ខេត្តព្រះសីហនុ — គ្មានទីកន្លែងណាដែលបង្ហាញពីឥទ្ធិពលចិនទៅលើកម្ពុជា ល្អជាងក្រុងព្រះសីហនុ ដែលជាទីក្រុងកំពង់ផែឆ្នេរសមុទ្រនៅជាប់ឈូងសមុទ្រនោះទេ។ ទីក្រុងនេះមានចម្ងាយប្រមាណ២៣០គីឡូម៉ែត្រ ប៉ែកនិរតីនៃរាជធានីភ្នំពេញ។
នៅថ្ងៃពុធ ម៉ោង៩យប់ ខែតុលាកន្លងទៅ អ្នកយកព័ត៌មាន VOA ផ្សាយក្នុងភាសាចិន បានចូលទៅក្នុងអគារជាន់ទី១នៃកាស៊ីណូ Oriental Pearl ដែលតុបតែងយ៉ាងល្អប្រណិត ហើយបានឃើញជនជាតិចិនជាក្រុមៗ រវល់ជជែកគ្នានិងលេងល្បែងនៅទីនោះ។
ភ្ញៀវជាច្រើនកំពុងអង្គុយ និងខ្លះទៀតឈរពីក្រោយ អើតមើលគេលេង និងជួលកាលចូលទៅលេងនឹងគេដែរ។ ភ្ញៀវខ្លះទៀត ដើរក្រវែលចុះឡើង។
ស្ត្រីវ័យកណ្ដាលម្នាក់ ដែលស្លៀកពាក់ធម្មតា ស្ពាយកាបូបពីចំហៀង បានដើរចូលទៅតុល្បែងមួយដែលមិនសូវមានអ្នកលេងកកកុញប៉ុន្មាន ហើយបានចាក់ភ្នាល់១០០ដុល្លារ។ តែមួយប៉ប្រិចភ្នែក លុយ១០០ដុល្លារនោះ ត្រូវមេស៊ីអស់។ ដោយមិនបានបង្ហាញការសោកស្ដាយអ្វីបន្តិច ស្ត្រីរូបនោះ ក៏បានដើរចេញ ហើយទៅចាក់នៅតុមួយទៀត។
ជាប្រទេសក្រីក្រមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ កម្ពុជាក្រោមការដឹកនាំដោយរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្វាគមន៍កម្ចីនិងវិនិយោគទុនចិន ដោយចំហ។
ទស្សនាសេចក្តីរាយការណ៍នេះជាវីដេអូ
Your browser doesn’t support HTML5
ផ្នែកស្នូលមួយនៃគម្រោងផ្លូវពាណិជ្ជកម្មចិន
កម្ពុជាស្ថិតនៅចំកណ្ដាលនៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវដ៏មានមហិច្ឆតារបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង។ ក្រុងព្រះសីហនុ ដែលជាទីតាំងនៃកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា បានក្លាយជាចំណុចប្រសព្វសម្រាប់វិនិយោគទុនចិនក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
ការហូរចូលយ៉ាងគំហុកនូវវិនិយោគិនចិន បានប្រែក្លាយទីក្រុងនេះ ដែលធ្លាប់មានឈ្មោះល្បីល្បាញដោយសារតែឆ្នេរខ្សាច់សក្បុស ហើយបរិយាកាសរំភើយនិងម្ហូបសមុទ្រដែលមានតម្លៃថោក ទៅជាការដ្ឋានសំណង់ដ៏ធំដែលពិបាកគ្រប់គ្រង។
