លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃចន្ទនេះ បានធ្វើដំណើរទៅដល់ទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូណេស៊ី ដែលជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន ក្នុងតំណែងជានាយករដ្ឋមន្រ្តីរបស់លោក។
លោក ហ៊ុន ម៉ាណែត នឹងជួបបណ្តាមេដឹកនាំអាស៊ាន និងពិភពលោក សរុបប្រមាណ២០ប្រទេស ដែលមានវត្តមានក្នុងកិច្ចប្រជុំរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៧ ខែកញ្ញា ដែលរដ្ឋាភិបាលឥណ្ឌូណេស៊ីជាម្ចាស់ផ្ទះ។ អនុប្រធានាធិបតីអាមេរិក អ្នកស្រី Kamala Harris និងនាយករដ្ឋមន្រ្តីចិន លោក Li Qiang ក៏នឹងមានវត្តមានក្នុងកិច្ចប្រជុំនេះផងដែរ។
រដ្ឋាភិបាលរបស់អតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន រងការរិះគន់ថាធ្វើឲ្យធ្លាក់លទ្ធិប្រជាធិបតេយ្យ និងរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ តាមរយៈការបង្រ្កាបនយោបាយក្នុងប្រទេស និងការរៀបចំការបោះឆ្នោតកាលពីខែកក្កដា ដោយអវត្តមានគណបក្សជំទាស់ដ៏ចម្បង។
អ្នកវិភាគមើលឃើញថា រដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសរបស់លោក ហ៊ុន សែន ពិបាកក្នុងការស្តារស្ថានភាពនយោបាយនិងសិទ្ធិមនុស្ស ក្រោមហេតុផលថា សេដ្ឋកិច្ចរបស់កម្ពុជាពឹងផ្អែកទៅលើប្រទេសចិន។
អ្នកស្រាវជ្រាវនៅវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព លោក វណ្ណ ប៊ុនណា ប្រាប់វីអូអេថា បញ្ហាប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជា នឹងមិនត្រូវបានជជែកច្រើននោះទេនៅក្នុងកិច្ចប្រជុំទ្វេភាគី ព្រោះនេះជាលើកដំបូងដែលលោក ហ៊ុន ម៉ាណែត បង្ហាញមុខលើឆាកអន្តរជាតិ។ លោកមើលឃើញថា រដ្ឋាភិបាលអាណត្តិថ្មីពិបាកក្នុងការធ្វើឲ្យមានតុល្យភាពរវាងអាមេរិកនិងចិន ដោយសាររដ្ឋាភិបាលកម្ពុជាពឹងផ្អែកច្រើនលើសេដ្ឋកិច្ចរបស់ចិន ហើយក៏ពឹងផ្អែកផ្នែកនយោបាយផងដែរ។
លោកថ្លែងថា៖ «វាពិបាកនៅក្នុងការឲ្យរដ្ឋាភិបាលអាណត្តិថ្មីហ្នឹង បើកលំហនយោបាយនិងសិទ្ធិមនុស្សផងដែរ. ហើយ ក៏ត្រូវមានការធ្វើតុល្យភាពរវាងការបើកលំហសេរីភាពនយោបាយជាមួយនឹងការរក្សាស្ថិរភាពនយោបាយនៅក្នុងផ្ទៃក្នុងបក្សរបស់ខ្លួនផងដែរ។ អានេះជារឿងពិបាកមួយដែលរដ្ឋាភិបាលអាណត្តិថ្មីហ្នឹងអាចនឹងពិបាកធ្វើឲ្យមានការស្តារឡើងវិញពីលំហសិទ្ធិមនុស្សប្រជាធិបតេយ្យ»។
