របាយការណ៍ដែលមានកម្រាស់ ៤៨ ទំព័រនេះ រៀបរាប់ពីការសម្លាប់កុមារដោយប៉ូលីស ការសម្លុត និងការណ៍ដែលកុមារដែលជាកូនរបស់អ្នកប្រើប្រាស់គ្រឿងញៀន ត្រូវប្រឈមទៅនឹងការមាក់ងាយ ហើយនិងការប៉ះទង្គិចផ្លូវចិត្តចំពោះអ្នកដែលបានឃើញការស្លាប់របស់សមាជិកគ្រួសារ និងភាពក្រីក្រដោយសារតែឪពុកម្តាយ និងអាណាព្យាបាល ត្រូវបានសម្លាប់។
របាយការណ៍របស់អង្គការឃ្លាំមើលសិទិ្ធមនុស្ស Human Rights Watch នេះមានភាពស្រដៀងគ្នាទៅនឹងរបាយការណ៍របស់អង្គការសិទ្ធិមនុស្ស Amnesty International ដែរ ដែលបានរៀបរាប់លម្អិតបន្ថែមទៀត អំពីការបំផ្លិចបំផ្លាញដោយគ្រឿងញៀន។
ការបង្ក្រាបយ៉ាងខ្លាំងរបស់ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte លើការជួញដូរគ្រឿងញៀនខុសច្បាប់ បានចាប់ផ្តើមនៅពេលដែលលោកឡើងកាន់តំណែងជាប្រធានាធិបតី នៅខែមិថុនា ឆ្នាំ ២០១៦។ យុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់លោក បានទាញចំណាប់អារម្មណ៍អន្តរជាតិ នៅពេលក្រុមតស៊ូមតិផ្នែកសិទ្ធិមនុស្សបានរកឃើញការសម្លាប់រាប់ពាន់ និងការប្រហារជីវិតក្រៅប្រព័ន្ធតុលាការដោយកងកម្លាំងរដ្ឋ និងក្រុមដែលបានតាំងខ្លួនឯងជាតុលាការ។
ក្នុងរយៈពេល ៦ ខែដំបូងនៃការកាន់តំណែងជាប្រធានាធិបតីរបស់លោក Duterte មនុស្សជាង ៧.០០០ នាក់ ដែលគេជឿថាមានជាប់ទាក់ទងនឹងការជួញដូរគ្រឿងញៀននោះ ត្រូវបានសម្លាប់ ដែលនេះមានន័យថា ជាមធ្យមមនុស្ស ៣៤ នាក់ត្រូវបានសម្លាប់ក្នុងមួយថ្ងៃ។ ក្រៅពីណែនាំឲ្យអនុវត្តច្បាប់ ដើម្បីលុបបំបាត់គ្រឿងញៀនចេញពីប្រទេស លោក Duterte បានលើកទឹកចិត្តឲ្យពលរដ្ឋ សម្លាប់អ្នកជួញដូរគ្រឿងញៀន ឬ អ្នកប្រើប្រាស់គ្រឿងញៀន ដោយលោកថា នោះជាផ្នែកមួយនៃកាតព្វកិច្ចរបស់ពួកគេ។
ចាប់តាំងពីពេលនោះមកសកម្មជនហ្វីលីពីន បានចោទប្រកាន់ថា មនុស្សជាង ២៧.០០០ នាក់ ត្រូវបានសម្លាប់នៅក្រោមការគ្រប់គ្រងរបស់លោក Duterte ខណៈដែលរដ្ឋាភិបាលបាននិយាយថា ចំនួនមនុស្សស្លាប់ គឺប្រមាណជា ៦.៦០០ នាក់។ ដោយសារតែការរាយការណ៍ពីចំនួនអ្នកស្លាប់មិនដូចគ្នានេះ ហើយនឹងការកើនឡើងនូវការព្រួយបារម្ភ បានជំរុញឲ្យក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បើកការស៊ើបអង្កេតមួយទៅលើការសម្លាប់ទាំងនោះ នៅខែកក្កដាឆ្នាំ ២០១៩។
ការបន្តបង្រ្កាបទៅលើការជួញដូរគ្រឿងញៀនរបស់រដ្ឋាភិបាលលោក Duterte បានធ្វើឲ្យពន្ធនាគារនានា កាន់តែចង្អៀតណែន ដែលបង្កើតជាកន្លែងនៃការផ្ទុះរាតត្បាតនៃវីរុសកូរ៉ណា។ ការផ្ទុះឡើងនៃវីរុសកូរ៉ូណានៅក្នុងពន្ធនាគារដ៏ចង្អៀតណែនមួយចំនួនរបស់ហ្វីលីពីន បានបង្ខំឲ្យប្រទេសនេះ ដោះលែងអ្នកទោសជិត ១ ម៉ឺននាក់ កាលពីខែឧសភាកន្លងទៅនេះ៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់