មុន​សវនាការ​ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អំពាវនាវ​ឱ្យ​ទម្លាក់​បទ​ចោទ​លើ​អតីត​អ្នក​សារព័ត៌មាន​អាស៊ី​សេរី

លោក អ៊ួន ឈិន (ឆេ្វង) និង​លោក យាង សុធារិន្ទ អតីត​អ្នក​សារព័ត៌មាន​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ប្រចាំ​រាជធានី​ភ្នំពេញ។

ស្រប​ពេល​ដែល​អតីត​អ្នក​កាសែត​ពីរនាក់​របស់​វិទ្យុអាស៊ីសេរី​ (RFA)​ នឹង​ទៅ​បំភ្លឺ​នៅ​សាលា​ឧទ្ធរណ៍​នៅថ្ងៃ​ទី​២១​ ខែ​មិថុនា​ស្អែក​នេះ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ (Human Rights Watch) ​បាន​ថ្លែង​ថា​ អាជ្ញាធរ​កម្ពុជា​គួរ​តែ​ទម្លាក់​បទ​ចោទ​ប្រឆាំង​នឹង​អ្នក​ទាំង​ពីរ​តែម្តង។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ (Human Rights Watch) ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​បទ​ចោទ​ប្រឆាំង​អតីត​អ្នក​កាសែត​ពីរ​រូប​របស់​វិទ្យុ​អាស៊ីសេរី ​(RFA)​ ​នៅ​ពេលដែល​សាលា​ឧទ្ធរណ៍​គ្រោង​បើក​សវនាការ​ជម្រះ​ក្តី​របស់​អតីត​អ្នក​កាសែត​ទាំងពីរ​ នៅ​ថ្ងៃ​សុក្រ​នេះ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​របស់​ខ្លួន​ កាល​ពី​ថ្ងៃ​ពុធ​ថា​ បទ​ចោទ​ប្រឆាំង​អតីត​អ្នក​កាសែត​ទាំង​ពីរ​ ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ។​ អង្គការ​សិទ្ធិមនុស្ស​ដដែល​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ លុប​ចោល​ការ​ដាក់​ឲ្យ​អតីត​អ្នកកាសែត​របស់​ RFA ​ទាំង​ពីរ​នេះ​ ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​ផង​ដែរ។

លោក​ Brad Adams ​នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី ត្រូវ​បាន​គេ​ស្រង់​សម្តី​ក្នុង​សេចក្តី​ប្រកាស​នោះ​តាម​អត្ថន័យ​ដើម​ថា៖ «អតីត​អ្នក​កាសែត​ RFA​ ពីរ​នាក់ គឺ​ជា​ជន​រង​គ្រោះ​នៃ​ការ​វាយ​ប្រហារ​របស់លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ​ទៅ​លើ​ស្ថាប័ន​សារព័ត៌មាន​ ដែល​ហ៊ាន​ចេញ​ផ្សាយ​របាយការណ៍​ដែល​មាន​លក្ខណៈ​រិះគន់​រដ្ឋាភិបាល»។

លោក​ត្រូវ​បាន​ស្រង់​សម្តី​បន្ថែម​ថា៖ «គ្មាន​មូលដ្ឋាន​ណា​ដើម្បី​គាំទ្រ​បទចោទ​ប្រកាន់​ដែល​គ្មាន​ហេតុផល​ប្រឆាំង​នឹង​អ្នក​យក​ព័ត៌មាន​ទាំងពីរ​នោះ​ទេ​ ឬ​ក៏​សម្រាប់​គាំទ្រ​ការ​បង្ខំ​ឲ្យ​ពួក​គេ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​នោះ​ដែរ។ តុលាការ​គួរ​តែ​ទម្លាក់​ទាំង​បទចោទ​ប្រកាន់​ និង​ការ​រៀបចំ​ឲ្យ​ពួកគេ​ទាំង​ពីរ​ស្ថិត​ក្រោម​ការ​ពិនិត្យ​របស់​តុលាការ​ជា​បន្ទាន់»។

