លោក​ហ៊ុន សែន​ បញ្ជា​ឲ្យ​បង្ក្រាប​ករណី​គ្រឿង​ញៀន​ដែល​កំពុង​កើន​ឡើង

រូបឯកសារ៖ សកម្មភាព​បង្ក្រាប​របស់​សមត្ថកិច្ច​នៃ​បញ្ជាការ​ដ្ឋាន​កង​រាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លើ​ក្រុម​មេក្លោង​ធំ​ជួញដូរ​គ្រឿងញៀន នៅ​សង្កាត់​បឹងកក់១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦។ (រូបថត​ដក​ស្រង់​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​របស់​កង​រាជអាវុធ​ហត្ថ​រាជធានី​ភ្នំពេញ)

ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​និស្សិត​នៃ​សាកល​វិទ្យាល័យ​មួយ នៅ​ថ្ងៃ​ទី៦ ខែ​តុលា​នេះ លោក ហ៊ុន សែន លើក​ឡើង​ថា គ្រឿងញៀន​បាន​និង​កំពុង​ធ្វើ​ឲ្យ​មាន​បញ្ហា​យ៉ាង​ខ្លាំង​នៅ​កម្ពុជា ជាពិសេស​ទៅ​លើ​យុវវ័យ។

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក​នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​បញ្ជា​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​លំដាប់​ថ្នាក់​បង្ក្រាប​ឲ្យ​បាន​រាល់​ករណី​គ្រឿង​ញៀន​ដែល​កំពុង​កើត​មាន​នៅ​កម្ពុជា ជាពិសេស​ករណី​គ្រឿង​ញៀន​ឆ្លង​ប្រទេស។ សម្រាប់​អ្នក​វិភាគ​ពី​បញ្ហា​សង្គម​យល់​ថា ការ​បញ្ជា​នេះ​នឹង​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ ប្រសិន​សមត្ថកិច្ច​ថ្នាក់​ក្រោម​មិន​ធ្វើ​ការ​តាម​តួនាទី​ច្បាប់។

ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​និស្សិត​នៃ​សាកល​វិទ្យាល័យ​មួយ នៅ​ថ្ងៃ​ទី៦ ខែ​តុលា​នេះ លោក ហ៊ុន សែន លើក​ឡើង​ថា គ្រឿងញៀន​បាន​និង​កំពុង​ធ្វើ​ឲ្យ​មាន​បញ្ហា​យ៉ាង​ខ្លាំង​នៅ​កម្ពុជា ជាពិសេស​ទៅ​លើ​យុវវ័យ។ លោក​បន្ថែម​ថា បញ្ហា​គ្រឿង​ញៀន​នៅ​កម្ពុជា​មាន​ស្ថានភាព​ប្រហាក់​ប្រហែល​នឹង​ករណី​គ្រឿង​ញៀន​នៅ​ប្រទេស​ហ្វីលីពីន និង​ឥណ្ឌូណេស៊ី ដូចជា​ការ​ជួញដូរ​គ្រឿង​ញៀន​ក្នុង​ពន្ធនាគារ​ និង​ការ​បញ្ជា​ឲ្យ​ជួញ​ដូរ​គ្រឿង​ញៀន​ពី​ក្នុង​ពន្ធនាគារ​ជាដើម។

លោក ហ៊ុន សែន បន្ថែម​ថា រដ្ឋាភិបាល​ប្រទេស​ទាំង​នោះ​កំពុង​ចាត់​វិធានការ​ក្តៅ​ដើម្បី​បង្រ្កាប​បទ​ល្មើស​គ្រឿងញៀន​តាមរយៈ​ការ​ដាក់ទោស​ប្រហារ​ជីវិត ប៉ុន្តែ​លោក​ថា កម្ពុជា​នឹង​មិន​កែ​រដ្ឋ​ធម្មនុញ្ញ​ដើម្បី​ដាក់​ទោស​ប្រហារ​ជីវិត​លើ​អ្នក​ប្រព្រឹត្ត​បទល្មើស​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​នោះ​ទេ។

លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​បញ្ជាក់​ថា៖

«សុំ​យក​ឱកាស​នេះ​អំពាវនាវ​ចំពោះ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ធ្វើ​សកម្មភាព​ព្រមៗ​គ្នា ដើម្បី​ឈាន​ទៅ​បង្ក្រាប​គ្រឿង​ញៀន​ដែល​កំពុង​រីក​រាល​ដាល។ ពី​ប្រទេស​មួយ​ទៅ​កាន់​ប្រទេស​មួយ។ ប្រទេស​នីមួយៗ​យក​វិធានការ​មិន​ខុសគ្នា​ប៉ុន្មាន​ទេ ក៏​ប៉ុន្តែ​សម្រាប់​យើង ជាប់​គុក​អស់​មួយ​ជីវិត​គឺ​គ្រប់គ្រាន់​ណាស់​ហើយ​សម្រាប់​អ្នក​ដែល​បាន​ប្រព្រឹត្ត​បទ​ល្មើស​ធ្ងន់ធ្ងរ»។

លោក ​មាស​ វិរិទ្ធ អគ្គ​លេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ ប្រាប់ VOA ថា ការ​ចរាចរ​គ្រឿងញៀន​មាន​ការ​កើន​ឡើង​ទាំង​នៅ​ក្នុង​តំបន់ និង​ពិភពលោក​ក្នុង​ឆ្នាំ២០១៦​នេះ ជា​ពិសេស​នៅ​តាម​ទី​ប្រជុំជន ដោយ​សារ​ការ​អូសទាញ​ពី​ជន​ខិលខូច និង​ចំណេះ​ដឹង​របស់​ប្រជាពលរដ្ឋ​លើ​វិបត្តិ​ដែល​បង្ក​ឡើង​ដោយ​គ្រឿង​ញៀន​នៅទាប។ លោក​បន្ថែម​ថា ការ​ទប់​ស្កាត់ និង​បង្រ្កាប​គ្រឿង​ញៀន​ឲ្យ​មាន​ប្រសិទ្ធភាព លុះ​ត្រា​តែ​មាន​ការ​ចូលរួម​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ។

លោក​មាន​ប្រសាសន៍​ថា៖

«ឥឡូវ​ហ្នឹង​ ​យើង​បាន​ទទួល​ស្គាល់​ថា​ ការ​រីក​រាល​ដាល​បាន​បម្លាស់​ទី​ពី​ទី​ប្រជុំជន​និង​ទីក្រុង​ទៅ​ជនបទ ទៅ​តំបន់​ដាច់​ស្រយាល​មួយ​ចំនួន ដោយសារ​ការ​អូសទាញ​របស់​ក្រុម​ឧក្រិដ្ឋជន ក៏​ដូច​ជា​ការ​ចង់​ប្រើ​ប្រាស់​សាកល្បង​ដោយសារ​ការ​ចាញ់​ល្បិច​របស់​ក្រុម​ជួញដូរ​គ្រឿង​ញៀន​ជាមួយ​នឹង​ភាព​ខ្វះ​ការ​យល់ដឹង​អំពី​គ្រោះថ្នាក់​ដែល​បង្ក​ដោយសារ​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន»។

លោក​បន្ថែម​ថា អាជ្ញាធរ​គ្រឿង​ញៀន​កំពុង​ធ្វើ​ផែនការ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​គ្រឿង​ញៀន​តាម​រយៈ​ការ​ប្រើប្រាស់​យុទ្ធសាស្ត្រ​៥​គឺ​ កាត់​បន្ថយ​តម្រូវ​ការ​គ្រឿង​ញៀន ទី​២ កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​គ្រឿង​ញៀន កុំ​ឲ្យ​គ្រឿង​ញៀន​ហូរ​ចូល​ដល់​ដៃ​អ្នក​ប្រើប្រាស់​ ទី៣​ ពង្រឹង​ប្រសិទ្ធភាព​ ព្យាបាល​ស្តារ​នីតិសម្បទា​ និង​ធ្វើ​សមាហរណកម្ម ទី៤​ ពង្រឹង​ប្រសិទ្ធភាព​អនុវត្ត​ច្បាប់ ទី៥ ពង្រឹង​និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ។