សំណង់អគារខ្ពស់ៗ និងអគារខុនដូរធំៗ ព្រមទាំងកាស៊ីណូដ៏មហិមាដែលមានលើកផ្លាកលម្អដោយភ្លើងភ្លឹបភ្លែតចម្រុះពណ៌ បានបង្ហាញរូបរាងនៅស្ទើរគ្រប់ច្រកល្ហកនៃទីក្រុង ដែលកំពុងតែមានសកម្មភាពសាងសង់យ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ។
ផ្លូវនានាដែលស្ថិតនៅចំកណ្ដាលទីក្រុង ត្រូវបានអមសងខាងដោយហាងនិងភោជនីយដ្ឋានចិន។ ផ្លាកផ្សាយពាណិជ្ជកម្មលក់ផ្ទះឬបន្ទប់ជួលជាភាសាចិន និងសេវាកម្មគ្រប់ប្រភេទជាភាសាចិន មានគ្រប់ទិសទី រួមទាំងនៅលើរ៉ឺម៉កកង់បីឬទុកទុកផងដែរ។
ពេលលុយចិនហូរចូលកម្ពុជា ជនជាតិចិនដីគោក ក៏មកជាមួយដែរ។ ចំនួនជនជាតិចិនសរុបក្នុងក្រុងព្រះសីហនុ ត្រូវបានប៉ាន់ប្រមាណថាបានកើនឡើងនៅឆ្នាំ២០១៩ រហូតស្មើចំនួនពលរដ្ឋខ្មែរដែលរស់នៅទីនោះដែរ គឺប្រមាណ៨ម៉ឺននាក់។ នេះបើយោងតាមអភិបាលក្រុងព្រះសីហនុគឺលោក អ៊ី សុខឡេង។ អ្នកខ្លះ ប៉ាន់ប្រមាណថា ចំនួនជនជាតិចិននៅក្រុងនេះ មានច្រើនជាងនេះឆ្ងាយណាស់ គឺប្រមាណ២សែននាក់។
លោក អ៊ូ វីរៈ នាយកអង្គការវេទិកាអនាគត បាននិយាយថា ចំនួនប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងព្រះសីហនុ គឺមានប្រមាណ៣សែននាក់ ហើយលោកថា ជនជាតិចិនភាគច្រើនរស់នៅផ្ដុំគ្នានៅចំកណ្ដាលទីក្រុងតែម្ដង។
«នេះមានន័យថា ពេលអ្នកទៅក្រុងព្រះសីហនុ នោះអ្នកប្រហែលជាឃើញជនជាតិចិន»។
លោក ជួន ណារិន ស្នងការប៉ូលិសខេត្តព្រះសីហនុ បានប្រាប់កាសែតបាងកកប៉ុស្តិ៍កាលពីខែកក្កដាថា អាជីវកម្មប្រមាណ៩០ភាគរយដែលកំពុងដំណើរការរកស៊ីនៅក្រុងព្រះសីហនុ រាប់ចាប់តាំងពីសណ្ឋាគារ កាស៊ីណូ និងភោជនីយដ្ឋានរហូតដល់ហាងម៉ាស្សា គឺគ្រប់គ្រងដោយជនជាតិចិន។
ផលប៉ះពាល់បរិស្ថាននិងសង្គម
ថ្វីត្បិតតែបានបង្កើតការងារនិងទ្រព្យសម្បត្តិដល់មនុស្សខ្លះក៏ពិតមែន ក៏វិសាលភាពទាំងស្រុងនិងល្បឿននៃវិនិយោគទុនចិនក្នុងក្រុងព្រះសីហនុ ក៏បានបង្កបញ្ហានានាដល់ពលរដ្ឋខ្មែរជាច្រើនដែលរស់នៅទីនេះផងដែរ។
