រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​បង្រ្កាប​បទ​ល្មើស​រត់ពន្ធ​ឈើ​ឆ្លងដែន

  • នៅ វណ្ណារិន

រូបឯកសារ៖ លោក​ សល់​ ហើយ ជា​ជន​ជាតិ​ដើម​ភាគ​តិច​កញ្ជក់​ ឈរ​នៅ​ក្បែរ​គល់​ឈើ​ ដែល​ត្រូវ​បាន​លួច​កាត់​នៅ​ក្នុង​ព្រៃ​សហគមន៍​ នៅ​ក្នុង​​ភូមិ​កាណាត​ធំ ស្រុកអណ្តូង​មាស​ ខេត្ត​រតនគិរី​ កាល​ពី​ថ្ងៃ​ទី​២ ខែ​ធ្នូ​ ឆ្នាំ​២០១៥។ (នូវ​ ពៅ​លក្ខិណា/VOA)

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ​បាន​បញ្ជា​នា​ព្រឹក​ថ្ងៃ​សុក្រ​ឲ្យ​បង្កើត​គណៈ​កម្មការ​ថ្មី​មួយ​ជា​បន្ទាន់​ ​ដើម្បី​បង្ក្រាប​ការ​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​ទៅ​ប្រទេស​វៀត​ណាម ​និង​គំរាម​ដក​មន្ត្រី​នៅ​ខេត្ត​ជាប់​ព្រំដែន​ដែល​បើក​ផ្លូវ​ឱ្យ​ឈ្មួញ​ដឹក​ឈើ​ខុស​ច្បាប់។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ​បាន​បញ្ជា​នា​ព្រឹក​ថ្ងៃ​សុក្រ​ឲ្យ​បង្កើត​គណៈ​កម្មការ​ថ្មី​មួយ​ជា​បន្ទាន់​ ​ដើម្បី​បង្ក្រាប​ការ​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​ទៅ​ប្រទេស​វៀត​ណាម ​និង​គំរាម​ដក​មន្ត្រី​នៅ​ខេត្ត​ជាប់​ព្រំដែន​ដែល​បើក​ផ្លូវ​ឱ្យ​ឈ្មួញ​ដឹក​ឈើ​ខុស​ច្បាប់។

លោក​ ផៃ ស៊ីផាន​ ​អ្នកនាំ​ពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី បាន​ឲ្យ​VOA​ ​ដឹង​ថា ​គណៈ​កម្មការ​ថ្មី​មួយ​នេះ​ ​មាន​លោក​នាយ​ឧត្តម​សេនីយ៍​ សៅ សុខា​ ​មេបញ្ជា​ការ​កង​រាជ​អាវុធហត្ថ​ជា​ប្រធាន ​និង​មាន​អាទិភាព​អាច​ប្រើប្រាស់​ឧបករណ៍​យោធា​រួម​ទាំង​ ឧទ្ធម្ភាគចក្រ​ពីរ​គ្រឿង​ ក្នុង​ចំណោម​ឧបករណ៍​យោធា​ដែល​បាន​ទិញ​ពី​ប្រទេស​ចិន។

លោក​ ផៃ ស៊ីផាន​ បាន​បន្ថែម​ថា៖​«តាម​សេចក្តី​ស្នើ​របស់​ឯកឧត្តម​ឧប​នាយក​រដ្ឋមន្ត្រី ស ខេង​ ​ហ្នឹង​សូម​ឲ្យ​បង្កើត​គណៈ​កម្មការ​មួយ​ដែល​ទទួល​ខុស​ត្រូវ​ផ្ទាល់​ ​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ [សៅ​] សុខា ​ដែល​យើង​និយាយ​ភាសា​សាមញ្ញ​ថា​ជា​មេ​ប៉េអឹម​នោះ​ ឲ្យ​ដឹក​នាំ​ការ​បង្ក្រាប។ ហើយ​ការ​បង្ក្រាប​នោះ ​លោក​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ ឧទ្ធម្ភាគចក្រ​ពីរ​គ្រឿង​ ដើម្បី​ធ្វើ​ការងារ​ផ្តាច់​មុខ​រឿងហ្នឹង​ ​ហើយ​អាច​ប្រើប្រាស់​កាំភ្លើង​យន្ត ​និង​អាវុធ​ផ្សេង​ទៀត​ក្នុង​ការ​បំផ្លាញ​ការ​ដឹក​ឈើ​ខុស​ច្បាប់​នេះ​ឯង»។​

