តុលាការ​កាត់ទោសស្ត្រី​បឹងកក់​៧​នាក់​ម្នាក់ៗ​ជាប់​ពន្ធនាគារ​មួយ​ឆ្នាំ​ ហើយ​ប៉ូលិស​ចាប់​ខ្លួន​៤នាក់ទៀត

អ្នកស្រី ទេព វន្នី សកម្មជន​ដី​ធ្លី​នៃ​សហគមន៍​​បឹងកក់​ត្រូវ​​បាន​រារាំង​ដោយ​ប៉ូលិស ក្នុង​ពេល​ការប្រមូល​ផ្តុំ​តវ៉ា​នៅ​ក្បែរ​គេហដ្ឋាន​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ក្នុង​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៣។

អ្នកស្រី ទេព​ វន្នី​ ម្ចាស់​ពាន​រង្វាន់​ ​Vital Voices Global Partnership ​នៅ​សហ​រដ្ឋ​អាមេរិក ​និង​សកម្មជន​ដី​ធ្លី​នៃ​សហគមន៍បឹងកក់​ដ៏​ល្បី​ល្បាញ​ សកម្មជន​ចំនួនប្រាំមួយ​នាក់​ផ្សេង​ទៀត​ត្រូវ​តុលាការក្រុង​ភ្នំពេញ​ផ្តន្ទា​ទោសនៅ​ថ្ងៃ​អង្គារ​នេះ​ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​ចំនួន​មួយ​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់ៗពីរលាន​រៀល​ឬ​ស្មើ​នឹង​ប្រមាណ​៥០០​ដុល្លារ​អាមេរិក។

ស្ត្រី​ទាំង​ប្រាំ​ពីរ​នាក់​រួម​មាន​អ្នក​ស្រី​ទេព វន្នី ​អ្នកស្រី​ង៉ែត​ ឃុន ​ហៅ​ម៉ាំមី ​អ្នក​ស្រី​គង់ ចន្ថា ​អ្នកស្រី​បូ ឆវី ​អ្នកស្រី​សុង ស្រីលាភ ​អ្នកស្រី​ណង ស្រេង​ និង​អ្នកស្រី​ផាន ឈុនរ៉េត​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិល​មិញនេះ​ ក្រោយ​ពី​ពួក​គាត់​បាន​ប៉ុន​ប៉ង​បិទ​កំណាត់​មហា​វិថីព្រះ​មុន្នីវង្ស​ដើម្បី​ជំរុញ​ឲ្យ​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញដោះស្រាយ​ប្រព័ន្ធ​បង្ហូរ​ទឹក​ជំនន់​ដែល​ធ្វើ​ឲ្យ​លិច​លំនៅ​ដ្ឋាន​របស់​ពួកគាត់។

តុលាការ​បាន​ចោទ​ប្រកាន់ពួក​គាត់ពីបង្ក​ឧបសគ្គ​ធ្វើ​ឲ្យ​រាំង​ស្ទះ​ចរាចរណ៍​សាធារណៈ។​

ក្រោយ​ពី​សវនាការអស់​រយៈ​ពេល​ជាង​បី​ម៉ោង​ លោក​ចៅ​ក្រម​ម៉ុង មុន្នីសោភា​បាន​ប្រកាស​ថា​ ស្ត្រី​ទាំង​ប្រាំពីរ​រូប​«បង្ក​ឧបសគ្គ​ដល់​ចរារចរណ៍»​សាធារណៈ​តាម​មាត្រា​ទី​៧៨​នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ជើង​គោក ​ហើយ​ពួក​គាត់គឺ​ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ទង្វើ​នេះ។​

លោក​ចៅ​ក្រម​ជំនុំ​ជម្រះ​ក៏​បាន​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​សកម្ម​ជន​ដីធ្លី​ទាំង​ប្រាំពីរ​នាក់​នៅ​ពន្ធនាគារ​ព្រៃ​ស​ភ្លាមៗ​ ក្រោយ​ពី​សម្រេច​ដាក់​ទោស​ពួក​គាត់រួច​មក។​

