ក្តីសង្ឃឹម​ស្តារ​ប្រជាធិបតេយ្យ​ហាក់​ថមថយ​ ខណៈ​សម្ពាធ​កាន់តែ​កើន​ ក្រោយ​គណបក្ស​មិន​អាច​ចូលរួម​ការ​បោះឆ្នោត

រូបឯកសារ៖ អ្នកគាំទ្រគណបក្សភ្លើងទៀនចូលរួមហែក្បួននៃយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់អាណត្តិទី ៥ នៅខេត្តសៀមរាប ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២។ (លាស់ លីបលីប/វីអូអេ)

ភ្នំពេញ — អ្នកស្រី ចៅ រតនៈ ​អាយុ​ ៣៦ ​ឆ្នាំ បាន​សម្រេច​ចិត្ត​ចូល​រួម​សកម្មភាព​នយោបាយ​ជាមួយ​គណក្ស​ភ្លើង​ទៀន កាលពី​ខែកុម្ភៈ ឆ្នាំ​ ២០២២​ ដោយ​សារ​អ្នកស្រី​ចង់​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ចង់​បម្រើ​ប្រជាពលរដ្ឋ បន្ទាប់ពី​អ្នកស្រីបាន​ប្រទះ​ឃើញ​បញ្ហា​ជាច្រើននៅ​ក្នុង​សហគមន៍​មូលដ្ឋាន​របស់​អ្នកស្រី។ អ្នកស្រីបាន​ជាប់ឆ្នោតក្លាយ​ជា​ជំទប់​ទី​ ២ ​តំណាង​ឱ្យ​គណបក្ស​ភ្លើងទៀន​ ក្នុង​ភូមិ​ក្បាល​ស្ពាន សង្កាត់​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ សម្រាប់​ការ​បោះឆ្នោតឃុំ​សង្កាត់ អាណត្តិ​ទី​ ៥ កាលពី​ខែ​មិថុនា ឆ្នាំ​ ២០២២។​

ខណៈ​កំពុង​បម្រើ​ការងារ​ជា​ជំទប់​ទី​ ២ តំណាង​ឱ្យ​គណបក្ស​ភ្លើងទៀន ​បាន​ប្រមាណ​ជា​ជិត​មួយ​ឆ្នាំ អ្នកស្រី រតនៈ បាន​ដឹង​នៅ​ពាក់កណ្តាល​ខែ​ឧសភា​ថា គណបក្សភ្លើងទៀន​ ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​អាច​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​បោះឆ្នោតថ្នាក់​ជាតិនាខែកក្កដា ឆ្នាំ​២០២៣​នេះ​ ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា (គ.ជ.ប) បដិសេធ​ការ​ចុះ​ឈ្មោះ ក្រោមហេតុ​ផល​ថា​ គណបក្ស​នេះ​មិន​បាន​ភ្ជាប់​ប្រកាស​ដើម​ ស្តីពី​ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ​ ដែល​មាន​ការ​បញ្ជាក់​ពីភាព​ស្របច្បាប់។​

ក្នុង​សមាជ​គណបក្ស​ភ្លើងទៀន​កាលពី​ខែ​កុម្ភៈ អ្នកស្រី ចៅ រតនៈ ដូចគ្នា​នឹង​សកម្មជន អ្នក​គាំទ្រ និង​ថ្នាក់​ដឹកនាំ​ឃុំ​សង្កាត់​របស់គណបក្សភ្លើងទៀន​ផ្សេង​ទៀត​ដែរ​ បានរំពឹង​ថា ​គណបក្ស​ភ្លើង​ទៀននឹង​អាច​ទទួល​បាន​ជ័យជម្នះពី​ការ​បោះឆ្នោត​ជាតិ​នៅ​ថ្ងៃទី​ ២៣ ខែកក្កដា ឆ្នាំ​ ២០២៣ ខាងមុខ។