លោក ថុន រដ្ឋា សកម្មជនបរិស្ថានម្នាក់នៃអង្គការមាតាធម្មជាតិ បានរៀបរាប់ពីបញ្ហាមួយចំនួននៅខេត្តព្រះសីហនុនេះ។
«បញ្ហាដែលយើងមើលឃើញ គឺការបង្ហូរទឹកស្អុយចូលសមុទ្រដោយមិនមានការគ្រប់គ្រងត្រឹមត្រូវ។ បញ្ហាទី២ គឺការកើនឡើងនូវសំរាមស្ទើរតែគ្រប់ទីកន្លែង។ ទី៣គឺបញ្ហាហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ត្រូវបានខ្ទេចខ្ទីស្ទើរតែទាំងស្រុង ផ្លូវថ្នល់អីជាដើម»។
កាលពីខែសីហា ក្រុងព្រះសីហនុ បានរងគ្រោះដោយទឹកជំនន់ដ៏ធំខុសប្រក្រតីមួយដោយផ្ទះរាប់សិបខ្នងបានរងការខូចខាតនិងត្រូវបំផ្លិចបំផ្លាញដោយភ្លៀងធ្លាក់ខ្លាំងដែលបានលិចផ្លូវនានាដោយមានទឹកហូរខ្លាំង និងប្រកបដោយគ្រោះថ្នាក់។
អ្នកស្រី Maggie Eno ស្ថាបនិកនិងសហនាយិកាអង្គការម្លប់តាប៉ាង ដែលជាអង្គការមិនរកប្រាក់កម្រៃធ្វើការងារជាមួយកុមារងាយរងគ្រោះជាង៥០០០នាក់និងគ្រួសារចំនួន២០០០ ក្នុងខេត្តព្រះសីហនុ បាននិយាយថា អ្នកស្រី មិនដែលឃើញស្ថានភាពបែបនេះទេក្នុងរយៈពេល១៧ឆ្នាំ ចាប់តាំងពីអ្នកស្រីមករស់នៅក្នុងក្រុងព្រះសីហនុនេះ។
«យើងមកធ្វើការនៅទីនេះ ក្នុងមជ្ឈមណ្ឌលនេះអស់១១ឆ្នាំមកហើយ។ មណ្ឌលអប់រំ គ្លីនិក និងអ្វីៗផ្សេងៗទៀតក្នុងទីស្នាក់ការរបស់យើង យើងមិនដែលមានសូម្បីតែទឹកមួយដំណក់ ជ្រាបចូលអគារនេះទេ»។
អ្នកស្រី Eno បានពន្យល់ថា៖ «យើងធ្លាប់មានទឹកបន្តិចដែរនៅខាងមុខអគារ ហើយកម្រិតទឹកឡើងដល់កន្លះម៉ែត្រ ប៉ុន្តែមិនយូរប៉ុន្មានទឹកនោះក៏ស្រកហូរចូលសមុទ្រ»។
យោងតាមអ្នកស្រី Eno មូលហេតុដែលបង្កឱ្យមានទឹកជំនន់ធ្ងន់ធ្ងរនៅឆ្នាំនេះ គឺដោយសារតែអ្នកអភិវឌ្ឍជនជាតិចិន បានចាក់ដីលុបទីវាលនានាដែលធ្លាប់ជាអាងស្តុកទឹកលូធម្មជាតិ។ ទីក្រុងព្រះសីហនុ មិនទាន់មានប្រព័ន្ធបង្ហូរទឹកផ្សេងទៀតមកជំនួសប្រព័ន្ធបង្ហូរទឹកចាស់ៗនៅឡើយទេ។
ក្រុមហ៊ុនអភិវឌ្ឍរបស់ចិន ក៏បានចាក់ដីលុបផ្នែកខ្លះនៃបឹងក្នុងក្រុង ដើម្បីសាងសង់អគារខ្ពស់ៗដែរ។ នេះបើយោងតាមលោក ថុន រដ្ឋា។
