មុខមាត់​អនាគត​មេដឹកនាំ​កម្ពុជា​កំពុង​រះឡើង មុន​ការ​បោះឆ្នោត​នា​ខែ​កក្កដា​ខាង​មុខ

រូបឯកសារ៖ មេបញ្ជាការកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត និងមេបញ្ជាការកងទ័ពជើងគោកថៃ លោក Apirat Kongsompong ក្នុងពិធីគោរពក្បួនទ័ព នៅទីស្នាក់ការកងទ័ពថៃ ក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ ២០១៩។

ភ្នំពេញ — ការ​ស្នង​តំណែង​ជា​មេដឹកនាំ​នៅ​កម្ពុជា​ទំនង​មិន​ត្រូវ​ធ្វើឡើង​ដោយ​តក់ក្រហល់​នោះ​ទេ។ ​កាល​ពី​ពីរបី​ឆ្នាំ​មុន​ នៅ​ពេល​មាន​ការ​ព្យាករណ៍​ថា កូនប្រុស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ចូល​កាន់​តំណែង​ដឹកនាំ​ប្រទេស នៅ​ក្នុង​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​នេះ លោក​ ហ៊ុន សែន​ បាន​ច្រានចោល​ការ​សន្និដ្ឋាន​នេះ តាមរយៈ​ការ​ថ្លែង​សុន្ទរកថា​មួយ​របស់​លោកនៅ​ខេត្ត​ព្រៃវែង កាលពី​ចុង​ឆ្នាំ ២០២១

លោកបាន​ថ្លែង​ថា៖ «បើ​ខ្ញុំ​នៅ​អ៊ីចឹង​ហើយ អាកូន​វា​មក​ធ្វើ​អី។ វា​ចង់​បាន[តំណែង]​ទេ វា​អត់​ទេ។ វា​ត្រូវការ​នៅ​ជាមួយ​គេ ជាមួយ​ឯង។ សូម្បី​តែ​ចូល​ក្នុង​សមាជិក​ជា​រដ្ឋាភិបាល​ ក៏​ខ្ញុំ​មិន​ឱ្យ​ចូល​ដែរ។ អ៊ីចឹង​ទេ លទ្ធភាព​ មិន​មុន​ព្រឹត្តិការណ៍ឆ្នាំ ២០២៨ ទេ។ ​អាច​ក្នុង​ចន្លោះ ២០២៨ ២០២៩ ២០៣០។ អ៊ីចឹង​ត្រូវចាំ ត្រូវ​រង់ចាំ»។

ទោះ​ជា​យ៉ាងណា​ក្តី ក៏​ការ​បោះឆ្នោត​ជាតិ​នា​ខែកក្កដា​ខាង​មុខ​នេះ នឹង​ក្លាយ​ជា​ការ​បោះជំហាន​ដ៏​ធំ​មួយ​ទៀត​សម្រាប់​ដំណើរស្នង​តំណែង​នេះ។ លោក ហ៊ុន ម៉ាណែត ដែល​ជាអគ្គមេបញ្ជាការ​យោធា​ជាន់​ខ្ពស់​ម្នាក់ នឹង​ឈាន​ជើង​ចូល​ក្នុង​ឆាក​នយោបាយ​ជា​ផ្លូវ​ការ​ជា​លើក​ដំបូង​ ក្នុង​នាម​ជា​បេក្ខជនតំណាងរាស្រ្ត​ឈរ​ឈ្មោះ​លេខ​រៀង​ទី ១ ប្រចាំ​រាជធានី​ភ្នំពេញ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា។

ហើយ​នេះ​ក៏​មិនមែន​ជា​ទី​បញ្ចប់​នៃ​សម័យកាល​របស់​លោក ហ៊ុន សែន​ ទាំងស្រុង​នោះ​ដែរ។ ហើយ​សម្រាប់​មនុស្ស​មួយ​ចំនួន​ធំ​ មិន​យូរ​ប៉ុន្មាន​សម័យ​កាល​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​កាន់តំណែង​ជិត​ ៤០ ឆ្នាំ​មក​នេះ នឹង​សាប​បន្តិច​ម្តងៗ។ ហើយ​ខណៈ​លោក ហ៊ុន ម៉ាណែត ​កំពុង​ស្វះស្វែង​ពង្រឹង​ការ​គាំទ្រ​ទាំង​នៅក្នុង​បក្ស និងក្រៅ​បក្ស​ប្រជាជន​កម្ពុជា ចំណាប់​អារម្មណ៍​របស់​សាធារណជន​នឹង​ងាក​ទៅ​ផ្តោត​លើ​មេដឹកនាំ​វ័យ​ក្មេង​វ័យ ៤៦​ឆ្នាំ​រូប​នេះ ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាលា​បណ្ឌិត្យ​សភា​យោធា West Point របស់​សហរដ្ឋ​អាមេរិក ស្រប​ពេល​ដែល​លោក​កំពុងបង្ហាញ​ខ្លួនក្នុង​នាម​ជា​អ្នក​ស្នង​តំណែង​ជំនួស​ឪពុក​របស់​លោក​ដោយ​សន្សឹមៗ។

លោក សុន ឆ័យ អ្នក​នយោបាយ​ប្រឆាំង​ជើង​ចាស់​ម្នាក់ ដែល​បច្ចុប្បន្ន​ជា​អនុប្រធាន​ម្នាក់​របស់គណបក្ស​ភ្លើង​ទៀន បាន​ថ្លែង​ប្រាប់​វីអូអេ​ កាល​ពី​ដើម​ខែ​កុម្ភៈ​ថា៖

«គាត់​មាន​ការ​អប់រំ​បាន​ច្រើន ហើយ​អប់រំ​នៅ​ក្រៅប្រទេស​ទៀត នៅក្នុង​ប្រទេស​ប្រជាធិបតេយ្យ នៅសហរដ្ឋ​អាមេរិក នៅ​ប្រទេស​អង់គ្លេស។ ដូច្នេះ គាត់មាន​ការ​ចេះដឹង។ អាហ្នឹង​យើង​ត្រូវ​ឱ្យ​តម្លៃ​គាត់»។

លោក​បន្ត​ថា៖ «អ្វីដែល​យើង​រង់ចាំ​រឿងស្នាដៃ។ យើងចង់​រង់ចាំ​មើល​ស្នាដៃគាត់ ដូចជា​ការដោះស្រាយ​បញ្ហា​ធំៗ​នៅ​ក្នុង​សង្គម ដូចជា​បញ្ហា​ការពារ​បរិស្ថាន ឧទាហរណ៍ តើគាត់មាន​វិធានការ​អី? តើគាត់​អាច​នឹង​បញ្ឈប់​សកម្មភាព​នាំ​ឈើទៅក្រៅ​ប្រទេស​ ដើម្បី​រក្សា​ឈើ ព្រៃឈើ​យើង​បាន​ទេ? បញ្ហា​អំពើ​ពុក​រលួយ ថាតើ​គាត់​ហ៊ាន​អារ​កាត់​ទេ? កាត់​បន្ថយ​អំពើ​ពុករលួយ​ ដើម្បី​ឱ្យ​មន្ត្រី​រាជការ​បម្រើ​សេវាល្អ​ដល់​ពលរដ្ឋ»។

