អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អំពាវនាវ​ដល់​រដ្ឋាភិបាល​ខ្មែរ​​ឲ្យ​ទម្លាក់​បទ​ចោទ​លើ​មន្ត្រី​បក្ស​ប្រឆាំង​​​​​​

លោកសាំង ប៊ុនម៉ៅ អតីតចៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ចាកចេញពីសាលាដំបូងខេត្តបាត់ដំបង កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩។ (ផ្តល់ដោយអង្គការលីកាដូប្រចាំខេត្តបាត់ដំបង)

ការ​សាកសួរ​​របស់​តុលាការ​ខេត្ត​បាត់ដំបង​នឹង​ធ្វើ​ឡើង​ជា​បន្តបន្ទាប់​ជា​ស៊េរី​លើ​មន្ត្រី​អតីតបក្ស​ប្រឆាំង​សរុប​ចំនួន​២៥​រូបក្នុង​រយៈ​ពេល​ពីរ​សប្តាហ៍។

ស្រប​ពេល​ដែល​សកម្មជន​នយោបាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិចំនួន​ប្រាំ​នាក់​ត្រូវ​កោះ​ឲ្យ​ចូល​បំភ្លឺ​នៅ​សាលា​ដំបូង​ខេត្តបាត់ដំបង​នៅ​ថ្ងៃ​ពុធ​នេះ ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch ​អំពាវនាវ​ឲ្យ​ «អាជ្ញាធរ​កម្ពុជា​គួរ​តែ​បញ្ឈប់​ការ​យាយី​អតីត​សមាជិក​គណបក្ស​ប្រឆាំង​តាមផ្លូវ​តុលាការ​ជា​បន្ទាន់»។

រហូត​មក​ទល់​ពេល​នេះ​មាន​អតីត​មេឃុំ ​ចៅសង្កាត់ និង​ក្រុមប្រឹក្សា​របស់​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​យ៉ាង​តិច​២៥​នាក់​ក្នុង​ខេត្ត​បាត់ដំបងត្រូវ​តុលាការ​ខេត្ត​បាត់ដំបង​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​តុលាការ​ដោយ​សង្ស័យ​ថា សកម្មជន​នយោបាយ​ទាំង​នេះ​ពាក់ព័ន្ធ​នឹង​ការបំពាន​សាលដីការំលាយ​គណបក្ស​ប្រឆាំងនេះ​របស់​តុលាការ​កំពូល។ ហើយ​ពួក​គេនឹងត្រូវចូល​បំភ្លឺ​ដល់​តុលាការ​នៅ​ថ្ងៃ​ទី​៨ ​ថ្ងៃទី​៩ ទី​១៦ ទី​១៧ និង​ទី២១ ខែ​ឧសភា។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​ទី​៧​ ខែ​ឧសភា អង្គការ Human Rights Watch ​ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​ញូវយ៉ក​សហរដ្ឋ​អាមេរិក លោក​ Brad Adams ​នាយក​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី​ ត្រូវ​បាន​គេស្រង់​សម្តី​ជា​ភាសា​អង់គ្លេស​ និង​ត្រូវ​បាន​ប្រែសម្រួល​ជា​ភាសា​ខ្មែរ​ក្នុង​ន័យ​ដើម​ថា៖ «រដ្ឋាភិបាល​កម្ពុជា​បន្ត​យាយី​មន្ត្រី​គណបក្សប្រឆាំង​ជា​ច្រើន​តាម​ផ្លូវ​តុលាការ​ និង​បាន​គំរាម​ពួក​គេ​ជាមួយ​ការ​ជាប់​ពន្ធនាគារ​រយៈ​ពេល​វែង​ បន្ទាប់​ពី​គណបក្ស​ប្រឆាំង​ដ៏​សំខាន់​នេះ​ត្រូវ​បាន​ហាម​ឃាត់​ដោយ​មិនត្រឹមត្រូវ»។

លោក​អាដាម បន្ត​ថា៖ «រដ្ឋាភិបាល​គួរ​តែ​បញ្ចប់ជា​បន្ទាន់​យុទ្ធនាការ​ធ្វើ​ទុក្ខបុក​ម្នេញ​ប្រឆាំង​នឹង​(អតីត)​គណបក្ស​សង្គ្រោះជាតិ​ ហើយ​ទម្លាក់​ចោល​បណ្តុំ​នៃ​សំណុំ​រឿង​ដែល​គ្មាន​ហេតុផល​ទាំង​អស់​នេះ»។​

គណបក្ស​សង្រ្គោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា ត្រូវ​បាន​តុលាការ​កំពូល​ប្រកាស​រំលាយ​ចោល​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ក្រោម​ការ​ចោទ​ប្រកាន់​ថា​ មាន​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល ដោយ​មាន​សហរដ្ឋ​អាមេរិក​នៅ​ពី​ក្រោយ។ ប៉ុន្តែ​សហរដ្ឋ​អាមេរិក​បានច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ។

មន្ត្រី​គណបក្ស​ប្រឆាំង​ចំនួន​បី​នាក់​បាន​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ​ខេត្ត​បាត់ដំបង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ក្នុង​នោះ​មាន​លោក ​សម វង្សតារ៉ា​ អតីត​ចៅ​សង្កាត់​រង​ទី​២ សង្កាត់​អូរម៉ាល់ ដែល​មិន​ស្ថិត​ក្នុង​បញ្ជី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ លោក​ រឿន កែប​ អតីត​ចៅ​សង្កាត់​ក្តុល​ដូនទាវ​ ក្រុង​បាត់ដំបង​ លោក​ តន់ សាម៉ន​ អតីត​ចៅ​សង្កាត់​វត្តគរ​ ក្រុង​បាត់ដំបង។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក​ អ៊ិន គង់ជិត​ មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អង្គការ​លីកាដូ​ (Licadho)​ ប្រចាំ​ខេត្ត​បាត់ដំបង​បន្ទាយ​មានជ័យ​ និង​ឧត្តរមានជ័យ។

