លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធហៅកាត់ថា IDEA បានបង្ហាញការខកចិត្តដែលតុលាការកំពូលបានតម្កល់សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ដែលកាត់ទោសរូបលោកដាក់ពន្ធនាគារចំនួន៤ឆ្នាំកន្លះតាមសាលាឧទ្ធរណ៍នៅក្នុងសំណុំរឿងបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួលកម្មករ កាលពី ១០ ឆ្នាំមុន។
ចៅក្រមតុលាការកំពូល នៅព្រឹកថ្ងៃចន្ទនេះ បានប្រកាសសេចក្តីសម្រេចដោយរក្សាសាលដីការបស់សាលាឧទ្ធរណ៍។ កាលពីកន្លងទៅ លោក វន់ ពៅ បានទាមទារឱ្យតុលាការកំពូលទម្លាក់ការចោទប្រកាន់លើរូបលោក។
លោក វន់ ពៅ ថ្លែងថា ការរំពឹងទុករបស់លោកបាន«រលាយបាត់អស់» ខណៈលោកទន្ទឹងរង់ចាំយុត្តិធម៌ជាង ១០ ឆ្នាំមកហើយ។
លោកប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា៖ «វាជារឿងខកចិត្តហើយជាការសោកស្តាយរបស់ខ្ញុំ»។
ពាក់ព័ន្ធនឹងការធ្វើបាតុកម្មរបស់កម្មករដែលទាមទារដំឡើងប្រាក់ឈ្នួលដល់ ១៦០ដុល្លារ កាលពីឆ្នាំ ២០១៤ លោក វន់ ពៅ ត្រូវបានគេវាយប្រហារបែកក្បាល និងទ្រោមខ្លួន កាលនោះ។ លោក វន់ ពៅ និងអ្នកផ្សេងទៀតត្រូវបានចាប់ខ្លួន និងឃុំខ្លួនក្នុងពន្ធនាគារមួយរយៈ មុននឹងត្រូវបានដោះលែងឱ្យនៅក្រៅឃុំ។ ប៉ុន្តែសំណុំរឿងរបស់លោកនៅតែបន្ត ហើយលោកបានប្តឹងទាស់ជាបន្តបន្ទាប់ រហូតដល់តុលាការកំពូល។
កាលពីកន្លងទៅ រដ្ឋាភិបាលកម្ពុជាបានអះអាងថា ការតវ៉ារបស់កម្មករកាលពីដើមឆ្នាំ ២០១៤ នៅលើកំណត់ផ្លូវវ៉េងស្រេង និងតាមរោងចក្រផ្សេងទៀតធ្វើឡើងដោយខុសច្បាប់ និងមានបំណងផ្តួលរំលំរដ្ឋាភិបាល។ ប៉ុន្តែលោក វន់ ពៅ អះអាងថា ការប្រមូលផ្តុំរបស់កម្មករ កាលពីថ្ងៃទី២ និងទី៣ ខែមករា ឆ្នាំ ២០១៤ គឺជាការធ្វើកូដកម្មទាមទារដំឡើងប្រាក់ឈ្នួលដែលមិនមែនជាការផ្តួលរលំរដ្ឋាភិបាលនោះទេ។
កាលពីជាង ១ ០ឆ្នាំមុន ក្រុមកងកម្លាំងចម្រុះ និងក្រុមទាហានឆ័ត្រយោង ៩១១ បានប្រើហិង្សា ហើយបានបាញ់រះគ្រាប់កាំភ្លើងពិតដែលបណ្តាលឱ្យមនុស្សចំនួន ៤ នាក់ស្លាប់ និងរងរបួសចំនួន ៤៤ នាក់។ កម្មករម្នាក់ឈ្មោះ ខឹម សុផាត បានបាត់ខ្លួនរហូតដល់ពេលបច្ចុប្បន្ននេះ៕