ក្រុម​សិទ្ធិ​មនុស្ស​ស្នើ​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ស្មើៗ​គ្នា​ដល់​អ្នក​សុំ​សិទ្ធិ​ជ្រក​​​​​​​​​​​​​​​​​​​កោន

រូបឯកសារ៖ ក្រុម​បុរស​ជនជាតិ​ដើម​តំបន់​ភ្នំ​វៀតណាម ឬ Montagnard ដើរ​តាម​ផ្លូវ​ចេញ​ពី​តំបន់​ព្រៃ​ជ្រៅ​នៅចម្ងាយ​​ប្រមាណ​៧០​គីឡូម៉ែត្រ​ភាគ​ឦសាន​​ក្រុង​បានលុង​​ទី​រួម​ខេត្ត​រតនគីរី​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០០៤។

ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​ នៅ​ថ្ងៃអង្គារ​នេះ ​បាន​ស្នើឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទទួលយក​ និង​មើល​ថែ​ទាំ​ឲ្យ​ស្មើភាព​គ្នា​រវាងជន​ជាតិកុល​សម្ព័ន្ធ​ភ្នំ​ភាគតិច​វៀតណាម​ ឬ​ម៉ុងតាញ៉ា​ និង​ជនភៀស​ខ្លួន​ដទៃ​ ដោយ​ផ្តល់ឱកាស​ដល់​ជនជាតិ​ ដែល​គេច​ពី​ប្រទេស​វៀតណាម​ទាំង​នោះ ​មាន​លទ្ធភាព​ទទួល​បាន​ឋានៈ​ជា​ជនភៀស​ខ្លួន​ដើម្បី​តាំង​ទីលំនៅ​ក្នុង​ប្រទេស​កម្ពុជា។​

ការ​ស្នើរបស់​ពួក​គេ​ធ្វើ​ឡើង​ នៅ​គ្រា​ដែល​ជនជាតិ​ម៉ុងតាញ៉ា​បន្ត​ហូរ​ចូល​មក​ប្រទេស​កម្ពុជា​កាន់​តែ​ច្រើន​ ដោយ​សារ​ការ​ធ្វើ​ទុក្ខបុក​ម្នេញ​ពី​អាជ្ញាធរ​វៀតណាម​ និង​ក្រោយ​ពេល​ដែល​អាជ្ញាធរ​កម្ពុជា​បាន​ទទួល​យកជន​ភៀស​ខ្លួន​បួន​រូប​ដំបូង​ពី​កោះ​ណូរូ​ ដោយយក​ចិត្ត​ទុក​ដាក់​បំផុត។​

លោក​ ឆាយ​ ធី​ អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទិ្ធ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​រតនគីរី​ បាន​ឲ្យ​ដឹង​ថា​ រដ្ឋាភិបាល​កម្ពុជា​ពុំ​បាន​ផ្តល់​ភាព​ស្មើគ្នា​ដល់​ជន​ស្វែង​រក​សិទ្ធិ​ជ្រកកោន​ ​ដែល​មក​ពី​ប្រទេស​វៀតណាម ​និង​ជន​ភៀសខ្លួន​មក​ពីអូស្រ្តាលី​ទេ​ ដោយរដ្ឋាភិបាលបាន​រឹត​បន្តឹង​ដល់​ការ​ទទួល​បាន​សិទ្ធិ​ជាជន​ភៀស​ខ្លួន​ដល់​អ្នកដែល​មក​ពី​ប្រទេស​វៀតណាម។​

