អង្គការ Human Rights Watch ​សុំ​ឲ្យ​អ.ស.ប.​ដាក់​ទណ្ឌកម្ម​រដ្ឋាភិបាល​លោក​ហ៊ុន សែន

ប៉ូលិស​​បង្ក្រាប​កុប្បកម្ម​បំបែក​ក្រុម​បាតុករ​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៧ មករា ២០១៤។

អង្គការ ​Human Rights Watch​ បាន​អំពាវនាវ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ឲ្យ​អង្គការ​សហ​ប្រជាជាតិដាក់​ទណ្ឌ​កម្ម​រដ្ឋា​ភិបាល​កម្ពុជា​ ដោយសារ​«ការ​បំពាន​សិទ្ធិ​មនុស្ស​ក្នុង​ពេល​ថ្មីៗ»​នេះ។​

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​នេះ​ លោក​ស្រី ​Juliette de Rivero​ នាយិកា​អង្គការ​ Human Rights Watch​ ប្រចាំ​ទី​ក្រុង​ហ្សឺណែវ​ ប្រទេស​ស្វ៊ីស​បាន​ស្នើ​ឲ្យ​ប្រទេស​សមាជិកអង្គការ​សហ​ប្រជាជាតិ​ដាក់​សម្ពាធ​ដល់​ប្រទេស​កម្ពុជា​ចំពោះ​បរាជ័យក្នុង​ការបំពេញការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ និង​ឲ្យ​ប្រទេស​កម្ពុជា​ធ្វើ​ការ​សន្យា​បន្ថែម​ចំពោះ​ការ​គោរព​សិទ្ធិ​មនុស្ស។​

សំណើ​នេះ​ធ្វើ​ឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះមុន​នឹង​តំណាង​ប្រទេស​កម្ពុជាបង្ហាញ​មុខក្នុង​កិច្ច​ប្រជុំ​នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជា​ជាតិ ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អង្គារ​ទី​២៨​ខែ​មករា​នៅ​ទី​ក្រុង​ហ្សឺណែវ។​

អង្គការ ​Human Rights Watch ​ដែល​មាន​មូល​ដ្ឋាន​នៅ​ទី​ក្រុង​ញូយ៉ក​ សហរដ្ឋ​អាមេរិក​ បានរៀបរាប់ថា ​រដ្ឋា​ភិបាលរបស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ បាន​រំលោភ​សិទ្ធិ​មនុស្ស​ដោយ​បាន​រារាំងគណបក្ស​ជំទាស់​ សហជីព ​សកម្មជន​នយោបាយ​ ​និង​អ្នក​ដទៃ​ក្នុង​ការ​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ទាមទារ​ឲ្យ​មានការ​ផ្លាស់​ប្តូរនយោ​បាយ។​ ​អង្គការ​អាមេរិកាំង​ដដែល​បាន​លើក​ឧទាហរណ៍ ជា​ពិសេស​ការ​ហាម​ឃាត់ ​និងការ​បំបែកការ​ប្រមូល​ផ្តុំ​របស់​ក្រុម​សហជីពនៅ​សួន​ប្រជា​ធិបតេយ្យកាល​ពី​ថ្ងៃ​អាទិត្យ​ដែល​ធ្វើ​ឲ្យ​មាន​មនុស្ស​មួយ​ចំនួន​រង​របួស។​ នៅថ្ងៃ​អាទិត្យ​ដដែល​នោះ កង​ប្រដាប់​អាវុធ​ ​និង​កង​រាជ​អាវុធ​ហត្ថ​អម​ដោយ​សកម្ម​ជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​រំខាន​កិច្ច​ប្រជុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិក្នុងខេត្ត​កំពង់ចាម។​

លោកស្រី​ Juliette de Rivero ​បានទទូច​នៅ​ក្នុង​សារ​របស់​ខ្លួន​ថា​ «ប្រទេស​ជា​សមា​ជិក​អង្គការ​សហប្រជាជាតិ​គួរតែ​ផ្តន្ទា​ទោស​ការ​វាយ​បំបែក​បាតុករ​ដោយ​ហិង្សា​នេះ​និង​ទទូច​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា​ធ្វើ​ការ​តាម​ទម្រង់​ម៉ឺងម៉ាត់»។​