លោក​ថា​ឈ្មួញ​ខុស​ច្បាប់​ភាគ​ច្រើន​បាន​ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​ពី​បណ្តា​ខេត្ត​មួយ​ចំនួន​ក្នុង​ភាគ​ឦសាន រួម​ទាំង​ខេត្ត​ព្រះវិហារ​ ស្ទឹងត្រែង​ និង​កំពង់ធំ​ ​ឆ្លង​ចូល​ខេត្ត​ត្បូងឃុំ​ និង​ទៅ​កាន់​ប្រទេស​វៀតណាម​ដែល​នៅ​ជាប់​នោះ។

យោង​តាម​របាយការណ៍​ដែល​បាន​បង្ហាញ​ដោយ​សាកល​វិទ្យាល័យ ​Maryland ​នៃ​រដ្ឋ Maryland​ របស់​សហរដ្ឋ​អាមេរិក​ ​តាម​ទិន្នន័យ​ដែល​បាន​ផ្តល់​ដោយ​ប្រព័ន្ធ​ផ្សាយ​រណប​បាន​បញ្ជាក់​ថា ​ព្រៃឈើ​ប្រទេស​កម្ពុជា​បាន​បាត់បង់​ប្រមាណ​៧,១​ភាគរយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ចាប់​តាំង​ពី​ឆ្នាំ​២០០០​រហូត​ដល់​ឆ្នាំ​២០១២។​ ​ក៏ប៉ុន្តែ​តាម​របាយការណ៍​ផ្សេង​មួយ​ទៀត​ពី​រដ្ឋបាល​ព្រៃឈើ​កម្ពុជា​ ​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១០​ ​កម្ពុជា​មាន​គម្រប​ព្រៃឈើ​ប្រមាណ​៥៧,០៧ភាគរយ ​តែចំនួន​នេះ​មាន​ការ​ប្រែប្រួល​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ។ ​អ្នក​ជំនាញ​ព្រៃឈើ ​និង​អ្នក​ការពារ​បរិស្ថាន​ស្តី​បន្ទោស​ការ​បាត់បង់​ព្រៃឈើ​កម្ពុជា​ ដោយ​សារ​តែ​ការ​ផ្តល់​ដី​សម្បទាន អំពើ​ពុក​រលួយ​ ស៊ី​សំណូក​ ​និង​ការ​កាប់​បំផ្លាញ​ពី​ឈ្មួញ​ឈើ​ប្រណិត​ធំៗ​ ដែល​ដឹក​ទៅ​កាន់​ប្រទេស​ចិន ​និង​វៀតណាម។

រូបឯកសារ៖ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង​អ្នក​នាំ​ពាក្យ​របស់​គណរដ្ឋមន្ត្រី ពិភាក្សា​អំពី​បញ្ហា​ជុំវិញ​បរាជ័យ​របស់​អាស៊ាន​ក្នុងការ​សម្រេច​ឲ្យ​បាន​នូវ​កិច្ច​ព្រម​ព្រៀង​លើ​ជម្លោះ​នៅ​សមុទ្រចិន​ខាង​ត្បូង ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១២។

​លោក​ ផៃ ស៊ីផាន ​ទទួល​ស្គាល់​ថា​ ចំណាត់​ការ​ថ្មី​របស់​រដ្ឋាភិបាល​គឺ​ជា​ការ​បញ្ជាក់​ពី​បរាជ័យ​របស់​មន្ត្រី​ថ្នាក់​ក្រោម​របស់​រដ្ឋាភិបាល​រួម​ទាំង​ មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ផង​ដែរ។

«ដោយ​សារ​ពុំ​មាន​ប្រសិទ្ធភាព​នោះ​ហើយ​បាន​យើង​ចាត់វិធាន​ការ​ ​ទំាង​គោល​ការណ៍​ ដែល​មាន​ការ​ចង្អុល​បង្ហាញ​ឲ្យ​អនុវត្ត​ឲ្យ​បាន​យ៉ាង​ហ្មត់ចត់​ ​ទំាង​យន្តការ​ ដែល​មាន​ការ​ទទួល​ខុសត្រូវ​ដោយ​ផ្ទាល់​ពីព្រោះ​នៅ​ហ្នឹង​កន្លែង​នោះ​ ដូច​សម្តេច​លោក​បាន​លើក​អញ្ចឹងថា ​តើ​ចៅ​ហ្វាយ​ខេត្ត​នៅ​ឯណា​ បាន​អនុញ្ញាត​ឲ្យ​គេ​ទៅ​ បើ​មិន​មាន​ការ​អនុញ្ញាត​? ​លោក​នឹង​មាន​ការ​ដក​ចៅ​ហ្វាយ​ខេត្ត​ហ្នឹង​ចេញ។ ហើយ​ចុះ​ចៅហ្វាយ​ស្រុក​នៅ​ឯណា? ចុះ​រដ្ឋបាល​ព្រៃឈើ​ទៅ​ឯណា? ​ហើយ​កង​រាជ​អាវុធហត្ថ​នៅ​ឯណា?​ ខ្មែរ​យើង​គឺ​គ្នា​ច្រើន​អន្សម​ខ្លោច​អញ្ចឹង​នោះ​ឯង»។

