លោក ហ៊ុន សែន មក​ចូលរួម​ប្រជុំ​អ.ស.ប ទោះបី​ជា​មាន​ការ​តវ៉ា​ប្រឆាំង

រូបឯកសារ៖ លោក​​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា​ថ្លែង​ក្នុង​អំឡុង​កិច្ច​ពិភាក្សា​មួយ​ក្នុង​សន្និសីទ​ វេទិកា​ពិភពលោក​អំពី​អាស៊ី​បូព៌ា​នៅ​ក្រុង​ចាការតា​ប្រទេស​ឥណ្ឌូនេស៊ី​ កាល​​ពី​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៥។ (AP Photo/Achmad Ibrahim)

លោកនាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ពុធ​នេះ​ដើម្បី មក​ចូលរួម​​កិច្ច​ប្រជុំ​កំពូល​ចំនួន​ពីរ​របស់​អង្គការ​ប្រជាជាតិ​នៅ ទីក្រុង​ញ៉ីវយ៉ក។​

លោកនាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ពុធ​នេះ​ដើម្បី មក​ចូលរួមកិច្ច​ប្រជុំ​កំពូល​ចំនួន​ពីរ​របស់​អង្គការ​ប្រជាជាតិ​នៅ ទីក្រុង​ញ៉ីវយ៉ក។​

លោក​ហ៊ុន សែន​គ្រោង​នឹង​ថ្លែង​សុន្ទកថា​នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​ស្តីពី​«ការអនុម័ត​របៀបវារៈ​អភិវឌ្ឍន៍​នៅ​ក្រោយ​ពី​ឆ្នាំ​២០១៥‍» ​និង​នៅឯកិច្ច​ប្រជុំ​កំពូល​ស្តីពី​ផែនការ​សកម្មភាព​សម្រាប់«ការប្តេជ្ញា​លើក​កម្ពស់​សមភាព​ស្រ្តី‍»។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការ​បរទេស​កម្ពុជា។​

ក្នុង​ខណៈ​ពេល​នេះ​ដែរ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​រាប់​រយ​នាក់​មាន​គម្រោង​ធ្វើ​បាតុកម្ម​នៅ​ពី​ខាង​មុខ​ទីស្នាក់​ការ​អង្គការ​សហប្រជាជាតិនៅ​ថ្ងៃ​សៅរ៍​ខាងមុខដើម្បី​ទាម​ទារ​ឱ្យ​មាន​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុម​អ្នក​រៀបចំ​បាន​ចោទ​ប្រកាន់​ថា​ក្នុង​រយៈពេល​ជា​ង​៣០​ឆ្នាំ​នៃ​ការ​កាន់​អំណាច​លោក​ហ៊ុន សែន​ប្រើ​ប្រាស់​អំពើ​ឃោរឃៅ​និង​អំពើ​ពុករលួយ​ដើម្បី​បន្ត​នៅ​កាន់​អំណាច​ហើយ​ពួកគេ​ចង់​ឱ្យតុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ធ្វើ​ការ​ស៊ើបអង្កេត​ការរំលោភសិទ្ធិ​មនុស្ស​នានា​ដែល​ប្រព្រឹត្ត​ដោយ​ក្រុម​អ្នក​មាន​អំណាច​ អនុវត្ត​តាម​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ រៀបចំ​ការ​បោះឆ្នោត​ឆ្នាំ​២០១៨​ប្រកប​ដោយ​យុត្តិធម៌ ​និង​ធានា​ការ​ផ្ទេរ​អំណាច​ដោយត្រឹមត្រូវ​ក្នុង​ពេល​ដែល​គណបក្ស​កាន់​អំណាច​ចាញ់​ឆ្នោត។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បន្ត​ថា៖ «វាដល់ពេល​ដែល​មេដឹកនាំ​ពិភពលោក​ចាត់​វិធានការ​ប្រកប​ដោយ​អត្ថន័យ​ប្រឆាំង​នឹង​មេដឹកនាំ​ផ្តាច់ការ​ពុករលួយ​ដូច​ជា​របប​នៅ​ក្នុង​ប្រទេស​កម្ពុជា‍»។ ​

ប៉ុន្តែ​ក្រសួងការបរទេស​កម្ពុជា​ឱ្យ​ដឹង​ដែរ​ថាលោក​ហ៊ុន សែន​ក៏​នឹង​គ្រោង​ជួប​ជាមួយ​សហគមន៍​ខ្មែរ​អាមេរិកាំង​មួយ​ចំនួន​ដែល​មាន​សមាន​ចិត្ត​ចំពោះ​គណបក្ស​កាន់​អំណាច​ផងដែរ៕