ក៏​ប៉ុន្តែ​ក្រោយ​គណបក្ស​ភ្លើងទៀន​មិន​អាច​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​នេះ សកម្មជន​និង​ថ្នាក់ដឹកនាំ​បក្ស​នៅ​តាម​មូលដ្ឋាន ដូចជា​អ្នកស្រី ចៅ​ រតនៈ យល់​ថា ការ​សម្រេច​របស់ គ.ជ.ប ជា​រឿង​អយុត្តិធម៌ ដែល​ធ្វើឱ្យ​ពួកគេ​ហាក់​បាត់បង់​ក្តី​សង្ឃឹម​បន្តិច​ម្តងៗ ក្នុង​ការ​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​កាន់តែ​ដុនដាប​នៅ​កម្ពុជា។ បន្ថែម​លើ​នេះ ពួកគេ​ក៏​ព្រួយ​បារម្ភ​អំពី​ការ​ដាក់សម្ពាធ​និង​ការរឹត​ត្បិត​បន្ថែម​ទៀត​លើ​ការអនុវត្ត​ការងារ​របស់​ពួកគេ​ នៅ​តាមឃុំ​សង្កាត់ ខណៈ​ពួកគេ​នឹង​គ្មាន​តំណាង​បក្ស​នៅ​ក្នុង​រដ្ឋសភា​ជាតិ។

អ្នកស្រី ចៅ រតនៈ លើកឡើង​ថា៖ «យើង​បាន​ចូលរួម​បោះ​ឆ្នោត​អង្កាល់ឃុំ​សង្កាត់​ម្តង​រួច​មក​ហើយ អ៊ីចឹង​យល់​ថា ការ​ចូលរួម​របស​យើង​ក្នុងថ្ងៃ​ទី​ ២៣​ កក្កដា​នេះ​ដូចជា​អត់​មាន​អី​ត្រូវ​ជា​បញ្ហា​ សម្រាប់​ការ​ចូលរួម​ទៀត​ទេ។ អ៊ីចឹង​នៅពេល​ដែលឃើញ​ទិដ្ឋភាព​បែបនេះ [ការ​មិនអនុញ្ញាតឱ្យ​គណបក្ស​ភ្លើងទៀន​ចុះ​បញ្ជី] ធ្វើ​ឱ្យ​យល់​ថា​ សង្គម​យើង​នេះ ភាព​យុត្តិធម៌​កាន់តែ​រួម​តូច​ទៅៗ ដោយ​មិន​ទទួល​បាន​ភាពយុត្តិធម៌ និង​តម្លាភាព​ជាមួយ​គណបក្ស​ជំទាស់យើង​ចូលរួម»។

អ្នកស្រី ចៅ រតនៈ​ បាន​ថ្លែង​បន្ថែម​ថា ទន្ទឹម​នឹង​ភាព​អយុត្តិធម៌​សម្រាប់​គណបក្ស​ភ្លើងទៀន ​អ្នកស្រី​ដែល​ជាថ្នាក់​ដឹកនាំ​ឃុំ ក៏​ប្រឈម​នឹង​ផល​ប៉ះពាល់​ជា​ច្រើន​ផង​ដែរ នៅ​ពេល​ដែល​គ្មាន​តំណាង​នៅ​ថ្នាក់​ជាតិ គឺ​រដ្ឋសភា​ជាតិ។​

