លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ប្រកាសថា លោកមានភ្នាក់ងាររបស់លោកនៅក្នុងស្ថាប័នសារព័ត៌មានដ៏ល្បីគឺកាសែតភ្នំពេញប៉ុស្តិ៍។ អ្នកជំនាញផ្នែកសារព័ត៌មានយល់ថា ការប្រកាសនេះជាការបំភិតបំភ័យដល់ស្ថាប័នព័ត៌មានដែលប្រកបវិជ្ជាជីវៈដោយឯករាជ្យ។
លោកហ៊ុន សែនបានថ្លែងបែបនេះនៅក្នុងពិធីចែកសញ្ញាប័ត្រឲ្យនិស្សិតជាង៥ពាន់នាក់ ដោយនិយាយថា លោកទទួលបានព័ត៌មាន និងសំឡេងគ្រប់បែបយ៉ាងរបស់តំណាងរាស្រ្តគណបក្សប្រឆាំងដែលបានផ្តល់បទសម្ភាសន៍ឲ្យអ្នកសារព័ត៌មានភ្នំពេញប៉ុស្តិ៍។ លោកបានលើកយកការផ្តល់សម្ភាសន៍របស់តំណាងរាស្រ្តគណបក្សប្រឆាំង ដែលបានបកស្រាយឲ្យអ្នកសារព័ត៌មានដឹងពីមូលហេតុនៃការមិនចូលប្រជុំសភារបស់គណបក្សប្រឆាំងកាលពីពេលកន្លងមក។
លោកហ៊ុន សែនបានលើកឡើងថា នៅពេលដែលអ្នកសារព័ត៌មានភ្នំពេញប៉ុស្តិ៍ ដែលលោកអះអាងថា ជាមនុស្សរបស់លោក បានទាក់ទងតាមទូរស័ព្ទដើម្បីសម្ភាសន៍តំណាងរាស្រ្តគណបក្សប្រឆាំងរួចហើយនោះ បុគ្គលនោះបានផ្ញើសំឡេងនៃការសន្ទនាទាំងនោះទៅលោកមុនពេលកាសែតភ្នំពេញប៉ុស្តិ៍ចុះផ្សាយអត្ថបទនោះ។
លោកបញ្ជាក់ថា៖ «ការណ៍ពិត នៅពេលដែលភ្នំពេញប៉ុស្តិ៍ធ្វើការសម្ភាសជាមួយលោកហើយ ភ្នំពេញប៉ុស្តិ៍គេបានបញ្ជូនសំឡេងដើមរបស់លោកមកឲ្យខ្ញុំជាមុន តាំងពីម្សិល។ កុំភ្លេចថា ក្នុងភ្នំពេញប៉ុស្តិ៍ក៏មានមនុស្សរបស់ខ្ញុំនៅហ្នឹងដែរ។ កុំឆ្ងល់ពេក»។
លោក Chad Williams និពន្ធនាយកភាសាអង់គ្លេសនៃកាសែតភ្នំពេញប៉ុស្តិ៍ ប្រាប់ VOA តាមរយៈសេចក្តីថ្លែងការណ៍មួយថា លោកខកចិត្តយ៉ាងខ្លាំងចំពោះការលើកឡើងរបស់លោកហ៊ុន សែន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដែលថា លោកទទួលបានការសន្ទនារវាងអ្នកយកព័ត៌មានភ្នំពេញប៉ុស្តិ៍ និងប្រភព ហើយការសន្ទនានោះត្រូវបានការពារដោយច្បាប់។
លោកសរសេរក្នុងសេចក្តីថ្លែងការណ៍ដោយសម្រង់ដើមថា៖ «យើងមិនមានភស្តុតាងពីការប្រព្រឹត្តខុសរបស់បុគ្គលិកយើងទេ ហើយយើងមិនមានគោលបំណងចាត់វិធានការដោយមិនមានភស្តុតាងនោះដែរ។ យើងបាននិងកំពុងបន្តការពារការសន្ទនារបស់យើងជាមួយប្រភព»។
លោកបន្ថែមថា សារព័ត៌មានរបស់លោកគាំទ្រឲ្យបុគ្គលិកដើរតាមគណបក្សណាមួយដែលពួកគេពេញចិត្ត ដោយលោកជឿជាក់ថា ការលម្អៀងរបស់បុគ្គលិកតាមគណបក្សណាមួយនោះ មិនធ្វើឲ្យប៉ះពាល់ដល់ការងាររបស់ពួកគេនៅកន្លែងធ្វើការនោះទេ។
លោកបន្ថែមក្នុងសម្រង់ន័យដើមថា៖ «ភ្នំពេញប៉ុស្តិ៍ជឿជាក់យ៉ាងមុតមាំពីតួនាទីសេរីភាពសារព័ត៌មានដូចដែលបានសរសេរក្រោមច្បាប់ស្តីពីរបបសារព័ត៌មានរបស់កម្ពុជា ហើយភ្នំពេញប៉ុស្តិ៍ពេញចិត្ត ដែលកាសែតនេះអាចបន្តបេសកកម្មរបស់ខ្លួនដោយសេរីក្នុងតួនាទីជាស្ថាប័នផ្តល់ព័ត៌មានឯករាជ្យអស់រយៈពេលជិត២៥ឆ្នាំ»។
លោកមឿន ឈានណារិទ្ធ ប្រធានវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មាន បានប្រាប់ VOA ថា លោកសោកស្តាយដែលលោកនាយករដ្ឋមន្រ្តីហ៊ុន សែនដាក់មនុស្សរបស់លោកនៅក្នុងស្ថាប័នសារព័ត៌មានឯករាជ្យ។ លោកបន្ថែមថា ការប្រកាសរបស់លោកហ៊ុន សែនគឺជាការបំភិតបំភ័យដល់អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានវិជ្ជាជីវៈ និងធ្វើឲ្យប៉ះពាល់ដោយប្រយោលទៅលើការប្រកបវិជ្ជាជីវៈសារព័ត៌មាន។
