ក្នុងខណៈពេលដែលប្រទេសមួយចំនួននៅសហគមន៍អឺរ៉ុប និងប្រទេសជិតខាង ដែលមានប្រទេសថៃ និងឥណ្ឌូនេស៊ីទទួលរងការវាយប្រហារដោយសកម្មភាពភេរវកម្ម មន្ត្រីកម្ពុជាអះអាងថា វិធានការបង្កាទប់ស្កាត់ដែលខ្លួនប្រើប្រាស់ជួយមិនឱ្យមានបាតុភាពណាមួយ ដែលអាចនឹងរងការវាយប្រហារភេរវកម្មឡើយ។ នេះបើតាមការលើកឡើងរបស់មេបញ្ជាការកងទ័ពកម្ពុជា។
លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត មេបញ្ជាការកងកម្លាំងពិសេសប្រឆាំងភេរវកម្មបានបញ្ជាក់ក្នុងបទសម្ភាសន៍ពិសេសជាមួយ VOA ថា៖«មកដល់ម៉ោងនេះគឺយើងនៅរក្សាបានស្ថិរភាពជាច្រើនក្រោយពីប្រទេសយើងបានចប់សង្គ្រាម។ ប៉ុន្តែសុខសន្តិភាពនេះ មិនមែនកើតឡើងដោយចៃដន្យ ឬសំណាងសុទ្ធនោះទេ»។
លោកបន្ថែមថា កម្ពុជាសហការជាមួយស្ថាប័នជំនាញរបស់ប្រទេសជាមិត្ត ដែលមានគោលដៅរួមក្នុងការទប់ស្កាត់ប្រឆាំងភេរវកម្ម ហើយស្ថាប័នជំនាញ និងកងកម្លាំងប្រដាប់អាវុធកម្ពុជាក៏បានចូលរួមដើម្បីទប់ស្កាត់នូវបាតុភាពនេះ។
ក្នុងពេលថ្មីៗនេះ មានប្រទេសមួយចំនួនបានរងការវាយប្រហារដោយក្រុមភេរវករក្នុងទ្រង់ទ្រាយធំ ដូចជាការវាយប្រហារនៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក ក្នុងខែមីនាឆ្នាំ២០១៦ ដែលបណ្តាលឱ្យមនុស្សស្លាប់ជាង៣០នាក់ និងរបួសជាង៣០០នាក់។ ការវាយប្រហារដោយក្រុមភេរវករលើទីក្រុងប៉ារីស ប្រទេសបារាំងកាលពីខែវិច្ឆិកា ឆ្នាំ២០១៥ ដែលបណ្តាលឱ្យមនុស្សចំនួន១៣០នាក់ស្លាប់បាត់បង់ជីវិត។
ការវាយប្រហារក៏រីករាលដាលមកដល់ប្រទេសជិតខាងកម្ពុជាផងដែរ ដូចជាការវាយប្រហារនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី កាលពីខែមករា ឆ្នាំ២០១៦ ដែលបណ្តាលឱ្យមនុស្សស្លាប់៨នាក់ រួមទាំងអ្នកវាយប្រហារចំនួនបួននាក់ និងរងរបួសចំនួនជាង២០នាក់ និងការវាយប្រហារនៅទីក្រុងបាងកក ប្រទេសថៃ កាលពីខែសីហា ឆ្នាំ២០១៥ ដោយសម្លាប់មនុស្សអស់២០នាក់ និងបង្ករបួសចំនួន១២៥នាក់ជាដើម។
លោក ឈាង វណ្ណារិទ្ធ សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានសិក្សាយុទ្ធសាស្រ្តកម្ពុជា យល់ថា ប្រទេសកម្ពុជានៅមិនទាន់ជាគោលដៅនៃការវាយប្រហាររបស់ក្រុមភេរវករទេ ដោយសារតែគោលដៅនៃការវាយប្រហាររបស់ក្រុមភេរវករកន្លងមកនេះ គឺសំដៅអ្វីដែលជាតម្លៃនៃលោកខាងលិច ដូចជាលទ្ធិប្រជាធិបតេយ្យ មជ្ឈមណ្ឌលវប្បធម៌ និងសេដ្ឋកិច្ចបស្ចិមប្រទេសជាដើម។
លោកបន្ថែមថា ប្រទេសខ្លះនៅក្នុងតំបន់ ដូចជាម៉ាឡេស៊ី និងឥណ្ឌូនេស៊ីជាដើម ជួបប្រទះបញ្ហាភេរវកម្មនេះ គឺដោយសារតែមានបណ្តាញក្រុមភេរវករដែលធ្លាប់បានចេញទៅចូលរួមប្រយុទ្ធជាមួយក្រុមភេរវករឥស្លាម នៅក្រៅប្រទេសហើយចូលមកស្រុកវិញនិងយកគោលដៅជនបរទេសនៅក្នុងប្រទេសនោះដើម្បីវាយប្រហារ។
លោកក៏យល់ឃើញថានៅមិនទាន់មានសញ្ញាណាដែលឃើញថាមានបណ្តាញក្រុមភេរវករណាដែលមកពាក់ព័ន្ធនឹងកម្ពុជាទេ។ ប៉ុន្តែកម្ពុជាក៏ពុំគួរធ្វេសប្រហែសដែរ។