អ្នកស្រី​ថ្លែង​ថា៖ «នៅពេល​ដែល​យើង​ជា​កូនចៅ​នៅថ្នាក់​ក្រោម​ជួប​បញ្ហា ​យើង​ត្រូវ​ការ​ប្តឹង​ផ្តល់​ទៅ​មេ ជូន​ដំណឹង​ទៅ​មេ ថ្នាក់​លើ​ ដើម្បី​នាំ​ពាក្យ​នៅ​ពេល​ដែល​គាត់​ប្រជុំ។ ដល់ពេលយើង​អត់​មាន​ខាង​ថ្នាក់​ជាតិ​ចូលរួម សួរ​ថា​ទុក្ខ​កង្វល់​យើង ទុក្ខ​ព្រួយយើងចង់​ប្តឹង​នេះ តើ​មាន​ប្រសិទ្ធភាព​ដល់​កម្រិត​ណា? គឺ​អត់​មាន​ទេ។ ជាក់ស្តែង​ដូចខ្ញុំ​រាល់​ថ្ងៃ ខ្ញុំ​ជា​ជំទប់​ទី ២ ខ្ញុំ​មិន​បាន​ទទួល​យក​តួនាទី​ដែលចេញពី​ក្រសួង​មហាផ្ទៃ​ដើម្បី​មក​បម្រើ​ប្រជាពលរដ្ឋ​ទេ។ រាល់​ការងារ​ជាច្រើន​ គេ​មិន​ឱ្យ​យើង​ចូលរួម។ ហើយ​ខ្ញុំ​អត់​មាន​តវ៉ា​អី​បាន​ ក្រៅពី​សម្ងំ​ធ្វើ​ធម្មតាៗ»។

រូបឯកសារ៖ សកម្មជន និងអ្នកគាំទ្រកំពុងចូលរួមសមាជវិសាមញ្ញគណបក្សភ្លើងទៀន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅខេត្តសៀមរាប។ (ទែន សុខស្រីនិត/វីអូអេ)

រូបឯកសារ៖ សមាជិកបួននាក់នៃក្រុមប្រឹក្សារដ្ឋធម្មនុញ្ញកម្ពុជាប្រកាសមិនទទួលស្គាល់គណបក្សភ្លើងទៀនក្នុងការបោះឆ្នោតជាតិអាណត្តិទី ៧ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៣។

ចំណែក​លោក ណាក់ ណាច លេខា​ចលនា​យុវជន​និង​ជា​ជំទប់ទី ២ ​មក​ពី​គណបក្ស​ភ្លើងទៀន ​នៅ​ឃុំ​រំចេក ស្រុកមេមត់ ខេត្ត​ត្បូង​ឃ្មុំ លើក​ឡើង​ថា លោកខកចិត្ត​យ៉ាង​ខ្លាំង​ នៅ​ពេល​ដែល​ គ.ជ.ប និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ​សម្រេច​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​ភ្លើង​ទៀន​ចូលរួម​ឈរ​ឈ្មោះ​ដើម្បី​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ ២០២៣។ បុរស​វ័យ ២៨ ឆ្នាំ ដែល​មាន​អាជីព​ជា​គ្រូ​បង្រៀន​ភាសាអង់គ្លេស​និង​ជា​អ្នក​ជំនាញ​ខាង​វិស័យ​កសិកម្ម​រូប​នេះ ថ្លែង​បន្ត​ថា​ អវត្តមាន​របស់គណបក្ស​ភ្លើងទៀន​ អាច​នឹង​ធ្វើ​ឱ្យ​ថ្នាក់ដឹកនាំរបស់បក្ស​នៅ​តាម​មូលដ្ឋាន ​ដូចជា​រូប​លោក កាន់តែ​រង​នូវ​ការ​រើស​អើង និង​ការ​មិន​បែង​ចែក​ការងារ​ទៅតាម​តួនាទី​ ដែល​មាន​ចែង​ដោយ​ក្រសួង​មហាផ្ទៃ។​

លោក​ថ្លែង​ថា៖ «ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាចតែ​មាន​ការ​រើសអើង​នៅ​ក្នុង​ការងារ និង​រង​សម្ពាធ​ពី​ការមិន​ផ្តល់​តួនាទី​ពេញ​លេញ​ដែល​ស្រប​តាម​ច្បាប់​ក្នុងក្រសួង​មហាផ្ទៃ។ ប្រសិន​បើ​យើង​មាន​តំណាង​រាស្រ្ត​របស់​យើង​ ចេញ​ពី​គណបក្ស​ភ្លើងទៀន​នៅក្នុង​រដ្ឋសភា យើង​អាច​អន្តរាគមន៍​បាន ដោយសារ​តែយើង​មាន​តំណាង​នៅក្នុង​សភា។ បើសិន​ជា​យើង​អត់​ទេ វាធ្វើ​ឱ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា ​រងារ​ឯកា​ដែរ យើង​មិន​ដឹង​ថា​ យើងអន្តរាគមន៍​ទៅណា»។​