លោក​កុយ គួង ​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​យល់​ថា​ ការ​ទាមទារ​របស់​អង្គការ​អាមេរិកាំង​នេះ​គ្មាន​តម្លៃ​នោះ​ទេ។​

«ការ​ទាមទារ​នេះ​គ្មាន​តម្លៃ​អ្វី​ទាំង​អស់​ ព្រោះ​នរណា​ក៏​ដឹង​ដែរ​ កន្លង​មក​អង្គការ ​Human Rights Watch ​នេះ​មិន​មាន​បំណងល្អ​ណាមួយ​សម្រាប់​រដ្ឋា​ភិបាល​យើង​ទេ។​ គេ​តែងតែ​បំភ្លៃ​ព័ត៌មាន​ដើម្បី​ធ្វើ​ការ​បន្តុះ​បង្អាប់​រដ្ឋា​ភិបាល​យើង។ ​ម្យ៉ាងវិញ​ទៀត​ខ្ញុំ​សូម​បញ្ជាក់​ថា ​ទំនាក់ទំនង​រវាង​រដ្ឋ​ដែល​ជា​សមា​ជិក​អង្គការ​សហ​ប្រជាជាតិទាំង​អស់​ដែល​ក្នុង​នោះ​មាន​ប្រទេស​កម្ពុជា​ផង​ដែរ​នោះ ​បាន​ប្រព្រឹត្ត​ទៅ​ល្អ​ជា​ធម្មតា»។​

ទោះ​ជាបែបនេះ​ក្តី​ លោក​យឹម សុវណ្ណ ​តំណាងរាស្ដ្រ​និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​អបអរ​សាទរ​ជំហរ​របស់​អង្គការ​អាមេរិក​ខាង​លើ​នេះ។​

«សូម​អរគុណ​អង្គការ​ Human Rights Watch ​ដែល​បានគិត​គូរ​ផល​ប្រយោជន៍​ប្រទេស​កម្ពុជា​ ហើ​យ​បាន​ការពារ​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ ព្រោះ​សិទ្ធិ​មនុស្ស​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​កសាង​សង្គម​ប្រជាធិបតេយ្យ​ កសាង​សង្គម​យុត្តិធម៌។​
ដូច្នេះ​ជា​ការ​ចាំ​បាច់​ ទាំង​អង្គការ​សហ​ប្រជាជាតិ ​ទាំង​ប្រទេស​មហា​អំណាច ទាំង​អង្គការ​អន្តរជាតិ​ យើង​ត្រូវ​តែរួប​រួម​សាមគ្គី​គ្នា​ដើម្បី​រក​យុត្តិធម៌​ជូន​ប្រជា​ពលរដ្ឋ​ខ្មែរ»។​

សូម​បញ្ជាក់​ថា​ ការ​អំពាវនាវ​ពី​សំណាក់​អង្គការ ​Human Rights Watch ​ឲ្យ​អង្គការ​សហប្រជាជាតិ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​កម្ពុជា​នោះ​ដោយសារ​បញ្ហា​សិទ្ធិ​មនុស្សនេះ ​គឺ​ធ្វើឡើង​ស្របពេល​ដែល​កម្លាំង​សមត្ថ​កិច្ច​របស់​រដ្ឋា​ភិបាល​បានវាយ​បង្រ្កាបបាតុរ​ដែល​ដឹកនាំ​ដោយ​លោក​ម៉ម សុណង់​ដូង​ នាយក​វិទ្យុ​សម្បុក​ឃ្មុំ​នៅ​ថ្ងៃ​ច័ន្ទ​នេះដែរ​ ដែល​ទាមទារ​ដំឡើង​កម្លាំង​ផ្សាយ​វិទ្យុ​ និង​សុំ​ហ្វ្រេកង់​ទូរទស្សន៍​មួយ​ ហើយ​ក៏​ស្រប​ពេលដែល​មាន​សេចក្តី​រាយ​ការណ៍​ថា ​មាន​ការ​រំខាន​មួយ​ចំនួន​លើ​កិច្ច​ប្រជុំ​ជា​មួយ​សកម្មជន​មូលដ្ឋាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​កំពង់ធំ​ពី​សំណាក់​មន្ត្រី​អាជ្ញាធរ​និង​អ្នកគាំទ្រ​គណបក្ស​កាន់​អំណាច៕