លោក ហ៊ុន ម៉ាណែត កូនប្រុសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីពេលថ្មីនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋកុំឱ្យ«ជឿងប់»ទៅលើអ្វីមួយខ្លាំងពេក រហូតដល់បែកបាក់គ្រួសារ ដែលលោកសំដៅលើការឃោសនាបែបជំនឿ និងការប្រមូលផ្តុំគ្នានៅចម្ការម្រេចរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(LDP) នៅក្បែរជើងភ្នំគូលែន ក្នុងខេត្តសៀមរាប។
ការថ្លែងរបស់លោក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងជាបេក្ខជនបន្តវេននាយករដ្ឋមន្រ្តីរបស់គណបក្សប្រជាជនកម្ពុជា ធ្វើឡើងនៅក្នុងពិធីចែកសញ្ញាបត្រមួយ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ហើយវីដូអេនៃការថ្លែងរបស់លោកទើបត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុករបស់លោកផ្ទាល់ នាថ្ងៃពុធនេះ។
នៅក្នុងវីដេអូជាង៣នាទីនោះ លោក ហ៊ុន ម៉ាណែត អំពាវនាវកុំឱ្យប្រជាពលរដ្ឋ«ជឿងប់» ឬ«ជ្រុលនិយម»ទៅលើអ្វីមួយ រហូតនាំឱ្យបែកបាក់គ្រួសារ។ លោកបន្ថែមថា បុគ្គលម្នាក់ៗមានជំនឿរៀងៗខ្លួន ប៉ុន្តែសូមកុំកាត់ផ្តាច់សាច់ឈាម និងមនោសញ្ចេតនាឪពុកម្តាយបងប្អូន។
លោក ហ៊ុន ម៉ាណែត ថ្លែងថា៖ «អារឿង គាត់ថា អីថាចុះ! រឿងជឿ[ជា]ជំនឿរបស់គាត់ អាហ្នឹងជាជំនឿសិទ្ធិរបស់គាត់។ យើងក៏មានជឿទៅលើអ្វី។ ប៉ុន្តែកុំឱ្យដល់ជ្រុលនិយមរហូតដល់កាត់កាលគ្រួសារ ធ្វើអ្វីខុសច្បាប់ ឬមួយក៏ដូចនៅអាមេរិក Jim Jones គឺសម្លាប់ខ្លួនទាំងអស់៩០០នាក់ជាង។ គាត់ទៅនៅកន្លែងដូច[ចម្ការម្រេច] គាត់ទៅ គាត់ជឿងប់។ គាត់ថា ពិភពលោកនឹងបញ្ចប់ ត្រូវតែទៅរកពិភពថ្មី។ អ៊ីចឹងសម្លាប់៩០០នាក់ លេបថ្នាំសម្លាប់ខ្លួនទាំងអស់ ដោយស្ម័គ្រចិត្ត។ យើងព្រួយបារម្ភអាហ្នឹងទេតើ ពីដើមឡើយ។ តែមកដល់ម៉ោងនេះ យើងឃើញថា មិនដល់ថ្នាក់ហ្នឹងទេ។ ប៉ុន្តែមានការបែកបាក់គ្រួសារ បែកបាក់ឪពុកម្តាយ ប្តីប្រពន្ធដោយសារជំនឿ។ ខ្ញុំថា មិនគួរទេ»។
កាលពីពេលថ្មីៗនេះ ប្រជាពលរដ្ឋដែលទំនោរ និងជឿលើការឃោសនារបស់លោក ខឹម វាសនា ដែលថា នឹងមានទឹកជំនន់លិចពិភពលោកនោះ បាននាំគ្នាទៅស្នាក់នៅចម្ការម្រេចរបស់លោក ខឹម វាសនា តាំងពីចុងខែសីហា ឬប្រមាណ២សប្តាហ៍មកហើយ។ ប្រជាពលរដ្ឋខ្លះមិនទាន់បានត្រឡប់ទៅផ្ទះនៅឡើយទេ។ នេះបើតាមគ្រួសាររបស់អ្នកដែលទៅស្នាក់នៅទីនោះ។
អ្នកស្រី គង់ ចាន់ធូ ដែលមានកូនស្រីទៅស្នាក់នៅក្នុងចម្ការម្រេចរបស់លោក ខឹម វាសនា បានប្រាប់វីអូអេនៅថ្ងៃពុធនេះថា កូនស្រីអាយុ១៨ឆ្នាំរបស់អ្នកស្រីមិនទាន់បានត្រឡប់មកផ្ទះវិញនៅឡើយទេ។ អ្នកស្រីព្រួយបារម្ភអំពីអនាគតកូនស្រីរបស់ខ្លួនយ៉ាងខ្លាំង បន្ទាប់ពីចូលទៅស្នាក់នៅក្នុងចម្ការនោះ រួមគ្នាជាមួយអ្នកផ្សេង និងមិនត្រឡប់មកផ្ទះវិញ។