ស្រដៀងគ្នានេះ លោក ខឹម មុនីកុសល ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើង​ទៀន​ប្រចាំ​ខេត្ត​ប៉ៃលិន​ ប្រាប់​វីអូអេ​ថា ការ​សម្រេច​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​ភ្លើងទៀន​ចុះ​បញ្ជី​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ ជា​ការ​រំលោភ​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​ជ្រើស​រើស​គណបក្ស​នយោបាយដែលពួកគេ​ពេញ​ចិត្ត ហើយ​ផ្ទុយ​ពីលទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។​ លោក​ថា អវត្តមាន​របស់​គណបក្ស​ភ្លើងទៀន នឹង​ធ្វើ​ឱ្យគណបក្ស​កាន់​អំណាចឈ្នះ​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ​ ដោយ​ស្វ័យ​ប្រវត្តិ។​

លោក​ថ្លែង​ថា៖ «ការ​បោះ​ឆ្នោត​ដែល​គ្មាន​វត្តមាន​របស់​គណបក្ស​ភ្លើង​ទៀន​ វា​ស្មើ​នឹង​គ្មាន​ការ​បោះ​ឆ្នោត។ ហើយ​បើ​ចំពោះ​ទស្សនៈ​ខ្ញុំ​ផ្ទាល់​វិញ​ សឹង​ថា​ មិន​ចាំ​បាច់​រៀប​ចំ​ការ​បោះ​ឆ្នោត​ទេ​ ពីព្រោះ​វា​នាំ​តែ​ចំណាយ​ថវិកា​ជាតិ​ហ្នឹង​ឥត​ប្រយោជន៍​ គ្មាន​តម្លៃ​សោះ​តែ​ម្តង។ ដូចេ្នះ​ហើយ​គណបក្ស​កាន់​អំណាច​លោក​មិន​បាច់​បោះ​ឆ្នោត​ទេ លោក​កាន់​អំណាច​បន្ត​ ៥ ​ឆ្នាំ​ទៅ​មុខ​ទៀត​តែ​ម្តង​ទៅ ហើយ​មិន​បាច់យក​ថវិការរាប់​លាន​ដុល្លារ​ហ្នឹង​ មក​ចំណាយ​ឥត​ប្រយោជន៍​ ដើម្បី​រៀប​ចំ​ការ​បោះ​ឆ្នោត​ទេ។​ វា​គ្មាន​ន័យ»។

ទាំង​អ្នកស្រី​ ចៅ រតនៈ លោក ណាក់ ណាច និង​លោក ខឹម មុនីកុសល សុទ្ធ​តែបាន​លើកឡើង​ថា ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើងទៀន​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​ស្វែង​រក​ដំណោះស្រាយ​ដើម្បី​ឱ្យ​គណបក្ស​ភ្លើងទៀន​អាច​ចូលរួមការ​បោះឆ្នោត​បាន។ ពួកគេ​បាន​បន្ថែម​ដោយ​សង្ឃឹម​ថា ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើងទៀន​នឹងរៀប​ចំ​ខ្លួន​ក្នុង​ការ​ចូលរួម​ការ​បោះឆ្នោត​អាណត្តិ​ខាងមុខ​ទៀត។

គណបក្ស​ភ្លើងទៀន​តែង​បាន​អះអាង​ថា​ ខ្លួន​បាន​ព្យាយាម​ស្វែង​រក​ដំណោះ​ស្រាយ​ដោយ​ស្នើ​សុំ​សេចក្តី​ចម្លង​ដែល​មាន​បញ្ជាក់​នីត្យានុកូល​កម្ម​នៃ​ប្រកាស​លេខ​ ១៩៣ ​ពី​ក្រសួង​មហា​ផ្ទៃ ប៉ុន្តែ​មិន​ទទួល​បាន​តាម​ការ​ស្នើ​សុំ។

