បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រដ៏ច្រើនលើសលុបក្នុងការបោះឆ្នោតដោយមិនមានវត្តមានគណបក្សសង្គ្រោះជាតិ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាប្រធានគណបក្សនេះប្រកាសថា ឆ្នាំ២០១៨នេះ ជាឆ្នាំដែលកម្ពុជាទទួលបានជោគជ័យធំ លើការកសាងសេដ្ឋកិច្ច និងប្រជាធិបតេយ្យ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងបែបនេះក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ចំណតនាវាដឹកអ្នកដំណើរ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលជាការថ្លែងលើកដំបូងក្រោយការបោះឆ្នោតបានបញ្ចប់។
លោកប្រកាសថា៖
«ឆ្នាំនេះ គឺជាឆ្នាំដែលយើងទទួលបានជោគជ័យធំ ទៅលើបញ្ហាការកសាងសេដ្ឋកិច្ច ក៏ដូចជាការកសាងនូវអ្វីៗផ្សេងទៀត រាប់ទាំងការកសាងលទ្ធិប្រជាធិបតេយ្យ និងដំណើរការសន្តិភាពនៅក្នុងប្រទេសយើង»។
យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្រ្តីដែលកាន់អំណាចជាង៣០ឆ្នាំរូបនេះមិនបានបញ្ជាក់ថា តើការទទួលបានជោគជ័យធំលើការកសាងសេដ្ឋកិច្ច និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាក្នុងឆ្នាំនេះ ជាជោគជ័យបែបណានោះទេ។
គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ដែលដឹកនាំប្រទេសអស់រយៈពេលជាង៤០ឆ្នាំមកហើយនោះ ទើបតែត្រូវបានប្រកាសជាបណ្តោះអាសន្នថា ទទួលបានការគាំទ្រយ៉ាងច្រើនលើសលុបក្នុងការបោះឆ្នោតដោយមិនមានការចូលរួមពីគណបក្សសង្គ្រោះជាតិ។ គណបក្សដែលមាននាយករដ្ឋមន្រ្តីក្នុងអំណាចចាស់វស្សាមួយនេះ ត្រូវបានគេរំពឹងថា នឹងឈានទៅគ្រប់គ្រងរដ្ឋសភាជាតិដោយឯកបក្ស ក្នុងពេលឆាប់ៗនេះ។
លោក មាស នី អ្នកសិក្សាពីការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយឯករាជ្យលើកឡើងថា ការប្រកាសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលថា កម្ពុជាទទួលបានជោគជ័យធំលើការកសាងសេដ្ឋកិច្ច និងប្រជាធិបតេយ្យ គឺជាការប្រកាសដែលមិនទាន់ស្របទៅនឹងការចង់បានរបស់ប្រជាពលរដ្ឋស្ទើរពាក់កណ្តាលប្រទេសនៅឡើយ។ លោកបន្ថែមថា សេដ្ឋកិច្ចកម្ពុជាក្នុងពេលបច្ចុប្បន្នស្ថិតក្នុងកម្រិតទាបបើធៀបនឹងបណ្តាប្រទេសក្នុងអាស៊ាន ខណៈករណីជាច្រើនដែលរដ្ឋាភិបាលកម្ពុជាបាននិងកំពុងរឹតបន្តឹងលើប្រជាពលរដ្ឋ ធ្វើឡើងដោយមិនស្របនឹងការអនុវត្តបែបលទ្ធិប្រជាធិបតេយ្យ។
«ដូចយើងឃើញហើយថាប្រព័ន្ធផ្សព្វផ្សាយមួយចំនួនត្រូវគេរឹតបន្តឹង ហើយដូចជាក្នុងរដូវបោះឆ្នោតកន្លងទៅនេះ យើងឃើញថាមានគេហទំព័រនៃប្រព័ន្ធផ្សព្វផ្សាយមួយចំនួនត្រូវបានគេបិទទៀត ដោយឈរលើប្រការនៃការពារធ្វើឲ្យមានស្ថិរភាពក្នុងការបោះឆ្នោត។ ហើយរឿងសំខាន់មួយទៀតយើងឃើញសូម្បីនៅតាមមូលដ្ឋានអីហ្នឹង ការប្រជុំអីតូចតាចរបស់សង្គមស៊ីវិល គឺជាញឹកញាប់តែងត្រូវបានអាជ្ញាធរមូលដ្ឋានឃាត់មិនឲ្យមានការជួបជុំ»។
ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ បានបញ្ចប់ គេឃើញស្ថាប័ន និងសហគមន៍អន្តរជាតិមួយចំនួនដែលប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យ បានចេញសេចក្តីថ្លែងការណ៍រិះគន់ការបោះឆ្នោតនៅកម្ពុជាជាបន្តបន្ទាប់។ សហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា នូវែលសេឡង់ បារាំង អាឡឺម៉ង់ និងសហភាពអឺរ៉ុប បានចោទសួរអំពីភាពស្របច្បាប់នៃការបោះឆ្នោតដែលបានកើតមាន ជាមួយនឹងការរំលាយគណបក្សសង្គ្រោះជាតិ និងការបង្ក្រាបអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនានា នៅមុនការបោះឆ្នោត។
យ៉ាងណាក៏ដោយគេឃើញថា ប្រទេសចិនដែលជាប្រទេសកុម្មុយនីស្តដឹកនាំដោយគណបក្សតែមួយ និងមិនមានការបោះឆ្នោតផងនោះ បានប្រកាសគាំទ្រការបោះឆ្នោតនៅកម្ពុជា និងបានអបអរសារទរគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែនក្នុងការទទួលបានជ័យជំនះដ៏ច្រើនលើសលុបនេះ។
សហរដ្ឋអាមេរិកបានព្រមានចាត់វិធានការរិតបន្តឹងទិដ្ឋាការបន្ថែមលើកម្ពុជា រីឯសហភាពអឺរ៉ុបបានចាត់ទុកថា ការបោះឆ្នោតនេះ «ខ្វះភាពដែលអាចជឿទុកចិត្តបាន»។
សហភាពអឺរ៉ុប កំពុងតាមដានស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជា ក្នុងការពិចារណាថាគួរតែដក ឬបន្តប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជា។ ប្រព័ន្ធអនុគ្រោះពន្ធលើការនាំចេញផលិតផលកាត់ដេរ និងទំនិញផ្សេងទៀត ទៅសហភាពអឺរ៉ុប តាមកម្មវិធីពាណិជ្ជកម្ម «អ្វីៗទាំងអស់លើកលែងតែអាវុធ» ហៅកាត់ថា EBA បានផ្តល់ឲ្យកម្ពុជានូវផលចំណេញប្រមាណជា៧០០លានដុល្លារក្នុងមួយឆ្នាំ។
ក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា (គ.ជ.ប) តែងច្រានចោលការរិះគន់របស់អន្តរជាតិថាមិនបានឆ្លុះបញ្ចាំងពីការពិត និងថារដ្ឋាភិបាលកម្ពុជា និង គ.ជ.ប បានអនុវត្តទៅតាមច្បាប់ ស្របតាមលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាប៉ុណ្ណោះ៕