លោក ហ៊ុន ម៉ាណែត ​ស្ថិត​នៅ​ក្នុង​ចំណោម​ក្រុម​អ្នក​ដឹកនាំ​ជំនាន់​ថ្មី​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ភាគច្រើន​ជា​កូន​របស់​មេដឹកនាំ​វ័យ​ចំណាស់ៗ​របស់​គណបក្ស​កាន់អំណាច​មួយ​នេះ។ អ្នក​ដឹកនាំ​ជំនាន់​ថ្មី​ទាំង​នេះ ឬ​ដែល​ត្រូវបាន​ក្រុម​អ្នក​វិភាគ​នយោបាយ​កម្ពុជា​ហៅថា​ «ឈាម​ថ្មី» នោះ​ ត្រូវ​បង្ហាញ​សមត្ថភាព​ដឹកនាំ​របស់​ខ្លួន​នៅ​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​ត​ទៅ​មុខ​ទៀត ដោយ​ដើរ​ស្រប​នឹង​តុល្យភាព​អំណាច​របស់​បក្ស។ ស្រប​ពេល​ជាមួយ​គ្នា​នោះ ពួកគេ​ក៏​ត្រូវ​បញ្ចុះបញ្ចូល​ប្រជាពលរដ្ឋ​កម្ពុជា​ឱ្យ​យល់​ឃើញ​ថា ពួកគេ​មាន​ទស្សនវិស័យ​ទំនើប​ថ្មី​សម្រាប់​កម្ពុជា ដោយ​មិន​ហ៊ាន​ធ្វើ​ការ​ផ្លាស់ប្តូរ​ណា​មួយ​ដែល​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​បរិបាល​នៃ​រចនាសម្ព័ន្ធ​គ្រប់គ្រង​របស់​បក្ស​ ដែលស្រាក់​ជាប់​នឹង​ភាពស្មោះស្ម័គ្រ​នឹង​បក្ស​ឡើយ។

លោក​ Sebastian Strangio អ្នក​និពន្ធ​សៀវភៅ​ «កម្ពុជា​របស់​លោក​ ហ៊ុន សែន» (Hun Sen's Cambodia) បាន​ថ្លែង​ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ Zoom ពី​អូស្ត្រាលី​ថា៖ «លុះត្រាណាលោក​ ហ៊ុន សែន ទទួល​មរណភាព ឬ​ចេញ​ផុត​ពី​ឆាកនយោបាយ​ជា​ដរាប​នោះ លោក​ ហ៊ុន សែន​ នៅ​តែ​មាន​តួនាទី​ចម្បង​នៅ​ក្នុង​ឆាក​នយោបាយ​កម្ពុជា។ បើ​ទោះ​បី​ជា​លោក​មិន​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ជា​ផ្លូវការ​ត​ទៅ​ទៀត លោក​នឹង​នៅ​តែ​បន្ត​ធ្វើការ​នៅ​ក្រោយ​ឆាក​ដើម្បី​ធានា​ស្ថិរភាព​អំណាច​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា»។

លោក Strangio បាន​បន្ត​ថា៖ «ដូច្នេះ ខ្ញុំ​គិត​ថា សម្រាប់​ការ​ផ្លាស់ប្តូរ ប្រសិន​បើ​ការ​ផ្ទេរ​អំណាច​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​រលូន​ ដោយ​គ្មាន​ការ​ប្រឆាំង​នៅ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា ខ្ញុំ​ទស្សន៍ទាយ​ថា ​ប្រហែល​គ្មាន​ការ​ផ្លាស់ប្តូរ​ច្រើន​នោះ​ទេ»។

រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន និងកូនប្រុស លោក ហ៊ុន ម៉ាណែត នាយឧត្តមសេនីយ៍មេបញ្ជាការកងទ័ពជើងគោក ចូលរួមពិធីហែព្យុហយាត្រា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០១៩។

រូបឯកសារ៖ លោក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក និងជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមពិធីដំឡើងស័ក្តិនៅក្រសួងការពារជាតិ ក្នុងរាជធានីភ្នំពេញ កាលពី ២០ ខែមេសា ឆ្នាំ ២០២៣។

ការត្រៀម​ស្នង​អំណាច

លោក ហ៊ុន ម៉ាណែត បាន​ក្លាយ​ជា​ឧត្តមសេនីយ៍​ផ្កាយ​បួន​ជា​ផ្លូវ​ការ​នៅ​ខែ​មេសា ឆ្នាំ ២០២៣ នេះ។ នេះ​មាន​ន័យ​ថា លោក​មាន​តំណែង​ស្មើ​នឹង​មេដឹកនាំ​យោធា ដែល​ភាគច្រើន​មាន​អាយុ​ស្មើ​នឹង​ឪពុក​របស់​លោក ដែល​មួយ​ចំនួន​នៃ​អ្នក​ទាំង​នោះ​ធ្លាប់​ជា​អតីត​យុទ្ធជន​ខ្មែរក្រហម​ មុន​ពេល​ចូលរួម​ជាមួយ​នឹង​កងទ័ព​វៀតណាម​ ដែល​បាន​វាយ​ប្រយុទ្ធ​នឹង​របប​ខ្មែរ​ក្រហម​របស់​ ប៉ុល ពត​ នៅ​ទសវត្សរ៍​ឆ្នាំ ១៩៨០។

រាល់​ការ​មិនពេញ​ចិត្ត​ណា​មួយ​ចំពោះ​ការ​រះឡើង​យ៉ាង​ឆាប់​រហ័ស​របស់​លោក​ ហ៊ុន ម៉ាណែត​ នៅ​ក្នុង​ជួរ​កងកម្លាំង​ប្រដាប់​អាវុធ​ គឺ​មិន​ត្រូវ​បាន​និយាយ​ដោយ​បើក​ចំហ​នោះ​ទេ ស្រប​ពេល​លោក​ ហ៊ុន ម៉ាណែត​ កំពុង​ពង្រឹង​ប្រជាប្រិយភាព​របស់​លោក​ក្នុង​ឆាក​នយោបាយ​ផង​ដែរ​នោះ។