ប្រកាស​លេខ​ ១៩៣​ គឺ​ជាលើ​សំណៅ​ដើម​របស់​គណបក្ស​ សម រង្ស៊ី​ ដែល​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ ​កាល​ពីឆ្នាំ ១៩៩៨​ ហើយ​ត្រូវ​បាន​ប្តូរ​ឈ្មោះ​ជាផ្លូវការ​ទៅ​ជា​គណបក្ស​ភ្លើង​ទៀន​នៅ​ឆ្នាំ​ ២០១៧។

អ្នក​នាំ​ពាក្យ​គណបក្ស​ភ្លើង​ទៀន លោក គឹមសួរ ភិរិទ្ធ លើក​ឡើង​ថា គណបក្ស​ភ្លើង​ទៀន​នៅ​តែ​មាន​ឆន្ទៈ​ និង​ការ​តស៊ូ​សម្រាប់​ការ​បោះ​ឆ្នោត​នៅពេល​ខាង​មុខ​ ក៏​ដូច​ជា​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ឆ្នាំ ២០២៧។ លោក​ថា​ គណបក្ស​នឹង​បន្ត​ព្យាយាម​សុំ​ការ​បញ្ជាក់​នីត្យា​នុកូលកម្ម​ប្រកាស​លេខ​ ១៩៣ ពី​ក្រសួង​មហា​ផ្ទៃ​ដើម្បី​ចូល​រួម​ការ​បោះ​ឆ្នោត​នា​អាណត្តិ​ខាង​មុខ។

លោក​ថ្លែង​ថា៖ «យើង​នឹង​ទាម​ទារ​ក្រសួង​មហា​ផ្ទៃ​ដែល​ជា​ស្ថាប័ន​ទទួល​ខុស​ត្រូវ​លើ​គណបក្ស​នយោបាយ​ហ្នឹង​ ត្រូវ​តែ​ចេញធ្វើ​ទុតិយតា​ ឬក៏​ធ្វើ​នីត្យានុកូលកម្ម​ ឬក៏​ចម្លងអា​ ១៩៣ ហ្នឹង​ឱ្យ​យើង។ ឬមួយ​ក៏​រក​វិធី​យ៉ាង​ណា​ប្រកាស​ទៅ​ឱ្យ​ គ.ជ.ប ថា​អាច​ប្រើ​ប្រាស់​ត្រឹម​តែ​លិខិត​បញ្ជាក់​ ដូច​ដែល​ក្រសួង​មហា​ផ្ទៃ​ចេញ​ឱ្យ​ ពីព្រោះ​អី​យើង​ជា​គណ​បក្ស​ស្រប​ច្បាប់​រួច​ហើយ។ ហើយ​បើ​ថា​ មិន​ចេញ​ឱ្យ​ទៀត​ មាន​ន័យ​ថា​ ប្រើ​លេស​ខែល​នយោបាយ​ហើយ»។

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត ​(គ.ជ.ប) លោក ហង្ស ពុទ្ធា បញ្ជាក់​ថា គ.ជ.ប បាន​ប្រកាស​ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយដោយ​ទុក​ពេល​ឱ្យ​គណបក្ស​នយោបាយ​នីមួយៗ​រយៈពេល​ ១៥ ថ្ងៃ ក្នុង​ការ​រៀប​ចំ​ឯកសារ​សម្រាប់​ការ​ចុះ​បញ្ជី។ ​លោក​ថា​ នៅ​មុន​ការ​ប្រកាស​ចុះ​បញ្ជី​គណបក្ស​នយោបាយ គណបក្ស​ភ្លើង​ទៀន​បាន​ដឹងថា​បាត់​ឯកសារ ប៉ុន្តែ​មិនរៀប​ចំ​ទុក​មុន។​

