ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ផ្តល់​ការ​គាំទ្រ​ដល់​ការ​លើក​កម្ពស់​សិទ្ធិ​ខ្មែរ​ក្រោម

អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ (ហ៊ុល រស្មី/VOA)

ប្រទេស​ចំនួន៣​​ ដែល​បាន​លើក​ឡើង​អំពី​បញ្ហា​សិទ្ធិ​ពលរដ្ឋ​ខ្មែរក្រោម​ រួមមាន​ ប្រទេស​តូហ្គូ​នៅ​​តំបន់​អាហ្វ្រិក​ខាង​លិច​ ប្រទេស​ម៉ិកសិក​​នៅ​​តំបន់​អាមេរិក​ខាង​ជើង​ និង​ប្រទេស​អេស្ប៉ាញ​​នៅ​ប៉ែក​អឺរ៉ុប។​

នៅ​ពេល​មាន​ការ​លើកសំណើពី​តំណាង​ពលរដ្ឋ​ខ្មែរ​ក្រោម​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​សម្រួល​ដល់​ពលរដ្ឋខ្មែរ​ក្រោម​ឲ្យ​បាន​ចុះ​បញ្ជី​កំណើត​ និង​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណសំគាល់​ខ្លួន​ជា​ជនជាតិខ្មែរនៅ​ឯ​អង្គការ​សហប្រជាជាតិ​នោះ​ ​ប្រទេស​ចំនួន​៣​ បាន​ផ្តល់​អនុសាសន៍​សំខាន់ៗ​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​សិទ្ធិ​ខ្មែរ​ក្រោម​នេះ​ ក្នុង​នោះ​មានការ​អនុម័ត​យក​វិធាន​ការ​ចាំបាច់​ទាំង​អស់ដើម្បី​ធានា​ថា​ អ្នក​ដែលចាប់​កំណើត​នៅ​កម្ពុជាអាច​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ ហើយ​មាន​សិទ្ធិ​ទទួល​ឯកសារ​អត្ត​សញ្ញាណ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ចំនួន​៤​ ដែល​ធ្វើ​ការ​ពង្រឹង​ការ​គោរព​សិទ្ធិ​មនុស្ស​ទូទៅ​ និង​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ក្រោម​ ក៏​ដូច​ជា​ការ​លើក​កម្ពស់​សិទ្ធិ​របស់ពល​រដ្ឋជនជាតិ​ដើម​ភាគតិច​ បាន​ចូលរួម​ជាមួយ​អង្គការ​សមាគម​ខ្មែរ​ក្រោម​ចំនួន​៥​ ដើម្បី​ផ្តល់​ការ​គាំទ្រ​ដល់ប្រទេស​ជា​សមាជិក​អង្គការ​សហ​ប្រជាជាតិ​ចំនួន​៣​ដែល​បាន​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​លើ​សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរក្រោម។​ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​រួមមួយ​ដែល VOA ទទួល​បាន។​

ប្រទេស​ចំនួន៣ ដែល​បាន​លើក​ឡើង​អំពី​បញ្ហា​សិទ្ធិ​ពលរដ្ឋ​ខ្មែរក្រោម​ រួមមាន​ ប្រទេស​តូហ្គូ​នៅតំបន់​អាហ្វ្រិក​ខាង​លិច​ ប្រទេស​ម៉ិកសិកនៅតំបន់​អាមេរិក​ខាង​ជើង​ និង​ប្រទេស​អេស្ប៉ាញនៅ​ប៉ែក​អឺរ៉ុប។​

ប្រទេស​ទាំង​៣​បាន​ផ្តល់​អនុសាសន៍​៣​សំខាន់ៗ​ ដែល​មាន​ទំនាក់​ទំនង​នឹង​ការការ​ពារ​សិទ្ធិ​ខ្មែរ​ក្រោម​ នៅ​ពេល​ប្រទេស​ទាំង​នេះ​បាន​ចូលរួម​ពិនិត្យ​របាយ​ការណ៍​ជា​សាកល​តាម​កាល​កំណត់ ​ឬ​ហៅថា​ UPR​ លើក​ទី​៣២​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​នៅ​ឆ្នាំ​២០១៩​នេះ។​