លោក​ ហ៊ុន ម៉ាណែត ជា​សមាជិក​ម្នាក់​នៃ​គណៈកម្មការ​អចិន្ត្រៃយ៍​ដ៏​មាន​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ក្នុង​អំឡុង​ពេល​ជិត​ ១០ ឆ្នាំ​កន្លង​មក​នេះ លោក​ ហ៊ុន ម៉ាណែត​ ជាមួយ​នឹង​ប្អូនប្រុស​ពៅ​គឺ​លោក ហ៊ុន ម៉ានី បាន​ទទួល​បន្ទុក​ដឹកនាំ​កិច្ច​ប្រឹងប្រែងរបស់​បក្ស ដើម្បី​ពង្រីក​មូលដ្ឋាន​គាំទ្រ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ចំណោម​យុវជន​កម្ពុជា ទាំង​នៅ​ក្នុង​និង​ក្រៅ​ប្រទេស។

យុវជន​កម្ពុជា​ បាន​ក្លាយ​ជា​កម្លាំង​ជំរុញ​នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​រំលាយ សម្រាប់​ការ​បោះឆ្នោត​ជាតិ​ កាល​ពី​ឆ្នាំ ២០១៣ និង​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​មាន​ប្រជាប្រិយភាព​មួយ​ទាំង​នៅ​ក្នុង​ប្រទេស និង​តាម​បណ្តា​ប្រទេស​ផ្សេងៗ​ ដូចជា​ប្រទេស​ថៃ និង​កូរ៉េខាងត្បូង ដែលមាន​ពលករ​ខ្មែរ​ចំណាក​ស្រុក​ច្រើន។

​ស្រប​ពេល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​និង​បន្ត​បង្ក្រាប​លើ​ក្រុមអ្នក​ប្រឆាំង​ជា​ប្រព័ន្ធ​ក្នុង​រយៈពេល​ជា​ច្រើនឆ្នាំ​បន្តបន្ទាប់ លោក ហ៊ុន ម៉ាណែត និង ​លោក ហ៊ុន ម៉ានី បាន​ពង្រឹង​សកម្មភាព​និង​បង្កើន​វិធីសាស្ត្រ​លើក​ទឹកចិត្ត​ផ្សេងៗ​ដល់​យុវជន​កម្ពុជា ដើម្បី​ផ្សារភ្ជាប់​ពួកគេ​ទៅនឹងគណបក្ស​ប្រជាជន​កម្ពុជា​ និង​ក្រុម​អ្នក​ជំនាន់​ថ្មី​ក្នុង​ជួរ​គណបក្ស​នេះ។ ហើយ​ស្រប​ពេល​ដែល​លោក​ ហ៊ុន ម៉ាណែត ត្រូវ​បាន​ព្យាករណ៍​ថា នឹង​ឡើង​ស្នង​តំណែង​ជំនួស​ឪពុក​លោក​ ទោះ​តាម​រយៈ​ការ​បោះឆ្នោត ឬ​មិន​តាម​រយៈការ​បោះឆ្នោត​ក្តី ក៏​គេ​ឃើញ​ថា​ កូនៗ​របស់​មន្ត្រី​ជាន់ខ្ពស់​មួយ​ចំនួន​ទៀត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ក៏​បាន​ចូលកាន់​តំណែង​ធំៗ​ផង​ដែរ។

ក្នុង​ចំណោម​នោះ ការ​តែង​តាំង​ឱ្យ​ឡើង​កាន់​តំណែង​ដ៏គួរ​ឲ្យ​កត់សម្គាល់​នា​ពេល​ថ្មីៗ​នេះ រួមមាន​លោក ឌិត ទីណា កូន​ប្រុស​របស់​ប្រធាន​តុលាការ​កំពូល​ ដែល​ទទួល​បាន​ការ​អប់រំ​ពី​ប្រទេស​បារាំង ​ត្រូវ​បាន​តែងតាំង​ឲ្យ​ដឹកនាំ​ក្រសួង​កសិកម្ម​កាល​ពី​ចុង​ឆ្នាំ​ ២០២២ ក្នុង​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។ ហើយ​លោក ថោង រដ្ឋសក្តិ កូន​ប្រុស​របស់រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ក៏​ត្រូវ​បាន​តែង​តាំង​ជា​រដ្ឋលេខាធិការ​ម្នាក់​របស់​ក្រសួង​នេះ​កាល​ពី​ដើម​ខែ​មេសា​កន្លង​ទៅ​នេះ​ផងដែរ។

​អ្នកស្រី Astrid Norén-Nilsson សាស្ត្រាចារ្យ​ជំនួយ​ជាន់​ខ្ពស់​ប្រចាំ​មជ្ឈមណ្ឌល​សិក្សា​អាស៊ី​បូព៌ា​និង​អាស៊ី​អាគ្នេយ៍​នៃ​សាកលវិទ្យាល័យ Lund ក្នុង​ប្រទេស​ស៊ុយអែត​ បាន​ថ្លែង​ថា៖ «ក្នុង​រយៈពេល​ជាង ៤០​ឆ្នាំ​មក​នេះ ការ​ផ្លាស់​ប្តូរ​ថ្នាក់ដឹកនាំ​ គឺ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ។ ជាមួយ​នឹង​ការ​ចូល​កាន់​អំណាច​ពី​សំណាក់​បុគ្គល​ដែល​មាន​សញ្ញាបត្រ​អប់រំ​បណ្ឌិត​ជាន់ខ្ពស់​ យើង​អាច​រំពឹង​ថា រដ្ឋាភិបាល​ថ្មី​អាច​ផ្សារភ្ជាប់​ខ្លួន​ទៅ​នឹង​សង្គម​ជាតិតាម​របៀប​ថ្មី និង​បង្ហាញ​អំណាច​របស់​ពួកគេ​ក្នុង​រូបភាព​ថ្មី បើ​ប្រៀប​នឹង​ជំនាន់​មេដឹកនាំ​ដែល​ជា​ឪពុក​របស់​ពួកគេ»។

អ្នកស្រី​សាស្ត្រាចារ្យ​រូប​នេះ​បាន​បន្ថែម​ថា៖ «ថ្នាក់​ដឹកនាំ​ជំនាន់​ថ្មី​នេះ​ ដែល​មិនមាន​ប្រវត្តិ​ប្រឡូក​ក្នុង​សង្គ្រាម​ស៊ីវិល​និង​គូ​បដិបក្ខ​ប្រយុទ្ធ​គ្នា មាន​លទ្ធភាព​ថ្មីក្នុង​ការ​បង្ហាញ​ខ្លួន​ជា​តំណាង​ឱ្យ​ជាតិ​ទាំង​មូល ដែល​នេះ​ប្រាកដ​ជា​អ្វី​ដែល​ពួកគេ​ត្រៀម​ខ្លួន​ធ្វើ»។