លោក​ថ្លែង​ថា៖ «គណបក្សភ្លើង​ទៀន លោកដឹងថា លោកបាត់ ​អត់មានឯកសារនេះ​ ហើយ​លោក​អត់ព្យាយាម​ធ្វើ​ អ៊ីចឹងរយៈកាលនេះ សូម​ជម្រាបថា​ អំឡុង​ពេលដែល​ខ្ញុំ​បាន​ជម្រាប​ខាង​លើ​ គឺ​អំឡុង​ពេ​លនៃ​ការ​ទទួល​ និង​ការ​ដាក់​ពាក្យ​ស្នើ​សុំ​របស់​គណបក្សនយោបាយដើម្បីដាក់បញ្ជី​ប្រកួតប្រជែង​ និង​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​ មិន​មែន​ជា​អំឡុង​ពេល​ដែល​គណបក្ស​ទើប​តែ​ត្រូវ​រត់​ឯកសារ ជា​ទុតិយតា​ ឬ​ក៏​ជា​នីត្យានុកូល​កម្ម​នោះ​ទេ អ៊ីចឹង​ប្រសិន​បើ​បាត់ ​ត្រូវ​រៀប​ចំ​ខ្លួន​ពី​ចម្ងាយ»។

អ្នកនាំពាក្យ គ.ជ.ប រូប​នេះ​ថ្លែង​បន្ថែម​ថា​ នៅ​ឆ្នាំ​ ២០២៧ ខាង​មុខ​ ប្រសិន​បើ​គណបក្ស​ភ្លើង​ទៀន​មាន​ឯកសារ​គ្រប់​គ្រាន់ នោះ​គណបក្ស​នេះ​នឹង​មាន​សិទ្ធិ​ចុះ​បញ្ជី​សម្រាប់​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់ បាន។

រូបឯកសារ៖ សមាជិករដ្ឋសភានីតិកាលទី ៧ មកពីគណបក្សប្រជាជនកម្ពុជា កាន់កាប់អាសនៈចំណយន ១២៥ ទាំងអស់នោះ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០១៨។

រូបឯកសារ៖ ពលរដ្ឋម្នាក់បង្ហាញម្រាមដៃដែលបានជ្រលក់ទឹកថ្នាំក្រោយពីបានបោះឆ្នោតហើយ ក្នុងការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)

ក្រោយ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​បាន​ប្រកាស​បដិសេធ​មិនឱ្យ​គណបក្ស​ភ្លើងទៀន​ចូលរួម​ការ​បោះឆ្នោត គេ​ឃើញ​អង្គការ​ និង​សហគមន៍​ជាតិ និង​អន្តរជាតិ​មួយចំនួន ដូចជា​សហរដ្ឋអាមេរិក អូស្ត្រាលី និង​សហភាព​អឺរ៉ុបបាន​ប្រតិកម្ម​ដោយ​បាន​ចាត់ទុក​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ​ថា​ នឹង «មិន​សេរី និង​យុត្តិធម៌» ហើយ​ទាម​ទារ​ឱ្យ​មាន​ការ​ពិនិត្យ និង​ពិចារណា​ឡើងវិញ​ ចំពោះ​ការ​សម្រេច​នោះ។

គណបក្សភ្លើង​ទៀន មាន​ឈ្មោះ​ដើមថា​ គណបក្ស​សម រង្ស៊ី។ កាលពី​ឆ្នាំ ២០១២ គណបក្ស​សម រង្ស៊ី បាន​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​គណបក្សសិទ្ធិមនុស្ស​របស់​លោក កឹម សុខា ហើយ​បង្កើត​ជា​គណបក្ស​សង្គ្រោះជាតិ ដែល​មាន​អ្នកគាំទ្រ​ជាង​ ៤០ ភាគរយ​នៅ​ទូទាំង​ប្រទេស សម្រាប់​ការ​បោះឆ្នោត​ជាតិ​កាលពី​ឆ្នាំ​ ២០១៣។ ប៉ុន្តែ​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១៧​ ដោយ​ចោទ​ថា​បាន​ឃុបឃិត​ជាមួយ​បរទេស ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា។