«ការ​អនុវត្ត​ច្បាប់​ស្តី​ពី​អនុ​សញ្ញា​ស្តីពី​សិទ្ធិ​ជន​ភៀស​ខ្លួន ​វាមាន​ភាព​ខុស​គ្នា។ ​វា​អត់​ស្មើ​គ្នា​ បាន​ន័យ​ថា ជន​ភៀស​ខ្លួន​ដែល​ខ្មែរ​យើង​ត្រូវ​តែ​អនុវត្ត​ទទួល​យក​ពី​អូស្រ្តាលី​មក​គឺ​យើង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង។​ ប៉ុន្តែ​ជនភៀស​ខ្លួន​ដែល​មក​ពី​វៀតណាម​ យើង​ឃើញ​មាន​ការ​រឹត​ត្បិត​រហូត​ដល់​ចោទ​ជនភៀស​ខ្លួន​ហ្នឹង​ថា​ ជា​អន្តោប្រវេសន៍​ខុស​ច្បាប់អី​ជា​ដើម​ហ្នឹង។ ​យើង​ឃើ​ញ​ច្បាប់​តែមួយ​ ប៉ុន្តែ​អនុវត្ត​ហាក់បី​មាន​ខ្ពស់ទាប»។​

លោក​ឆាយ​ ធីសង្កត់​ធ្ងន់​ថា ​លោក​ចង់​ឃើញ​រដ្ឋាភិបាល​មិន​មាន​ការ​រើស​អើង​ទៅ​លើ​ការ​ផ្តល់​ឱកាស​ឲ្យដល់​ជនជាតិ​ម៉ុងតាញ៉ា​ទទួល​បាន​សិទ្ធិ​ជា​ជន​ភៀស​ខ្លួន​រស់​នៅក្នុង​ប្រទេស​កម្ពុជា​ ខណៈពេល​ដែល​ពួក​គេ​ពុំមាន​ការ​ជួយ​ឧបត្ថម្ភ​ពី​ប្រទេស​ទីពីរ​ ដូច​ជនភៀស​ខ្លួន​បួន​រូប​ដំបូង​ដែល​គេ​បញ្ជូន​ពីអូស្ត្រាលី​មក​កម្ពុជា​នា​ពេល​ថ្មីៗ​នេះ។​

«យើង​ឃើញ​ហើយ​កន្លងមក​ ​ជនភៀស​ខ្លួន​មក​ជិត​មួយ​រយ​នាក់​ តែ​ការ​ប្រកាស​ឲ្យ​ជាប់​ជា​ជន​ភៀស​ខ្លួន​តែ​១៣​នាក់​ទេ។​ ក្រៅ​ពី​ហ្នឹង​អត់​បាន​ទទួល​ស្គាល់​គាត់​ទៀត​ផង​ រហូត​ដល់​គាត់​រត់​ទៅ​ភ្នំ​ពេញ​ដោយ​ផ្ទាល់​ មិន​មាន​ការ​សហការ​ជាមួយអ.ស.ប.​ដើម្បី​ចុះ​មក​ទទួល​គាត់​នៅ​ក្នុង​ព្រៃ​ទេ។​ នេះ​យើង​ឃើញ​ថា ​ហាក់​បី​ដូច​ជា​មាន​ការ​រើស​អើង​ថា​ ជន​ភៀស​ខ្លួន​ដែល​មក​ពី​វៀតណាម​មិន​ចង់​ទទួល​យក​ បែរ​ជា​ជន​ភៀស​ខ្លួន​មក​ពី​អូស្រ្តាលី​បែរ​ជា​ត្រូវ​ស្វាគមន៍»។​

ដំណឹង​នៃ​ការ​បន្ត​ចូលមក​របស់​ជនជាតិ​ម៉ុងតាញ៉ា​នេះ​គឺ​នៅតែ​កើត​មាន​ដោយអ្នក​ភូមិ​ជនជាតិ​ចារ៉ាយម្នាក់​រស់​នៅ​ក្នុង​ស្រុក​អណ្តូង​មាស​ ខេត្ត​រតន​គីរី​បញ្ជាក់​ប្រាប់វីអូអេ​ថ្ងៃ​នេះដែរថា​ មាន​ជនជាតិ​ម៉ុងតាញ៉ា​ពីរ​នាក់​ទៀត​បាន​ហែល​ទឹក​ឆ្លង​ទន្លេ​សេសាន​ពី​ត្រើយ​ម្ខាង​នៃ​ប្រទេស​វៀតណាម​ចូល​មក​ក្នុង​ខេត្ត​រតនគីរី​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ។​