រូបឯកសារ៖ លោក ហ៊ុន ម៉ាណែត និងភរិយាគឺលោកស្រី ពេជ្រ ចន្ទមុន្នី ថតរូបជាមួយប្រជាពលរដ្ឋ ខណៈចូលរួមបោះឆ្នោតជាតិអាណត្តិទី ៦ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨។

ប៉ុន្តែ​អ្វី​ដែល​កើត​ឡើង​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​នា​ខែ​កក្កដា ឆ្នាំ ២០២៣ ​នេះ​ កំពុង​បង្ហាញ​ពី​កត្តា​ប្រឈម​នៃ​លទ្ធភាព​ក្នុង​ការ​នាំ​មក​នូវ​ការ​ផ្លាស់ប្តូរ​ថ្មី​ដោយ​ក្រុម​អ្នក​ដឹកនាំ​ថ្មី​របស់​គណបក្ស​កាន់​អំណាច។

កាល​ពី​ដើម​ខែ​មីនា មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក កឹម សុខា ត្រូវ​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់​ឃុំ​នៅ​ក្នុង​ផ្ទះ​រយៈពេល ២៧ ឆ្នាំ​ពី​បទ​ក្បត់​ជាតិ។

កាលពី​ចុង​ខែ​មីនា​ សកម្មជន​គណបក្ស​ប្រឆាំង​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​តាម​បណ្តាញ​សង្គមដែល​បាន​រិះគន់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ រីឯ​កាលពី​ខែ​កុម្ភៈ លោក ហ៊ុន សែន​ បាន​បញ្ជា​ឱ្យ​បិទ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD - វីអូឌី) ដោយ​ក្រសួង​ព័ត៌មាន​បាន​ដក​អាជ្ញាបណ្ណពី​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ឯករាជ្យ​មួយ​នេះ។ សារព័ត៌មាន​វីអូឌី គឺ​ជា​បណ្តាញ​ផ្សព្វផ្សាយ​ឯករាជ្យ​ក្នុង​ស្រុក​ចុងក្រោយ​បង្អស់​មួយ​នៅ​កម្ពុជា។

លោក Strangio បាន​យល់ស្រប​ថា ការ​ចូល​កាន់​តំណែង​ជាន់​ខ្ពស់​ជា​បន្តបន្ទាប់​របស់​ក្រុមអ្នក​ដឹកនាំ​វ័យក្មេង​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​ តំណាង​ឲ្យ «ការ​ផ្លាស់ប្តូរ​ជា​ជំនាន់​ដ៏​សំខាន់​មួយ» ដែល​ផ្តល់​សុទិដ្ឋិនិយមឱ្យ​ពិភពលោក​ផ្លាស់ប្តូរ​ការ​យល់ឃើញ​និង​ឥរិយាបថ​មក​លើ​ប្រទេស​កម្ពុជា។ ក៏​ប៉ុន្តែ​លោក​យល់​ថា ការ​បន្ត​រក្សា​និង​អនុវត្ត​ប្រព័ន្ធ​បរិបាល​ជាច្រើន​ទសវត្សរ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ឱ្យ​តម្លៃ​លើ​ភាព​ស្មោះស្ម័គ្រ​នឹង​បក្ស នឹង​ «រារាំង​ការ​ធ្វើ​កំណែទម្រង់​ធំ​ដុំ​ណាមួយ»។

លោក​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា ក្រុម​អ្នក​ដឹកនាំ​វ័យក្មេង​ទាំង​នេះ បើ​ទោះ​បី​ជា​ទស្សនវិស័យ​របស់​ពួកគេ​ខុស​ពី​ឪពុក និង​ជីតា​របស់​ពួកគេ​ខ្លះ​ក្តី ក៏​ខ្ញុំ​នៅ​តែ​គិត​ថា ពួកគេ​នឹង​បន្ត​ធ្វើការ​តាម​គោលការណ៍​នៃ​ប្រព័ន្ធ​ដឹកនាំ​ [របស់​បក្ស] ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ផ្អែក​លើ​ធាតុ​ដែល​ប្រឆាំង​នឹង​កំណែទម្រង់​នយោបាយ​ណា​មួយ»។

កូន​ដូច​ឪពុក?

នៅ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លង​មក​នេះ ការ​បង្ហាញ​ខ្លួន​ជា​សាធារណៈ​របស់​លោក​ ហ៊ុន ម៉ាណែត បាន​កើន​ឡើង​ខ្លាំង។ លោក​មាន​វត្តមាន​ហើយ​ថ្លែង​សុន្ទរកថា​ស្ទើរ​តែប្រចាំ​ថ្ងៃ នៅ​តាម​ពិធី​សម្ពោធ​មន្ទីរពេទ្យ សាលារៀន វត្តអារាម ព្រះវិហារ រោងចក្រ និង​សូម្បី​តែ​ សណ្ឋាគារ​ផង​ដែរ ដែល​នេះ​ជា​តួនាទី​មួយ​ដែលឪពុក​របស់​លោក​បាន​ធ្វើ​អស់​រយៈ​ពេល​រាប់​ទសវត្សរ៍​មក​ហើយ។

ដោយឡែក​សម្រាប់​កាតព្វកិច្ច​ផ្លូវការ​របស់​លោក ជាពិសេស​ក្នុង​ឋានៈ​ជា​អគ្គមេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ លោក​ ហ៊ុន ម៉ាណែត បាន​ជួប​និង​ពិភាក្សា​ជាមួយ​នឹង​មេដឹកនាំ​យោធា​ជាន់​ខ្ពស់​ប្រមាណ​ ២៩ នាក់​ នៃ​បណ្តា​ប្រទេស​ជាច្រើន និង​មេដឹកនាំ​លើ​ពិភពលោក​យ៉ាង​ហោចណាស់​ ១០ នាក់​ ក្នុង​នោះ​រួម​មាន​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida និង​ប្រធានាធិបតី​ចិន​លោក Xi Jinping។

សូម្បី​តែ​បណ្តាញ​សង្គម​របស់​លោក​ ហ៊ុន ម៉ាណែត​ មើល​ទៅ​ក៏​ហាក់​ស្រដៀង​នឹង​បណ្តាញ​សង្គម​របស់​ឪពុក​លោក​ផង​ដែរ ដោយ​គេ​ឃើញ​មាន​មាតិកា​ពោរពេញ​ដោយ​ឃ្លីប​វីដេអូ​ខ្លីៗ ដែល​បង្ហាញ​ពី​មតិ​យល់​ឃើញ​និងការបកស្រាយ​របស់​លោក​អំពី​ការ​ពង្រឹង​គុណភាព​ស្ថាប័ន​ និង​អំពី​បញ្ហា​ក្នុង​សង្គម​នានា ដោយ​មិន​ភ្លេច​ពី​ការ​សរសើរនិង​ដឹងគុណ​ដល់កេរដំណែល​សន្តិភាព​និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ។