អ្នកវិភាគ​ពី​ការ​អភិវឌ្ឍ​សង្គម លោក មាស នី ប្រាប់ VOA ថា លោក​ហាក់​គ្មាន​ជំនឿ​លើ​ការ​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្រ្តី​នោះ​ទេ ដោយ​លោក​ថា ​ប្រព័ន្ធ​នៃ​ការ​បំពេញ​កាតព្វកិច្ច​របស់​អាជ្ញាធរ​ស្ថិត​នៅ​តែ​លើ​ការ​បញ្ជា​របស់​មេដឹកនាំ ហើយ​មិន​អនុវត្ត​ច្បាប់​តាម​ឆន្ទៈ។

លោក​បញ្ជាក់​ថា៖

«ប្រព័ន្ធ​នឹង​វា​ហាក់​ដូច​ជា​នៅ​តែ​ពឹង​ផ្អែក​លើ​អ្នក​ដឹកនាំ បើ​អ្នក​ដឹកនាំ​ស្រែក​ទៅ ថា​ទៅ​បាន​ផ្អើល​បន្តិច​ទៅ បើ​អ្នកដឹកនាំ​មិន​ថា មិន​និយាយ​ទេ រឿងហ្នឹង​វា​វិល​ទៅ​ខាង​ក្រោយ​វិញ​ អញ្ចឹង​យើង​ត្រូវ​ពិនិត្យ​ឡើង​វិញ​ទៅ​លើ​ដំណើរការ​របស់​ប្រព័ន្ធ​ហ្នឹង ហើយ​ធ្វើ​ម៉េច​រុញ​ប្រព័ន្ធ​ហ្នឹង​ឲ្យ​ធ្វើការ​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់ ហើយ​រឿង​សំខាន់​បំផុត​អ្នកណា​ដែល​ធ្វើ​ខុស​ហ្នឹង​ត្រូវ​តែ​ទទួល​ទោស​ទណ្ឌ ឧទាហរណ៍​ដូច​ក្នុង​ថ្ងៃ​នេះ​យើង​ឃើញ​ថា​ទោស​ទណ្ឌ​ហ្នឹង​វា​បាន​ត្រឹម​តែ​ដាក់​ទៅ​លើ​អ្នក​តូច​តាច​ ប៉ុន្តែ​សម្រាប់​អ្នកធំ​មាន​អំណាច​ដូចជា​មិន​ឃើញ​មាន​អី​សម្រាប់​បង្ក្រាប ឬ​គ្រប់គ្រង»។

បើ​តាម​របាយការណ៍​របស់​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ក្នុង​រយៈពេល​៨​ខែ​នៃ​ឆ្នាំ​២០១៦​ បង្ហាញ​ថា កម្ពុជា​មាន​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​ប្រមាណ​១៧.០០០​នាក់​ក្នុង​នោះ​ ៧០ភាគរយ​នៃ​បទល្មើស​ក្នុង​សង្គម​ដូចជា​ការ​ឆក់​ប្លន់​ជាដើម បង្ក​ដោយ​បុគ្គល​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ប្រើប្រាស់​គ្រឿង​ញៀន។

កាល​ពី​ឆ្នាំ​២០១៥​ សមត្ថកិច្ច​បាន​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន​ សរុប​ចំនួន​ជាង​៣.០០០​ករណី។ ចំនួន​នេះ​ មាន​ការ​កើន​ឡើង​នេះ​ ប្រហែល​១២៨ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៤។

យោង​តាម​របាយ​ការណ៍​គ្រឿងញៀន​ពិភពលោក​របស់​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ ទទួល​បន្ទុក​កិច្ចការ​គ្រឿង​ញៀន ​និង​ឧក្រិដ្ឋកម្ម ​(UNODC) ​ក្នុង​ឆ្នាំ​កន្លង​មក​នេះ ​ការ​ដាំដុះ ​ការ​ផលិត ​ការ​ចរាចរ ​និង​ការ​ប្រើប្រាស់​គ្រឿងញៀន​មាន​ការ​កើន​ឡើង​ទាំង​ក្នុង​កម្រិត​ថ្នាក់​តំបន់ ​និង​សាកលលោក៕