អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អំពាវនាវឲ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​អតីត​មន្ត្រី​បក្ស​ប្រឆាំង

រូប​ឯកសារ៖ លោក Phil Robertson (ឆ្វេង) អនុប្រធាន​ទទួល​បន្ទុក​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស ​និង​​អ្នកស្រី Aruna Kashyap (ស្តាំ) អ្នកស្រាវជ្រាវ​អំពី​សិទ្ធិ​ស្ត្រី ចូលរួម​សន្និសីទ​កាសែត​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ ២០១៥ ។

មន្ត្រី​ផ្លូវ​ការ​របស់​រដ្ឋាភិបាល​និយាយ​ថា​​ការ​អំពាវនាវ​របស់​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​នេះ​មិន​មាន​អត្ថ​ន័យ​គួរ​ពិចារណា​នោះ​ទេ។

ពីរ​ថ្ងៃ​ក្រោយ​ពី​អាជ្ញាធរ​ខេត្ត​កំពត​ចាប់​ឃុំ​ខ្លួន​លោក ​នុត ពេជ ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​មួយ​របស់​សហ​រដ្ឋ​អាមេរិក​បាន​អំពាវនាវ​ឲ្យ​តុលាការ​កម្ពុជា​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​រូប​លោក។​ ប៉ុន្តែ​មន្ត្រី​ផ្លូវ​ការ​របស់​រដ្ឋាភិបាល​និយាយ​ថាការ​អំពាវនាវ​របស់​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​នេះ​មិន​មាន​អត្ថ​ន័យ​គួរ​ពិចារណា​នោះ​ទេ។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human Rights Watch ​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជាទម្លាក់​ចោលបទ​ចោទ​ប្រកាន់​ប្រឆាំង​លោក​ នុត ពេជ​ ​អតីត​មន្ត្រីនយោបាយ​មូល​ដ្ឋាន​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ ដែល​ទទួល​រង​ការ​រំលាយ​ចោល។​

សកម្ម​ជន​នយោបាយ​អាយុ​៦៣​ឆ្នាំ​រូប​នេះ​ត្រូវ​អាជ្ញាធរ​ខេត្ត​កំពត​ចាប់​ខ្លួនកាល​ពី​ថ្ងៃទី​១៧​ខែ​សីហា​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទមិន​អនុវត្ត​សេចក្តី​សម្រេច​របស់​តុលាការ​ (ប្រឆាំង​សាលដីកា​របស់​តុលាការ​កំពូល)​ ប្រមូល​ផ្តុំ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍ ​ប្រព្រឹត្ត​នៅ​ស្រុក​ដងទង់​ ខេត្ត​កំពត​ កាល​ពី​ខែ​មេសា​ ឧសភា​ឆ្នាំ​២០១៩។​

តុលាការ​ជាន់​ខ្ពស់​នេះ​បាន​សម្រេច​រំលាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ​២០១៧។​

ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​កាល​ពី​ល្ងាច​ថ្ងៃ​ច័ន្ទ​ ​អង្គការ ​Human Rights Watch​ លើក​ឡើង​ថា​ «អាជ្ញាធរ​កម្ពុជាគួរ​ទម្លាក់​ចោល​រាល់​ការ​ចោទ​ប្រកាន់​ដែល​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ​ប្រឆាំងលោក​នុត ពេជ​ វ័យ​៦៣​ឆ្នាំនិង​ដោះ​លែង​រូបគាត់​ដោយ​គ្មាន​លក្ខខណ្ឌ»។​

កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​ ​សាលា​ដំបូង​ខេត្ត​កំពត​បាន​ចេញ​ដីកា​តាម​ចាប់​ខ្លួន​លោក​នុត ពេជ ​ក្រោយ​ពីលោកជួប​ជុំ​បរិភោគ​នំ​បញ្ចុក​ជាមួយ​សកម្ម​ជន​នយោបាយ​របស់​អតីត​បក្សសង្គ្រោះ​ជាតិ​ក្រោយ​ពី​តុលាការ​កំពូល​ចេញ​សាល​ដីកាសម្រេច​រំលាយ​គណបក្ស​ជំទាស់​នេះ​ចោល។​