អ្នកស្រីបញ្ជាក់ថា៖ «និយាយរួមការព្រួយបារម្ភរបស់ម្តាយចង់ឱ្យកូននៅស្រុក រៀនឱ្យបានជ្រៅជ្រះ មិនចង់ឱ្យទៅរស់នៅបែបនោះទេ ព្រោះអនាគតនៅវែងឆ្ងាយណាស់។ អាហ្នឹងជាឧត្តមគតិរបស់ម្តាយ។ តែគាត់ជឿតាមការបំផុសបំផុលឃោសនារបស់គណបក្សហ្នឹង ខ្ញុំក៏មិនពេញចិត្តដែរ»។
ចំណែកស្រ្តីម្នាក់ទៀត ដែលស្វាមីកំពុងស្នាក់នៅក្នុងចម្ការម្រេចរបស់លោក ខឹម វាសនា ដែរនោះ ក៏ចង់ឱ្យស្វាមីត្រឡប់មករស់នៅ និងមកធ្វើការជាធម្មតាវិញ។
អ្នកស្រី មៀច ស្រីល័ក្ខ អាយុ២៣ឆ្នាំ ថ្លែងថា ស្វាមីរបស់អ្នកស្រីសុខចិត្តសុំច្បាប់ការងារដើម្បីទៅស្នាក់នៅក្នុងចម្ការនោះ ហើយគ្រួសារមិនអាចទាក់ទងបានឡើយ។ អ្នកស្រីបន្ថែមថា កាលពីថ្ងៃទី៦ ខែកញ្ញា ស្វាមីរបស់អ្នកស្រីបានទាក់ទងមកអ្នកស្រីបន្តិចដែរ ដោយប្រាប់ថា នឹងលែងលះគ្នា និងប្រាប់ថា រកសម្លាប់ខ្លួនថែមទៀតផង។
អ្នកស្រីថ្លែងថា៖ «សម្រាប់ខ្ញុំ អត់មានដាក់ទោសពៃរ៍ អត់មានខឹងសម្បាគាត់ទេ។ ខ្ញុំលួងលោមគាត់រហូតនៅក្នុងសារនៅក្នុងតេឡេក្រាម។ សូម្បីពាក្យសម្តីនិយាយជាមួយគាត់ ក៏អត់មានទាស់ទែងជាមួយគាត់ដែរ។ យើងព្យាយាមនិយាយល្អជាមួយគាត់។ ដូចថា គាត់កំពុងមានបញ្ហាអ៊ីចឹងហើយ បើយើងជាន់ពន្លិចគាត់ទៀត គាត់អាចគិតខ្លី»។
វីអូអេមិនទាន់អាចទាក់ទងសុំការបញ្ជាក់ពីលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងលោក អ៊ី សាំងឡេង អនុប្រធានគណបក្សបាននៅឡើយទេ។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព កត់សម្គាល់ថា នៅពេលអ្នកនយោបាយយកអបិយជំនឿក្នុងការឃោសនាផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋជឿដោយគ្មានមូលដ្ឋានវិទ្យាសាស្រ្តបែបនេះ គឺជាការខាតបង់ប្រយោជន៍ដ៏ធំដល់ពលរដ្ឋ និងសង្គម ហើយក៏អាចជាគ្រោះថ្នាក់ និងចលាចលសង្គម ប្រសិនបើអ្នកនយោបាយយកអបិយជំនឿបែបនេះទៅដឹកនាំប្រទេស។
លោកយល់ថា ប្រជាពលរដ្ឋគួរមានការគិតពិចារណាឱ្យបានច្បាស់ មុនជឿលើអ្វីមួយ ហើយអ្នកនយោបាយគួរតែជាអ្នកតម្រង់ទិសប្រជាពលរដ្ឋ កុំឱ្យធ្លាក់ក្នុងជំនឿបែបនេះ។
លោកថ្លែងថា៖ «បើសិនអ្នកនយោបាយនាំគេទៅជឿរឿងមិនសមហេតុសមផលហ្នឹងគឺធ្វើឱ្យសង្គមប្រេះឆា។ វាបែកបាក់ ហើយអាចនឹងមានជម្លោះទាស់ទែង ការរើសអើង ការប្រឆាំងគ្នានៅក្នុងសង្គម កើតឡើងភាពប្រេះឆាក្នុងសង្គមកាន់តែខ្លាំង»។
លោកបន្ថែមថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យគួរតែពិនិត្យមើល និងរៀបចំរចនាសម្ព័ន្ធរបស់ខ្លួនឡើងវិញថា តើគោលនយោបាយរបស់គណបក្សនាំឱ្យគេមានអបិយជំនឿបែបនេះ ឬយ៉ាងណា៕