លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះ បានបញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធ បន្ថែមការដាក់ទោសឲ្យបានធ្ងន់ ចំពោះអ្នកផលិតនិងអ្នកចរាចណ៍ឱសថក្លែងក្លាយនិងស្នើដាក់បញ្ចូល ប្រធានបទឱសថក្លែងក្លាយ ទៅក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំ២០២០ខាងមុខ។
លោកនាយករដ្ឋមន្រ្តីថ្លែងបែបនេះក្នុងសន្និសីទអន្តរជាតិថ្នាក់តំបន់ជាលើកដំបូងស្តីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយនិងអន់គុណភាព»នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធនៃប្រទេសបារាំង ប្រទេសតំបន់ទន្លេមេគង្គ ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងរដ្ឋាភិបាលកម្ពុជានិងឯកជនមួយចំនួនទៀត។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនថ្លែងថា ឱសថក្លែងក្លាយកំពុងកើនឡើង និងចរាចរណ៍យ៉ាងសកម្មតាមទីផ្សារនៅកម្ពុជា និងថា ឱសថក្លែងក្លាយទាំងនោះធ្វើឲ្យមានគ្រោះថ្នាក់ខ្លាំងដល់សុខភាពនិងអាយុជីវិតរបស់ប្រជាពលរដ្ឋ ព្រមទាំងធ្វើឲ្យគ្រោះថ្នាក់ដល់សង្គម។
លោកនាយករដ្ឋមន្រ្តីបន្ថែមថា ការរីករាលដាលនៃឱសថក្លែងក្លាយនេះបណ្ដាលមកពីកត្ដាជាច្រើនរួមមាន ឱសថពិតមានតម្លៃខ្ពស់ យន្ដការនៃការគ្រប់គ្រងឱសថក្នុងពេលផលិតនិងចរាចរណ៍នៅលើទីផ្សារមិនមានប្រសិទ្ធភាព ការបណ្ដុះបណ្ដាលមន្ដ្រីសុខាភិបាលស្ដីពីជំនាញត្រួតពិនិត្យគុណភាពឱសថ ព្រមទាំងការផ្សព្វផ្សាយដល់ប្រជាជនឲ្យបានយល់ដឹងពីឱសថក្លែងក្លាយនិងការត្រួតពិនិត្យឱសថនៅមានកម្រិតជាដើម។ លោកបន្ថែមថា កត្ដាទាំងនេះបានផ្ដល់ឱកាសឲ្យជនល្មើសអាចកេងយកប្រយោជន៍ពីសង្គមជាតិនិងបានគំរាមកាន់តែធ្ងន់ធ្ងរដល់សុខុមាលភាពនិងអាយុជីវិតរបស់ប្រជាជន។
លោកក៏បានជំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ចត្រូវពង្រឹងការគ្រប់គ្រង និងពង្រឹងការអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹង ជាពិសេសតាមរយៈការដាក់ទោសជនល្មើសឲ្យកាន់តែធ្ងន់។
លោកបញ្ជាក់ថា៖ «រៀបចំនិងចាត់វិធានការកែទម្រង់ច្បាប់និងបទដ្ឋានគតិយុត្តនានាតាមការចាំបាច់របស់ប្រទេសរៀងៗខ្លួន ដើម្បីធានាថា ក្របខណ្ឌច្បាប់នៅក្នុងយុត្តាធិការរបស់ខ្លួនមានអនុលោមធៀបនឹងយន្តការអន្តរជាតិ។ ទី២ អនុវត្តវិធានការឱសថក្លែងក្លាយនិងអន់គុណភាព ជាពិសេសត្រូវផ្តន្ទាទោសយ៉ាងតឹងរ៉ឹងចំពោះជនល្មើសនិងជនទាំងឡាយណាដែលមានការពាក់ព័ន្ធ»។
បើតាមមាត្រា១២នៃច្បាប់ស្តីពីការគ្រប់គ្រងឱសថចែងថា៖«ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ២០លានរៀលដល់៥០លានរៀល ឬផ្ដន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំដល់១០ឆ្នាំ ឬទោសទាំងពីរនេះ ចំពោះជនណាដែលបានធ្វើផលិតកម្ម អាហរ័ណនីហរ័ណកម្មនិងពាណិជ្ជកម្មដោយចេតនា ក្នុងការផលិតឱសថមានសារជាតិញៀនដោយគ្មានការអនុញ្ញាត ឱសថក្លែងក្លាយ ឱសថគ្មានគុណភាព ឱសថហួសរយៈពេលប្រើ ដែលប៉ះពាល់ដល់សុខភាព អាយុជីវិតរបស់អ្នកប្រើប្រាស់»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលចេញទៅពិនិត្យ និងព្យាបាលជំងឺនៅក្រៅប្រទេសជាទៀងទាត់ ក៏បានជំរុញឲ្យមានការពង្រីកសន្និសីទស្តីពីឱសថក្លែងក្លាយនេះទៅក្នុងក្របខណ្ឌប្រទេសក្នុងតំបន់អាស៊ាន និងគួរដាក់បញ្ចូលក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM-2020) ដែលកម្ពុជាត្រូវរៀបចំធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២០ខាងមុខផងដែរ។
អ្នកឃ្លាំមើលសង្គមលើកឡើងថា ការកើនឡើងនៃការចរាចរផលិតផលក្លែងក្លាយនៅកម្ពុជា គឺបណ្តាលមកពីកង្វះខាតការគ្រប់គ្រង និងការត្រួតពិនិត្យរបស់អាជ្ញាធរ និងថា ស្ថាប័នពាក់ព័ន្ធគួរតែពង្រឹងការអនុវត្តច្បាប់ ព្រមទាំងផ្សព្វផ្សាយពីផលប៉ះពាល់នៃផលិតផលក្លែងក្លាយឲ្យបានទូលំទូលាយនិងមានប្រសិទ្ធភាព។
នៅឆ្នាំ ២០១៧ អាជ្ញាធរបានដុតកម្ទេចផលិតផលក្លែងក្លាយរាប់រយតោនដែលរឹបអូសបានក្នុងរាជធានីភ្នំពេញនិងខេត្តកំពង់ស្ពឺ រួមមានថ្នាំពេទ្យ គ្រឿងសម្អាង ភេសជ្ជៈ និងគ្រឿងបរិភោគជាដើម។
ចំណែកក្នុងរយៈពេលបីខែនៃដើមឆ្នាំ២០១៨នេះ អាជ្ញាធរឃាត់ខ្លួនមនុស្ស១០នាក់ បញ្ជូនទៅតុលាការ។ ឱសថក្លែងក្លាយនិងទំនិញខុសច្បាប់ជាង៨៨តោន រួមមាន សាច់ប៉ាត់តេ ទឹកសុទ្ធ និងស្រាបៀរ ត្រូវបានរឹបអូសពីក្រុមឈ្មួញនានាក្នុងរាជធានីភ្នំពេញ៕