លោក Phil Robertson ​នាយករង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ប្រ​ចាំ​តំបន់​អាស៊ី​ ត្រូវ​បាន​គេ​ស្រង់​សម្តី​ក្នុង​ន័យ​ដើម​ថា៖ ​«អាជ្ញាធរ​កម្ពុជា​បាន​ប្រើ​សកម្ម​ភាពច្រងេង​ច្រងាង​ដើម្បី​រក​ការ​ចោទ​ប្រកាន់​មក​លើ​លោក​នុត ពេជ​ ដែល​គា្រន់​តែអនុវត្ត​សិទ្ធិ​មូលដ្ឋាន​របស់​គាត់​ដើម្បី​សេរីភាព​បញ្ចេញ​មតិ​ និង​ការ​ជួប​ជុំ​ប៉ុណ្ណោះ»។​

លោក​ជិន ម៉ាលីន​ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ វាយ​បក​ទៅ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​វិញ​ថា​ សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​នេះគ្មាន​តម្លៃ​ណា​មួយ​ដែល​អាច​យក​មក​ពិចារណា​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​នោះ​ទេ។
«បើ​សិន​ជា​គាត់​ចង់​ជួយអ្នក​ទាំងអស់​នេះ​គឺ​មាន​តែ​ចូលរួមក្នុង​ដំណើរ​ការ​នីតិវិធី​តុលាការ​ ហើយ​ធ្វើការ​ការ​ពារ​ក្តី​តាម​ផ្លូវ​ច្បាប់​ទៅដើម្បី​បញ្ជាក់​ថា​ សកម្ម​ជន​មិន​បាន​ធ្វើ​សកម្ម​ភាព​បំពានសាលដីកា​របស់​តុលាការ​ ឬ​មួយ​ក៏​មិន​មាន​ពិរុទ្ធ​ដូចអ្វី​ដែល​គេ​ចោទ​នោះ​ទេ​ បាទ»។​

រហូត​មក​ទល់​ពេល​នេះ​ ​ចំនួន​អតីត​សកម្មជន​នយោបាយ​គណបក្ស​សង្គ្រោះ​ជាតិបាន​កើន​ដល់​ចំនួន​១៥៦​នាក់​ហើយ​ដែល​ត្រូវ​តុលាការ​ក្នុង​ខេត្ត​មួយ​ចំនួន​កោះ​ហៅ​ដើម្បី​សាក​សួរ​ទាក់​ទង​នឹងការ​ចោទ​ប្រកាន់​អំពី​ការ​រំលោភ​លើ​សាល​ដីកា​រំលាយ​គណបក្ស​ប្រឆាំង។​

លោក​អំ សំអាត ​នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​ និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ (Licadho)​ ​បាន​ប្រាប់​ VOA ​បន្ថែម​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ មាន​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​១០​នាក់ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​សារ​ការ​ជួប​ជុំ​ថ្លែង​សារ​នយោបាយ​ គាំទ្រ​ក្រុមមេដឹក​នាំ​អតីតគណបក្ស​ប្រឆាំង​ ដោយ​សារ​នយោបាយ​ខ្លះ​ផ្តោត​សំខាន់​លើ​ការ​វិល​ត្រឡប់​មក​វិញ​របស់​លោក​សម រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ។​

«ទោះ​បី​ជា​យើង​ឃើញ​ថា​ សហគមន៍​អឺរ៉ុបដែល​គេដាក់​បាន​ន័យ​ថា​ គេ​សុំ​ឲ្យ​កម្ពុជា​យើង​ស្តារ​ឡើង​វិញ​លទ្ធិ​ប្រជា​ធិបតេយ្យ​ សិទ្ធិ​មនុស្សក្នុង​ហ្នឹង​បាន​លើក​ឡើង​អំពី​ការ​ធ្វើ​ទុក្ខ​បុកម្នេញទៅ​អតីត​គណបក្ស​ប្រឆាំង​ហ្នឹង​ផង​ដែរ​ក៏​ដោយ​ ​ក៏​ប៉ុន្តែ​អាករណី​នេះ​យើង​ឃើញ​ថា​ នៅតែ​មាន​ការ​កើត​ឡើងបន្ត​ទៅ​ទៀត»។​

លោក​ស៊ឹង សែន​ករុណា​ អ្នក​នាំ​ពាក្យ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ មាន​ប្រសាសន៍​ថា ​សកម្ម​ភាព​របស់​លោក​នុត ពេជមិន​គួរ​រង​ការ​ធ្វើ​បាប​ពី​អាជ្ញាធរ​កម្ពុជា​នោះ​ទេ​ ដោយ​សារ​តែ​អតីត​មន្ត្រី​គណបក្ស​ប្រឆាំង​រូប​នេះ​ អនុវត្ត​សិទ្ធិ​នយោបាយ​របស់​លោក​តែ​ប៉ុណ្ណោះ៕