ក្នុង​ចំណោម​ស្ត្រី​ទាំង​នេះ​មាន​ប្រាំ​នាក់​ធ្លាប់​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួនពីរ​ឆ្នាំ​ ប៉ុន្តែ​ត្រូវ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ជា​បណ្តោះ​អាសន្ន។​

ស្ត្រី​ទាំង​ប្រាំពីរ​នាក់​ ដែល​បាន​ប្រកាស​នៅ​ក្នុង​បន្ទប់​ជំនុំ​ជម្រះ​ដោយត្រៀម​ខ្លួន​ចូល​គុកជា​មុន​នោះ​ បាន​ស្រែក​ថា​ នោះ​គឺ​ជា​ការ​សម្រេច​ក្តី​ដោយ​ភាព​អយុត្តិ​ធម៌។​

សកម្ម​ជន​ដី​ធ្លី​ជា​ច្រើន​បាន​រង់ចាំ​និង​ស្រែក​ទាមទារ​ឲ្យ​ដោះ​លែង​ជន​ជាប់ចោទ​ពី​ក្រៅ​របង​តុលាការ។​

ដោយ​ឡែក​សកម្មជន​ដីធ្លី​ដែល​ត្រូវ​ផ្តន្ទាទោស​បាន​ស្រែក​លា​ពួក​គេ​ នៅ​ពេល​ដែល​រថយន្ត​ដឹក​ជញ្ជូន​ពួក​គេ​ឆ្ពោះ​ទៅ​កាន់មន្ទីរ​ឃុំឃាំង​ព្រៃ​ស។​

នៅ​ក្នុង​សវនាការ ​មេធាវី​ចំនួន​បួន​រូប​បាន​ស្នើ​ឲ្យ​តុលាការ​កាត់​ទោស​កូន​ក្តី​របស់​ខ្លួន​ ដោយ​ប្រើ​ច្បាប់​ស្តីពី​ការ​ធ្វើ​បាតុកម្ម​ឲ្យ​ស្រប​ទៅ​នឹង​សកម្មភាព​តវ៉ា​របស់​ស្ត្រី​សកម្មជន​បឹងកក់​ទាំង​ប្រាំពីរ​រូប។​ ប៉ុន្តែ​តុលាការ​មិន​បានទទួល​យក​សំណើ​នេះ​ទេ។​ ច្បាប់​ស្តី​ពី​បាតុកម្ម​មិន​មាន​ការចែង​ដាក់​ទោស​ពន្ធនាគារ​នោះ​ទេ។​

ក្រុម​សហគមន៍​បឹងកក់​បាន​បដិសេធ​ថា ​ពួក​ខ្លួន​មិន​បាន​បង្ក​ឲ្យ​មាន​ការ​ស្ទះ​ចរាចរណ៍​ដូច​ការ​ចោទ​ប្រកាន់​របស់​ព្រះរាជ​អាជ្ញា​លោក​ស៊ាង សុខ​នោះ​ទេ​ ដោយសារ​ក្នុង​អំឡុង​ការ​តវ៉ា​របស់​ពួក​ខ្លួន​ យាន​ជំនិះ​ផ្សេងៗ​នៅ​តែ​ធ្វើ​ដំណើរ​ទៅមក​បាន។ ម្យ៉ាង​វិញ​ទៀត ​ស្ត្រី​ជាប់​ចោទ​និង​មេធាវី​បាន​ទម្លាក់កំហុស​ថា​ ការ​ធ្វើ​ឲ្យ​រំខាន​ដល់​ការ​ធ្វើ​ដំណើរ​លើ​ដង​ផ្លូវ​គឺ​បង្ក​ដោយ​កង​សន្តិសុខ​ខណ្ឌ​ដូន​ពេញ​ ដែល​មាន​ចំនួន​ច្រើន​លើស​លុប​ខុស​ពី​ចំនួន​អ្នក​តវ៉ា។ ​កង​សន្តិសុខ​ទាំង​នេះ​បាន​រោម​ព័ទ្ធ​ចាប់​ក្រុម​អ្នក​តវ៉ា។​ ដោយ​ឡែក​លោក​ព្រះរាជ​អាជ្ញា​ស៊ាង សុខ ​និង​លោក​វរសនីយ៍​ទោ​ចេវ​ ហេង ​ប្រធាន​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​ក្រុង​ភ្នំពេញ​ បាន​ដាក់​កំហុស​ថា ក្រុម​អ្នក​តវ៉ា​ ដែល​ត្រូវ​ចាប់​ខ្លួន​នោះ មាន​កំហុស​ពីបទ​មានចេតនា​បិទ​ផ្លូវ​និង​បាន​បង្ក​ឲ្យ​មាន​ការ​រាំង​ស្ទះ​ការ​ធ្វើ​ដំណើរ​របស់​ប្រជា​ពលរដ្ឋ​តាម​ដង​ផ្លូវ។​

