណាពួកគេបដិសេធថា លុយរបស់អ្នកនយោបាយដ៏មានឥទ្ធិពលនេះមិនប៉ះពាល់ដល់វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជាទេ។
ព័ត៌មានអំពីប្រាក់សប្បុរសធម៌របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំនួន២០.០០០(ពីរម៉ឺន)ដុល្លារស.រ.អា និងថវិកា៥.០០០ (ប្រាំពាន់)ដុល្លាររបស់លោក ខៀវ កាញ៉ារិទ្ធ រដ្ឋមន្ត្រីព័ត៌មានជួយអ្នកសារព័ត៌មាន The Cambodia Daily ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅក្នុងចំណោមអ្នកសារព័ត៌មានខ្មែរ។
អ្នកជំនាញខាងសារព័ត៌មានមានការយល់ឃើញចម្រុះគ្នាអំពីឥទ្ធិពលរបស់លោកនាយករដ្ឋមន្ត្រីទៅលើវិជ្ជាជីវៈសារព័ត៌មានតាមរយៈថវិកាសប្បុរសធម៌នេះ។
លោក មឿន ឈានណារិទ្ធ ប្រធានវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មាននិយាយថា អ្នកសារព័ត៌មានមានក្រមសីលធម៌ ដែលមិនអាចទទួលថវិកាពីប្រភពព័ត៌មានអ្នកនយោបាយ ឬថ្នាក់ដឹកនាំនោះទេ ព្រោះវាប៉ះពាល់វិជ្ជាជីវៈសារព័ត៌មាន។ ទោះជាយ៉ាងណាលោកបកស្រាយប្រាប់ VOA នៅថ្ងៃសុក្រថា ចំពោះករណីរបស់លោក សាំង សុឥន្ទរិទ្ធ ការទទួលប្រាក់ឧបត្ថម្ភពីលោកនាយករដ្ឋមន្ត្រីនោះមិនប៉ះពាល់វិជ្ជាជីវៈរបស់លោកទេ ព្រោះលោកឈប់សរសេរព័ត៌មានហើយ។
អ្នកជំនាញរូបនេះបញ្ជាក់ថា៖ «ប៉ុន្តែក្នុងកាលៈទេសៈអ្នកយកព័ត៌មាន សាំង សុឥន្ទរិទ្ធ អីចឹង ដោយសារគាត់ឈប់ពីអាជីពសារព័ត៌មានហើយ អីចឹងការទទួលថវិកានេះ ខ្ញុំគិតថា វាមិនប៉ះពាល់ដល់ការបំពេញការងាររបស់គាត់ទេ»។
ទោះជាយ៉ាងណា ព័ត៌មានដ៏សុះសាយអំពីសប្បុរសធម៌នេះគឺជាប្រយោជន៍នយោបាយសម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយវាអាចទាក់ទាញមនោសញ្ចេតនារបស់អ្នកសារព័ត៌មានចំពោះនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលនេះ។
លោក ហ៊ុយ វណ្ណៈ ប្រធានសភាពសហព័ន្ធសហជីពអ្នកសារព័ត៌មានកម្ពុជា ដែលជាអ្នកពាំនាំសំណូមពររបស់លោក សាំង សុឥន្ទរិទ្ធ ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ បានបកស្រាយប្រាប់ VOA នៅថ្ងៃសុក្រនេះថា ការសង្គ្រោះជីវិតគឺជាអាទិភាពមុនអ្វីៗទាំងអស់។ ការជួយសង្គ្រោះជីវិតមិនត្រូវប្រកាន់នយោបាយទេ។
លោក ហ៊ុយ វណ្ណៈ ថ្លែងថា៖ «ពេលដែលយើងនិយាយអំពីសេរីភាព មុននឹងនិយាយអំពីវិជ្ជាជីវៈ អាហ្នឹងយើងនិយាយអំពីជីវិតមុនគេបំផុត»។
