កាសែត Apple Daily គាំទ្រលទ្ធិប្រជាធិបតេយ្យនៅហុងកុង បានបិទជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានចេញផ្សាយការបោះពុម្ពចុងក្រោយ។ អ្នកក្រុងហុងកុងជាច្រើនបានតម្រង់ជួរនៅតាមហាងនានានៅទូទាំងទីក្រុងនេះ មុនពេលថ្ងៃរះដើម្បីទិញកាសែត Apple Daily ចុងក្រោយដែលបោះពុម្ពចំនួន១លានច្បាប់។
អ្នកសារព័ត៌មានបានប្រមូលផ្តុំគ្នានៅលើដំបូលអគារក្រុមហ៊ុន Next Digital ពេញមួយយប់ដោយបើកភ្លើងទូរស័ព្ទដៃបញ្ចាំងទៅហ្វូងមនុស្សនៅខាងក្រោមដើម្បីបង្ហាញសាមគ្គីភាព។ អ្នករចនាកាសែតម្នាក់បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា«គ្មានសេរីភាពសារព័ត៌មាននៅហុងកុងទេ» ដោយសារការបិទកាសែត Apple Daily។
ក្រុមហ៊ុន Next Digital បានប្រកាសកាលពីថ្ងៃពុធថា ខ្លួនបិទកាសែត Apple Daily ដោយលើកឡើងថា មកពី «កាលៈទេសៈបច្ចុប្បន្ននៅហុងកុង»។ ការសម្រេចចិត្តនេះធ្វើឡើងជិតមួយសប្តាហ៍បន្ទាប់ពីប៉ូលិសជាង៥០០នាក់ បានឆ្មក់ចូលការិយាល័យកាសែតនេះ ហើយបានចាប់ខ្លួននិពន្ធនាយក គឺលោក Ryan Law និងនាយកប្រតិបត្តិ ៤នាក់ទៀតរបស់កាសែតនេះ និងរបស់ក្រុមហ៊ុន Next Digital។ បន្ទាប់មកអាជ្ញាធរបង្កកទ្រព្យសម្បត្តិចំនួន ២,៣លានដុល្លារ ដែលធ្វើឱ្យក្រុមហ៊ុនមិនមានលុយបើកប្រាក់ខែឲ្យបុគ្គលិក។
លោក Cheung Kim-hung នាយកប្រតិបត្តិ និងផ្នែកច្បាប់ត្រូវបានចោទប្រកាន់ពីបទឃុបឃិតជាមួយប្រទេសក្រៅ ហើយត្រូវបានគេបដិសេធមិនឲ្យធានានៅក្រៅឃុំ។
របាយការណ៍ចេញផ្សាយពីទីក្រុងហុងកុងនិយាយថា បុគ្គលិកកាសែត Apple Daily ម្នាក់ទៀតដែលគេស្គាល់ថា ជាអ្នកសេរសេរបទវិចារណកថា និងអត្ថបទដ៏លេចធ្លោម្នាក់របស់កាសែតនេះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ។ ប៉ូលិសបាននិយាយថា បុរសអាយុ៥៥ឆ្នាំរូបនេះ ត្រូវបានចាប់ខ្លួនពីបទសង្ស័យថា ឃុបឃិតជាមួយប្រទេសក្រៅ ឬកម្លាំងបរទេស។
កាសែត Apple Daily និងចាងហ្វាងកាសែតនេះ គឺលោក Jimmy Lai អាយុ៧៣ឆ្នាំដែលស្ថាបនិក និងជាម្ចាស់ក្រុមហ៊ុន Next Digital បានក្លាយជាគោលដៅវាយប្រហាររបស់អាជ្ញាធរហុងកុង ចាប់តាំងពីប្រទេសចិន បានចេញច្បាប់សន្តិសុខជាតិយ៉ាងតឹងរ៉ឹងកាលពីខែមិថុនាក្នុងការឆ្លើយតបទៅនឹងការតវ៉ាដ៏ធំប្រឆាំងរដ្ឋាភិបាលកាលពីឆ្នាំ២០១៩ ដែលពេលខ្លះមានអំពើហិង្សានោះ។
ការិយាល័យកាសែតនេះ ត្រូវបានឆ្មក់ចូលឆែកឆេរកាលពីខែសីហាឆ្នាំមុន បន្ទាប់ពីលោក Jimmy Lai ត្រូវបានចាប់ខ្លួននៅផ្ទះរបស់លោក ដោយសង្ស័យពីបទឃុបឃិតជាមួយបរទេស៕