សេចក្តី​ថ្លែង​ការណ៍​រួម​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ និង​សមាគម​ចំនួន​៩​ ក្នុង​នោះ​មានសមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស​ និង​អភិវឌ្ឍន៍​ (KKKHRDA)​អង្គការ​ការ​ពារ​សិទ្ធិ​ជនជាតិ​ភាគតិច​ (MIRO) ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (CCHR)​ និង​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ (KKKC) ​ចុះថ្ងៃទី២៨ខែ​មីនា​ បាន​សរសេរ​ថា​ ប្រទេស​ទាំង៣បាន​ផ្តោត​ទៅ​លើ​បញ្ហា​ជាច្រើន​ រួមមានការ​ប្រឆាំង​នឹង​ការ​រើស​អើង​ពូជសាសន៍​ និង​ការ​ចុះបញ្ជី​កំណើត​ពលរដ្ឋ​ដែល​កើត​នៅ​លើ​ទឹកដីប្រទេស​កម្ពុជា។​

សេចក្តី​ថ្លែង​ការណ៍​ដដែល​បាន​ឲ្យ​ដឹង​អំពី​អនុសាសន៍​របស់​ប្រទេស​ទាំង​៣​ដែល​អនុសាសន៍​ទាំង​នោះ​រួម​មាន៖​

«បង្កើន​កិច្ច​ខិត​ខំ​ប្រឹងប្រែង​ដើម្បី​ប្រឆាំង​នឹង​ការ​រើស​អើង​ជនជាតិ​ភាគតិច​ រើស​អើង​ពូជ​សាសន៍​ ហើយ​បង្កើត​ផែន​ការ​សកម្ម​ភាព​ជាតិ​ប្រឆាំង​នឹង​ការ​រើស​អើង​និង​ប្រកាន់​ពូជ​សាសន៍​ […] ​ពង្រឹង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​ធានា​ការ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​កំណើត​សម្រាប់​មនុស្ស​ទាំងអស់​ដែល​កើត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ រួមមាន​ជនជាតិ​ភាគតិច​ និង​ប្រជាជន​ដែល​មាន​ការ​ពិបាក​ក្នុង​ការ​ចុះឈ្មោះ​ដូច​ជា​សហគមន៍នៅ​តាម​ព្រំដែន[...]​ អនុម័ត​យក​វិធាន​ការ​ចាំបាច់​ទាំង​អស់​ដើម្បី​ធានា​ថា​ អ្នកដែល​កើត​នៅក្នុង​ប្រទេស​កម្ពុជាអាច​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ ហើយ​មាន​សិទ្ធិ​ទទួល​ឯកសារ​អត្តសញ្ញាណ​ផង​ដែរ»។​

លោក​សឺន ជុំជួន​ អគ្គ​លេខាធិការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោមដើម្បី​សិទ្ធិ​មនុស្ស​ និង​អភិវឌ្ឍន៍ ​បានប្រាប់​ VOA​ នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ អនុសាសន៍​ដែល​ប្រទេស​ទាំង​នេះ​ បាន​លើក​ឡើងគឺស្រប​នឹង​ការចង់​បាន​របស់​បងប្អូន​ខ្មែរ​ក្រោម​ ដែល​លោក​អះអាង​ថា​ នៅ​ប្រឈម​ផលវិបាក​មួយ​ចំនួន​ក្នុង​ការ​ចុះ​បញ្ជី​កំណើត​ ឬក៏ការ​ធ្វើ​លិខិត​បញ្ជាក់​អត្ត​សញ្ញាណ​ជា​ជន​ជាតិខ្មែរ។

លោក​ថា​ ការណ៍​នេះ​ផ្ទុយ​នឹងការ​លើក​ឡើង​ថា​ «ខ្មែរ​ក្រោម​គឺ​ជា​ខ្មែរ​តែមួយ»។​

«បើ​យើង​និយាយ​ទៅ​តាម​គោល​នយោបាយ​របស់​រដ្ឋ​ គាត់​តែងតែ​លើក​ឡើង​ថា​ ខ្មែរ​ក្រោម​មកពី​កម្ពុជា​ក្រោម​ មក​ដល់​កម្ពុជា​គឺ​ជា​ខ្មែរ​ ដូច្នេះ​ហើយ​ យើង​បាន​អំពាវនាវ​ទៅ​ដល់​រដ្ឋាភិបាលហ្នឹង​ឲ្យ​គាត់​មាន​ចែង​ឲ្យ​ច្បាស់​នៅ​ក្នុង​គោល​នយោបាយ​របស់​រដ្ឋ​ ចែង​ឲ្យច្បាស់​នៅ​ក្នុងច្បាប់​របស់​រដ្ឋ​ នៅក្នុង​ការ​ទាក់ទងអា​រឿង​អត្ត​សញ្ញាណ​ប័ណ្ណ ទាក់​ទង​អារឿង​ការ​ចុះ​បញ្ជី​កំណើត​ [អី​ជា​ដើម​នៅ​ក្នុង​ហ្នឹង]។ ​យើង​បាន​សំណូមពរ​ទៅ​ដល់​ពួកគាត់​ជារឿយៗ​ ហើយ​ដូច្នេះ​ វាពាក់​ព័ន្ធ​ទៅ​នឹង​អនុសាសន៍​ហ្នឹង​ក៏យើង​បាន​ស្នើ​ផង​ដែរ»។​

