ជាការឆ្លើយតបទៅនឹងអ្នករិះគន់លើការតែងតាំងលោក ហ៊ុន ម៉ានី ដែលជាប្អូនប្រុសជាឧបនាយករដ្ឋមន្ត្រី លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត អះអាងថា ការតែងតាំងនេះជាការចាំបាច់សម្រាប់ការកំណែទម្រង់ និងដើម្បីពង្រឹងវិស័យមុខងារសាធារណៈ។
កាលពីថ្ងៃអង្គារ សមាជិករដ្ឋសភាចំនួន ១២០ រូប បានបោះឆ្នោតជាឯកច្ឆន្ទតែងតាំងលោក ហ៊ុន ម៉ានី អតីតតំណាងរាស្រ្តខេត្តកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជាឧបនាយករដ្ឋមន្រ្តី។
ថ្លែងនៅក្នុងពិធីមួយនាថ្ងៃអង្គារនេះ លោក ហ៊ុន ម៉ាណែត លើកឡើងថា ការតែងតាំងនេះ គឺដើម្បីធ្វើឱ្យមានទម្ងន់នៅក្នុងកំណែទម្រង់ ហើយថា បើទោះរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈមិនមែនជាប្អូនប្រុសរបស់លោក ក៏ត្រូវដំឡើងឋានៈទៅជាឧបនាយករដ្ឋមន្រ្តីដែរ។
លោកថ្លែងថា៖ «ប៉ុន្មានថ្ងៃនេះឃើញមានការវាយប្រហារការដំឡើងរដ្ឋមន្ត្រីក្រសួងមុខសាធារណៈទៅឧបនាយករដ្ឋមន្ត្រីថា ដោយសារអ្នកនេះ អ្នកនោះ។ ទោះបីជាហ៊ុ ន ម៉ានី មិនមែនកាន់[ជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ]ទេ អ្នកណាក៏ដោយដែលកាន់ការងារនេះ ក៏ត្រូវដំឡើងដែរ ដោយសារអី ដោយសារក្រសួងនេះដើរតួនាទីជាសេណាធិការនៅក្នុងការអនុវត្តកែទម្រង់មុខងារសាធារណៈ ដែលគ្របទៅលើ ជួយទៅលើការកំណែទម្រង់នេះដែលជាប់ពាក់ព័ន្ធទៅដល់គ្រប់ក្រសួងស្ថាប័នទាំងអស់ ហើយបើសេណាធិការទម្ងន់ទាប ទៅប្រាប់គេធ្វើការយ៉ាងម៉េច ឱ្យនាយករដ្ឋមន្ត្រីដើរធ្វើការងារខ្លួនឯងឬយ៉ាងម៉េច?»។
លោក ហ៊ុន ម៉ាណែត បន្ថែមថា៖ «ប៉ុន្តែតម្រូវការកំណែទម្រង់អាទិភាព យើងត្រូវបង្កើនសិទ្ធិ បង្កើនតួនាទី និងទម្ងន់ឱ្យធ្វើ ដើម្បីផលប្រយោជន៍ជាតិយើងទាំងមូលនៅក្នុងការដឹកនាំអនុវត្តនូវគម្រោង»។
ក្រោយលោក ហ៊ុន ម៉ាណែត សម្រេចតែងតាំងលោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្រ្តី មេដឹកនាំនយោបាយជំទាស់ដែលកំពុងនិរទេសខ្លួននៅប្រទេសបារាំង លោក សម រង្ស៊ី បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោក ដោយរិះគន់ការតែងតាំងនេះ។លោកលើកឡើងថា លោក ហ៊ុន សែន កំពុងត្រៀមធ្វើជាប្រធានព្រឹទ្ធសភាដែលជាស្ថាប័ននីតិបញ្ញត្តិ ខណៈកូនប្រុសទាំងពីរនាក់របស់លោកដឹកនាំរដ្ឋាភិបាលដែលជាអំណាចនីតិប្រតិបត្តិ។
លោក សម រង្ស៊ី បញ្ជាក់ក្នុងន័យដើមថា៖ «ត្រកូល ហ៊ុន ជាន់ឈ្លីគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដែលតម្រូវឱ្យមានការបែងចែកឱ្យដាច់ស្រឡះពីគ្នារវាងអំណាចនីតិបញ្ញត្តិ និងអំណាចនីតិប្រតិបត្តិ...»៕