អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) រកឃើញថា អាជ្ញាធរថៃបានកំពុងជួយដល់រដ្ឋាភិបាលប្រទេសជិតខាងរបស់ខ្លួន រួមមានកម្ពុជាផងដែរ ដើម្បីចាត់វិធានការខុសច្បាប់ប្រឆាំងនឹងជនភៀសខ្លួន និងអ្នកប្រឆាំងមកពីបរទេស។ អង្គការបញ្ជាក់ថា ការណ៍នេះនាំឱ្យប្រទេសថៃកាន់តែគ្មានសុវត្ថិភាពសម្រាប់អ្នកដែលភៀសខ្លួនពីការធ្វើទុក្ខបុកម្នេញក្នុងប្រទេសខ្លួន។
អង្គការឃ្លាំមើលសិទ្ធិមនុស្សនេះដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បញ្ជាក់បែបនេះក្នុងរបាយការណ៍មួយដែលមានចំណងជើងថា «យើងគិតថា យើងមានសុវត្ថិភាព៖ ការគាបសង្កត់ និងការជម្លៀសជនភៀសខ្លួននៅក្នុងប្រទេសថៃ»។
របាយការណ៍ ដែលចេញផ្សាយនាថ្ងៃព្រហស្បតិ៍នេះ បង្ហាញថា អាជ្ញាធរថៃបានបង្កើនការគាបសង្កត់ទៅលើជនបរទេសដែលកំពុងស្វែងរកការការពារជនភៀសខ្លួននៅក្នុងប្រទេសថៃ។ រដ្ឋាភិបាលបរទេសបានឱ្យនិរទេសជនប្រឆាំង និងសកម្មជនដែលកំពុងរស់នៅក្នុងប្រទេសថៃដែលរងការយាយី ការឃ្លាំមើល និងអំពើហិង្សាលើរូបរាងកាយ ជាញឹកញាប់ដោយមានកិច្ចសហប្រតិបត្តិការពីអាជ្ញាធរថៃ ហើយក្នុងករណីមួយចំនួន មន្ត្រីថៃបានចាប់ខ្លួនអ្នកស្វែងរកសិទ្ធិជ្រកកោន និងជនភៀសខ្លួន ហើយនិរទេសពួកគេដោយគ្មាននីតិវិធីត្រឹមត្រូវទៅប្រទេសកំណើតរបស់ពួកគេវិញ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានជាភាសាអង់គ្លេស និងបានប្រែសម្រួលជាភាសាខ្មែរថា៖ «អង្គការឃ្លាំមើលសិទិ្ធមនុស្សបានវិភាគករណីចំនួន២៥ដែលបានកើតឡើងនៅក្នុងប្រទេសថៃ ចន្លោះឆ្នាំ ២០១៤ និងឆ្នាំ ២០២៣ ហើយបានធ្វើបទសម្ភាសន៍ចំនួន ១៨ ជាមួយជនរងគ្រោះ សមាជិកគ្រួសារ និងសាក្សីចំពោះការរំលោភបំពាន រួមនិងបានសម្ភាសជាមួយនឹងតំណាងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិ។ រដ្ឋាភិបាលដែលទទួលខុសត្រូវរួមមានប្រទេសសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅថា អាស៊ាន ក៏ដូចជាប្រទេសចិន និងបារ៉ែន ក្នុងចំណោមប្រទេសដទៃទៀត»។
អង្គការមួយនេះបានលើកយកករណីសកម្មជនខ្មែរម្នាក់ លោក ផាន់ ផាណា ដែលបានភៀសខ្លួនទៅប្រទេសថៃក្នុងខែកក្កដា ឆ្នាំ ២០២២។ លោកបាននិយាយថា លោកបានចាប់ផ្តើមទទួលលិខិតពីមន្ត្រីកម្ពុជាដែលជំរុញឱ្យលោកដកខ្លួនចេញពីគណបក្សប្រឆាំង ហើយបន្ទាប់ពីលោកបានទទួលសំបុត្រទាំងនេះអស់ជាច្រើនខែ លោកត្រូវបុរសមិនស្គាល់អត្តសញ្ញាណវាយប្រហារកាលពីខែសីហា ឆ្នាំ ២០២៣។