លោក​អំ សំអាត​ អ្នក​គ្រប់​គ្រង​បច្ចេក​ទេស​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ​ ពន្យល់​ថា​ រដ្ឋាភិបាល​កម្ពុជា​គួរ​កុំ​ផ្តោត​លើ​ការ​ផ្តល់​សិទ្ធិ​ជ្រកកោន​ដល់​ជនភៀស​ខ្លួន​ជា​ថ្នូរ​ទៅ​នឹង​ជំនួយ ​ឬ​ចំណង​មិត្ត​ភាព​រវាង​ប្រទេស​និង​ប្រទេស​ ដោយ​លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បើក​ទូលាយ​ ផ្តល់​ឱកាស​ស្មើគ្នា​សម្រាប់​ជន​ជាតិ​ម៉ុងតាញ៉ា​ដែល​អាច​បំពេញ​គ្រប់​លក្ខខណ្ខ​ដើម្បី​ក្លាយ​ជា​ជន​ភៀស​ខ្លួន​មាន​សិទ្ធិ​ជ្រកកោននៅ​ក្នុង​ប្រទេស​កម្ពុជា។​

«ខ្ញុំ​គិត​ថា​ កម្ពុជា​យើង​គួ​រ​តែ​ពិនិត្យ​ ពិចារណា​ឲ្យ​បាន​ស្មើភាព​គ្នា​ចំពោះ​ការ​ផ្តល់​ឋានៈ​ជា​ជន​ភៀស​ខ្លួន​ដើម្បី​មាន​សិទ្ធិ​ជ្រក​កោន​នៅ​កម្ពុជា​យើង។​ យ៉ាង​ហោច​ក៏​យើង​មាន​កិច្ច​សម្ភាសន៍ថា ​តើ​គាត់​ជា​ជនភៀស​ខ្លួន​ ហើយ​អាច​ទទួលឋានៈ​ជា​ជនភៀស​ខ្លួន​ដែរ​ឬ​អត់»។​

ការ​ស្នើរបស់​ក្រុម​សកម្ម​ជន​សិទ្ធិ​មនុស្ស​គឺ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​លោក​ឯក​អគ្គ​រដ្ឋ​ទូត​សហ​រដ្ឋ​អាមេរិកប្រចាំ​នៅ​កម្ពុជា​គឺ​លោក ​William E. Todd​ បាន​សរសេរ​នៅ​ក្នុង​ទំព័រ​ទស្សនៈ​របស់​លោក​ទាក់​ទង​នឹង​បញ្ហា​ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា​ ដោយ​លោក​ផ្សារ​ភ្ជាប់​ការ​អនុវត្ត​ច្បាប់​ឈរ​លើ​គោល​ការណ៍​ស្មើ​ភាព​ក្នុង​ការ​ទទួល​យក​ជនភៀស​ខ្លួន​ ដែល​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ប្រទេស​ដែល​ជា​នីតិរដ្ឋ។​

លោក​បាន​សរសេរ​ថា៖​«នៅ​ក្នុង​កម្រិត​មូលដ្ឋាន​បំផុត នីតិ​រដ្ឋ​សំដៅ​ដល់ការ​ធ្វើ​ឲ្យ​មនុស្ស​ និង​ស្ថាប័ន​នានា ​រួម​ទាំង​រដ្ឋាភិបាល​ ត្រូវ​មាន​ការ​ទទួល​ខុសត្រូវ​ដល់ច្បាប់​ទាំង​ឡាយ​ណា​ដែល​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​ជា​សាធារណៈ ​ហើយ​អនុវត្ត​ឲ្យ​ស្មើភាព​គ្នា​ និង​កាត់​សេចក្តី​ដោយ​ឯករាជ្យ»។​