«បឹងនេះ ពីមុនធំជាងនេះ ហើយមានទឹកថ្លាមែនទែន ប៉ុន្តែ ចាប់តាំងពីពលរដ្ឋខ្មែរលក់ដីឱ្យចិន ពួកចិនបានព្យាយាមលុបបឹងនេះ។ ពីមុន អ្នកស្រុកអាចប្រើប្រាស់ទឹកបឹងនេះបាន តែឥឡូវពួកគេមិនអាចប្រើបានទេ»។
ចំនួនពលរដ្ឋដែលកើនឡើងក្នុងក្រុងព្រះសីហនុកាលពីប៉ុន្មានឆ្នាំថ្មីៗនេះ បានធ្វើឱ្យបរិមាណសំរាមកើនឡើងយ៉ាងគំហុក។ ទោះបីជាអាជ្ញាធរប្រឹងប្រែងដោះស្រាយបញ្ហាកំណើននេះក៏ដោយ ក៏សំរាម ត្រូវបានគេបោះចោលពាសវាលពាសកាលតាមដងផ្លូវនានា។
អ្នកស្រី Eno និយាយថា៖ «បញ្ហាសំរាមនេះ គ្រប់គ្រងលែងបានហើយ។ ពេលទឹកលិចផ្លូវនានា វានាំសំរាមនៅតាមផ្លូវទាំងនេះ ហូរចូលផ្លូវទឹកដែលហូរចូលសមុទ្រហើយនៅកកជាប់មាត់លូនោះ។ ដូច្នេះ ពេលដែលមានសំរាមថង់ប្លាស្ទិកនិងប្រអប់ខ្មៅៗ រាប់ពាន់កញ្ចប់នៅកកស្ទះលំហូរទឹក ទឹកនោះមិនអាចហូរចូលសមុទ្របានទេ។ អ៊ីចឹង កម្រិតទឹកចេះតែកើនឡើងៗ រហូតទាល់តែក្លាយជាទឹកជំនន់»។
លោក ហ្សាង (Zhang) ដែលមកពីខេត្ត Fujian ប្រទេសចិន បានមកក្រុងព្រះសីហនុ កាលពីពីរបីឆ្នាំមុន ហើយឥឡូវលោកក្លាយជាម្ចាស់រង្គសាល Sky និងភោជនីយដ្ឋានចិនមួយ និងហាងលក់គ្រឿងសំណង់មួយដែរ។
លោកនិយាយថា ចំនួនពលរដ្ឋដែលកើនឡើងយ៉ាងគំហុកក្នុងទីក្រុងនេះ តម្រូវឱ្យមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើន។
លោក Zhang បានប្រាប់អ្នកយកព័ត៌មាន VOA ផ្សាយជាភាសាចិនថា៖ «ក្រុងព្រះសីហនុ គឺជាទីក្រុងដែលមានពលរដ្ឋរស់នៅរាប់ម៉ឺននាក់។ បរិក្ខារទ្រទ្រង់ទីក្រុង ដូចជាប្រព័ន្ធលូ ទឹក ភ្លើង គឺសម្រាប់តែចំនួនមនុស្សប៉ុណ្ណឹង តែក្រោយមក ស្រាប់តែទីក្រុងនេះមានមនុស្សរាប់សែននាក់សម្រុកចូលមកភ្លាមៗ។ ជាធម្មតាទេ ទីក្រុងនេះពិតជាមិនអាចទ្រទ្រង់ និងឆ្លើយតបនឹងតម្រូវការកើនឡើងនេះបានទេ»។
ចំណាយខ្ពស់លើការរស់នៅប្រចាំថ្ងៃ
បន្ថែមលើផលប៉ះពាល់បរិស្ថាន ការហូរចូលយ៉ាងគំហុកនៃអ្នកវិនិយោគចិនដែលមានប្រាក់ ក៏បានបង្កឱ្យថ្លៃចំណាយលើការរស់នៅជាទូទៅ ឡើងខ្ពស់កប់ពពក។ ថ្លៃទំនិញសព្វសារពើរាប់ចាប់តាំងពីម្ហូបអាហាររហូតដល់កន្លែងស្នាក់នៅ បានកើនឡើងយ៉ាងខ្លាំង ដែលធ្វើឱ្យប៉ះពាល់ដល់ក្រុមគ្រួសារនិងសហគមន៍ក្នុងស្រុក។