លោក​ហម ស៊ុនរិទ្ធ ​មេធាវី​ម្នាក់​ក្នុង​ចំណោម​មេធាវី​ទាំង​បួន​នាក់​របស់​ស្ត្រី​អ្នក​ភូមិ​បឹងកក់​ និយាយ​ក្រោយ​ពី​ការ​សម្រេច​ទោស​ថា ការ​ដាក់​ទោស​ស្ត្រី​បឹងកក់​ទាំង​ប្រាំពីរ​រូប​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រស់​នៅ​ក្នុង​គ្រួសារ​របស់​ពួក​គេ​ដែល​ជា​ស្ត្រី​មេផ្ទះ។​

«យើង​មាន​ការ​សោក​ស្តាយ​ដែល​ជនជាប់​ចោទ​ទាំង​អស់​ត្រូវ​បញ្ជូន​ទៅ​ដាក់​ពន្ធនាគារ។ ​អ្នក​ទាំង​អស់​គឺ​ជា​មេ​ផ្ទះ​ដែល​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ»។

ដោយ​ឡែក​ ​លោក​អំ សំអាត ​អ្នក​គ្រប់​គ្រង​បច្ចេកទេស​ស៊ើប​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកា​ដូ​អធិប្បាយ​ថា​ នេះ​ជា​ការ​សម្រេច​ចិត្ត​ដែល​មិន​មាន​យុត្តិធម៌។​

«វា​ជា​រឿង​អយុត្តិធម៌​ជា​ទី​បំផុត​ដោយ​សារ​គាត់​ទាមទារ​នូវ​សិទ្ធិ​សេរីភាព​និង​ជីវភាព​ ឲ្យ​មាន​ការ​រំដោះ​ទឹក​លិច​នោះ។ ​រដ្ឋ​ធម្មនុញ្ញ​ចែង​ច្បាស់​ថា ​រដ្ឋត្រូវ​ធានានូវ​សុខុមាល​ភាព​របស់​ប្រជា​ពលរដ្ឋ»។​

សូម​បញ្ជាក់​ថា​ នៅ​ក្នុង​ពេល​ដែល​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កំពុង​សាកសួរ​ជន​ជាប់ចោទ​ដែល​ជា​សកម្ម​ជន​ទំនាស់​ដីធ្លី​បឹងកក់​ទាំង​ប្រាំពីរ​នាក់​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ​មាន​ប្រជា​ពលរដ្ឋ​ប្រមាណ​ជា​៥០​នាក់​មក​ពី​សហគមន៍​បឹងកក់​និង​សហគមន៍​ដែល​រង​គ្រោះ​ដោយសារ​ទំនាស់​ដីធ្លី​ក្នុង​ទី​ក្រុង​ភ្នំពេញ​បាន​តវ៉ា​ទាម​ទារ​ឲ្យតុលាការ​ដោះ​លែង​ជន​ជាប់ចោទ។​

ក្នុង​ពេលជាមួយ​គ្នា​នោះ​ កង​សន្តិសុខ​ រួម​ទាំង​កង​នគរបាល​បង្រ្កាប​បាតុកម្ម​ផង​ បាន​បង្រ្កាប​និង​ចាប់​ក្រុម​អ្នក​តវ៉ា​ចំនួន​បួននាក់ ​ក្នុង​នោះ​មាន​ព្រះ​សង្ឃ​មួយ​អង្គ​ផងដែរ។​ ព្រះសង្ឃ​ត្រូវ​កង​បង្រ្កាប​បាតុកម្ម​និង​សន្តិសុខ​វាយ​សំពង​នឹង​ដំបង​ផង​ដែរ៕