លោក​បន្ថែម​ថា៖ ​«ជាង​នេះ​ទៅទៀត​ នីតិ​រដ្ឋ​គឺ​និយាយ​អំពី​ភាព​ត្រឹមត្រូវ​ ដំណើរ​ការ​នៃ​នីតិ​វិធី​មាន​តម្លាភាព​ ការ​មើល​ថែទាំ​ដោយ​ស្មើភាព​គ្នា​ និង​ការ​កាត់​សេចក្តី​ដោយ​មិន​លម្អៀង»។​

ទាក់​ទង​នឹង​ការ​លើក​ឡើង​របស់​ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​ក៏ដូច​លោក​ឯក​អគ្គ​រដ្ឋទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ដែល​ចង់​ឃើញ​រដ្ឋាភិបាល​ផ្តល់​ភាព​ស្មើ​គ្នា​ដល់​ជនជាតិ​ម៉ុងតាញ៉ា​ក្នុង​ការ​ទទួល​បាន​សិទ្ធិ​ជនភៀស​ខ្លួន​នេះ​ លោក​នាយ​ឧត្តម​ខៀវ​ សុភ័គ​បាន​បកស្រាយ​ថា៖​

«ពិនិត្យ​ករណី​ឲ្យ​បាន​ច្បាស់​លាស់​សិន​ថា ​ជា​ម៉ុងតាញ៉ា​ពិត​ប្រាកដ​ ឬ​ក៏​ជា​អ្នក​ដែល​រត់​ចូល​តាម​ការ​អូស​ទាញ​ ឬ​ក៏​តាម​ការ​ទាក់ថ្ពក់​ ​ហើយ​មួយ​វិញ​ទៀត​ យើង​អាចកំណត់​ថា​ ការ​រត់​ចូល​តាម​រយៈ​ការ​រត់​ពន្ធ​ចរាចរមនុស្ស​ ​traffic in person ការ​ជួញ​ដូរ​មនុស្ស។ ​យើង​មើល​អា​ហ្នឹង​ឲ្យ​ច្បាស់​សិន»។​

នៅ​ក្នុង​ខែ​មិនា​កន្លង​ទៅ​ ក្រសួង​មហាផ្ទៃ​បាន​ទទួល​ស្គាល់​ជនជាតិ​ម៉ុងតាញ៉ា​តែ​១៣​នាក់​ប៉ុណ្ណោះ​ជា​ជន​ភៀស​ខ្លួន​ពេញ​សិទ្ធ​ និង​បើក​ឱកាស​ឲ្យ​ពួក​គេ​អាច​ទៅ​រស់​នៅ​ប្រទេស​ទី​៣​ណា​មួយ​ ដែលផ្តល់​ជម្រក​ដល់​ពួក​គេ។​ ហើយ​អ្នក​ស្វែងរក​សិទ្ធិ​ជ្រកកោន​ជាង​១០០​នាក់​ផ្សេង​ទៀត​នៅ​មិន​ទាន់​មាន​ឋានៈ​ច្បាស់​លាស់​នៅ​ឡើយ។​

ដោយឡែក ចាប់​តាំង​ពី​កក្កដា​ឆ្នាំ​២០១៤មក​ដល់​ពេល​នេះ ​អាជ្ញាធរ​កម្ពុជា​បាន​បញ្ជូន​ចេញ​ជន​អន្តោប្រវេសន៍​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​គ្មាន​ច្បាប់​ទម្លាប់​ចំនួន​ជាង​២.០០០​នាក់។​ នេះ​បើយោង​ទៅ​តាម​គេហ​ទំព័រ​ព័ត៌មាន​របស់​នគរបាល​ជាតិ​ និង​មន្ត្រី​របស់​ក្រសួង​មហា​ផ្ទៃ។​ ​ ភាគច្រើន​នៃ​ជនទាំងនោះ​គឺ​ជា​ជនជាតិ​វៀតណាម។ ​រី​ឯ​ជនជាតិ​ម៉ុងតាញ៉ា​មិន​ស្ថិតក្នុង​ចំណោម​ពួក​គេ​នោះ​ទេ៕​