អត្ថបទ​ពន្យល់៖ តើ​បាតុកម្ម​នៅ​មីយ៉ាន់ម៉ា​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​របៀប​ណា?

ក្រុម​បាតុករ​មីយ៉ាន់ម៉ា​នាំ​គ្នា​លើក​ម្រាម​ដៃ​បី​ឡើង​ ក្នុង​ពេល​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​ក្នុង​ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១។

បាតុកម្ម​នៅ​ក្នុងប្រទេស​មីយ៉ាន់ម៉ាប្រឆាំង​នឹង​រដ្ឋប្រហារយោធា​ដែល​បាន​ទម្លាក់​រដ្ឋាភិបាល​លោកស្រី Aung San Suu Kyi ពី​អំណាច បា​នកើនខ្លាំង​ឡើង​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុននេះទោះ​ជា​មាន​កិច្ច​ខិតខំប្រឹង​ប្រែងផ្លូវ​ការដើម្បីធ្វើ​ឱ្យការតវ៉ា​ទាំង​នេះមានការ​ពិបាក​និង​ជាការ​ខុស​ច្បាប់​ក៏​ដោយ។ ត​ទៅនេះ​ជាកា​រពិនិត្យ​មើល​អំពី​ថាតើនរណា​ជា​អ្នក​ចាត់ចែង​បាតុកម្មទាំង​នេះ ​និង​អំពី​ឧបសគ្គ​ដែល​ពួក​គេ​ប្រឈម៖

តើមាន​ការ​អនុញ្ញាត​ឱ្យ​ធ្វើ​បាតុកម្ម​ដែរ​ឬ​ទេ?

ស្ថានការណ៍មិន​ច្បាស់លាស់​ជា​ច្រើន​ថ្ងៃ​កើត​មាន​ ក្រោយ​រដ្ឋប្រហារ​កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​ ដែល​មានរួមបញ្ចូល​ទាំងការប្រកាសស្ថាន​ភាព​មាន​អាសន្នផង​ដែរ។ ប៉ុន្តែ​ដោយ​បាតុកម្មមាន​កាន់​តែ​ច្រើនឡើង​ ហើយរាលដាល​កាន់​តែ​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ​ កាល​ពី​ថ្ងៃចន្ទ ទី៨ ខែ​កុម្ភ:​ កងយោធា​បានចេញអនុក្រឹត្យហាម​ប្រាម​មិន​ឱ្យ​មានការ​តវ៉ាសាធារណៈ​ដោយ​សន្តិវិធីក្នុង​ទីក្រុង​ធំ​បំផុត​ចំនួន​ពីរនៅ​ក្នុង​ប្រទេស។

ការ​ជួប​ប្រជុំ​គ្នា​លើស​ពីប្រាំ​នាក់ និង​ការ​ដង្ហែ​ក្បួន​រថយន្ដ​និង​ម៉ូតូជា​ទង្វើ​ខុស​ច្បាប់ហើយ​បម្រាប​គោចរ​ពី​ម៉ោង៨យប់​ដល់ម៉ោង៤ព្រឹក​ត្រូវ​បានដាក់កំហិតក្នុង​ទីក្រុង​រ៉ង់ហ្គូន និងទីក្រុង Mandalay ដែល​នៅ​ទី​នោះមនុស្ស​រាប់​ម៉ឺន​នាក់បាន​ធ្វើ​បាតុកម្ម​ចាប់​តាំង​ពី​ថ្ងៃសៅរ៍ ទី៦ ខែកុម្ភ:មក។

ការរឹតត្បិតទាំងនេះ​នាំ​ឱ្យ​មាន​កង្វល់​កាន់​តែ​ខ្លាំង​អំពី​លទ្ធភាព​នៃ​ការ​បង្ក្រាបបាតុកម្ម​ដោយ​ហិង្សា។

តើ​នរណា​ជា​អ្នក​ដឹកនាំបាតុកម្ម​ទាំង​នេះ?

ភាគ​ច្រើន​នៃ​បាតុកម្មទាំង​នេះ​កើតមានឡើងដោយ​គ្មាន​ការគ្រោង​ទុក​ជាមុនទេ។

អ្នកស្រី Thinzar Shunlei Yi ដែល​ជា​សកម្មជន​ល្បី​ឈ្មោះមួយ​រូប​បាន​និយាយថា៖ «ចលនា​នេះគ្មាន​មេដឹកនាំ​ទេ​គឺ​ប្រជាជន​ចេញមកតវ៉ា​តាម​ដង​ផ្លូវតាមវិធីផ្ទាល់និងតាម​ឆន្ទៈ​ផ្ទាល់​របស់​ពួក​គេ»។