តំណាង​ពលរដ្ឋ​ខ្មែរ​ក្រោម​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា​ អាជ្ញាធរ​មូលដ្ឋាន​បាន​បន្ត​សហការ​ជាមួយ​ខាង​ពលរដ្ឋ​ខ្មែរក្រោម​ ដើម្បី​បញ្ជាក់​ឯកសារ​មួយ​ចំនួន​ដល់​ពល​រដ្ឋ​ខ្មែរ​ក្រោមដើម្បី​អនុញ្ញាត​ឲ្យពួក​គាត់​បាន​រស់​នៅ​ប្រទេស​កម្ពុជា។ ​ក៏​ប៉ុន្តែ​លោក​ថា​ ពលរដ្ឋ​ខ្មែរ​ក្រោម​ទាំង​នោះនៅ​ប្រឈម​នឹង​ផលវិបាក​ ពេល​ពួក​គាត់​ទៅ​ធ្វើ​លិខិត​រដ្ឋបាល​ផ្សេងៗ​ទៀត​ផង​ដែរ​ តួយ៉ាង​ដូច​ជា​លិខិត​អត្រា​នុកូលដ្ឋាន​ជា​ដើម។

យ៉ាង​ណា​ក្តី​ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ​មួយ​រូប​បាន​ថ្លែង​ថា​ រដ្ឋាភិបាល​កម្ពុជា​ ចាត់​ទុក​ និង​ស្រឡាញ់ពល​រដ្ឋ​ខ្មែរ​ក្រោម​ ដូចជា​បង​ប្អូន​បង្កើត។​ តែ​ការ​ចុះ​បញ្ជីកំណើត​ ឬ​ក៏​ធ្វើ​ប័ណ្ណ​សម្គាល់​ខ្លួន​ជា​ជនជាតិ​ខ្មែរ​នោះតម្រូវ​ឲ្យ​មាន​ការ​បញ្ជាក់​អាសយដ្ឋាន​បច្ចុប្បន្ន​ពិត​ប្រាកដ​ និង​ឯកសារ​បញ្ជាក់​ពី​ទី​កន្លែង​កំណើត។​

នាយ​ឧត្តម​សេនីយ៍​ខៀវ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ មាន​ប្រសាសន៍​ថា​ មន្ត្រី​ទទួល​បន្ទុក​ចុះ​បញ្ជី​កំណើត​ និង​ធ្វើ​ប័ណ្ណ​សម្គាល់​ខ្លួននឹង​មិន​ស្ទាក់​ស្ទើរ​ចិត្តដើម្បី​បំពេញ​កិច្ចការ​ទាំង​អស់​នេះ​ ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម​នោះទេ​ ​ប្រសិន​បើពួក​គាត់ បំពេញ​បាន​លក្ខខណ្ឌ​ដូច​បាន​ពណ៌នា​ខាង​លើ​នេះ។​

«ការ​ចុះបញ្ជី​ប្រជា​ពលរដ្ឋ​ខ្មែរ​ធម្មតាខ្មែរ​គឺ​ខ្មែរ​ ដូច​យើង​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​អ៊ីចឹង!​ ហ្នឹង​ហើយអត្ត​សញ្ញាណ​ប័ណ្ណ​ ឬទី​កន្លែង​កើត​ ថ្ងៃ​កំណើត​ ហើយ​នឹង​ឈ្មោះ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ ទី​កន្លែង​អាសយដ្ឋាន​ បច្ចុប្បន្ន​ហ្នឹង​ហើយ។ សំខាន់​បំផុត​ ប៉ុណ្ណឹង»។​

