លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះថ្លែងថា នៅពេលដែលលោកចុះចេញពីតំណែងជានាយករដ្ឋមន្រ្តី លោកនឹងស្នើច្បាប់ដើម្បីកំណត់អាយុរបស់នាយករដ្ឋមន្រ្តីត្រឹម៧០ឆ្នាំទៅតាមការចង់បានរបស់គូប្រជែងនយោបាយរបស់លោកដែលកំពុងរស់នៅឯក្រៅប្រទេស។
ការលើកឡើងរបស់លោក ហ៊ុន សែន យ៉ាងដូច្នេះ កើតមានឡើងស្របពេលលោកកំពុងត្រួសត្រាយផ្លូវឲ្យមានអ្នកបន្តវេនតំណែងរបស់លោកហើយកាលពីពេលថ្មីៗនេះកូនប្រុសច្បងរបស់លោកគឺលោកហ៊ុន ម៉ាណែត ដែលទើបតែមានអាយុ៤៤ឆ្នាំត្រូវបានក្រុមមេដឹកនាំគណបក្សកាន់អំណាចជ្រើសរើសឲ្យក្លាយជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពារជាតិថ្មីលោក ហ៊ុន សែនមិនលើកឡើងចំឈ្មោះអ្នកនយោបាយដែលមានបំណងឲ្យកំណត់អាយុរបស់នាយករដ្ឋមន្ត្រីទេតែត្រូវគេដឹងថាលោកសំដៅលើលោក សម រង្ស៊ី ដែលកាលពីពេលកន្លងទៅរិះគន់ការបង្កើតច្បាប់កំណត់សញ្ជាតិខ្មែរតែមួយសម្រាប់តំណែងកំពូលរដ្ឋបួនសំខាន់ៗថាមិនចាំបាច់សម្រាប់ប្រទេស។ លោកហ៊ុន សែនបានមានប្រសាសន៍ទៅកាន់ក្រុមនាយទាហាននិងនគរបាលកម្ពុជាយ៉ាងដូច្នេះ៖
«នៅពេលដែលខ្ញុំចាកចេញពីនាយករដ្ឋមន្រ្តី ខ្ញុំនឹងសម្រេចបំណងអ្នកដែលស្នើសុំឲ្យរៀបចំច្បាប់កំណត់អាយុចូលនិវត្តរបស់នាយករដ្ឋមន្រ្តី។ ខ្ញុំនឹងធ្វើជូន»។
នាយករដ្ឋមន្រ្តីដែលកាន់អំណាចជិតបួនទសវត្សរ៍រូបនេះក៏បានបញ្ជាក់ថា នៅការបោះឆ្នោតឆ្នាំ២០២៣ខាងមុខ លោកនឹងមានអាយុត្រឹម៧១ឆ្នាំ ខណៈអ្នកស្នើសុំដែលលោកសំដៅលើលោក សម រង្ស៊ី នឹងមានអាយុ៧៣ឆ្នាំ។លោកក៏បានជំរុញឲ្យចៅប្រុសរបស់លោកធ្វើជានាយករដ្ឋមន្រ្តីជាបន្តបន្ទាប់ផងដែរ។
«ខ្ញុំសូមបញ្ជាក់ណា៎ ពេលនេះខ្ញុំជានាយករដ្ឋមន្រ្តី ក្រោយឆ្នាំ២០២៣ខ្ញុំទៅជាឪនាយករដ្ឋមន្រ្តីដល់២០៤០ ខ្ញុំនឹងក្លាយទៅជាជីតានាយករដ្ឋមន្រ្តី។ ចាំមើលមើល។ ថ្ងៃមុនអាចៅមួយកំពុងរៀនមហាវិទ្យាល័យនៅក្រៅប្រទេស វាមកលេងស្រុក ប្រាប់អង្គុយបាយជាមួយគ្នា២០ឆ្នាំទៀតចៅឯងត្រូវប្រជែងយកតំណែងនាយករដ្ឋមន្រ្តី»។
លោក សម រង្ស៊ី មិនទាន់ឆ្លើយតបសំណួររបស់សំឡេងសហរដ្ឋអាមេរិកដែលបានផ្ញើតាមសារអ៊ីមែលនៅឡើយទេគិតត្រឹមល្ងាចថ្ងៃពុធនេះ។
កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ មេដឹកនាំគណបក្សប្រឆាំងដែលកំពុងស្ថិតនៅក្រៅប្រទេស លោក សម រង្ស៊ី បានបង្ហោះលិខិតមួយច្បាប់លើទំព័រហ្វេសប៊ុករបស់លោក ស្នើឲ្យលោកនាយករដ្ឋមន្រ្តីហ៊ុន សែន បង្កើតច្បាប់ដែលតម្រូវឲ្យនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងអ្នកកាន់តំណែងក្នុងមុខងារសាធារណៈទាំងអស់ចូលនិវត្តន៍ចាប់ពីអាយុ៧០ ឆ្នាំឡើងទៅ។
