លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃព្រហស្បតិ៍នេះ បានលើកឡើងថា ការប្រើច្បាប់ទប់ស្កាត់អ្វីដែលលោកហៅថា ការប៉ុនប៉ងប្រមូលផ្តុំ ដើម្បីផ្តួលរំលំរដ្ឋាភិបាល កាលពីថ្ងៃទី ១៨ ខែសីហា គឺជាជម្រើសត្រឹមត្រូវមួយ ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់ និងស្ថិរភាពសង្គម។
លោក ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្រោមមានការចាប់ខ្លួនមនុស្សចំនួន១៨៨នាក់ ដែលលោកថា គ្រោងធ្វើបាតុកម្ម កាលពីថ្ងៃទី ១៨ សីហា ឆ្នាំ ២០២៤ ពាក់ព័ន្ធនឹងការព្រួយបារម្ភរឿងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណរួមរវាងកម្ពុជា ឡាវ និងវៀតណាម ដែលហៅថា CLV-DTA។
ក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់សិស្សមេធាវី និងសិក្ខាកាមមេធាវីនៃគណៈមេធាវីកម្ពុជា នៅរាជធានីភ្នំពេញ នាថ្ងៃពី ៥ ខែកញ្ញា លោក ហ៊ុន ម៉ាណែត ថ្លែងថា ការអនុវត្តវិធានការច្បាប់កាលពីថ្ងៃទី ១៨ ខែសីហា គឺជាការអនុវត្តត្រឹមត្រូវ ដើម្បីធានាសិទ្ធិពលរដ្ឋមួយចំនួនក្នុងការបញ្ចេញមតិមិនឱ្យជ្រុលហួសប៉ះពាល់ដល់សិទ្ធិរបស់សង្គម និងសិទ្ធិពលរដ្ឋដទៃទៀត។
លោកបញ្ជាក់ថា៖ «ថ្ងៃនេះការប្រើប្រាស់ច្បាប់មានសារៈសំខាន់មិនត្រឹមតែជួយប្រជាពលរដ្ឋដើម្បីសិទ្ធិរបស់គាត់ ការពារសិទ្ធិរបស់គាត់ទេ ប៉ុន្តែច្បាប់ក៏ជាប្រទីបការកំណត់ព្រំដែននៃការអនុវត្តច្បាប់របស់បុគ្គល ឬក្រុមមួយចំនួនមិនឱ្យបំពានទៅលើសិទ្ធិរបស់អ្នកដទៃ ឬក៏សង្គមជាតិ។ និយាយឱ្យចំ គឺការពារនូវទំនាស់ ការពារនូវការធ្វើសកម្មភាពបែបណាដែលអាចប៉ះពាល់ទៅដល់សុខដុមនីយកម្ម និងអាចធ្វើឱ្យប្រេះឆាក្នុងសង្គមដែលប៉ះពាល់ខ្លាំង»។
រដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត បានប្រកាសថា មានការប៉ុនប៉ងតវ៉ាក្នុងប្រទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោក កាលពីថ្ងៃទី ១៨ ខែសីហា ក្នុងរឿងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ (CLV-DTA) ខណៈមានការប្រកាសពីអ្នករិះគន់មួយចំនួននៅក្រៅប្រទេស។ កម្លាំងនគរបាលនិងទាហានត្រូវបានដាក់ពង្រាយ ដើម្បីត្រួតពិនិត្យការធ្វើដំណើរចូលរាជធានីភ្នំពេញ និងយាមកាមនៅទីតាំងសំខាន់ៗក្នុងរាជធានីភ្នំពេញ។ រដ្ឋាភិបាលកម្ពុជាអះអាងថា ខ្លួនបានឃាត់ខ្លួនមនុស្សមួយចំនួន។
លោក ហ៊ុន ម៉ាណែត ថ្លែងថា ការត្រៀមបង្រ្កាបការប្រមូលផ្តុំនៅថ្ងៃទី ១៨ ខែសីហា គឺជាការធានានូវសេចក្តីសុខទាំងអស់គ្នា។
លោកថ្លែងថា៖ «ការអនុវត្តច្បាប់ត្រឹមត្រូវ នៅថ្ងៃទី ១៨ អាចឱ្យយើងអង្គុយនៅទីនេះថ្ងៃ ៥ ខែកញ្ញា ដោយមិនព្រួយបារម្ភអំពីអស្ថិរភាពនៅខាងក្រៅ»។
បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃចេញផ្សាយកាលពីថ្ងៃពុធ អាជ្ញាធរបានឃាត់ខ្លួនជនសង្ស័យដែលធ្វើដំណើរចូលមករាជធានីភ្នំពេញគ្រោងធ្វើបាតុកម្មថ្ងៃទី ១៨ ខែសីហា ចំនួន ១៨៨ នាក់ ហើយបានដោះលែងឱ្យទៅផ្ទះវិញចំនួន ៥៧ នាក់។ ក្រសួងមហាផ្ទៃបញ្ជាក់ថា មេបណ្តាញមួយចំនួនត្រូវបានបញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធី។ ក្រសួងមហាផ្ទៃបញ្ជាក់ថា ការប៉ុនប៉ងប្រមូលផ្តុំ «បានទទួលបរាជ័យយ៉ាងអាម៉ាសទាំងស្រុង»។