អ្នកស្រី Eno បានឲ្យដឹងថា៖ «ពេលដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅក្នុងក្រុងនេះ ពលរដ្ឋខ្មែរជាច្រើន បានបាត់បង់ផ្ទះរបស់ខ្លួនដែលពួកគេកំពុងជួល ដោយសារម្ចាស់ផ្ទះ បានជួលទៅឱ្យជនជាតិចិន ដោយសារតែថ្លៃជួលបានខ្ពស់ជាង១០០០ភាគរយ ឬក៏ម្ចាស់ផ្ទះ សម្រេចលក់ផ្ទះនោះឱ្យជនជាតិចិនតែម្ដង»។
«អគារទាំងនេះ កំពុងត្រូវបានសាងសង់ឡើង ស្របពេលដែលគ្មានសំណង់អគារដែលមានតម្លៃសមរម្យសម្រាប់ឱ្យអ្នកដែលគេបណ្ដេញចេញពីផ្ទះជួលទាំងនោះនៅបាននោះទេ»។
អ្នកស្រី រត្ន័ ចន្ទផល្គុណ សហនាយិកានៃអង្គការម្លប់តាប៉ាង ដែលធ្វើការដោយផ្ទាល់ជាមួយក្រុមគ្រួសារដែលខ្វះខាត បានលើកឡើងថា៖ «អ្នកខ្លះរកបានដីតូចមួយដែលពួកគេអាចជួលបាន។ អ្នកខ្លះ ត្រូវរើចេញ ប៉ុន្តែមិនដឹងទៅជួលនៅឯណាបាន»។
អ្នកស្រីបានបន្ថែមថា៖ «ពួកគេមិនអាចធ្វើការងារដូចពីមុនបានទេ។ បញ្ហាទាំងនេះ ធ្វើឱ្យជីវិតរបស់ពួកគេកាន់តែពិបាក»។
អ្នកស្រី Eno ដែលមានសញ្ជាតិអង់គ្លេស ហើយបានមកកម្ពុជាដំបូងឡើយជាអ្នកទេសចរណ៍កាលពីឆ្នាំ២០០៣ ជឿថា មូលហេតុនៃបញ្ហាទាំងនេះ បណ្ដាលមកពីការអភិវឌ្ឍដែលកំពុងកើតឡើងក្នុងទីក្រុងនេះ ដែលផ្ដោតតែលើអគារ លុយ និងកាស៊ីណូ ជាជាងលើពលរដ្ឋក្នុងក្រុងនេះ។
«តាំងពីជនជាតិចិន បានចូលមកដល់ ប្រហែលមួយឆ្នាំកន្លះមុនឬពីរឆ្នាំមុន ភោជនីយដ្ឋាន ផ្ទះសំណាក់ និងសណ្ឋាគារជាច្រើន ត្រូវបានវាយចោល ហើយកំពុងជំនួសដោយកាស៊ីណូវិញ»។
អ្នកស្រី Eno បានបន្ថែមទៀតថា៖ «អ្នកលក់ដូរនៅតាមឆ្នេរខ្សាច់ស្ទើរគ្រប់រូប និងអ្នករត់រ៉ឺម៉កកង់បី និងហាងចល័ត ដែលលក់ដូរឱ្យភ្ញៀវទេសចរណ៍បរទេសដែលមិនមែនជាជនជាតិចិន ឬអ្នកទេសចរណ៍ខ្មែរ សុទ្ធតែបាត់បង់ការងារអស់ហើយ។ ពួកគេ ត្រូវបង្ខំចិត្តចាកចេញពីទីក្រុងនេះ»។
ថ្លៃជួលខ្ពស់ខ្លាំង
ពលរដ្ឋខ្មែរវ័យ២៨ឆ្នាំម្នាក់ ដែលប្រាប់ថាមានឈ្មោះ ជេ គឺជាមនុស្សម្នាក់ដែលបានបាត់បង់ទីកន្លែងរកស៊ី។