«ក៏ប៉ុន្តែយើងក៏មិនអាចធ្វេសប្រហែលដែរ ពីព្រោះថា បណ្តាញរបស់ក្រុមភេរវករនៅក្នុងតំបន់អាស៊ីគឺមានការកើនឡើង ហើយស្មុគស្មាញ ពិបាកតាមដាន ពីព្រោះថា ពួកហ្នឹងភាគច្រើនគេប្រើតាមអេឡិកត្រូនិក។ គេទំនាក់ទំនងគ្នាតាមប្រព័ន្ធ Social Media អីចឹង វាពិបាកតាមដានដែរ ក៏ប៉ុន្តែអ្វីដែលព្រួយបារម្ភចំពោះកម្ពុជាយើង អាចជាជម្រក ឬយកខ្មែរយើងជាទីតាំង ដើម្បីធ្វើការវាយប្រហារនៅក្នុងតំបន់។ ហ្នឹងក៏ជាហានិភ័យមួយដែរ»។
លោក អែល រ៉ាហ្វើត ប្រធានចលនាយុវជនម៉ូស្លិមនៃគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថាកត្តាភូមិសាស្រ្ត និងស្ថានភាពដែលមិននិយមតឹងរ៉ឹងរបស់យុវជនកម្ពុជា នឹងមិនអាចរុញច្រានយុវជនឱ្យប្រព្រឹត្តសកម្មភាពជ្រុលនិយមទេ។
«សម្រាប់យុវជនយើងនៅ ស្រុកខ្មែរគឺយុវជនឥស្លាមនៅស្រុកខ្មែរ អត់មានបញ្ហាអ្វីជាមួយនឹងភេរវកម្មទេ ព្រោះអ្វីយុវជនយើងនៅស្រុកខ្មែរ គិតតែពីខិតខំរៀនសូត្រ និងធ្វើម៉េចខំកសាងការពារប្រទេសកម្ពុជា ហើយមិនជាប់ពាក់ព័ន្ធអ្វីនឹងភេរវកម្ម ដូចបណ្តាប្រទេសនៅលើលោកទេ គឺថាយុវជនឥស្លាមនៅក្នុងប្រទេសកម្ពុជា គឺមិនដែលមានគំនិតអ្វី នឹងចង់ទៅធ្វើភេរវកម្ម ដូចបណ្តាប្រទេសផ្សេងៗទេសម្រាប់នៅស្រុកខ្មែរ»។
សហរដ្ឋអាមេរិកបានផ្តល់ជំនួយឧបត្ថម្ភដល់ការពង្រឹងសមត្ថភាពកម្ពុជា ដើម្បីទប់ស្កាត់នឹងសកម្មភាពភេរវកម្ម ដោយសារភ័យខ្លាចក្រុមភេរវករប្រែក្លាយប្រទេសនេះជាទីកន្លែងលាក់ខ្លួន និងជាផ្នែកមួយនៃការផ្តោតចំណាប់អារម្មណ៍របស់រដ្ឋបាលលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា មកតំបន់អាស៊ី។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមដែរថា៖«គោលនយោបាយរបស់យើង គឺបានខិតខំគ្រប់បែបយ៉ាងទាំងកម្លាំងមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធទាំងអស់ នៅក្នុងការប្រឆាំងទៅនឹងមនោគមវិជ្ជា ការពារមិនឱ្យរីកនៃមនោគមវិជ្ជាជ្រុលនិយម ក៏ដូចជាការប៉ុនប៉ងធ្វើសកម្មភាពភេរវកម្មណាមួយនៅលើប្រទេសជាតិនៅក្នុងទឹកដីរបស់យើងផងដែរ»។
ក្នុងដំណើរមកសហរដ្ឋអាមេរិកកាលពីចុងខែមករា លោក ហ៊ុន ម៉ានី កូនប្រុសពៅរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាអ្នកតំណាងរាស្រ្តក៏បានស្នើពីលទ្ធភាពនៃការសហការធំទូលាយរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ដោយផ្អែកលើការប្រឆាំងភេរវកម្មនេះ។ លោកបានលើកឡើងពីការចាប់មេក្រុមភេរវករឈ្មោះ ហាំបាលី នៃក្រុម Jemaah Islamiyah ដែលមានទំនាក់ទំនងនឹងក្រុមអាល់ខៃដា ដែលបានចាប់ខ្លួនក្នុងឆ្នាំ២០០៣ ក្នុងពេលឆ្លងចូលប្រទេសថៃពីច្រកកម្ពុជាហើយត្រូវអាជ្ញាធរថៃចាប់ខ្លួនថា ជាផ្នែកមួយនៃការសហការលើផ្នែកស៊ើបការណ៍ផ្អែកលើការប្រឆាំងភេរវកម្ម៕