លោក ហ៊ុន សែន ស្នើ​សុំ​ជជែក​ជាមួយ​អ្នកស្រី អោងសាន ស៊ូជី តាម​អនឡាញ

មេដឹកនាំមីយ៉ាន់ម៉ា​លោកស្រី​អង់សាន​ ស៊ូជី​ ថត​រូប​នៅ​ក្នុង​ជំនួប​មួយ​ជាមួយ​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ នៅ​វិមាន​សន្តិភាព​ ក្នុង​ក្រុង​ភ្នំពេញ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៩។​ (Facebook/Samdech Hun Sen, Cambodian Prime Minister)

អតីត​នាយក​រដ្ឋមន្រ្តី​កម្ពុជា លោក ហ៊ុន សែន ថ្លែង​ថា​លោក​បាន​ស្នើ​សុំ​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា ដើម្បី​ជួប​ជជែក​ជាមួយ​អ្នកស្រី អោងសាន ស៊ូជី​(Aung San Suu Kyi)​ តាម​វីដេអូ​អនឡាញ។

លោក ហ៊ុន សែន បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បាន​លើក​ឡើង​បែប​នេះ​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ឧត្តម​សេនីយ៍​ជាន់​ខ្ពស់ មីន អោងឡាំង(Min Aung Hlaing ) មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា តាម​រយៈ​ប្រព័ន្ធ​វីដេអូ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ។

លោក ហ៊ុន សែន បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​នា​ថ្ងៃ​អង្គារ​នេះ​ថា​៖«ឆ្លៀត​ក្នុង​ឱកាស​នោះ សម្តេចតេជោ​ក៏​បាន​ស្នើ​ជាថ្មី​ម្តង​ទៀត​ឱ្យ​ឯកឧត្តម មីន អោងឡាំង ពិចារណា​រៀបចំឱ្យ​មានជំនួប​តាម​ប្រព័ន្ធវីដេអូ​រវាង​សម្តេច​តេជោ និង​លោកជំទាវ អោងសាន ស៊ូជី ក្នុង​គោលបំណង​សួរសុខ​ទុក្ខ ដោយសារ​សម្តេចតេជោ និង​លោកស្រី​ធ្លាប់​ជា​សហការីជាមួយ​គ្នាជា​ច្រើន​ឆ្នាំ​នៅ​ក្នុង​កិច្ចការ​អាស៊ាន»។

លោក ហ៊ុន សែន ក៏​បាន​គូស​បញ្ជាក់​ពីសារៈ​សំខាន់​នៃ​ការ​អនុវត្តកិច្ចព្រម​ព្រៀង​ឯកច្ឆន្ទ៥​ចំណុច ហើយ​រំពឹងថា​ការ​រីក​ចម្រើន​នៃ​កិច្ច​ព្រម​ព្រៀង​នេះ​«នឹង​ចូលរួម​ចំណែក​ដល់​ដំណើរ​ការស្វែងរក​សន្តិភាព​ដែល​មាន​មីយ៉ាន់ម៉ា​ខ្លួនឯងជាអ្នកដឹកនាំ និងជា​ម្ចាស់»។ នេះ​បើ​តាម​សារ​បង្ហោះ​លើ​ហ្វេសប៊ុក​របស់​លោក។

បន្ថែម​ពី​នេះ លោក ហ៊ុន សែន ក៏​បាន​ស្វាគមន៍​ការ​សម្រេចចិត្ត​របស់​ក្រុមប្រឹក្សា​រដ្ឋបាលរដ្ឋ ដែល​បាន​បញ្ជូន​តំណាង​មិន​នយោ​បាយ​ឱ្យចូលរួមក្នុងកិច្ចប្រជុំ​ចង្អៀត​របស់​រដ្ឋមន្រ្តី​ការបរទេស​នៃ​សមាជិក​អាស៊ាន កាល​ពីខែ​មករានិង​លើកទឹកចិត្តឱ្យមីយ៉ាន់ម៉ា​បន្ត​ចាត់​តំណាង​ចូលរួមក្នុង​កិច្ចប្រជុំ​សំខាន់ៗ​របស់​អាស៊ាន។