«ខ្ញុំលក់ដូរនៅហាងមួយនៅទីក្រុងនេះ ដោយជួលកន្លែងគេក្នុងតម្លៃ៥០០ដុល្លារក្នុងមួយខែ ប៉ុន្តែក្រោយមកម្ចាស់ហាងក៏បានជួលកន្លែងហ្នឹងទៅឱ្យជនជាតិចិនក្នុងតម្លៃ១៥០០ដុល្លារក្នុងមួយខែ។ ខ្ញុំមិនអាចបង់ថ្លៃជួលរួច ហើយក៏បាត់បង់កន្លែងលក់ដូររបស់ខ្ញុំទៅ»។
លោក ជេ ក៏បានវិលត្រឡប់ទៅស្រុកកំណើតរបស់លោកវិញ។ បន្ទាប់ពីសន្សំប្រាក់បានខ្លះ ឥឡូវនេះលោកក៏បានវិលត្រឡប់មកក្រុងព្រះសីហនុវិញ ដោយព្យាយាមរកស៊ីលក់ដូរចល័តក្នុងតំបន់ដែលសម្បូរដោយជនជាតិចិនរស់នៅ (Chinatown) ក្នុងទីក្រុងលំហែកាយកំពង់ផែមួយនេះ។
នៅលើឆ្នេរមួយនៅក្បែរក្រុងព្រះសីហនុនេះ ក្រុមអ្នកយកព័ត៌មាន VOA ផ្សាយជាភាសាចិន ស្ទើរតែមិនឃើញភ្ញៀវទេសចរណ៍ខ្មែរ ឬភ្ញៀវអន្តរជាតិដែលមិនមែនជាជនជាតិចិន។ ស្ទើរតែគ្រប់ភោជនីយដ្ឋាននិងរង្គសាលនៅលើឆ្នេរនេះ សុទ្ធតែគ្រប់គ្រងដោយជនជាតិចិន និងមានសុទ្ធតែភ្ញៀវចិន។
លោក បូ នៅ និងភរិយា បង់ថ្លៃជួលទ្វេដង ដើម្បីអាចដាក់តូបលក់ដូរមួយនៅខាងមុខភោជនីយដ្ឋានចិនមួយកន្លែង។ បុរសវ័យ៥៦ឆ្នាំរូបនេះ ដែលបានរកស៊ីនៅលើឆ្នេរនេះតាំងពីយូរយារណាស់មកហើយ កំពុងតែត្រដររស់។
«ខ្ញុំអត់សប្បាយចិត្តសោះ បើវាអស់ភ្ញៀវខ្មែរមកលេងកន្លែង ហ្នឹងហើយ មានតែជនជាតិចិន។ ជនជាតិចិន វាអត់មកទិញអីយើងហូបពិសាអីទេ»។
ភោជនីយដ្ឋាននិងហាងស្រាអង្គរ គឺជាហាងខ្មែរមួយក្នុងចំណោមហាងតែពីរបីដែលនៅសល់លើឆ្នេរនេះ ហើយដែលមិនព្រមលក់ឬជួលដីទៅឱ្យជនជាតិចិន។
លោក ខៀវ ពេជ្រ អាយុ២៧ឆ្នាំ គឺជាអ្នកគ្រប់គ្រងហាងរបស់គ្រួសារលោក ដែលបើករកស៊ីនៅទីនេះអស់១០ឆ្នាំមកហើយ។
«ក្រោយពីជនជាតិចិន បានចូលមក អ្វីៗប្រែប្រួលអស់រលីង។ ហាងខ្មែរបាត់អស់។ ជនជាតិចិន គ្រប់គ្រងហាងទាំងអស់នៅទីនេះ»។
ហាងរបស់លោក ខៀវ ពេជ្រ នៅចំណេញគួរសម ដូច្នេះ លោកអាចបដិសេធវិនិយោគិនចិនដែលចង់មករកស៊ីនៅទីនេះ។ ប៉ុន្តែ ហាងជាច្រើនទៀត មិនអាចរកស៊ីបាន។