អង្គការឃ្លាំមើលសិទ្ធិមនុស្សបន្ថែមថា៖ «ទន្ទឹមនឹងនេះ សកម្មជនថៃមួយចំនួនត្រូវបានសម្លាប់ ឬបាត់ខ្លួននៅក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម។ សាកសពសកម្មជនបាត់ខ្លួនពីរនាក់ក្រោយមកត្រូវបានរកឃើញអណ្តែតក្នុងទន្លេមេគង្គ»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីស្ថានទូតថៃប្រចាំកម្ពុជាតាមសារអ៊ីម៉ែលបាននៅឡើយទេ។
ចាប់តាំងពីឆ្នាំ ២០១៧ ប្រទេសថៃក្លាយជាកន្លែងមួយដែលសកម្មជនសង្គមនិងនយោបាយខ្មែរបានភៀសខ្លួនទៅជ្រកកោន គេចពីការចាប់ខ្លួន និងការធ្វើទុក្ខបុកម្នេញក្នុងប្រទេសកម្ពុជា។
លោក ខឹម មុន្នីកុសល ប្រធានគណៈកម្មការសម្របសម្រួលជនភៀសខ្លួននៅប្រទេសថៃ និងជាសមាជិកម្នាក់របស់គណបក្សភ្លើងទៀនដែលភៀសខ្លួនទៅប្រទេសថៃ ប្រាប់វីអូអេថា ក្រោយពីដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាលពីដើមខែកុម្ភៈរហូតមកដល់ពេលនេះ មិនមានការចាប់ខ្លួន ឬធ្វើទុក្ខបុកម្នេញបន្ថែមណាមួយលើសកម្មជនភៀសខ្លួនដែលកំពុងស្នាក់នៅប្រទេសថៃទៀតនោះទេ។
លោកថ្លែងថា៖ «ប៉ុន្តែនៅតែមានការតាមដាន ការតាមរកសកម្មជនសំខាន់ៗដដែលទេ មិនទាន់មានអ្វីដែលថា ជនភៀសខ្លួនហ្នឹងស្ថិតនៅក្នុងស្ថានភាពមួយមានសុវត្ថិភាពនៅឡើយទេ»។
បើតាមការបញ្ជាក់របស់លោក ខឹម មុន្នីកុសល លោក ផាន់ ផាណា និងលោក គង់ រ៉ៃយ៉ា អតីតសកម្មជនរបស់គណបក្សភ្លើងទៀនស្ថិតក្នុងការឃុំខ្លួននៅពន្ធនាគារក្នុងប្រទេសថៃនៅឡើយ។ ប៉ុន្តែភរិយា និងកូនៗរបស់ពួកគេត្រូវបានធានាឱ្យនៅក្រៅឃុំ ដោយសារតែបញ្ហាសុខភាពកូនតូចៗរបស់ពួកគេ។
សកម្មជននយោបាយខ្មែរចំនួនបីរូប និងក្រុមគ្រួសាររបស់ពួកគេ ដែលមានលោក ផាន់ ផាណា លោក គង់ រ៉ៃយ៉ា និងលោក លឹម សុខា ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន កាលពីថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៤ ដែលការចាប់ខ្លួនកាលនោះធ្វើឡើងនៅមុនដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ឃើញថា ប្រទេសថៃមិនមែនជាកន្លែងសុវត្ថិភាពសម្រាប់សកម្មជនគណបក្សនយោបាយ សកម្មជនសង្គម និងសកម្មជនដទៃទៀតដែលមកពីបណ្តាប្រទេសនានា សម្រាប់ការសុំសិទ្ធិជ្រកកោននៅប្រទេសទី ៣ ទៀតទេ។ លោកថា កន្លងមកអាជ្ញាធរថៃធ្លាប់ចាប់បញ្ជូនសកម្មជនមួយចំនួនត្រឡប់ទៅប្រទេសដើមវិញ រួមទាំងសកម្មជនខ្មែរផងដែរ។
លោកថ្លែងថា៖ «ក្នុងហ្នឹងក៏យើងឃើញមានកម្ពុជាផងដែរ ដែលកន្លងមកសកម្មជនគណបក្សនយោបាយមួយចំនួនហ្នឹងត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកប្រទេសខ្មែរវិញ ហើយត្រូវបានអាជ្ញាធរបញ្ជូនទៅតុលាការ ក៏ដូចជាធ្វើការចោទប្រកាន់ ឃុំខ្លួន ឬកាត់ទោសទៅតាមបទល្មើសដែលបានចោទប្រកាន់»។