លោក ហ៊ុន សែន បញ្ជាក់​ថា៖ «ជាការ​ឆ្លើយតប ឯក​ឧត្តម មីន អោងឡាំង បាន​ឯកភាព​ក្នុង​ការបន្ត​បញ្ជូន​តំណាង​មិន​នយោបាយ​របស់ខ្លួនចូលរួម​ក្នុងកិច្ចប្រជុំ​អាស៊ាន និងបានសន្យាថា​នឹងយក​សំណើ​ដទៃ​ទៀត​ទៅ​ពិចារណាដោយយក​ចិត្តទុក​ដាក់​ខ្ពស់​បំផុត ហើយ​នឹង​បញ្ជូនប្រេសិត​ពិសេស​របស់​ខ្លួន​មកកាន់​កម្ពុជា​នាពេលដ៏​ឆាប់​ខាងមុខ ដើម្បីបន្តពិភាក្សា​ទៅ​លើ​សំណើ​ទាំងនេះ និងដើម្បីទទួលយកនូវការ​ចែក​រំលែក​បទពិសោធន៍ល្អៗពីគណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោតរបស់កម្ពុជា ពាក់​ព័ន្ធជាមួយនឹង​ការ​រៀប​ចំការ​បោះឆ្នោតមួយ​ដែល​សេរី យុត្តិធម៌ និង​មាន​តម្លាភាព»។

គួរបញ្ជាក់​ថា​ភាព​ចលាចល ​និង​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ​បាន​កើត​ឡើង​ក្រោយ​មាន​រដ្ឋ​ប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​របស់​អ្នកស្រី ​អោងសាន ស៊ូជី កាល​ពី​ខែ​កុម្ភៈ ​ឆ្នាំ​ ២០២១។

កាល​ពី​ខែ​មេសា ​ឆ្នាំ​២០២១​ មេ​ដឹកនាំ​អាស៊ាន​ដែល​មាន​ទាំង​មេ​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ផង​ដែរ​ បាន​មូល​មតិ​គ្នា​ជា​ឯកច្ឆន្ទ​លើ​៥ ​ចំណុច ​ដើម្បី​ដោះស្រាយ​បញ្ហា​តាន​តឹង​នយោបាយ ​ក្រោយ​ប្រទេស​នេះ​ធ្លាក់​ក្នុង​រដ្ឋ​ប្រហារ​យោធា ​កាល​ពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​ ២០២១។ ​ទី ១ ​បញ្ឈប់​រាល់​អំពើ​ហិង្សា​ជា​បន្ទាន់​ ហើយ​គ្រប់​ភាគី​ត្រូវ​រក្សា​ភាព​អត់​ធ្មត់​ខ្ពស់​បំផុត។​ ទី​ ២​ កិច្ច​សន្ទនា​ប្រកប​ដោយ​ការ​ស្ថាបនា​រវាង​ភាគី​ពាក់ព័ន្ធ ​ដើម្បី​ផល​ប្រយោជន៍​របស់​ប្រជាជន។ ​ទី​ ៣ ​ចាត់​តាំង​ប្រេសិត​ពិសេស​របស់​អាស៊ាន ​ដើម្បី​សម្រប​សម្រួល​កិច្ច​សន្ទនា ​ដោយ​មាន​ជំនួយ​ពី​អគ្គ​លេខាធិការ​អាស៊ាន។​ ទី​ ៤​ ផ្តល់​ជំនួយ​មនុស្ស​ធម៌​តាម​រយៈ​មជ្ឈមណ្ឌល​អាស៊ាន។ ​ទី​ ៥​ ទស្សន​កិច្ច​របស់​ប្រេសិត​ពិសេស​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ ដើម្បី​ជួប​ជាមួយ​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់។

ប៉ុន្តែ​រាល់​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ប្លុក​ ១០ ​ប្រទេស​នេះ​ហាក់​មិន​មាន​ការ​រីក​ចម្រើន​អ្វី​បន្តិច​នោះ​ឡើយ​ ហើយ​របប​សឹក​ភូមា​រង​ការ​ចោទ​ប្រកាន់​ថា​មិន​គោរព​ទៅ​តាម​កិច្ច​ព្រម​ព្រៀង​ដែល​ខ្លួន​បាន​សន្យា​ជាមួយ​មេ​ដឹកនាំ​អាស៊ាន។

កាល​ពី​ដើម​ឆ្នាំ​២០២២​ លោក ​ហ៊ុន សែន​ បាន​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​មីយ៉ាន់ម៉ា និង​បាន​ជួប​មេ​ដឹកនាំ​យោធា​ភូមា​ ប៉ុន្តែ​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ត្រូវ​បាន​មើល​ឃើញ​ថា​មិន​សម្រេច​លទ្ធផល​អ្វី​ឡើយ។ កាល​នោះ លោក ​ហ៊ុន សែន ​បាន​លើក​ឡើង​ថា​វិបត្តិ​នយោបាយ​នៅ​មីយ៉ាន់ម៉ា​អាច​នឹង​បន្ត​យ៉ាង​តិច​រយៈ​ពេល​៥ ​ឆ្នាំ​ទៀត៕