ការ​អំពាវនាវ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ (Human Rights Watch)​ ធ្វើ​ឡើង​មុន​ពីរ​ថ្ងៃ​នៃ​ការ​ត្រៀម​ឡើង​សវនាការ​នៅ​សាលា​ឧទ្ធរណ៍របស់​អ្នក​កាសែត​ទាំងពីរ​គឺ​លោក​ យាង សុធារិន្ទ​ ហៅ​ យាង​ សុជាមេត្តា​ និង​លោក​ អ៊ួន ឈិន។​ អ្នក​ទាំងពីរ​នឹង​ត្រូវ​ចូល​បង្ហាញ​ខ្លួន​នៅ​សាលា​ឧទ្ធរណ៍​ នៅ​វេលា​ម៉ោង៨​ព្រឹក​ស្អែក​នេះ។

លោក​ យាង សុធារិន្ទ​ បាន​ប្រាប់​ VOA​ កាលពី​ថ្ងៃ​ពុធ​ថា​ សហការី​លោក​ គឺ​លោក អ៊ួន ឈិន​ និង​លោក​ផ្ទាល់​ ​គ្រោង​ស្នើ​សុំ​ឲ្យ​សាលាឧទ្ធរណ៍​ដក​ចេញ​ការ​ឃ្លាំមើល​របស់​តុលាការ​មក​លើ​រូប​លោក​ទាំងពីរ​ ដោយ​ហេតុ​ថា​ ការ​ដាក់​ឲ្យស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​នេះ​ ​បាន​រំខាន​ដល់​ការងារ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ទាំង​ពីរ ​ព្រោះ​អ្នក​ទាំង​ពីរ​ត្រូវ​ទៅ​បង្ហាញ​ខ្លួន​នៅ​ប៉ុស្តិ៍​នគរបាល​ជា​រៀងរាល់​មួយ​ខែ​ម្តង។​ លោក​ក៏​ទាមទារ​ឲ្យ​តុលាការ​ប្រគល់​សម្ភារៈ​ដែល​អាជ្ញាធរ​បាន​រឹប​អូស​ ក្រោយ​ពេល​ពួក​លោក​ត្រូវ​បាន​ចាប់​ខ្លួន​ផង​ដែរ។

«ព្រោះ​បច្ចុប្បន្ន​ ខ្ញុំ​មាន​ការងារ​នៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ ហើយ​យើង​តែង​តែ​ចំណាយ​ពេល​ទៅ​បង្ហាញ​ខ្លួន​ ហើយ​ពេលខ្លះ​ទៅ​តែ​ម្តង​ អត់​ទាន់​បាន​សម្រេច​ទេ​ ពីព្រោះ​អត់​បាន​ជួប​អ្នក​ដែល​ទទួល​ខុសត្រូវ​ផ្នែក​កត់​ត្រា​ សម្រាប់​ខ្លួន​យើង​ យើង​ត្រូវចាំ​ពួក​គាត់​ប្រជុំ​យូរ​ពេល​អ៊ីចឹង​ទៅ​ យើង​ខ្លាច​ពេល​វេលា​ប៉ះពាល់​ការងារ​ ក៏​យើង​ត្រឡប់​មក​វិញ​ ​ហើយ​ក៏​ទៅ​ឡើងវិញម្តងទៀត ហើយ​ត្រូវ​មាន​ការ​ចាំ​អ៊ីចឹង​ ត្រូវ​ចំណាយ​ពេល​វេលា​អ៊ីចឹង»។

លោក ​អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ (Licadho)​ ប្រាប់​ VOA ​ថា​ រឿងក្តី​របស់​អ្នក​យក​ព័ត៌មាន​ RFA​ទាំង​ពីរនាក់​នេះ​ មិនបាន​ផ្តល់​ផល​ចំណេញ​ដល់​ការ​លើក​កម្ពស់​សិទ្ធិ​សេរីភាព​របស់​អ្នក​សារព័ត៌មាន​នោះ​ទេ​ តែ​រឿង​ក្តី​នេះ​អាច​នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ខូច​ឈ្មោះ​ ដោយ​សារ​មាន​មតិ​សាធារណៈ​ខ្លះ​យល់ថា​ ជា​ការ​គាប​សង្កត់​លើ​អ្នក​សារព័ត៌មាន។