អ្នកស្រី Eno នៃអង្គការម្លប់តាប៉ាង និយាយថា៖ «ក្នុងក្រុង អ្នកនឹងឃើញហាងភាគច្រើនឥឡូវគឺជារបស់ជនជាតិចិន។ ការណ៍នេះ មិនមែនជាចំណុចវិជ្ជមានសម្រាប់សហគមន៍ខ្មែរ ឬប្រជាជនខ្មែរទេ សូម្បីតែខ្ញុំក៏ដោយ ដោយសារប្រជាជនខ្មែរ គ្មានកន្លែងណាទៅទៀតទេ ហើយពួកគេហូបគុយទាវព្រលឹមឡើង មុនពេលទៅធ្វើការ»។
អ្នកស្រី Eno បានបន្ថែមទៀតថា៖ «ពួកគេ លែងមានហាងកាហ្វេខ្មែរ ហើយបើគេចង់យកកង់របស់គេទៅធ្វើ ក៏គ្មានកន្លែងធ្វើដែរ»។
អ្នកស្រីបានឲ្យដឹងថា ក្នុងតំបន់ដែលអ្នកស្រីរស់នៅ កាលពីពីរបីឆ្នាំមុន មានខ្មែរ១០០ភាគរយ ប៉ុន្តែឥឡូវ អ្នករស់នៅទីនេះដែលជាខ្មែរ គឺមានតែ១០ភាគរយប៉ុណ្ណោះ។
ក៏ប៉ុន្តែ ជនជាតិខ្មែរខ្លះ ក៏បានផលប្រយោជន៍ពីវិនិយោគទុនចិនក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសអ្នកដែលមានដីឬមានអចលនទ្រព្យសម្រាប់ជួល។ អ្នកខ្លះ បានក្លាយជាអ្នកមានតែមួយប៉ប្រិចភ្នែក។
ប៉ុន្តែ លោក ថុន រដ្ឋា នៃអង្គការមាតាធម្មជាតិ និយាយថា អ្នកដែលបានក្លាយជាអ្នកមាននេះ មានចំនួនតិចតួចប៉ុណ្ណោះ ជាពិសេសបើប្រៀបធៀបនឹងពលរដ្ឋទូទៅ និងកម្មករ កសិករនិងអ្នកនេសាទដែលរស់នៅក្បែរគ្នានោះ។
«តើមានមនុស្សប៉ុន្មាននាក់ អាចលក់អចលនទ្រព្យរបស់ពួកគេបាន? មិនមានមនុស្សច្រើនទេដែលមានដីនិងអាចលក់ដីបាននោះ។ មនុស្សភាគច្រើនដែលមានអចលនទ្រព្យសម្រាប់លក់នោះ គឺសុទ្ធតែជាមន្ត្រីមានអំណាច។ យើងឃើញអ្នកមានភាគច្រើនលក់អចលនទ្រព្យរបស់ពួកគេក្នុងតម្លៃខ្ពស់»។
អ្នកស្រី Eno ក៏មានមិត្តភ័ក្ដិដែលរកលុយបានយ៉ាងច្រើនដោយការលក់ឬជួលដីទៅឱ្យជនជាតិចិន ប៉ុន្តែ អ្នកស្រី និយាយថា សូម្បីតែអ្នកទាំងនេះ ក៏មិនសប្បាយចិត្តនឹងការប្រែប្រួលក្នុងក្រុងព្រះសីហនុដែរ ដោយសារពួកគេនឹកសហគមន៍ខ្មែរ។
ពេលសហគមន៍ខ្មែរភាគច្រើនបានចាកចេញទៅ អ្នកអភិវឌ្ឍចិន កំពុងតែបំពេញចន្លោះប្រហោងទាំងនេះ ដោយកាស៊ីណូ និងសណ្ឋាគារភ្លឺព្រឹមៗ។
យោងតាមស្នងការប៉ូលិសខេត្តព្រះសីហនុគឺលោក ជួន ណារិន ក្នុងចំណោមកាស៊ីណូទាំង៧១ក្នុងក្រុងព្រះសីហនុ ៤៨កំពុងប្រតិបត្តិការដោយជនជាតិចិន។
អន្តរកាលមួយប៉ុណ្ណោះ?