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហា​ផ្ទៃ​រូប​នេះ​អះអាង​ថា​ កម្ពុជាគ្មាន​ការ​រើសអើង​លើ​ពល​រដ្ឋ​ខ្មែរ​ក្រោម​នោះ​ឡើយ ពោល​គឺ​កម្ពុជាបាន​ដង្ហែ​តាម​ព្រះ​រាជ​បន្ទូល​របស់​អតីត​ព្រះ​មហា​ក្សត្រខ្មែរ​ព្រះ​បាទសម្តេច​នរោត្តម​សីហនុ​ ដែល​ព្រះអង្គចាត់​ទុកថា​ ពលរដ្ឋ​ខ្មែរ​មក​ពីទឹកដី​កម្ពុជា​ក្រោមគឺ​ជា​ជនជាតិ​ខ្មែរ។​

«ព្រះ​បរមរតន​កោដ្ឋ​ លោក​មាន​បន្ទូល​ហើយ​ ពេល​បងប្អូន​លោក​នៅខាង​ណោះ​ គឺ​ជា​ជនជាតិ​ស្ថិត​ក្រោម​ច្បាប់​គេ​ខាង​ហ្នុង​ទៅ។​ ពេល​ដែល​គាត់​មក​ជា​ខ្មែរ​ មិន​ចាំ​បាច់​សុំ​សញ្ជាតិ​ទេគឺ​ជា​ជន​ជាតិ​ខ្មែរ​ ហើយ​យើង​ប្រកាន់​នូវ​គោល​ការណ៍​ហ្នឹង​ ឲ្យ​គាត់​មាន​ទីលំនៅ​ច្បាស់​លាស់​ទៅ»។​

នាយ​ឧត្តម​សេនីយ៍​ខៀវ សុភ័គថ្លែង​បញ្ជាក់​បន្ថែមអំពី​ការណ៍​ដែល​កម្ពុជា​ គ្មាន​ការ​រើសអើង​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម​យ៉ាង​ដូច្នេះ៖​

«យើង​ដឹង​ស្រាប់​ហើយ​ ខ្មែរ​យើង​ បើ​ខ្មែរ​កម្ពុជា​ក្រោមគាត់​មិន​ចាំបាច់​អី​ ក៏​យើង​បេះ​ដូង​ស្គាល់​គ្នា​ដែរ​ ​មិន​ដែល​មាន​ការ​រើស​អើង​ទេ​ ឲ្យ​តែ​យើង​ចេញ​ពីខ្មែរកម្ពុជា​ក្រោម​ដឹង​តែ​ខ្មែរ​យើងទទួល​ភ្លាម​ទៅហើយ។ ខ្មែរ​កម្ពុជាក្រោម​ ក៏អ៊ីចឹង​ដែរ»។​

រហូត​មក​ដល់​ពេល​នេះមិនទាន់​មាន​ស្ថិតិ​ជាក់​លាក់​បញ្ជាក់​ពី​ចំនួន​ប្រជាជន​ខ្មែរ​ក្រោម​ដែល​បាន​មករស់​នៅ​ ឬ​ក៏​ចាប់​កំណើត​ក្នុង​ប្រទេស​កម្ពុជាទេ។​ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក​សឺន ជុំជួន​ អគ្គ​លេខាធិការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ ដើម្បី​សិទ្ធិមនុស្ស​ និង​អភិវឌ្ឍន៍។​

លោក​សឺន ជុំជួន​បាន​ឲ្យ​ដឹង​ថា​ តាម​ការ​ប៉ាន់ស្មាន​ មាន​ពល​រដ្ឋខ្មែរ​កម្ពុជា​ក្រោម​ចំនួន​ប្រមាណ​ជាង​១​លាន​នាក់កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ក្នុង​នោះ​មាន​ពលរដ្ឋ​ខ្មែរ​ក្រោម​ចំនួន​ពី​២០​ទៅ​៣០​ភាគ​រយ​នៃ​ពលរដ្ឋ​ប្រមាណ១​លាន​នាក់​នោះ​ មិន​ទាន់​មាន​ឯកសារ​បញ្ជាក់​ការ​រស់​នៅ​ស្រប​ច្បាប់​នៅ​កម្ពុជា​នៅ​ឡើយ។​ លោក​ថា​ ពលរដ្ឋ​ខ្មែរ​ក្រោម​ភាគ​ច្រើន​ដែល​ចូល​មក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ គឺ​ជា​អ្នក​លក់​ដូរ​តាម​ចិញ្ចើម​ផ្លូវ​ និង​ជា​អ្នក​ប្រកប​របរ​ជាង​សំណង់​ ឬ​កម្មករ​សំណង់៕