VOA​ មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​ចៅហ្វាយ​ខេត្ត​ត្បូងឃុំ​ គឺ​លោក​ ​ប្រាជ្ញ ចន្ទ ​បាន​នោះ​ទេ​ នា​ថ្ងៃ​សុក្រ​នេះ។​

អ្នក​ជំនាញ​បរិស្ថាន​ និង​ព្រៃឈើ​ សាទរ​ចំពោះ​ការ​បង្កើត​គណៈ​កម្មការ​ថ្មី​នេះ ក៏​ប៉ុន្តែ​ ​យល់​ថា វា​អាច​ជា​ការ​យឺត​ពេល​បន្តិច​ក្នុង​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​នេះ​ ក្រោយ​ពេល​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ​យ៉ាង​គំហុក​ ​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។​

លោក ​ឆាយ​ ធី​ មន្ត្រី​សម្រប​សម្រួល​របស់​អង្គការ​សិទ្ធិមនុស្ស​ អាដហុក​ ​ប្រចាំ​ខេត្ត​រតនគិរី​ ដែល​ធ្វើ​ការ​មួយ​ផ្នែក​ធំ​លើ​ការ​ការពារ​បរិស្ថាន​ និង​ឃ្លាំមើល​បទល្មើស​ព្រៃឈើ​ផង​ដែរ។

«យើង​ដឹង​ហើយ​ ​ទោះ​ជា​រដ្ឋាភិបាល​ខ្លួន​ឯង​ក៏​គិត​ថា​ហួស​ពេល​ហើយ​ ​អញ្ចឹង​បាន​គាត់​ចេញ​ជា​ចំណាត់​ការបង្កើត​គណៈកម្មការ​ទប់ស្កាត់​ការពារ​ការ​កាប់បំ​ផ្លាញ​ព្រៃឈើ​ហ្នឹង។ ​អញ្ចឹង​ទាំង​រដ្ឋាភិបាល​ក៏​គាត់​ដឹង​ថា​ ការ​បំផ្លាញ​ព្រៃឈើ​គឺ​វា​ប៉ះពាល់​ខ្លាំង​ក្លា​ណាស់​ ​ហើយ​ទើប​គាត់​គិត​ថា​បើ​គ្មាន​ចំណាត់​ការ​ទេ​គឺ​ព្រៃឈើ​នឹង​ត្រូវ​បាត់បង់​ទាំង​ស្រុង»។​

លោក​ ឆាយ ធី​ ថា​ ការ​បង្កើត​ចំណាត់​ការ​ថ្មី​នេះ​គួរតែ​ធ្វើ​ព្រម​គ្នា​ជា​មួយ​នឹង​សកម្មភាព​ផង​ដែរ​ ជៀស​វាង​ការ​ដាក់​តែ​ចំណាត់ការ​ថ្មីៗ ​ដោយ​មិន​មាន​ប្រសិទ្ធភាព​ដូច​ពេល​កន្លង​មក​នេះ។​ យ៉ាង​ណា​ក៏​ដោយ ​លោក​ថា​ប្រជាពល​រដ្ឋ​កម្ពុជា​មាន​ការ​តាមដាន​យ៉ាង​ជិតដិត​ចំពោះ​ផែនការ​សកម្មភាព​ថ្មីៗ​ទាំង​នេះ។​

«យើង​គិត​ថា​ ប្រជា​ពលរដ្ឋ​គាត់​ដឹង​ច្បាស់​ហើយ​ ចំណុច​ណា​ដែល​គេ​ធ្វើ​គ្រាន់​តែ​ធ្វើ​ ​គ្រាន់​តែ​ការ​សម្តែង​ ការ​រៀបចំ​ឲ្យ​ប្រជា​ពលរដ្ឋ​ទុកចិត្ត​ទុកថ្លើម។ ហ្អាហ្នឹង​ ​ពលរដ្ឋ​គាត់​អាច​ពិចារណា​តាម​សកម្មភាព​អ្នក​ដឹកនំា​តាម​ជាក់ស្តែង។​ រីឯ​ចំណាត់​ការ​យើង​ឃើញ​ថា​ ទាល់​តែ​យើង​អនុវត្ត​ជាក់​ស្តែង​ដែរ​ បាន​ប្រជា​ពលរដ្ឋ​គាត់​គាំទ្រ​បាន។ តែ​បើ​សិន​ជា​យើង​គ្រាន់តែ​ថា​ មិន​មាន​ការ​អនុវត្ត​ជាក់​ស្តែង ​ប្រជា​ពលរដ្ឋ​នៅតែ​មិន​មាន​ជំនឿ​អញ្ចឹង»។​