ទោះបីជាការលេងល្បែងស៊ីសង គឺជាសកម្មភាពខុសច្បាប់សម្រាប់ពលរដ្ឋខ្មែរក៏ដោយ ក៏វត្តមានកាស៊ីណូដ៏ច្រើនកុះករទាំងនេះ បានចាប់ផ្ដើមមានឥទ្ធិពលលើសង្គមរួចទៅហើយ។ នេះបើផ្អែកតាមអ្នកស្រី អ្នកស្រី Eno នៃអង្គការម្លប់តាប៉ាង។
«អ្នកដឹងហើយថា ពេលមានកាស៊ីណូ មានអ្នកជាប់បំណុល។ មនុស្សនាំគ្នាលេងល្បែង ហើយចាញ់លុយអស់។ ការមានកាស៊ីណូ គឺមានពិភពងងឹត។ ថ្នាំញៀន ការកេងប្រវ័ញ្ចផ្លូវភេទ និងពិភពបិទបាំងដែលយើងពិបាកនឹងចូលទៅដល់»។
អ្នកស្រីបន្ថែមថា ដោយសារកាស៊ីណូទាំងនេះ មានគោលដៅទាក់ទាញជនជាតិចិន និន្នាការអភិវឌ្ឍន៍ប៉ុន្មានឆ្នាំថ្មីៗនេះ មានឥទ្ធិពលយ៉ាងធំធេងលើសោភណភាពទីក្រុងនេះ។
លោក Zhang ដែលជាម្ចាស់រង្គសាល Sky នៅតែមានសុទិដ្ឋិនិយមអំពីអនាគតក្រុងព្រះសីហនុ។ សម្រាប់រូបលោក ក្រុងព្រះសីហនុ គឺដូចជាខេត្ត Guangdong របស់ចិន នៅពេលដើមដំបូងនៃកំណែទម្រង់របស់ចិន ហើយសន្សឹមៗ ក៏បើកចំហទៅកាន់ពិភពលោក។
លោក Zhang និយាយថា៖ «ពេលខ្ញុំបានទៅរកស៊ីនៅខេត្តនោះក្នុងទសវត្ស១៩៩០ ខ្ញុំមើលឃើញថាខេត្ត Guangdong រាងរញ៉េរញ៉ៃបន្តិច។ ប៉ុន្តែ ដោយសារកំណែទម្រង់និងការបើកចំហ ពលរដ្ឋមកពីគ្រប់ទិសទីនៃប្រទេស បានទៅរកស៊ីនៅទីនោះ ដោយបង្កឱ្យមានកង្វះធនធាននិងហេដ្ឋារចនាសម្ព័ន្ធនានា»។
អ្នកជំនួញចិនរូបនេះបានបន្ថែមថា៖ «ខ្ញុំគិតថា នេះគឺគ្រាន់តែជាដំណាក់កាលមួយប៉ុណ្ណោះ។ វាត្រូវតែឆ្លងកាត់ដំណាក់កាលនេះ ដោយសារអ្នកគ្រប់គ្រងទីក្រុង គ្មានបទពិសោធន៍ក្នុងការគ្រប់គ្រងក្រុងដែលមានមនុស្សច្រើនបែបនេះ។ ពេលមានមនុស្សម្នាយ៉ាងច្រើនមកភ្លាមៗក្នុងពេលតែមួយបែបនេះ ប្រាកដជាមានអន្តរកាលមួយហើយ»។
គ្មាននរណាម្នាក់ដឹងទេថាតើអន្តរកាលនេះ នឹងមានរយៈពេលយូរប៉ុណ្ណា។ ចំពោះពលរដ្ឋខ្មែរជាច្រើន អ្វីដែលពួកគេត្រូវដោះស្រាយនៅពេលនេះ គឺធ្វើយ៉ាងម៉េចអាចរស់នៅបាន។
លោក ជេ ដែលបានបាត់បង់ហាងដោយសារតែថ្លៃជួលឡើងថ្លៃ និងត្រូវបង្ខំចិត្តធ្វើជាអ្នកលក់ដូរចល័តនៅតំបន់ដែលមានជនជាតិចិនរស់នៅច្រើនកុះករក្នុងក្រុងព្រះសីហនុនេះ កំពុងខំប្រឹងប្រែងសម្រេចបំណងរបស់លោក។
«ខ្ញុំមិនចង់ធ្វើការនៅកាស៊ីណូទេ ដោយសារខ្ញុំចង់មានហាងខ្លួនឯង»។
លោកសង្ឃឹមថា នៅពេលណាមួយ លោកនឹងមានប្រាក់គ្រប់គ្រាន់ បើកហាងដោយខ្លួនឯង ដើម្បីឱ្យភរិយានិងកូនស្រីរបស់លោក អាចមានជីវភាពដ៏ល្អមួយបាន៕
ប្រែសម្រួលដោយលោក សាយ មុន្នី