ដោយ​ឡែក​មន្ត្រី​ពីរ​នាក់​ទៀត​របស់​អតីត​គណបក្ស​សង្គ្រោះជាតិ គឺ​លោក​ សាំង ប៊ុនម៉ៅ ​អតីត​ចៅសង្កាត់​ស្វាយប៉ោ​ ក្រុង​បាត់ដំបង និង​លោក​ ផាន់ រ៉េត អតីត​ចៅ​សង្កាត់រង​ ក្តុល​ដូនទាវ​ ក្រុង​បាត់ដំបង​ត្រូវ​ចូល​បំភ្លឺ​តុលាការ​នៅ​ពេល​រសៀល។

លោកសម វង្សតារ៉ា អតីតចៅសង្កាត់រងទី២ សង្កាត់អូរម៉ាល់ ចាកចេញពីសាលាដំបូងខេត្តបាត់ដំបង កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩។ (ផ្តល់ដោយអង្គការលីកាដូប្រចាំខេត្តបាត់ដំបង)

លោក​ ហេង​ លុយ​ អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​លើក​ឡើង​ថា​ សេចក្តី​អំពាវនាវ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ គឺ​គ្រាន់​តែ​ជា​ការ​យល់​ឃើញ​មួយ​ ប៉ុន្តែ​តុលាការ​ត្រូវ​ចាត់​ការ​និតិវិធី​តាម​បណ្តឹង​របស់​ក្រុមមន្ត្រី​នគរបាល។

លោក​ថ្លែង​ថា៖ «បើ​ការ​អំពាវនាវ​គាត់​ថា​ ម៉េច​រឿង​របស់​គាត់​ទេ​ ប៉ុន្តែ​គ្រាន់​តែ​ថា​ ផ្លូវ​ច្បាប់គេ​ឲ្យ​ធ្វើ​អ៊ីចឹង​ បើ​មិន​ធ្វើ​អ៊ីចឹង​ បាន​ន័យ​ថា​ យើង​ធ្វើ​ខុស​ហើយ​ ម៉េច​ដឹង​ខុសត្រូវ​ បើ​យើង​មិន​ទាន់​បានសួរ​នាំ​អី​គាត់​ផង»។

យ៉ាង​ណាក្តី​ លោក ​តន់ សាម៉ន​ អតីត​ចៅ​សង្កាត់​វត្តគរ​ ក្រុង​បាត់ដំបង​ ដែល​បាន​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​នា​ព្រឹក​ថ្ងៃ​ពុធ​នេះ​ បាន​ប្រាប់ VOAថា​ តុលាការ​បាន​សាកសួរ​រូបលោក​អំពី​ការ​ទទួល​ទាន​នំ​បញ្ចុក​នៅ​ផ្ទះ​លក់​នំបញ្ចុករបស់​កញ្ញា ​ស៊ិន​ ចាន់ពៅរ៉ូហ្សេត​ អតីត​ចៅ​សង្កាត់​អូចារ​មក​ពី​គណបក្ស​ប្រឆាំង។

លោកតន់ សាម៉ន អតីតចៅសង្កាត់វត្តគរ ក្រុងបាត់ដំបង បានមកដល់សាលាដំបូងខេត្តបាត់ដំបង កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩។ (ផ្តល់ដោយអង្គការលីកាដូប្រចាំខេត្តបាត់ដំបង)

លោក តន់ សាម៉ន ចាត់​ទុក​ថា​ ការ​កោះ​ហៅ​រូប​លោក​ឲ្យ​ចូល​បំភ្លឺ​តុលាការ​អំពី​មូលហេតុ​នេះ​ជា​ចេតនា​រឹតត្បិត​លើ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ និង​ជា​ការ​គំរាម៖

«ចេះ​តែ​ហៅ​ទៅ​ វា​ចង់​បំបាក់​ស្មារតី​យើង​ ដើម្បី​កុំ​ឲ្យ​យើង​ធ្វើ​ដំណើរ​ ក៏​កុំ​ឲ្យ​យើង​ដឹង​ កុំ​ឲ្យ​ឮ​អី​ពី​អ្វី​មួយ​តទៅ​ទៀត​ វា​ចង់​ធ្វើ​អ៊ីចឹង​ឯង​ គោល​គំនិត​ គោលបំណង​របស់​វា​ កុម្មុយនីស្ត​វា​ត្រូវ​ធ្វើ​អ៊ីចឹង​ឯង»។

ក្នុង​ថ្ងៃ​ចូល​ខ្លួន​ទៅ​តុលាការ​របស់​មន្ត្រី​គណបក្ស​ប្រឆាំង​ទាំង​ប្រាំ​នាក់​នៅ​ថ្ងៃ​ពុធ​នេះ​ មាន​ក្រុម​អ្នកគាំទ្រ​រាប់​សិប​នាក់​ បាន​ចូលរួម​ឃ្លាំមើល​ពី​ក្រៅ​របង​តុលាការ​ ហើយ​ក៏​គ្មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​ណា​មួយ​បាន​កើត​ឡើង​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ទេ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​លីកាដូ​ប្រចាំ​ខេត្ត​បាត់ដំបង៕