ដូច​គ្នា​នោះ​ដែរ​ លោក​ តឹក វណ្ណារ៉ា ​នាយក​ប្រតិបត្តិ​នៃ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា​ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​អនុត្ត​ច្បាប់​ព្រៃឈើ​ និង​ការ​ចូល​រួម​ពី​គ្រប់​ភាគី​ផង​ដែរ ​ក្នុង​ការ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​កម្ពុជា ​ដែល​នៅ​សេស​សល់​ចុង​ក្រោយ​នេះ។​ លោក​ថា​ ការ​កាប់​បំផ្លាញ​ព្រៃឈើ​រយៈពេល​ចុងក្រោយ​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ជីវភាព​ប្រជា​ពលរដ្ឋ​ ដែល​ក្រីក្រ​ សន្តិសុខ​ស្បៀង ​និង​ការ​ប្រែប្រួល​ធាតុអាកាស​ផង​ដែរ។​

«អ្វី​ដែល​យើង​ស្នើ​បន្ថែម​ហ្នឹង​ គឺ​ស្នើ​ក្នុង​កម្រិត​ដែល​អនុវត្ត​ធ្វើ​ម៉េច​ឲ្យ​នៅ​ក្នុង​កម្រិត​អនុវត្ត​ហ្នឹង​ឲ្យ​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ។ ​ហើយ​ទី​ពីរ​អនុវត្ត​ឲ្យ​បាន​ពេញលេញ​ទៅ​លើ​ច្បាប់​ ដែល​មាន​ជា​ធរមាន​ដើម្បី​ធានា​ថា​ បទ​ល្មើស​ព្រៃឈើ​ត្រូវ​បាន​កាត់បន្ថយ​ ហើយ​ទប់​ស្កាត់​ប្រកប​ដោយ​ប្រសិទ្ធភាព។ ព្រៃឈើ​យើង​គឺ​បច្ចុប្បន្ន​នៅ​សល់​តិច។ យើង​ឃើញ​មាន​តែ​នៅ​សល់​តែ​ក្នុង​តំបន់​ព្រៃឡង់​ ជុំវិញ​បឹងទន្លេសាប​ ជួរ​ភ្នំ​ក្រវ៉ាញ​ និង​ភូមិ​ភាគ​ឦសាន»។​

លោក ​តឹក វណ្ណារ៉ា​ បាន​ឲ្យ​ដឹង​ថា​ គម្រប​ព្រៃឈើ​កម្ពុជា​មក​ដល់​ពេល​នេះ​នៅ​សល់​ត្រឹម​តែ​២០​ភាគរយ​តែ​ប៉ុណ្ណោះ​នៃ​ផ្ទៃដី​សរុប​របស់​ប្រទេស​ដ៏​ក្រីក្រ​នេះ​ បើ​មិន​រាប់​បញ្ចូល​ទាំង​ព្រៃ​កៅស៊ូ​ និង​ដំឡូង​នោះ។​

ការ​ដាក់​បញ្ជា​ឲ្យ​បង្កើត​ ​គណៈកម្មកា​រថ្មី​នេះ​គឺ​ធ្វើ​ឡើង​មិន​ប៉ុន្មាន​ថ្ងៃ​ បន្ទាប់​ពី​អង្គសន្និបាត​ប្រចាំ​ឆ្នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​កាន់​អំណាច​ជាង​៣០ឆ្នាំ​បាន​ជំរុញ​ឲ្យ​មាន​ការ​កែ​ទម្រង់​មួយ​ចំនួន​លើ​គោល​នយោ​បាយ​ដីធ្លី ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​សម្រាប់​ឆ្នាំ​២០១៦​ នេះ។ កន្លង​មក ​មាន​ការ​ដាក់​បញ្ជា​ និង​ផែនការ​ជា​បន្ត​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ទាក់​ទិន​នឹង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នេះ​។ ក៏ប៉ុន្តែ​សកម្មជន​បរិស្ថាន​យល់​ថា​ អនុសាសន៍​ទំាង​នោះ​មិន​ត្រូវ​បាន​គេ​អនុវត្ត​ឲ្យ​បាន​ល្អ​ប្រសើរ​នោះ​ទេ៕