លោក​ ហ៊ុន ម៉ាណែត​ បាន​ថ្លែង​ក្នុង​ឃ្លីប​វីដេអូ​មួយ ដែល​ត្រូវបាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក កាល​ពី​ចុង​ខែ​កុម្ភៈ​ក្នុង​សម្តី​ដើម​ថា៖ «សង្គ្រាម​និង​ការ​បែកបាក់​ផ្ទៃក្នុង​នោះ​ហើយ គឺជា​ដើម​ចម​ ជា​សត្រូវ​ធំ​បំផុត​សម្រាប់​ជាតិ​របស់​យើង។ អ៊ីចឹង​កុំ​ឱ្យ​អា​សត្រូវ​នេះ​ត្រឡប់​មក​ប្រទេស​របស់​យើង ត្រូវ​រួមគ្នា​ការពារ​សន្តិភាព»។ហើយ​អ្នកណា​ជា​អ្នក​សម្រេច​កម្ចាត់​សត្រូវ​រួម​របស់​ជាតិ​ខ្មែរ​យើង គឺ​បញ្ចប់​សង្គ្រាម គឺ​គោលនយោបាយ​ឈ្នះ-ឈ្នះ​របស់​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា របស់​សម្តេច​តេជោ និង​ថ្នាក់​ដឹកនាំ​ធំៗ​សំខាន់ៗ»។

ហើយ​រូបភាព​និង​សារ​ចែករំលែក​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ដែល​មាន​អ្នក​តាមដាន ឬ​ហៅថា Followers ​ចំនួន​ជាង ១លាន ១សែន​នាក់​នោះ ក៏​បាន​បង្ហាញ​ឱ្យ​ឃើញ​គុណសម្បត្តិ​របស់​លោក ហ៊ុន ម៉ាណែត ក្នុង​នាម​ជា​អ្នក​ដឹកនាំ​មួយ​រូប​ដែល​ប្រកប​ដោយ​ភាព​អង់អាច​ ជា​មេ​បញ្ជាការ​យោធា​ដ៏​មោះមុត ជា​ឪពុក​ដែល​ផ្តល់​ក្តី​ស្រឡាញ់​ដល់​ក្រុម​គ្រួសារ និង​ជា​កូនប្រុស​ដែល​ដឹងគុណ​ម្នាក់។

រូបឯកសារ៖ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា លោក ហ៊ុន ម៉ាណែត ជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក នៅវិមានរដ្ឋាភិបាលជប៉ុន ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២២។

រូបឯកសារ៖ មេបញ្ជាការកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងពិធីមួយនៅទីលាននៃពហុកីឡដ្ឋានអូឡាំពិក ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២០។

ដោយ​ភាគច្រើន​ស្ថិត​ក្នុង​ឯកសណ្ឋាន​យោធា​ ការ​ថ្លែង​ជា​សាធារណៈ​របស់​លោក​ ហ៊ុន ម៉ាណែត ហាក់​ស្រដៀង​នឹង​របៀប​និយាយ​របស់​ឪពុក​លោក។ លោក​ ហ៊ុន ម៉ាណែត តែងតែ​ចង្អុល​និង​ធ្វើ​កាយវិការ​ ខណៈ​ពេល​និយាយ​ចំ​ចំណុច​ណា​មួយ ដោយ​ឈប់​បន្តិច​ពេល​កំពុង​និយាយ​ ជា​វិធីសាស្ត្រ​នៃ​ការ​ថ្លែង​ជា​សាធារណៈ ដោយ​រង់ចាំ​ប្រតិកម្ម​ពី​អ្នក​ស្តាប់​ដូចជា​ការ​ទះដៃ​ជា​ដើម។

លោក​ ហ៊ុន ម៉ាណែត តែង​ចាប់ផ្តើម​ការ​ថ្លែង​របស់​លោក​ជាមួយ​នឹង​សុន្ទរកថា​បែប​ផ្លូវការ ដោយ​ភ្ជាប់​ជាមួយ​នឹង​ការ​ធ្វើ​អធិប្បាយ​លើ​បញ្ហា​ថ្មីៗ​ដែល​កើត​ឡើង​ក្នុង​សង្គម​កម្ពុជា ឬ​ឆ្លើយតប​ទៅ​នឹង​របាយការណ៍​ព័ត៌មាន​មួយ​ចំនួន​ ដែល​រិះគន់​លើ​រូបលោក ឬ​ប្រតិកម្ម​ទៅនឹង​ការ​រិះគន់​មួយ​ចំនួន​របស់​ដៃគូ​ប្រជែង​នយោបាយ​ប្រឆាំង​ជើង​ចាស់​របស់​ឱពុក​លោក គឺ​លោក សម រង្ស៊ី។

លោក​ ហ៊ុន ម៉ាណែត ធ្លាប់​បាន​ថ្លែង​ដោយ​សំដៅ​ទៅ​លើ​លោក ​សម​ រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​ កាលពី​ពេល​ថ្មីៗ​នេះ ក្នុង​សម្តី​ដើម​ថា៖ «ឥឡូវ​តាំង​ពី​ខ្ញុំ​ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា​ប្រកាស​ជា​បេក្ខជន​បន្តវេន​ពី​សម្តេច​ ជេរ​ព្យុះ ថ្ងៃណា​ក៏​ជេរ​ដែរ។ ជេរ​ទី​ ១ ជេរ​បង្កាច់​បង្ខូច។ សម្រាប់​ខ្ញុំ​ អត់​ពេល​ឆ្លើយ​តប អត់ពេល»។

វីដេអូ​ខ្លី​នៃ​សុន្ទរកថា​នេះ​ក៏ត្រូវបាន​ចែករំលែក​នៅ​លើ​បណ្តាញ​សង្គម​របស់​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​មាន​អ្នក Followers ចំនួន​ជាង ១៤ លាន​នាក់​ផងដែរ។

លោក អ៊ា សុផល ព្រឹទ្ធបុរស​រង​ជាន់ខ្ពស់​និង​សាស្ត្រាចារ្យ​ជំនួយ​ប្រចាំ​សាលា​ Thunderbird School of Global Management នៃ​សាកលវិទ្យាល័យ​រដ្ឋ​ Arizona បាន​ឱ្យ​ដឹង​ថា សារ​ដ៏ច្បាស់​នោះ​គឺ​ថា លោក ហ៊ុន​ ម៉ាណែត​ ត្រៀម​នឹង​ចូល​ស្នង​តំណែង។ ប៉ុន្តែ​អ្វី​នឹង​កើត​ឡើង​បន្ទាប់​ពី​ការ​ឡើង​កាន់​តំណែង​នោះ មិន​ទាន់​មាន​ភាពច្បាស់លាស់​នៅ​ឡើយ​ទេ។