ក្រុមសកម្មជន បុគ្គលិក សហជីព ​និង​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​មីយ៉ាន់ម៉ា​ព្រម​ជា​មួយ​សមាជិកនៃ​គណបក្ស​សម្ព័ន្ធជាតិដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​របស់​លោកស្រី​ ​Aung San Suu Kyi ផង​ដែរ​ បាន​ចេញ​មកតវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​នេះ។

ភ្លាមៗ​ក្រោយ​ការ​វិលមក​កាន់ការគ្រប់គ្រង​យោធា​ដោយផ្ទាល់​វិញដែល​ប្រទេស​មីយ៉ាន់ម៉ាជូបប្រទះប្រាំ​ទសវត្សរ៍​មក​ហើយ​រហូតដល់​ឆ្នាំ២០១២ ​មាន​ទំព័រ​ Facebook មួយដែល​0មានឈ្មោះ​ថា៖ Civil Disobedience Movement ឬ​ជា​ភាសាខ្មែរ​ថា «ចលនាមិន​ស្តាប់​បង្គាប់​ខាងស៊ីវិល»​ បានចាប់ផ្តើមចេញផ្សាយ​ការ​អំពាវនាវឱ្យ​មានការតវ៉ា​ដោយ​សន្តិវិធី។ នៅ​ពេល​នេះ ទំព័រ​ Facebook នេះមានអ្នកតាមដាន​២សែន៣ម៉ឺននាក់​ហើយ hashtags ទាក់ទង​នឹង​ទំព័រ​នេះត្រូវបានប្រើច្រើនដោយ​អ្នកប្រើ Twitter ក្នុងប្រទេស​មីយ៉ាន់ម៉ា។

ក្រុម​បុគ្គលិក​ពេទ្យក៏​បាន​ចាប់ផ្តើម​យុទ្ធនាការតវ៉ាដោយ​ពាក់​បូ​ពណ៌​ក្រហម​ កាន់បដា​និង​សុំដល់ពួក​បុគ្គលិកសុខាភិបាល​ឯទៀតៗ​កុំ​ឱ្យ​ធ្វើការនៅ​ក្នុងមន្ទីរ​ពេទ្យ​រដ្ឋ។

បាតុកម្ម​តាម​ដងផ្លូវកាល​ពី​ដំណាច់​សប្តាហ៍​មុនមាន​វត្តមាន​នៃ​សមាជិក​សហជីព​ ក្រុម​និស្សិត​ និងក្រុម​ឯទៀតៗ​តំណាងអាជីព​នានាដូច​ជា​ពួក​អ្នក​បើក​ឡាន ពួក​ឧទ្យានបាល ​និងពួក​អ្នក​បោះពុម្ព​សៀវភៅ​ជា​ដើម។

ពលរដ្ឋ​រស់នៅ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន​បាន​សម្តែង​ការប្រឆាំង​របស់​ពួកគេដោយ​គោះឆ្នាំង​ និង​ខ្ទះ​ទូទាំង​ក្រុងនៅពេល​យប់។

បាតុករ​នាំ​គ្នា​កាន់​បដា​ក្នុង​អំឡុងពេល​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​នៅ​ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១។

តើ​អ្វី​ជាឧបសគ្គ?

ឧបសគ្គ​ធំមួយ​ក្នុងបណ្តា​ឧបសគ្គ​នានា​របស់​ក្រុម​បាតុករគឺ​ការប៉ុនប៉ង​ដោយ​ពួក​យោធា​ក្នុង​ការរាំង​ខ្ទប់​ការ​ទំនាក់ទំនង។

ជាដំបូង អាជ្ញាធរ​បាន​រារាំងដល់​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម Facebook ដែល​មានអ្នក​ប្រើ​ជាង២២លាននាក់ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ឬ​ស្មើ​នឹង​៤០%​នៃចំនួនប្រជាជន​សរុប តែ​ប្រជាជន​បានងាក​ទៅ​ប្រើ​បណ្ដាញ​សង្គម​ឯទៀត​វិញ​ដូចជា Twitter ជា​ដើម។

មានការ​ផ្សព្វផ្សាយ​សំណៅចម្លងនៃ​ព័ត៌មានសម្រាប់សន្តិសុខដែល​ខ្លះ​មានប្រភព​ពី​ទីក្រុង​ហុងកុង​ ដោយ​មាន​ការណែនាំ​ពី​របៀប​ទាក់ទង​គ្នា​ប្រកប​ដោយ​សម្ងាត់ និង​ការ​ណែនាំ​អំពី​វិធី​សុវត្ថិភាពក្នុង​ការ​តវ៉ា។