លោកពន្យល់ថា មិនអាចថា អ្នកណាម្នាក់មានគ្រោះថ្នាក់ចរាចរណ៍ ហើយរើសអើងអ្នកជួយសង្គ្រោះជាអ្នកនយោបាយ ឬជាគ្រូពេទ្យ ឬជាអ្នកណានោះទេ។
ក្នុងពេលដែលលោកទទួលស្គាល់សប្បុរសធម៌របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនចំពោះអ្នកសារព័ត៌មាន សាំង សុឥន្ទរិទ្ធ ក្តី ក៏លោក មឿន ឈានណារិទ្ធ យល់ថា ជាការប្រសើរជាងសម្រាប់វិជ្ជាជីវៈសារព័ត៌មាន ប្រសិនអ្នកសារព័ត៌មានមានលទ្ធភាពសាមគ្គីជួយគ្នាក្នុងគ្រាមានអាសន្ន ដោយមិនត្រូវការសប្បុរសធម៌ពីអ្នកនយោបាយ។
លោកថ្លែងថា៖ «អ្នកសារព័ត៌មានយើងគួរតែសាមគ្គីគ្នា គួរជួយគ្នាអីចឹងណា៎ ហើយកន្លងមកហ្នឹង យើងហាក់ដូចជាមានបញ្ហាហ្នឹង»។
លោកនិយាយថា ពេលលោកមានគ្រោះថ្នាក់ចរាចរ លោកបានទទួលជំនួយខ្លះពីមិត្តអ្នកសារព័ត៌មាន ប៉ុន្តែសាមគ្គីភាពរបស់អ្នកសារព័ត៌មានពេលអ្នកណាម្នាក់មានគ្រោះអាសន្ន នៅមានកម្រិតនិងមិនមានបណ្ដាញច្បាស់លាស់។
ទោះជាយ៉ាងណា លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជាបាននិយាយថា អ្នកសារព័ត៌មានកម្ពុជាបានប្រមូលថវិកាជួយលោក សាំង សុឥន្ទរិទ្ធ ក្នុងដំណាក់កាលលាងឈាមពីរដងក្នុងមួយសប្តាហ៍ដែលត្រូវចំណាយជាង២០០ដុល្លារ។ លោកនិយាយថា ការដូរក្រលៀនសង្គ្រោះជីវិតនេះគឺត្រូវចំណាយច្រើនណាស់។
លោក ប៉ែន បូណា បញ្ជាក់ប្រាប់ VOA ថា៖ «ប៉ុន្តែក្នុងករណីដូចបងរិទ្ធហ្នឹង គាត់ធ្ងន់ធ្ងរខ្លាំងណាស់ ហើយគាត់ព្យាបាលមិនដឹងអស់ប៉ុន្មានហើយទេ។ ហើយអ្នកកាសែតជាច្រើន សប្បុរសជនជាច្រើនក៏បានជួយគាត់»។
លោក សាំង សុឥន្ទរិទ្ធ បានប្រាប់ VOA នៅថ្ងៃសុក្រនេះថា លោកបានជំនួយពីក្លឹបនិងសហព័ន្ធអ្នកសារព័ត៌មាននិងអ្នកសារព័ត៌មាន ប៉ុន្តែមិនអាចទប់ទល់ការចំណាយសម្រាប់ជំងឺរបស់លោកនោះទេ។
លោកបញ្ជាក់ថា៖ «ដោយសារអ្នកកាសែតក្រ អ្នកកាសែតអត់លុយ»។
លោក សាំង សុឥន្ទរិទ្ធ និយាយថា ថវិកាមនុស្សធម៌ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីព័ត៌មានបានប្រហែលស្មើនឹងចំនួនពាក់កណ្តាលនៃការចំណាយសម្រាប់ព្យាបាលជំងឺក្រលៀនរបស់លោក។
លោក មឿន ឈានណារិទ្ធ ប្រធានវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មាន ដែលមានការយល់ដឹងច្បាស់លាស់អំពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន បានផ្តល់អនុសាសន៍ថា បណ្តាញអ្នកសារព័ត៌មានគួរធ្វើជាគំរូក្នុងការចងក្រងជាស្ថានប័នដែលអាចជួយគ្នាក្នុងគ្រាមានអាសន្ន ដើម្បីបង្ហាញសាមគ្គីភាពនិងឯករាជ្យភាព៕