លោកសម រង្ស៊ីបញ្ជាក់ក្នុងលិខិតនោះថា៖ «ច្បាប់បែបនេះគឺជាច្បាប់ចាំបាច់ដើម្បីលើកតម្កើងតួនាទី និងលើកទឹកចិត្តយុវជនជំនាន់ក្រោយឲ្យមានឱកាសបង្ហាញសមត្ថភាពនិងស្នាដៃរបស់ខ្លួន ក្នុងការបម្រើប្រទេសជាតិគ្រប់ជាន់ថ្នាក់»។
ក្នុងលិខិតដដែលនោះ អតីតប្រធានគណបក្សសង្គ្រោះជាតិក៏បានស្នើឲ្យមានការបង្កើតច្បាប់មួយទៀត គឺច្បាប់កំណត់អាណត្តិសម្រាប់នាយករដ្ឋមន្ត្រីឲ្យត្រឹមតែ២អាណត្តិ (គឺ១០ឆ្នាំ) ដែលលោកថា «ច្បាប់នេះមានគោលបំណងលើកតម្កើងលទ្ធិប្រជាធិបតេយ្យពិតប្រាកដនិងទប់ស្កាត់ជនផ្តាច់ការណាម្នាក់ដែលចង់ក្រាញអំណាចមួយជីវិត»។
អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិនិងជាស្ថាបនិកគណបក្ស«កែទម្រង់កម្ពុជា»លោកអ៊ូ ច័ន្ទរ័ត្ន លើកឡើងថា ការប្រកាសគ្រោងនឹងស្នើច្បាប់កំណត់អាយុនាយករដ្ឋមន្រ្តីនេះ គឺធ្វើឡើងដោយសារតែលោកនាយករដ្ឋមន្ត្រីបានផ្ចុងផ្តើមកូនប្រុសរបស់លោកជានាយករដ្ឋមន្រ្តីបន្តពីលោករួចទៅហើយ។
«លោកគ្រាន់តែធ្វើដើម្បីសម្របទៅតាមពេលវេលារបស់លោក។ ខ្ញុំយល់ថាជួនកាលទៅអ្នកនយោបាយយើងធ្វើអីស្របទៅតាមអ្វីដែលខ្លួនចង់បាន។ លោកបម្រុងនឹងឈប់ហើយ ក៏ដាក់កំណត់អាយុអ៊ីចឹងទៅ ដើម្បីកុំឲ្យអ្នកផ្សេងមានឱកាសទៅធ្វើអីអ៊ីចឹងទៅ»។
អ្នកសម្របសម្រួលផ្នែកអង្កេតនិងតស៊ូមតិនៃអង្គការខុមហ្វ្រែលលោក កន សាវាង្ស ប្រាប់ VOA ថា ការកំណត់អាយុរបស់នាយករដ្ឋមន្រ្តីគឺជារឿងល្អសម្រាប់ផ្តល់ឱកាសឲ្យយុវជនផ្សេងទៀតបានចូលរួមក្នុងការដឹកនាំប្រទេស។
អ្នកជំនាញកិច្ចការបោះឆ្នោតរូបនេះបន្ថែមថាប្រសិនបើមានការកំណត់អាណត្តិរបស់នាយករដ្ឋមន្រ្តីត្រឹមតែពីរអាណត្តិនោះនឹងធានាអំពីតម្លាភាព និងការដឹកនាំប្រកបដោយប្រសិទ្ធភាពកាន់តែប្រសើរ។
«ការផ្តល់អំណាចទៅឲ្យថ្នាក់ដឹកនាំក្រោយៗនេះគឺថាវាមានអំណាចមួយក្នុងការដឹកនាំប្រទេសជាតិ។ មានន័យថាគាត់អាចមានគំនិតក្នុងការផ្លាស់ប្តូរបែបពីសម័យមួយទៅសម័យមួយ ពីអាណត្តិមួយទៅអាណត្តិមួយ។ ទីពីរគឺមានប្រយោជន៍មួយគឺកាត់បន្ថយច្រើនណាស់កាត់បន្ថយអំពីបក្សពួកនិយម កាត់បន្ថយអំពីការគ្រប់គ្រងអំណាចបែបផ្តាច់ការ កាត់បន្ថយអំពីការរើសអើងបក្សពួកក្នុងស្ថាប័នជាពិសេសគឺស្ថាប័នរដ្ឋហ្នឹងតែម្តង»។
ទោះជាយ៉ាងណាក្តីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកំពុងត្រៀមកូនប្រុសច្បង គឺលោក ហ៊ុន ម៉ាណែត ឲ្យធ្វើជានាយករដ្ឋមន្រ្តីជំនួសលោកតែងលើកឡើងជារឿយៗថា ការកំណត់អាណត្តិនាយករដ្ឋមន្រ្តីជារឿងដែលមិនអាចធ្វើទៅបាន។ នៅថ្ងៃពុធនេះ លោកហ៊ុន សែនក៏បានបកស្រាយថាការកំណត់អាណត្តិសម្រាប់នាយករដ្ឋមន្ត្រីមិនអាចធ្វើទៅបានព្រោះការតែងតាំងនាយករដ្ឋមន្ត្រីគឺអាស្រ័យលើការផ្តល់សេចក្តីទុកចិត្តពីរដ្ឋសភាជាតិ៕