កាលពីចុងសប្ដាហ៍ ពួក​យោធា​បាន​កាត់ផ្តាច់​អ៊ីនធឺណិត និង​សេវា​ទូរសព្ទខ្លះៗ​ជា​បណ្តោះ​អាសន្ន។ ក្រុមបាតុករបាន​ដោះស្រាយ​បញ្ហា​នេះ​យ៉ាង​ឆាប់​រហ័ស ​ដោយ​អ្នក​ខ្លះ​បានប្រើ​ទូរសព្ទចុះឈ្មោះ​ក្នុង​ប្រទេស​ថៃ​ដែល​នៅ​ជិត​ខាង។

អ្នក​ស្រី Clare Hammond ជាអ្នក​ធ្វើ​យុទ្ធនាការជាន់ខ្ពស់របស់ក្រុម​ការពារ​សិទ្ធិ​មនុស្ស​ Global Witness បាន​និយាយ​ថា៖ «នៅ​ពេលអ៊ីនធឺណិត​ត្រូវ​បាន​កាត់ផ្តាច់​ទាំង​ស្រុង​ពេញ​២៤​ម៉ោងកាលពី​ថ្ងៃសៅរ៍ ប្រជាជន​នៅ​តែ​អាច​ទាក់ទង​គ្នា​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ដោយ​ប្រើ​ទូរសព្ទ​និង​សារ»។

សម្រាប់មនុស្ស​ខ្លះ​ដែល​គ្មានសេវា​ទូរសព្ទ ​ឬ​អ៊ីនធឺណិត នៅពេលមាន​ការ​រាំង​ខ្ទប់​នោះ​ការនិយាយ​តៗ​គ្នា​និងបទពិសោធន៍​ពី​ពេល​មុនៗ​បាននាំ​ឲ្យពួក​គេ​ទៅ​កាន់​កន្លែងតវ៉ា​បាន ដែលកន្លែង​ជា​ច្រើនជា​កន្លែងដដែលៗ​នៅ​ក្នុងការ​បះបោរកាលពី​ពេល​មុនៗ​ប្រឆាំងនឹង​ការគ្រប់គ្រងរបស់​យោធា។

តើ​បាតុកម្ម​នឹង​មាន​ធ្វើ​ត​ទៅ​ទៀតឬ​ទេ?

រហូតមក​ដល់ពេល​នេះ ការតវ៉ា​ហាក់ដូចជា​មិនចុះថមថយ​ទេ​ ទោះជាមានការរឹតត្បិត​ថ្មីៗ​លើបាតុកម្មក៏ដោយ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​ក៏​មានជន​ខ្លះ​ខ្វល់ខ្វាយថា​ពួក​យោធា​កំពុង​រៀប​ចំ​ការបង្ក្រាប​ឃោរឃៅដូច​ជាការបង្ក្រាប​ដែល​បានបញ្ចប់​ចលនា​តវ៉ា​កាល​ពីឆ្នាំ១៩៨៨​និង​ឆ្នាំ២០០៧ដែរ។

អ្នកស្រី Linda Lakhdhir ដែល​ជា​ទីប្រឹក្សា​ខាង​ច្បាប់​នៃអង្គការ​ Human Rights Watch បានថ្លែង​ថា​ ពួក​យោធា​អាចព្យាយាម​ប្រើ​អំពើហិង្សាដោយប្រើ​អនុក្រឹត្យ​យោធា​និង​ច្បាប់​ឯទៀតៗ​ដែល​មានស្រេចហើយ​សម្រាប់​ឱ្យ​ឃើញ​ថា​ជា​ការ​បង្ក្រាបជាការ​ត្រឹមត្រូវ។

អ្នកស្រី Linda Lakhdhir បាន​មាន​ប្រសាសន៍​ថា៖ «ច្បាប់ទាំង​នេះប្រហែល​ជា​ច្បាប់​អាក្រក់ និង​បំពាន តែ​ពួក​យោធានឹង​បញ្ជាក់​ថា​ជាការ​ត្រឹមត្រូវក្នុង​ការប្រើ​ច្បាប់​ទាំង​នេះ​ ពីព្រោះ​ពួកគេធ្វើតាមច្បាប់ទាំង​នេះ»។

អាជ្ញាធរបានប្រើ​កាណុង​បាញ់ទឹក​ និង​បាញ់​កាំភ្លើងគ្រាប់​កៅស៊ូ​ដាក់​បាតុករ​ខ្លះ​កាលពី​ថ្ងៃ​អង្គារ​ ទី​៩ ខែកុម្ភៈ ហើយ​ការណ៍នេះបាន​បង្កើន​ភាពតានតឹង៕

ប្រែ​សម្រួលដោយ​លោក​ ឈឹម សុមេធ