បើតាមអ្នកជំនាញសិទ្ធិមនុស្សរូបនេះ អាជ្ញាធរថៃក៏បានធ្លាប់ចោទប្រកាន់សកម្មជនមួយចំនួន ដោយចាប់ពួកគេដាក់ពន្ធនាគារ ក្រោមហេតុផលថា បានចូលទៅរស់នៅប្រទេសថៃដោយខុសច្បាប់ បើទោះបីជាសកម្មជនទាំងនោះមានបណ្ណទទួលស្គាល់ពីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ក៏ដោយ។
លោក អំ សំអាត បន្ថែមថា ដោយសារតែប្រទេសថៃជាប្រទេសកាន់ខ្ជាប់លទ្ធិប្រជាធិបតេយ្យ និងបានចុះកិច្ចព្រមព្រៀងជាមួយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ដូច្នេះលោកជំរុញឱ្យមានការជជែកពីបញ្ហានេះ ដើម្បីធានាសុវត្ថិភាពដល់ជនភៀសខ្លួនទាំងអស់។
លោកថ្លែងថា៖ «អ៊ីចឹងឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួននេះគួរតែជជែកជាមួយនឹងថៃ ធ្វើយ៉ាងម៉េចដើម្បីធានានូវសុវត្ថិភាពរបស់ជនភៀសខ្លួនដែលឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនបានទទួលស្គាល់រួចទៅហើយ ដើម្បីកុំឱ្យមានការចាប់បញ្ជូនត្រឡប់ទៅប្រទេសដើមវិញ ហើយនឹងមានការធ្វើទុក្ខបុកម្នេញផ្សេងៗនៅក្នុងប្រទេសថៃ ឬក៏ការចាប់ដាក់ពន្ធនាគារអីជាដើមនោះ»។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បញ្ជាក់ថា នេះជាកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាង ដើម្បីរក្សាសន្តិសុខសុវត្ថិភាពនៅក្នុងប្រទេសនីមួយៗ និងក្នុងតំបន់ជាដើម ក្នុងការកសាងនូវទំនាក់ទំនងល្អ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដែលមិនមែនជាការធ្វើទុក្ខបុកម្នេញដូចការលើកឡើងរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សឡើយ។ លោកបន្តថា ប្រទេសកម្ពុជា ថៃ វៀតណាម និងឡាវមានគោលការណ៍មួយច្បាស់លាស់ ដោយមិនអនុញ្ញាតឱ្យក្រុមណាមួយយកដែនដីរបស់ខ្លួនធ្វើជាទីតាំងសុវត្ថិភាពក្នុងការប្រឆាំងទៅនឹងប្រទេសណាមួយជាដាច់ខាត។
លោកថ្លែងថា៖ «អ៊ីចឹងការបកស្រាយថា អ្នកនេះជាជនភៀសខ្លួន។ អ្នកនោះជាជនភៀសខ្លួន វាគ្រាន់តែការបកស្រាយរបស់អ្នកណា ឬអង្គការណាមួយដោយឡែកតែប៉ុណ្ណោះទេ ប៉ុន្តែរដ្ឋាភិបាលនីមួយៗ គេដឹងហើយថា អ្នកណាជនភៀសខ្លួនមិនមែនជនភៀសខ្លួន។ អ្នកណាធ្វើសកម្មភាពអី ដើម្បីអីគេដឹងច្បាស់លាស់ អ៊ីចឹងទេនេះគឺជាកិច្ចការនៃកិច្ចសហប្រតិបត្តិការ»។
អង្គការឃ្លាំមើលសិទ្ធិមនុស្សបានលើកឡើងថា សកម្មភាពរបស់ប្រទេសថៃបានបំពានលើច្បាប់អន្តរជាតិ ក៏ដូចជាអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងការធ្វើទារុណកម្ម និងសន្ធិសញ្ញាផ្សេងទៀតដែលប្រទេសថៃបានផ្តល់សច្ចាប័នក្នុងរារាំងការបញ្ជូនជនភៀសខ្លួនត្រឡប់ទៅប្រទេសដើមវិញ ហើយសកម្មភាពនេះក៏បានបំពានច្បាប់របស់ប្រទេសថៃស្តីពីការទប់ស្កាត់ និងបង្ក្រាបការធ្វើទារុណកម្ម និងការបាត់ខ្លួនដោយបង្ខំ ដែលបានចូលជាធរមានកាលពីខែកុម្ភៈ ឆ្នាំ ២០២៣៕