កិច្ចប្រជុំអាស៊ាននៅឆ្នាំនេះមានមូលបទ«សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» ដែលកិច្ចប្រជុំកំពូលនឹងផ្តោតលើការជំរុញចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ដែលផ្តល់ជាផែនទីចង្អុលផ្លូវមួយដ៏សំខាន់សម្រាប់ការពង្រឹងឥទ្ធិពលអាស៊ាន តាមរយៈការបង្កើនប្រសិទ្ធភាពស្ថាប័ន ក្នុងគោលដៅស្វែងរកផលប្រយោជន៍សម្រាប់ប្រជាជនរបស់ខ្លួននៅលើឆាកអន្តរជាតិ។ បន្ថែមពីនេះ ការពិភាក្សានឹងផ្តោតការយកចិត្តទុកដាក់លើការពូនជ្រុំសហគមន៍អាស៊ាន ប្រកបដោយបរិយាប័ន្ន ចក្ខុវិស័យវែងឆ្ងាយ និងយកប្រជាជនជាស្នូល ដែលជាកម្លាំងដ៏សំខាន់ ដើម្បីសម្រេចបាននូវផែនការអាស៊ានឆ្នាំ២០៤៥។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសកម្ពុជា។
បើតាមក្រសួងការបរទេសកម្ពុជា របៀបវារៈសំខាន់ៗរួមមានកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចស្តីពីមីយ៉ាន់ម៉ា និងសេចក្តីសម្រេចផ្សេងៗទៀតរបស់ថ្នាក់ដឹកនាំអាស៊ាន។ ថ្នាក់ដឹកនាំអាស៊ានក៏នឹងពិភាក្សាលើទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក និងផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាតំបន់ និងអន្តរជាតិដែលជាក្តីបារម្ភរួម។
រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី អ្នកស្រី Retno L.P Marsudi ថ្លែងបើកនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននាថ្ងៃចន្ទនេះថា អ្នកស្រីទទួលស្វាគមន៍រដ្ឋមន្រ្តីការបរទេសកម្ពុជាថ្មី គឺលោក សុខ ចិន្តាសោភា ហើយទន្ទឹងរង់ចាំធ្វើការជាមួយលោក។ អ្នកស្រីបន្ថែមថា អាស៊ានមានសារៈសំខាន់ក្នុងការចូលរួមចំណែកក្នុងការកសាងសន្តិភាព សន្តិសុខ និងវិបុលសុខក្នុងតំបន់។
អ្នកស្រីបញ្ជាក់ថា ភាគីទាំងអស់នឹងពិនិត្យមើលឡើងវិញយ៉ាងស៊ីជម្រៅលើការអនុវត្តកិច្ចព្រមព្រៀង៥ចំណុចលើវិបត្តិនៅមីយ៉ាន់ម៉ា និងដាក់ចេញអនុសាសន៍សម្រាប់មេដឹកនាំក្នុងការពិនិត្យមើល។
បើតាមអ្នកវិភាគ លោក វណ្ណ ប៊ុនណា បញ្ហាស្ថិរភាពក្នុងតំបន់ រួមមានវិបត្តិនៅមីយ៉ាន់ម៉ា ជម្លោះសមុទ្រចិនខាងត្បូង សង្គ្រាមនៅអ៊ុយក្រែន និងការប្រកួតប្រជែងរបស់មហាអំណាច នឹងត្រូវបានលើកឡើងមកពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលរបស់អាស៊ាន។ លោកបន្ថែមថា មេដឹកនាំទាំងនោះក៏នឹងជជែកគ្នា ដើម្បីស្វែងរកដំណោះស្រាយ ក្រោយវិបត្តិកូវីដ១៩ ដើម្បីឆ្លើយតបទៅនឹងវិបត្តិសេដ្ឋកិច្ចសកល។
ជម្លោះនៅសមុទ្រចិនខាងត្បូងបានក្លាយជាបញ្ហាចម្រូងចម្រាសរាប់ទសវត្សរ៍មកហើយរវាងប្រទេសចិន និងសមាជិកមួយចំនួនរបស់អាស៊ាន រួមមានវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងព្រុយណេ។
គួរបញ្ជាក់ថា បន្ទាប់ពីដំណើរទៅចូលរួមកិច្ចប្រជុំអាស៊ាននៅប្រទេសឥណ្ឌូណេស៊ី លោក ហ៊ុន ម៉ាណែត ក៏គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន និងចូលរួមកិច្ចប្រជុំអន្តរជាតិមួយចំនួនទៀត ក្នុងឋានៈជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា ក្នុងនោះមានមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅថ្ងៃទី២២ ខែកញ្ញាខាងមុខ៕