លោក​សាស្ត្រាចារ្យ​ អ៊ា សុផល បាន​ថ្លែង​នៅ​ក្នុង​សារ​អេឡិកត្រូនិច​មក​កាន់​វីអូអេ​ក្នុង​ន័យ​ដើម​ថា៖ «វា​ប្រាកដ​ណាស់​ថា​ ឪពុក​ចង់​ឲ្យ​កូនប្រុស​ខ្លួន​ ចូល​កាន់​តំណែង​បន្ត នេះ​ជា​សេណារីយ៉ូ​ដែល​ត្រូវ​បាន​រំពឹង​ទុក​ ហើយ​ត្រូវបាន​រៀប​ចំ​រួច​ហើយ។ លោក​ ហ៊ុន ម៉ាណែត នឹង​ចូល​កាន់​អំណាច​យ៉ាង​ប្រាកដ​ណាស់។ នេះ​មិនមាន​ជា​រឿង​ «បើ​សិន» ឬ​ «ប៉ុន្តែ» នោះ​ទេ។ យ៉ាង​ណា​មិញ លោក ហ៊ុន ម៉ាណែត ​នៅ​តែ​ត្រូវ​រក្សា​អំណាច។​ ការណ៍​នេះអាស្រ័យ​លើ​របៀប​ដឹកនាំ​របស់​លោក ហើយ​ថា​តើ​នរណា​នឹង​ហ៊ាន​តវ៉ា​នឹង​ការ​ដឹកនាំ​របស់​លោក​ នៅ​ពេល​នោះ»។

បង្កើត​ទស្សនវិស័យ​ថ្មី ការពារ​កេរដំណែល​របស់​ឪពុក

កើត​នៅឆ្នាំ​ ១៩៧៧ ក្នុង​អំឡុង​របប​ប្រល័យ​ពូជសាសន៍​ ប៉ុល ពត ហើយធំដឹងក្តី​ក្នុង​អំឡុង​សង្គ្រាមស៊ីវិល​នា​ទសវត្សរ៍​ឆ្នាំ១៩៨០ លោក ហ៊ុន ម៉ាណែត គឺ​ជា​អ្នក​ជំនាន់​ក្រោយ​សង្គ្រាម​ ដែល​ដឹង​ច្បាស់​ពី​ភាព​លំបាក​អំឡុង​ពេល​មាន​សង្គ្រាម។ ប៉ុន្តែ​មួយភាគ​ធំ​នៃ​ដំណើរ​ជីវិត​របស់​លោក​ លោកបាន​រស់នៅ​ក្នុង​ជីវិត​ដែល​មាន​បុព្វសិទ្ធ​ខ្ពស់ ក្នុង​នាម​ជា​កូន​ប្រុស​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា។

​ពេល​អាយុ ១៨ ឆ្នាំ លោក​បាន​ទៅ​រៀន​នៅ​សាលា​បណ្ឌិត្យ​សភា​យោធា​អាមេរិក​ West Point ហើយ​បាន​បញ្ចប់​ការ​សិក្សា​នោះ​នៅ​ឆ្នាំ ១៩៩៨។ បន្ទាប់​មក​ លោក​បាន​បន្ត​ការ​សិក្សា​និង​ទទួល​បាន​សញ្ញាបត្រអនុបណ្ឌិត​ផ្នែក​សេដ្ឋកិច្ច​នៅ​សាកលវិទ្យាល័យ​ New York University នៅ​ឆ្នាំ ២០០២ ហើយ​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បណ្ឌិតផ្នែក​សេដ្ឋកិច្ច នៅ​សាកលវិទ្យាល័យ​ University of Bristol នៅ​ចក្រភព​អង់គ្លេស​ នៅ​ឆ្នាំ​ ២០០៨។

លោក​ ឆាយ សុផល អ្នក​និពន្ធ​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា «កូន​ប្រុស​ច្បង​នាយករដ្ឋមន្ត្រី ដំណើរ​ឆ្ពោះ​ទៅ​បន្ត​វេន ហ៊ុន ម៉ាណែត» ដែល​ត្រូវបាន​បោះពុម្ព​នៅ​ខែ​សីហា ឆ្នាំ​ ២០២២ បាន​ថ្លែង​ថា៖ «នៅ​ពេល​ដែល​ខ្ញុំ​ជួប​គាត់​ផ្ទាល់ នៅ​គេហដ្ឋាន ការ​ដែល​ខ្ញុំ​ពិនិត្យ​មើល​សម្តី​សំដៅ ស្តាប់​សម្តី​ប្រសាសន៍​គាត់ សម្លឹង​មើល​កែវភ្នែក​គាត់ ខ្ញុំ​គិត​ថា មនុស្ស​គាត់​គឺជា​បុគ្គល​ម្នាក់​ក្នុង​នាម​បុគ្គល​អ្នក​ដឹកនាំ»។

អ្នក​និពន្ធ​រូប​នេះ​បាន​លើក​ឡើង​អំពី​លក្ខណៈ​សម្បត្តិ​របស់​លោក ហ៊ុន ម៉ាណែត ដែរ​ថា៖ «គាត់​ទទួល​បាន​ការ​អប់រំ​ជាន់​ខ្ពស់ ជាពិសេស​នៅ​អាមេរិក នៅ​ West Point ហើយ​គាត់​ជា​បណ្ឌិត​សេដ្ឋកិច្ច​ទៅ​ទៀត អ៊ីចឹង​ផ្នែក​យោធា​និង​សេដ្ឋកិច្ច​នេះ​សំខាន់​ណាស់»។

រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ឈរក្បែរលោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បង ក្នុងអំឡុងពិធីទទួលសញ្ញាបត្របញ្ចប់ការសិក្សារបស់លោក ម៉ាណែត នៅសាលាបណ្ឌិត្យសភាអាមេរិក West Point កាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ១៩៩៨។

លោក​ អ៊ូ វីរៈ ស្ថាបនិក​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វេទិកា​អនាគត (Future Forum) នៅ​ក្រុង​ភ្នំពេញ​ បាន​ថ្លែង​ថា ការ​ស្នង​តំណែង​ជា​នាយករដ្ឋ​មន្ត្រី​តាម​ការ​រំពឹង​ទុក​ចំពោះ​លោក ហ៊ុន ម៉ាណែត ទំនង​នឹង​តម្រូវ​ឲ្យ​មាន​ការ​ការពារ​កេរដំណែល​របស់​ឪពុកលោក​ និងការ​ព្យាយាម​ដឹកនាំ​ប្រទេស​នៅ​ក្នុង​ទិសដៅ​ថ្មី​មួយ។

លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា លោក [ហ៊ុន ម៉ាណែត] នឹង​ព្យាយាម​ធ្វើ​កិច្ចការ​ទាំង​ពីរ​នេះ។ ប៉ុន្តែ​តើ​ប្រព័ន្ធ​គ្រប់គ្រង​បក្ស​នឹង​អនុញ្ញាត​ឲ្យ​លោក​អាច​សម្រេច​កិច្ចការ​ទាំង​នេះ​បាន​ដែរ​ឬទេ? ចម្លើយ​គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ។ ខ្ញុំ​គិត​ថា លោក​នឹង​យល់​ឃើញ​ថា វា​ជាបញ្ហា​ដ៏ស្មុគស្មាញ​ខ្លាំង​ ហើយ​លំបាក​ខ្លាំង​នៅ​ក្នុង​ការ​ព្យាយាម​សម្រេច​កិច្ចការ​ទាំង​នេះ»។

ប៉ុន្តែ​លោក​ ហ៊ុន ម៉ាណែត​ ដែល​ទំនងនឹង​ក្លាយ​ជា​មេដឹកនាំ​បន្ទាប់​របស់​កម្ពុជា​ ​ធ្លាប់​បង្ហាញ​បំណង​នៅ​ក្នុង​ការ​ធ្វើ​ដូច្នេះ។ ថ្លែង​កាល​ពី​ខែ​មេសា​កន្លង​ទៅនេះ​អំពី​កំណែ​ទម្រង់​នៅ​ក្នុង​ជួរ​យោធា លោក​ ហ៊ុន ម៉ាណែត បាន​លើក​ឡើង​ថា៖

«ហើយ​យើង​ធ្វើ​កំណែទម្រង់​ យើង​ពង្រឹង​នេះ គឺ​មិន​មែន​តាម​អារម្មណ៍​របស់​ខ្ញុំ​ទេ តាម​មនោសញ្ចេតនា​ទេ គឺ​យើង​យក​ច្បាប់​ជា​គោល។ ខ្ញុំ​មក​ធ្វើ​កំណែទម្រង់​កងទ័ព ខ្ញុំ​មិនមែន​មក​ធ្វើ​ប្រជាប្រិយភាព​របស់​ខ្ញុំ​ទេ។ ខ្ញុំ​ទទួល​កាតព្វកិច្ច​បទបញ្ជា​ថ្នាក់​លើ​មក​ធ្វើ ដើម្បី​ពង្រឹង​ឋានានុក្រម រៀបរយ​កង​ទ័ព។ តែ​កំណែង​ទម្រង់​មាន​ប៉ះ​ហើយ មុខ​តែ​មាន​អ្នក​ខឹង មាន​អ្នក​សប្បាយ​ចិត្ត»។

លោក​ អ៊ូ វីរៈ បាន​ព្រមាន​អំពី​ភាគីពាក់ព័ន្ធ​នានា​នៅ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​ ក្នុង​អំឡុង​អន្តរកាល​នៃ​ការ​បន្ត​វេន​ដឹកនាំ​នេះ​ ថា៖ «[មនុស្ស​ជា​ច្រើន]​នឹង​ព្យាយាម​ទាញ​យក​ផលប្រយោជន៍ ដែល​មិនមាន​គ្រប់គ្រាន់​សម្រាប់​គ្រប់គ្នា ហើយការណ៍​នេះ​នឹង​បង្កើត​ជា​ភាព​តានតឹង​យ៉ាង​ច្រើន​ផងដែរ»។

លោក​ក៏​បាន​សង្កត់​ធ្ងន់​ផង​ដែរ​ថា ការ​ប្រទាញ​ប្រទង់​នេះ​នឹង​តម្រូវ​ឲ្យ​លោក ហ៊ុន ម៉ាណែត ​ធ្វើ «ការ​សម្រុះសម្រួល​ជា​ច្រើន»។

លោក​ អ៊ូ វីរៈ បាន​ថ្លែង​ថា៖ «ត្រូវ​ធ្វើ​ការ​សម្រុះសម្រួលច្រើន​ណាស់​។ ហើយ​សំណួរ​គឺ​ថា តើ​កម្រិត​សមស្រប​នៃ​ការ​ព្រមព្រៀង​នោះស្ថិត​នៅ​ត្រង់ចំណុច​ណា?​ បញ្ហា​នេះ​មិន​ត្រឹម​តែ​ត្រូវ​ការ​គុណគូ​ធម្មតា​នោះ​ទេ។ វា​ថែម​ទាំង​ត្រូវ​ការ​សិល្បវិធី ភាព​ច្នៃប្រតិដ្ឋ និង​ភាព​ជា​អ្នក​ដឹកនាំ គឺ​ថា សមត្ថភាព​ទាំង​អស់​នេះ​បូក​បញ្ចូល​គ្នា​តែ​ម្តង។ ត្រូវ​មាន​សមត្ថភាព​ទាំង​អស់​នេះ​ ឬ​លើស​ពី​នេះ ដើម្បី​អាច​សម្រេច​បាន»។

ប៉ុន្តែ​ ក្រុម​អ្នក​ជំនាញ​ខ្លះ​នៅ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​ យល់​ថា លោក ហ៊ុន ម៉ាណែត បាន​បង្ហាញ​សមត្ថភាព​ទាំង​អស់​នេះ​រួចមក​ហើយ​ នៅ​ក្នុង​ការ​រក្សា​តុល្យភាព​អំណាច​និង​ឥទ្ធិពល​ក្នុង​ការ​សម្រេច​ចិត្ត ក្នុង​នាម​ជា​អ្នក​បន្តវេន។

លោក លី​ ចាន់​តុលា ប្រធាន​គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ប្រាប់​វីអូអេ​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ នៅ​ការិយាល័យ​របស់​លោក​ កាល​ពី​ថ្ងៃ​កុម្ភៈ​ថា៖