លោក អ៊ុំ សំអាន អតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលមិនគួរចាប់ខ្លួនប្រជាពលរដ្ឋ ដោយសារតែការព្រួយបារម្ភរបស់ពួកគេក្នុងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណនេះឡើយ។
លោកបន្ថែមថា ដើម្បីកុំឱ្យប្រជាពលរដ្ឋបន្តព្រួយបារម្ភពីការបាត់បង់ទឹកដីក្នុងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណនេះ រដ្ឋាភិបាលគួរតែដកខេត្តទាំង៤ចេញពីគម្រោងនេះ។
លោកថ្លែងថា៖ «ជម្រើសដ៏ល្អបំផុតគឺរដ្ឋាភិបាលត្រូវដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ ដើម្បីយកខេត្តទាំង៤មកអភិវឌ្ឍដោយខ្លួនឯង កុំពឹងទៅវៀតណាម ព្រោះគម្រោងអភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ វៀតណាម (CLV-DTA) នេះជាចំណុចចាប់ផ្តើមនៃសហព័ន្ធឥណ្ឌូចិនរបស់ហូជីមិញដែលចង់ដាក់កម្ពុជា វៀតណាម និងឡាវទៅជាសហព័ន្ធឥណ្ឌូចិនដែលគ្រប់គ្រងដោយវៀតណាម នៅពេលអនាគត។ ដូច្នេះបើសិនជាយើងមិនដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណនោះទេ ខេត្តទាំង ៤ នឹងបាត់ទៅប្រទេសវៀតណាម នៅពេលអនាគតហើយ»។
ចំណែកលោក ស៊ឹង សែនករុណា អ្នកឃ្លាំមើលសិទ្ធិមនុស្សនិងសង្គមដែលបានភៀសខ្លួនទៅរស់នៅប្រទេសអូស្រ្តាលី ប្រាប់វីអូអេថា មូលហេតុដែលប្រជាពលរដ្ឋព្រួយបារម្ភពីការបាត់បង់ទឹកដីក្នុងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណនេះ ព្រោះពួកគេមានការសង្ស័យថា គម្រោងនេះគឺជាគម្រោងដែលបន្តតាមមហិច្ឆតារបស់បក្សកុម្មុយនីស្តឥណ្ឌូចិន ក្រោមការគ្រប់គ្រងរបស់វៀតណាម។
លោកថ្លែងថា៖ «គម្រោង CLV-DTA ក៏មានក្នុងកិច្ចព្រមព្រៀងដែរ គឺអនុញ្ញាតឱ្យភាគីចាកចេញពីគម្រោងនេះបាន ដោយគ្រាន់តែសរសេរលិខិត ឬក៏បញ្ជាក់ប្រាប់សមាជិកនៃគម្រោងទាំងអស់រយៈពេលមុន៦ខែ មុននឹងបញ្ចប់គម្រោង។ ដូចជាមិនមានអីពិបាកទេ បើសិនជាមិនមានអ្វីនៅពីក្រោយរឿងដែលចូលរួមគម្រោង CLV-DTA ហ្នឹង ព្រោះពលរដ្ឋ និងសាធារណជន អ្នកក្នុង និងក្រៅប្រទេសគេមានការសង្ស័យថា គម្រោងនេះគឺជាគម្រោងដែលបន្តតាមមហិច្ឆតារបស់បក្សកុម្មុយនីស្តឥណ្ឌូចិនហ្នឹងឯង ក្រោមការគ្រប់គ្រងរបស់វៀតណាម ដែលជាប្រទេសកុម្មុនីសបន្តពីអ្នកនយោបាយជំនាន់មុនដែលលោក ហូជីមិញ ជាអ្នកផ្តួចផ្តើមហ្នឹងឯង»។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានលើកឡើងថា យ៉ាងហោចណាស់មនុស្សចំនួន ៩៤ នាក់ត្រូវបានចាប់ខ្លួនតាំងពីចុងខែកក្កដា ឆ្នាំ ២០២៤ ពាក់ព័ន្ធនឹងការរិះគន់កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម ឬហៅថា CLV-DTA។ អង្គការអន្តរជាតិនេះបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស ៥៩ នាក់ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនត្រូវបានឃុំខ្លួនដោយខុសច្បាប់ និងត្រូវបានចោទប្រកាន់ ដោយគ្រាន់តែពួកគេបង្ហាញទស្សនៈដោយសន្តិវិធី៕