អវត្តមាន​របស់​គណបក្ស​សង្គ្រោះជាតិ​ក្នុងការ​បោះឆ្នោត​ថ្នាក់ជាតិ​ឆ្នាំ​ ២០១៨ បាន​ធ្វើ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ឈ្នះ​បានអាសនៈ​រដ្ឋ​សភាទាំង​ ១២៥​ ហើយ​បាន​ដឹកនាំ​រដ្ឋាភិបាល​ដោយ​ឯកបក្ស​រយៈពេល​ ៥ ឆ្នាំ​កន្លង​មក​នេះ។

ក្រោយ​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​រំលាយ ​គណបក្ស​ភ្លើង​ទៀន​បាន​ប្រមូល​ផ្តុំ​សមាជិក​ ហើយ​បាន​ចូលរួម​ការ​បោះឆ្នោត​ឃុំ​សង្កាត់​កាល​ពីខែ​មិថុនា ឆ្នាំ​ ២០២២ ដោយ​ឈ្នះ​បាន​តំណែង​មេឃុំ​ចៅ​សង្កាត់ និង​ក្រុមប្រឹក្សា​ឃុំសង្កាត់ សរុប​ចំនួន​ ២.១៩៨។ ចំណែក​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​បាន​អាសនៈ ចំនួន ​៩.៣៧៦។ គណបក្ស​ភ្លើង​ទៀន​ទទួល​បាន​តំណែង​ជា​មេឃុំ​ ចំនួន ៤ ជំទប់ទី​ ១​ ចំនួន​ ២៥ និង​ជំទប់ទី​ ២ ​ចំនួន​ ១.៣៦០។

ចាប់តាំងពី​គណបក្ស​ភ្លើងទៀន​បាន​ចូលរួម​ក្នុង​ការ​បោះឆ្នោត​វិញ ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​នេះ​បាន​រង​ការ​ប្តឹងផ្តល់​តាម​ផ្លូវ​ច្បាប់​ពី​គណបក្ស​កាន់​អំណាច​ជាបន្ត​បន្ទាប់។​ កាលពី​ខែ​តុលា ឆ្នាំ​ ២០២៣ តុលាការ​បានសម្រេច​ឱ្យ​អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន ​លោក ​សុន ឆ័យ​ ​បង់​សំណង​ជំងឺ​ចិត្ត​ឱ្យ​គណបក្ស​កាន់​អំណាច ​ប្រមាណ​ជា​ ៧៥ ​ម៉ឺន​ដុល្លារ​អាមេរិក ពាក់ព័ន្ធ​នឹងបទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ ទាក់​ទិននឹងការ​អត្ថា​ធិប្បាយ​របស់​លោក អំពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ កាល​ពី​ខែ​មិថុនា​ ឆ្នាំ​ ២០២២។​

កាលពី​ពាក់​កណ្តាល​ខែមករា ឆ្នាំ​ ២០២៣ សមត្ថកិច្ច​បាន​ចាប់ខ្លួន​លោក ថាច់ សេដ្ឋា អនុប្រធាន​គណបក្សភ្លើង​ទៀន ពី​បទ​ល្មើសដែល​កើត​ឡើង​កាល​ពី​ចុង​ឆ្នាំ​ ២០១៩ ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ចេញ​សែក​អត់​លុយ។

ហើយ​កាលពី​ខែ​មករា ឆ្នាំ​ ២០២៣ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ស្នើ​ឱ្យ​មេធាវី​បក្ស​កាន់​អំណាច​ពិនិត្យ​មើល​សេចក្តីថ្លែង​ការណ៍​របស់​គណបក្សភ្លើង​ទៀន​ ដែល​ចោទ​ថា​ គណបក្ស​កាន់​អំណាច​គាប​សង្កត់​គូ​ប្រជែង។​ លោក​ ហ៊ុន សែន​ អំពាវ​នាវ​ឲ្យ​គណបក្ស​ប្រឆាំង​មួយ​នេះសុំ​ទោស​ បើ​មិន​ចង់​ប្រឈម​នឹង​ចំណាត់​ការ​តាម​ផ្លូវ​ច្បាប់។