«បើ​ថា​ធ្វើ​លើ​កិច្ចការ​អីមួយ គាត់​មាន​ការ​សម្រេច​ចិត្ត​របស់​គាត់​មួយ​ បាន​ន័យ​ថា គាត់​ប្រើប្រាស់​ចំណេះ​ដឹង​របស់​គាត់​ហ្នឹង​សម្រាប់​យក​ជា​ជំហរ​មួយ​ហើយ។ ប៉ុន្តែ​បន្ទាប់​មក ប្រជុំ​ហ្នឹង​គាត់​ស្តាប់​គេ។ អ៊ីចឹង​ពេល​ស្តាប់​ហ្នឹង​ ពេល​ខ្លះ​យើង​កត់​សម្គាល់​ឃើញ​ថា ជំហរ​របស់​គាត់​មាន​ការ​កែប្រែ​ដែរ ផ្លាស់ប្តូរ​ដែរ ដោយសារ​តែ​គាត់​ស្តាប់​អ្នក​ជំនាញ​ឱ្យ​យោបល់»។

មេធាវី​ដែល​ទទួល​បាន​ការ​អប់រំ​ពីប្រទេស​បារាំង​រូប​នេះ​ បាន​ថ្លែង​អំពី​ទំនុក​ចិត្ត​របស់​ក្រុម​អ្នក​ជំនាញ​ក្នុង​បក្ស​ ថា៖

«ខ្ញុំ​មាន​ទំនុក​ចិត្ត ជាពិសេស​វា​ចំ​ពេល​វេលា​មួយ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ គាត់​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​អ្នក​បន្តវេន។ អ៊ីចឹង​តាម​រយៈ​នេះ ខ្ញុំ​គិត​ថា ក្នុង​ចំណោម​យុវជន​ជំនាន់​ក្រោយ​អ្នក​បន្តវេន​នេះ គឺ​ឯកឧត្តម​ ហ៊ុន ម៉ាណែត គាត់​សាកសម។ ហើយ​ខ្ញុំ​គិត​ថា តាម​រយៈ​ចំណេះដឹង​ ហើយ​និង​បទពិសោធន៍ ហើយ​ក៏​ដូចជា​កន្លងមក​នេះ យើង​ឃើញ​ថា​សមិទ្ធិផល​ការងារ​ដែល​គាត់​បាន​ធ្វើ​នេះ គឺ​គាត់​សាកសម ហើយ​ក៏​មាន​ទំនុក​ចិត្ត»។

​ចាប់​តាំង​ពី​ចូលកាន់​តំណែង​ជា​ផ្លូវការ​ជា​លើក​ដំបូង​ក្នុង​តំណែង​ជា​អគ្គមេបញ្ជាការ​កងកម្លាំង​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​នៅ​ឆ្នាំ ២០០៨ លោក​ ហ៊ុន ម៉ាណែត បាន​ប្រឡូក​នៅ​ក្នុង​កិច្ចការ​កែទម្រង់​យោធា​ ការ​ចរចា​ក្នុង​ជម្លោះ​ព្រំដែន​កម្ពុជា​-ថៃ​នៅ​ឆ្នាំ ២០១១ ការ​ទប់ទល់​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ នៅ​កម្ពុជា និង​កិច្ចការ​ការទូត សង្គម​ និង​មនុស្សធម៌​ផ្សេងៗ​ទៀត​ ដែល​ជា​គោលការណ៍​នយោបាយ​របស់​រាជរដ្ឋាភិបាល ក៏​ដូចជា​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

ហើយ​សមិទ្ធផល​របស់​លោក​ ហ៊ុន ម៉ាណែត​ ដែល​ជាកូនប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ទំនង​នឹង​កើន​កាន់​តែ​ច្រើន​ឡើង​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត​នេះ មិន​ថា​ពេល​ណា​លោក​នឹង​ជំនួស​តំណែង​របស់​ឪពុក​លោក​ជា​ផ្លូវការ​នោះ​ទេ។

ហើយ​ស្រប​ពេល​ដែល​រដូវ​កាល​បោះឆ្នោត​នឹង​ចូល​ជា​ធរមាន​នៅ​ក្នុង​រយៈពេល​ពីរ​ខែ​ខាងមុខ​នេះ ពលរដ្ឋ​កម្ពុជា​អាច​រំពឹង​ឃើញ​ការ​ចេញ​មុខ​កាន់តែ​ច្រើន​ពី​សំណាក់មេដឹកនាំ​វ័យ​ក្មេង​នា​ពេល​អនាគត​របស់​ពួកគេ។

លោក អ៊ូ វីរៈ​ បាន​សម្លឹង​ឃើញថា បើ​ទោះ​បី​ជា​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​បាន​រំពឹង​ជា​ទូទៅ​ថា​ នឹង​ឈ្នះ​ភ្លូកទឹកភ្លូកដី​ ដោយសារ​តែ​ស្ថានភាព​អន់ខ្សោយ​នៃ​គណបក្ស​ប្រឆាំង​ដែល​រង​ការ​រឹតត្បិត​ក្តី ក៏​ការ​សម្រេចដាក់​លោក​ ហ៊ុន ម៉ាណែត ជា​បេក្ខជន​តំណាង​រាស្ត្រ​នៅ​ក្នុង​សន្លឹកឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ជាតិ នៅ​ខែ​កក្កដា​ខាង​មុខ​ គឺ​ជា «សេណារីយ៉ូ​ដ៏​ល្អ​បំផុត​សម្រាប់​គណបក្ស​ដឹកនាំ​ប្រទេស​មួយ​នេះ»។

លោក​បាន​សង្កត់​ធ្ងន់​ថា ការ​ស្នង​តំណែង​របស់​លោក​ ហ៊ុន ម៉ាណែត ប្រហែល​ជា​កិច្ចការ​ដែល​ត្រូវបាន​សម្រេចទុករួច​ទៅ​ហើយ ប៉ុន្តែ​ភាព​ស្របច្បាប់​តាម​បែប​ប្រជាធិបតេយ្យ​របស់​លោក​ក្នុង​នាម​ជា​អនាគត​មេដឹកនាំ​ប្រទេស​ នឹង​អាស្រ័យ​លើ​យុទ្ធសាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​គ្រប់គ្រងការ​បោះឆ្នោត​ជាតិ អាណ្តត្តិ​ទី ៧ នៅ​ថ្ងៃទី ២៣ ខែ​កក្កដា ឆ្នាំ ២០២៣ នេះ។

លោក​ អ៊ូ វីរៈ ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា គណៈរដ្ឋមន្ត្រី​ថ្មី​ រួម​ទាំង​លោក ហ៊ុន ម៉ាណែត​ ខ្លួន​ឯង ​គួរ​តែ​ដាក់ឲ្យ​ពលរដ្ឋបោះឆ្នោត​ក្រោម​ជំនឿ​ទុកចិត្តកាន់​តែ​ច្រើន​ជាង​មុន ដើម្បី​ឲ្យ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ថ្មី​នេះ ​អាច​ទទួល​បានអាណត្តិ​គាំទ្រ​ពី​ប្រជាពលរដ្ឋ។ នេះ​ជា​យោបល់​របស់​ខ្ញុំ»៕