លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានបញ្ជាឲ្យអ្នកក្រោមអំណាចរបស់លោកសរសេរសំណើធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដែលនឹងកំណត់ថា ប្រធាន ឬអនុប្រធានគណបក្សនយោបាយត្រូវតែជាជនគ្មានទោសពៃរ៍។ ហើយលោកក៏ចង់ឲ្យមានការធ្វើវិសោធនកម្មច្បាប់នេះដើម្បី រំលាយចោលគណបក្សនយោបាយណាដែលធ្វើខុសច្បាប់។
លោកហ៊ុន សែនថ្លែងបែបនេះកាលពីថ្ងៃព្រហស្បតិ៍ក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតជាង៥ពាន់នាក់។ លោកបានចំណាយពេលក្នុងការចែកសញ្ញាប័ត្រនោះ ដោយលើកឡើងថា រដ្ឋសភាគួរធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលត្រូវបានបង្កើតឡើង និងអនុវត្តអស់រយៈកាលជាង២០ឆ្នាំមកហើយនោះ។
លោកហ៊ុន សែនលើកឡើងថា ប្រធាន ឬអនុប្រធានបក្សនយោបាយណាដែលជាទណ្ឌិត ឬជាពិរុទ្ធជន មិនអាចឈរឈ្មោះធ្វើជាប្រធាន ឬអនុប្រធានគណបក្សនយោបាយតទៅទៀតនោះទេ។ លោកបន្ថែមថា លោកចង់ឲ្យច្បាប់ស្តីពីគណបក្សនយោបាយនៅកម្ពុជាមានលំនាំដូចច្បាប់ក្នុងប្រទេសថៃ ដោយកំណត់ថា គណបក្សនយោបាយណាដែលធ្វើផ្ទុយពីច្បាប់នឹងត្រូវរំលាយចោលតែម្តង។
លោកមានប្រសាសន៍ថា៖ «វាមិនដែលឲ្យអាណាអ្នកទោសមកធ្វើប្រធានគណបក្សយ៉ាងម៉េចទេ! ដាក់ក្នុងហ្នឹង ហើយមិនមែននិយាយលេងទេ ធ្វើហើយណា៎។ ខ្ញុំស្នើសុំថា ប្រជុំតែមួយល្ងាចហ្នឹងបានហើយ! កុំប្រជុំយូរពេក! មើលហើយសម្រេចទៅ! រួចហើយធ្វើញត្តិចុះហត្ថលេខាស្នើទៅរដ្ឋសភាទៅ!»
លោកសុខ ឥសាន ជាតំណាងរាស្រ្ត និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់ VOA ថា ក្រុមអ្នកច្បាប់របស់គណបក្សកាន់អំណាចកំពុងសិក្សា និងរៀបចំសំណើធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ តាមបញ្ជារបស់លោកនាយករដ្ឋមន្រ្តី។ លោកបន្ថែមថា ក្រោយបញ្ចប់ការពិភាក្សា ក្រុមការងារនឹងបញ្ជូនសេចក្តីស្នើនោះទៅរដ្ឋសភាក្នុងពេលឆាប់ៗនេះ។
VOA មិនអាចទាក់ទងសុំការបំភ្លឺពីក្រុមតំណាងរាស្រ្ត និងមន្រ្តីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិបានទេ។
លោកសម រង្ស៊ី ប្រធានគណបក្សប្រឆាំង ដែលកំពុងនិរទេសខ្លួននៅប្រទេសបារាំង ក៏កំពុងរងការចោទប្រកាន់ និងរងការផ្តន្ទាទោសប្រមាណ៧ករណី។ ចំណែកលោកកឹម សុខា ប្រធានស្តីទីគណបក្សប្រឆាំង ទើបតែត្រូវបានព្រះមហាក្សត្រលើកលែងទោសពាក់ព័ន្ធនឹងរឿងអាស្រូវស្នេហាដ៏ចម្រូងចម្រាសជាមួយនារីវ័យក្មេងម្នាក់ ដែលគួរឲ្យមន្ទិល។ ក្រៅពីនោះ ក្នុងពេលថ្មីៗនេះ ក្រុមតំណាងរាស្រ្តគណបក្សប្រឆាំងមួយចំនួនត្រូវបានជនអនាមិកបង្ហោះរូបភាព និងខ្សែអាត់សំឡេង ព្រមទាំងសរសេរលើបណ្តាញអ៊ីនធឺណែតថា ពួកគេកំពុងមានរឿងអាស្រូវផ្លូវភេទ ឬក៏លេងល្បែងស៊ីសងក្នុងកាស៊ីណូជាដើម។
លោកយឿង សុធារ៉ា មន្រ្តីច្បាប់និងអង្កេតនៃអង្គការឃ្លាំមើលការបោះឆ្នោត ហៅកាត់ថាខុមហ្រ្វែល មានប្រសាសន៍ថា ការស្នើឲ្យធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយគឺជារឿងល្អ។ លោកថា រដ្ឋាភិបាលគួរតែស្នើឲ្យមានការធ្វើវិសោធនកម្មច្បាប់ដើម្បីចែងពីការកំណត់ហិរញ្ញវត្ថុរបស់គណបក្សនីមួយៗ និងវិសោធនកម្មច្បាប់ដើម្បីមិនឲ្យមន្រ្តីរាជការ និងមន្រ្តីតុលាការពាក់ព័ន្ធនឹងគណបក្សនយោបាយណាមួយ ជាជាងស្នើឲ្យមានវិសោធនកម្មច្បាប់ដែលសំដៅទៅលើតែការរំលាយ ឬការធ្វើឲ្យប៉ះពាល់ដល់គណបក្សប្រឆាំងនោះ។
លោកបញ្ជាក់ថា៖ «[ច្បាប់ស្តីពី]គណបក្សនយោបាយយើងអត់ទាន់មានកំណត់ដាក់ឲ្យថា ចៅក្រម ឬព្រះរាជអាជ្ញាហ្នឹងនៅឆ្ងាយពីគណបក្សនយោបាយទេ។ ដូច្នេះពួកគេនៅតែមានសិទ្ធិ អាចក្លាយជាសមាជិក មិនតែប៉ុណ្ណោះក្លាយជាសមាជិកសកម្មរបស់គណបក្សនយោបាយថែមទៀត។ មួយទៀតរឿងហិរញ្ញគណបក្សនយោបាយ ខ្ញុំឃើញប្រទេសជាច្រើនដែលគេកំណត់និយាយឲ្យច្បាស់តែម្តងក្នុងច្បាប់ស្តីពីគណបក្សនយោបាយហ្នឹង ពាក់ព័ន្ធនឹងហិរញ្ញវត្ថុរបស់គណបក្សនយោបាយនីមួយៗថា មូលនិធិរបស់គណបក្សនយោបាយហ្នឹងបានមកពីណា? មួយរយៈកាលឃោសនាបោះឆ្នោតហ្នឹងចំណាយលើអ្វីខ្លះ? ចំណាយប៉ុន្មាន? ហើយត្រូវផ្សព្វផ្សាយទៅឲ្យគេដឹង»។
លោកយឿង សុធារ៉ាបន្ថែមថា ការបញ្ជារបស់លោកនាយករដ្ឋមន្រ្តីឲ្យមានការស្នើធ្វើវិសោធនកម្មច្បាប់គណបក្សនេះនឹងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងដំណើរការនៃការបោះឆ្នោតក្នុងពេលខាងមុខ៕