នៅខែ​ឧសភា ឆ្នាំ​ ២០២៣​ នេះ គណបក្ស​ភ្លើងទៀន​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត (គ.ជ.ប) ​បដិសេធ​មិន​ឱ្យ​ចុះឈ្មោះក្នុង​បញ្ជី​ ហើយ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ក៏​បាន​សម្រេចដូចគ្នា​នឹង ​គ.ជ.ប។ នា​ពេល​នោះ លោក ​រ៉ុង ឈុន ​ដែល​ជា​អនុប្រធាន​ម្នាក់​របស់​គណបក្ស​ភ្លើងទៀន បាន​ប្រកាស​ថា​ លោក​គ្រោង​ជួប​ជុំ​សមាជិក​និង​អ្នក​គាំទ្រ​ប្រមាណ​មួយ​ម៉ឺន​នាក់​ នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​តស៊ូ​មតិ​ទាមទារ​ឱ្យ​ស្ថាប័ន​ពាក់​ព័ន្ធ​អនុញ្ញាត​ឱ្យ​គណបក្ស​នេះ​បាន​ចូលរួម​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នា​ខែ​កក្កដា​ខាង​មុខនេះ។​

លោក​នាយករដ្ឋ​មន្រ្តី ​ហ៊ុន សែន ក៏​បាន​ព្រមាន​ចាប់​ខ្លួន​អ្នក​ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា​ក្នុង​ការ​ប្រមូល​ផ្តុំ​ជាមួយ​គណបក្ស​ភ្លើង​ទៀន ​ប្រឆាំង​នឹង​សេចក្តី​សម្រេច​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប) ​និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ​ដែល​សម្រេច​មិន​ឱ្យ​គណបក្ស​ជំទាស់​មួយ​នេះ​ចូលរួម​ការ​បោះ​ឆ្នោត ​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៣ ​ខែ​កក្កដា ​ឆ្នាំ​២០២៣​ខាង​មុខ​នេះ។

ទោះ​បី​ជា​រងសម្ពាធ​ជា​បន្តបន្ទាប់ ខណៈ​អនាគត​នៃ​ការ​ចូលរួម​របស់​គណបក្ស​នៅ​ក្នុង​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​ នៅតែ​មាន​ភាព​ស្រពេច​ស្រពិល​យ៉ាង​ណាក្តី ក៏ សកម្មជន​និង​មន្ត្រី​របស់​គណបក្ស​ភ្លើងទៀន​ ដូចជា​លោក ណាក់ ណាច​ លើក​ឡើង​ថា លោក​នឹង​នៅ​បន្ត​ចូលរួម​សកម្មភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើងទៀន​ រហូត​ដល់​ដំណាក់​កាល​ចុងក្រោយ។

លោកថ្លែងថា៖ «បើសិន​ជា​គណបក្ស​ភ្លើងទៀន​ត្រូវ​បាន​រំលាយ​ដូច​គណបក្ស​សង្គ្រោះជាតិ ខ្ញុំ​សម្រាក​ធ្វើ​ជា​ពលរដ្ឋ​ធម្មតា។ ហើយ​កន្លង​មក ខ្ញុំ​ធ្វើ​អី គឺ​ខ្ញុំ​ទៅ​ធ្វើ​ហ្នឹង​វិញ។​ ហើយ​បើ​និយាយ​ពី​ការ​បោះបង់​ការ​តស៊ូ​ដើម្បី​ស្តារ​លទ្ធិ​ប្រជា​ធិបតេយ្យ ខ្ញុំ​មិន​បោះបង់​ទេ»៕