លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានសុំទោសអ្នកសារព័ត៌មាន ដែលមិនត្រូវបានអញ្ជើញឲ្យចូលរួមក្នុងជំនួបលើកទី១រវាងលោកនិងអ្នកសារព័ត៌មានជាង១ពាន់នាក់។ អ្នកសារព័ត៌មានដែលមិនបានអញ្ជើញឲ្យចូលរួម ភាគច្រើនជាអ្នកសារព័ត៌មានធ្វើការក្នុងស្ថាប័នដែលឯករាជ្យ ហើយហ៊ានផ្សព្វផ្សាយពីភាពអវិជ្ជមានក្នុងការដឹកនាំរបស់រដ្ឋាភិបាល។
លោកហ៊ុន សែនថ្លែងបែបនេះក្នុងពិធីជួបជុំលើកទី១រវាងលោកជាមួយអ្នកសារព័ត៌មានក្នុងស្រុក នៅល្ងាចថ្ងៃទី១៤ ខែមករា ហើយលោកបានប្រកាសថា លោកសម្រេចយកថ្ងៃទី១៤ ខែមករាដើម្បីប្រារព្ធពិធីជួបជុំអ្នកសារព័ត៌មានក្នុងស្រុកជារៀងរាល់ឆ្នាំ។ ជំនួបដែលមានការបរិភោគអាហារ និងការរាំរែករវាងលោកហ៊ុន សែនជាមួយអ្នកសារព័ត៌មាននេះ ប្រព្រឹត្តទៅខុសពីការលើកឡើងរបស់អ្នកនាំពាក្យក្រសួងព័ត៌មាន។
មុនជំនួបនេះប៉ុន្មានថ្ងៃ លោកអ៊ុក គឹមសេង អ្នកនាំពាក្យក្រសួងព័ត៌មានបានប្រាប់ VOA ថា ក្រសួងនឹងអញ្ជើញអ្នកសារព័ត៌មានពីគ្រប់ស្ថាប័នទាំងអស់ ទាំងស្ថាប័នព័ត៌មានគាំទ្រ និងស្ថាប័នព័ត៌មានរិះគន់រដ្ឋាភិបាល រួមទាំងមានការសួរសំណួរផ្ទាល់ជាមួយលោកហ៊ុន សែនផងដែរ។ ប៉ុន្តែក្នុងជំនួបកាលពីល្ងាចថ្ងៃទី១៤នេះ វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) វិទ្យុអាស៊ីសេរី (RFA) និងវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ជាដើម ដែលត្រូវបានគេស្គាល់ថា ជាស្ថាប័នដែលឯករាជ្យ ហើយហ៊ានរិះគន់ការដឹកនាំ និងភាពអវិជ្ជមានរបស់រដ្ឋាភិបាល មិនត្រូវបានអញ្ជើញឲ្យចូលរួម។ ហើយក្នុងកម្មវិធីនេះក៏មិនមានការសួរសំណួរផ្ទាល់រវាងអ្នកសារព័ត៌មានដែលបានចូលរួមជាមួយលោកហ៊ុន សែន ដូចការលើកឡើងនោះដែរ។
ថ្លែងចំពោះមុខមន្រ្តីរដ្ឋាភិបាល និងអ្នកសារព័ត៌មានជាង១ពាន់នាក់ ដែលភាគច្រើនជាអ្នកសារព័ត៌មានមកពីស្ថាប័នដែលកម្រសរសេររិះគន់រដ្ឋាភិបាល លោកហ៊ុន សែនលើកឡើងថា មានអ្នកសារព័ត៌មានមួយចំនួនបង្ហាញពីការខកចិត្តដែលមិនត្រូវបានអញ្ជើញឲ្យចូលរួម។ លោកបន្ថែមថា លោកសុំទោសដែលអ្នកសារព័ត៌មានមួយចំនួនមិនត្រូវបានអញ្ជើញឲ្យចូលរួម ដោយសារលោកជាប់រវល់លេងវាយកូនគោល មិនបានត្រួតពិនិត្យការអញ្ជើញរបស់ក្រសួងព័ត៌មាន។