លោកមានប្រសាសន៍ថា៖«គាត់អាចបំភ័យថា គ្មានសារព័ត៌មានណាមួយដែលរួចផុតពីក្រសែភ្នែករបស់គាត់ទេ ព្រោះអីមានភ្នាក់ងារគ្រប់កន្លែងទាំងអស់។ គាត់គិតថាអីចឹង។ ហើយគាត់គិតថា សារព័ត៌មានឯករាជ្យហ្នឹងមានអាថ៌កំបាំងច្រើនណាស់ ដូច្នេះភ្នាក់ងាររបស់គាត់ហ្នឹងអាចដឹងរឿងទាំងអស់»។
លោកមឿន ឈានណារិទ្ធបន្ថែមថា ស្ថាប័នសារព័ត៌មានដែលមានឯករាជ្យភាព និងវិជ្ជាជីវៈនឹងមិនបារម្ភអំពីមនុស្សរបស់លោកហ៊ុន សែននៅក្នុងស្ថាប័នរបស់ពួកគេនោះទេ។ ប៉ុន្តែលោកបន្តថា ប្រសិនបើបុគ្គលនោះគឺជាមនុស្សមានឥទ្ធិពលក្នុងស្ថាប័នព័ត៌មាននោះ នោះការផ្សព្វផ្សាយព័ត៌មានអាចនឹងលម្អៀងទៅរដ្ឋាភិបាល។
ក្នុងពិធីនោះដែរ លោកហ៊ុន សែនក៏បានព្រមានលោកមាស នី ដែលជាអ្នកវិភាគការអភិវឌ្ឍសង្គមដែលតែងតែផ្តល់ការអធិប្បាយដល់អ្នកសារព័ត៌មានពាក់ព័ន្ធនឹងបញ្ហាសង្គមជាច្រើននោះ។ លោកព្រមានឲ្យលោកមាស នីប្រុងប្រយ័ត្នចំពោះការវិភាគរបស់លោក។
លោកហ៊ុន សែនថ្លែងបែបនេះ បន្ទាប់ពីលោកអានការអធិប្បាយរបស់លោកមាស នី ដែលបានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានក្នុងស្រុក។ ក្នុងបទសម្ភាសន៍នោះ លោកមាស នីបានបកស្រាយថា ការបញ្ជារបស់លោកហ៊ុន សែនមិនឲ្យរដ្ឋមន្រ្តីចំនួន៣រូបចូលទៅបំភ្លឺតាមការកោះហៅរបស់តំណាងរាស្រ្តគណបក្សប្រឆាំងនោះគឺជាអំពើផ្ទុយនឹងរដ្ឋធម្មនុញ្ញ។
លោកថ្លែងថា៖ «នែ! លោកមាស នី! ខ្ញុំផ្តាំទៅលោក! លោកឲ្យល្មមៗបានហើយ! ខ្ញុំចេះដែរទេតើ! ព្រោះខ្ញុំឪបណ្ឌិត! ខ្ញុំមិនមែនអួតខ្លូនឯងទេ។ ប៉ុន្តែកូនខ្ញុំវាមានបណ្ឌិត ហើយបណ្ឌិតហ្នឹងប្រហែលមិនអន់ជាងលោកទេ។ សេដ្ឋកិច្ចក៏មាន នយោបាយក៏មាន ហើយបណ្ឌិតខាងផ្នែកយោធា មិនមែនវិភាគអីតែលោក»។
ក្រោយការព្រមានរបស់លោកហ៊ុន សែន លោកមាស នីលើកឡើងថា លោកនៅតែបន្តការងារជាអ្នកវិភាគសង្គម ដោយមិនរាថយ ស្របពេលដែលលោកមានការបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនក៏ដោយ។
លោកបញ្ជាក់ថា៖«ការណ៍ពិត នេះជាឧត្តមគតិរបស់ខ្ញុំ។ ខ្ញុំមិនដឹងថា ខ្ញុំត្រូវទប់យ៉ាងម៉េចទេ គ្រាន់តែថា វាជួយឲ្យការវិភាគរបស់ខ្ញុំអាចមានការប្រយ័ត្នជាងមុន។ ប៉ុន្តែបើសិនជាឲ្យខ្ញុំឈប់តែម្តង ខ្ញុំហាក់ដូចជាក្បត់នឹងប្រជាជាតិរបស់ខ្ញុំ ដោយសារខ្ញុំមានវាសនាបានជាកូនខ្មែរដែលបានរៀនចេះដឹងច្រើនជាងគេបន្តិច។ ហើយបើសិនជាខ្ញុំមិនជួយនិយាយ មិនជួយថាទេ ហើយគ្រាន់តែឱបដៃមើល ខ្ញុំគិតថា ខ្ញុំគួរតែហែកសញ្ញាប័ត្រហ្នឹងចោលល្អជាង»។
លោកមាស នីត្រូវបានអ្នកសារព័ត៌មានជាច្រើនទាក់ទងសម្ភាសដើម្បីសុំការអត្ថាធិប្បាយលើបញ្ហាសង្គម ដូចជាអំពើពុករលួយ និងអំពើអយុត្តិធម៌ក្នុងសង្គម ក្រោយពេលអ្នកវិភាគសង្គមមិនសំចៃមាត់ដ៏មានប្រជាប្រិយភាពរបស់កម្ពុជាគឺលោកកែម ឡីត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីខែកក្កដា ឆ្នាំមុន៕