ហេតុ​ដូច្នេះ​ លោក​ថា​ តុលាការ​គួរ​សម្រេច​ឲ្យ​អ្នក​ទាំង​ពីរ​បាន​រួច​ផុត​ពី​ការ​ឃ្លាំ​មើល​ដូចអ្វី​ដែល​ពួក​គេ​បាន​ទាមទារ​ ដើម្បី​ឲ្យ​អ្នក​ទាំងពីរ​មាន​លទ្ធភាព​បាន​ជួបជុំ​គ្រួសារ​សាច់​ញាតិ​ដែល​នៅ​ឆ្ងាយ​ ដោយ​ក្នុង​នោះ​គឺ​លោក​ យាង សុធារិន្ទ​ ដែល​មាន​ស្រុក​កំណើត​នៅ​ទឹក​ដី​កម្ពុជា​ក្រោម​នោះ។

«ទីមួយ​គឺ​សិទ្ធិសេរីភាព​រប​ស់​គាត់​ ទីពីរ​គឺ​កត្តញ្ញូតា​ធម៌​របស់​គាត់ ឪពុក​ម្តាយ​ និង​កូន​ដោយ​សារ​ គាត់​ចាស់​ជរា​ មិន​អាច​មក​កម្ពុជា​បាន​អ៊ីចឹង​ កូន​គួរតែ​ទៅ​សួរ​សុខទុក្ខ​ម្តាយ​អ៊ីចឹង​ទៅ ហើយ​ទីពីរ​គួរតែ​មាន​ការ​អនុញ្ញាត​ ដក​អា​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​ដើម្បី​ឲ្យ​គាត់​ បំពេញ​ការងារ​របស់​គាត់​ឡើង​វិញ​ ឬក៏​អាច​ អាច​ចេញ​ចូល​ទៅ​រៀន​សូត្រ​បន្ថែម​ពី​វិជ្ជាជីវៈ​របស់​គាត់​អី​បន្ថែម​ទៀត​ផង​ដែរ​ ហើយ​អ្វី​ដែល​សំខាន់​ បើ​សិន​ជា​អាច ​គួរ​តែ​ទម្លាក់​បទ​ចោទ​ប្រកាន់​ សម្រាប់​អ្នក​ទាំង​ពីរ​ហ្នឹង​ផង​ដែរ​បាទ»។

អតីត​អ្នក​យក​ព័ត៌មាន​ទាំង​ពីរ​គឺ​លោក​ យាង សុធារិន្ទ​ និង​លោក​ អ៊ួន ឈិន​ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន ​និង​ចោទ​ប្រកាន់​កាល​ពី​ថ្ងៃ​ទី១៨​ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៧​ ពី​បទ​ផ្តល់​ព័ត៌មាន​ដល់​រដ្ឋ​បរទេស​ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​ការ​ពារ​ជាតិ។​ អ្នក​ទាំង​ពីរ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​ ៧ដល់​១៥​ឆ្នាំ។

​លោក​ ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ ប្រាប់​ VOA ​តាម​សារ​ឆ្លើយឆ្លង​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​មួយ​ថា​ ភាគី​ពាក់​ព័ន្ធ​ដែល​ជួយ​ឈឺឆ្អាល​នឹង​រឿង​ក្តីរបស់អតីត​អ្នកកាសែត​ RFA ​ទាំង​ពីរ​នាក់​ គួរ​ចូលរួម​ជាមួយ​តុលាការ​កម្ពុជា​ផ្តល់​ភស្តុតាង​ និង​សាក្សី​រឹងមាំ​ដើម្បី​ដោះ​បន្ទុក​ ជាជាង​ការ​ធ្វើ​សេចក្តី​ថ្លែងការណ៍​មាន​លក្ខណៈ​នយោបាយ​នោះ។