បន្តិចក្រោយបញ្ចប់ជំនួបជាមួយអ្នកសារព័ត៌មាន លោកហ៊ុន សែនបានបង្ហោះសារបន្ថែមលើទំព័រហ្វេសប៊ុករបស់លោកថា លោកសូមអភ័យទោសជំនួសរដ្ឋមន្រ្តីក្រសួងព័ត៌មានដែលមិនបានអញ្ជើញអ្នកសារព័ត៌មានមួយចំនួនឲ្យចូលរួមក្នុងកម្មវិធីនេះ។
លោកបន្ថែមក្នុងសម្រង់សំណេរដើមថា៖«ឆ្នាំក្រោយគឺយើងអាចអញ្ជើញបងប្អូនអ្នកសារព័ត៌មានពី៣ទៅ៤ពាន់នាក់ ក្នុងនោះគឺយើងនឹងអញ្ជើញអ្នកសារព័ត៌មានគណបក្សប្រឆាំងចូលរួមពេញទីនៅទីនេះ។ យើងរស់នៅក្នុងប្រទេសតែមួយ ទោះបីយើងមានទស្សនៈខុសគ្នា ដូចជាអ្នកខ្លះគាំទ្ររដ្ឋាភិបាល អ្នកខ្លះគាំទ្រគណបក្សប្រឆំាង គឺយើងអាចជួបគា្នបាន»។
លោកហ៊ុន សែនបានណែនាំអ្នកសារព័ត៌មានឲ្យផ្សព្វផ្សាយតែព័ត៌មានពិត ដោយកុំខ្លាចមានគេប្តឹង ហើយថា កុំទទួលយកផលប្រយោជន៍ជាថ្នូរនឹងការលាក់បាំងព័ត៌មានណាមួយ។
លោកបញ្ជាក់ថា៖ «មានអ្នកមានប្រាក់កាស មានអំណាចខ្លះធ្វើខុស ហើយសារព័ត៌មានខ្លះគេចាប់បាន អីចឹងដើម្បីទិញយកអាសារព័ត៌មានហ្នឹងកុំឲ្យផ្សាយ ឬផ្សាយបំភ្លៃ ដោះដូរជាមួយលុយកាក់ សារព័ត៌មានបែបនេះមិនអាចបម្រើសង្គមបានទេ មានតែជំរុញសង្គមឲ្យប្រព្រឹត្តអំពើពុករលួយតែប៉ុណ្ណោះ»។
លោកអ៊ុក គឹមសេង អ្នកនាំពាក្យក្រសួងព័ត៌មាន បានប្រាប់ VOA នៅថ្ងៃទី១៥ ខែមករានេះថា មូលហេតុដែលក្រសួងមិនបានអញ្ជើញស្ថាប័នដែលតែងសរសេររិះគន់រដ្ឋាភិបាលទាំងនោះ គឺដោយសារតែអ្នកសារព័ត៌មានដែលត្រូវបានអញ្ជើញឲ្យចូលរួមមានចំនួនច្រើនពេក។
លោកបញ្ជាក់ថា៖
«ក្រសួងព័ត៌មានគ្រោងអញ្ជើញអ្នកកាសែតក្នុងស្រុកចំនួនប្រហែលជា១ពាន់នាក់ ហើយថែមពីហ្នឹងយើងមានអ្នកនាំពាក្យមកពីគ្រប់ខេត្តរាជធានី មានអ្នកនាំពាក្យរបស់ស្ថាប័នថ្នាក់ជាតិ ក្រសួងមន្ទីរ ក្រសួងថ្នាក់ជាតិ អីចឹងទៅចំនួនកាន់តែច្រើនទី១។ ទី២មានសារព័ត៌មានខ្លះក៏ត្រូវបានអញ្ជើញ សារព័ត៌មានខ្លះក៏អត់បានអញ្ជើញ អីចឹងហើយល្ងាចមិញសម្តេចនាយកគាត់បានថា ឲ្យរៀបចំឲ្យធំជាងនេះទៀតដើម្បីផ្តល់ទីតាំង ទីកន្លែងឲ្យមានការចូលរួមបានច្រើនជាងមុន។ មូលហេតុប៉ុណ្ណឹង»។
អ្នកឃ្លាំមើលបញ្ហាសង្គមយល់ថា ការមិនអនុញ្ញាតឲ្យស្ថាប័នដែលហ៊ានផ្សព្វផ្សាយព័ត៌មានរិះគន់រដ្ឋាភិបាលចួលរួមក្នុងជំនួបនេះ បង្ហាញពីការមិនទទួលយកការកែលម្អដើម្បីឲ្យមានការអភិវឌ្ឍ។
លោកមាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លើកឡើងថា ជាទម្លាប់ រដ្ឋាភិបាលមិនចូលចិត្តទទួលយកការរិះគន់ពីអ្នកដទៃទេ ដែលជាហេតុធ្វើឲ្យអ្នកសារព័ត៌មានដែលតែងសរសេរពីភាពអវិជ្ជមានក្នុងការដឹកនាំរបស់រដ្ឋាភិបាល មិនត្រូវបានអញ្ជើញឲ្យចូលរួម។ លោកបន្ថែមថា ទម្លាប់នេះធ្វើឲ្យកម្ពុជាមិនអាចអភិវឌ្ឍឈានទៅមុខបានល្អប្រសើរដូចបណ្តាប្រទេសដទៃទៀត។
លោកមានប្រសាសន៍ថា៖
«ដោយសាររដ្ឋាភិបាលយើងមានការពិបាកក្នុងការទទួលការរិះគន់ហ្នឹងហើយ ដែលធ្វើឲ្យប្រទេសយើងហ្នឹងនៅតែជាប្រទេសមួយដែលក្របំផុតនៅក្នុងតំបន់អាស៊ាន។ យើងឃើញហើយថា របាយការណ៍ថ្មីៗនេះ ប្រាក់ចំណូលរបស់ខ្មែរយើងហ្នឹងគឺទាបជាងគេបំផុតនៅក្នុងប្រទេសទាំង១០ សូម្បីតែឡាវក៏យើងទាបជាងគេដែរ។ នេះគឺជាការឆ្លុះបញ្ចាំងមួយដែលគួរឲ្យព្រួយបារម្ភសម្រាប់ការដឹកនាំ ឬក៏សម្រាប់សមត្ថភាពអ្នកដឹកនាំខ្មែរក្នុងពេលបច្ចុប្បន្នហ្នឹង ហើយបើសិនជាយើងនៅតែបន្តដឹកនាំតាមបែបនេះ ហើយយើងខ្លាចការរិះគន់ ខ្ញុំគិតថា ដំណើរការនៃការអភិវឌ្ឍស្រុកយើងអត់ដើរទៅណារួចទេ»។
របាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងព័ត៌មាន ដែលចេញផ្សាយកាលពីខែមីនា ឆ្នាំ២០១៥ បង្ហាញថា ក្នុងឆ្នាំ២០១៤ កម្ពុជាមានស្ថាប័នវិទ្យុចំនួន១៧៥ ទូរទស្សន៍ចំនួន២៤ និងកាសែតជាតិចំនួន៤៥៦នៅទូទាំងប្រទេស។ ទោះជាយ៉ាងណា គេមើលឃើញថា ស្ថាប័នព័ត៌មានដែលកំពុងដំណើរការមិនមានចំនួនច្រើនដូចក្នុងរបាយការណ៍នោះទេ។
គម្រោង«ឃ្លាំមើលភាពជាម្ចាស់កម្មសិទ្ធិនៃប្រព័ន្ធផ្សព្វផ្សាយ» របស់អង្គការអ្នករាយការណ៍គ្មានព្រំដែន (Reporters Without Borders) ចេញផ្សាយ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ រកឃើញថា ក្នុងចំណោមម្ចាស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយទាំង២៧នៅកម្ពុជា រួមមានទូរទស្សន៍ វិទ្យុ សារព័ត៌មានបោះពុម្ព និងសារព័ត៌មានលើប្រព័ន្ធអ៊ីនធឺណិតដែលអង្គការនេះបានស៊ើបអង្កេត មានចំនួន៩ ជាកម្មសិទ្ធិរបស់ឧកញ៉ា ឬជាអ្នកមានឥទ្ធិពល ដែលជាអ្នកជិតស្និទ្ធនឹងគណបក្សកាន់អំណាច ហើយពួកគេខ្លះស្ថិតនៅក្នុងចំណោមមនុស្សដែលមានអំណាចបំផុតនៅក្នុងប្រទេស៕