«អ៊ីចឹង​ការ​លើកឡើង​របស់​ភាគី​ផ្សេងៗ​ ដែល​ខ្ញុំ​ពិនិត្យ​មើល​ទៅ​ គឺ​គាត់​ផ្តោត​ទៅ​លើ​ទិដ្ឋភាព​នយោបាយ​ច្រើន​ជាង​ ហើយ​ដោយ​មិន​ផ្អែក​ទៅលើ​មូលដ្ឋាន​ច្បាប់​ ការ​វិភាគ​វែកញែក​ ផ្លូវ​ច្បាប់​មូលដ្ឋាន​ ភស្តុតាង​សក្ខីកម្ម​ដែល​រឹង​មាំ​ក្នុង​ការ​ដោះ​បន្ទុក​ទេ។​ អ៊ីចឹង​ ការ​លើកឡើង​បែប​នេះ​ មិន​មាន​ឥទ្ធិពល​អី​ទៅ​ដល់​ការ​សម្រេច​របស់​តុលាការ​ទេ​ ផ្អែក​ទៅលើ​ទិដ្ឋភាព​ច្បាប់​របស់​កម្ពុជា»។

សំណុំ​រឿង​របស់​អ្នក​យក​ព័ត៌មាន​ RFA ទាំង​ពីរនាក់នេះ បាន​ស្ថិត​ក្រោម​ការ​តាមដាន​របស់​ក្រុម​ការងារ​អង្គការ​សហ​ប្រជា​ជាតិ​ស្តីពី​ការ​ឃុំ​ខ្លួន​ដោយ​បំពាន​ (Working Group on Arbitrary Detention) ដែល​បាន​វាយ​តម្លៃ​តាម​ច្បាប់​ជាតិ​ និង​អន្តរជាតិ​ថា​ អតីត​អ្នក​កាសែត​ពីរ​នាក់​របស់​វិទ្យុ​អាស៊ី​សេរី​ គ្មាន​ទោស​ ហើយ​ពួកគេ​ទាំង​ពីរ​រូប​គួរ​ទទួល​បាន​សេរីភាព​ពេញលេញ​ និង​លទ្ធភាព​ទទួល​បាន​សំណង។

ក្រុម​ការងារ​បាន​ផ្តល់​ហេតុផល​ថា​ ​ការ​ឃុំ​ខ្លួន​ពួក​គេ​គឺ​ជា​ការ​ឃុំ​ខ្លួន​ដោយ​បំពាន​ ដោយ​សារ​មិន​មាន​មូលដ្ឋាន​ច្បាប់​ណាមួយ​អាច​យក​មក​ប្រើ​ប្រាស់​ ដើម្បី​ធ្វើ​យុត្តិកម្ម​ដក​ហូត​សេរីភាព​របស់​ពួក​គេ​ឡើយ ​ហើយ​ការ​ឃុំ​ខ្លួន​ពួកគេ​កើត​ចេញ​ពី​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​នៃ​គំនិត​ និង​ការ​បញ្ចេញ​មតិ​ដោយ​សន្តិវិធី។

​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​របស់​ខ្លួន​ចេញ​ផ្សាយ​កាល​ពីថ្ងៃ​ពុធ​ថា​ ការ​កើន​ឡើង​នៃ​ការ​រំលោភ​សិទ្ធិ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​ឲ្យ​សហភាព​អឺរ៉ុប​ពិចារណា​ ដក​យក​វិញ​នូវ​បុព្ធសិទ្ធិ​កម្ពុជា​ ក្រោម​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ «អ្វីៗ​ទាំងអស់​លើក​លែង​អាវុធ»​ ឬ​ ហៅថា​ EBA។

លោក​ Brad Adams ​នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី ​បាន​ថ្លែង​បន្ថែមថា​ សហភាព​អឺរ៉ុប​ គួរ​តែ​បាន​ដឹង​ពី​សវនាការ​របស់​លោក​ យាង សុធារិន្ទ​ និង​លោក អ៊ួន ​ឈិន​ នៅ​ពេល​ដែល​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ថា​តើ​ត្រូវ​កាត់​ផ្តាច់ផល​ប្រយោជន៍ ​EBA ​នេះ​ ពី​កម្ពុជា​ឬ​យ៉ាង​ណា​នោះ៕