ប៉ូលិស​ថា​ អ្នក​កាសែត​ហុងកុង​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​សម​គំនិត​ក្នុង​ការ​ផ្សាយ​ខ្លឹមសារ «បំបះបំបោរ»

និពន្ធនាយកស្តីទីនៃបណ្តាញ​ព័ត៌មាន Stand News លោក Patrick Lam ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សប្រាំមួយនាក់ដែលត្រូវបានចាប់ខ្លួនពីបទ«សមគំនិត​ក្នុង​ការ​បោះ​ពុម្ពផ្សាយ​ព័ត៌មាន​ដែល​បំបះបំបោរ» ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១។ (Reuters)

ប៉ូលិស​ក្រុង​ហុងកុង​បាន​និយាយ​ថា សមាជិក​ពីរ​នាក់​នៃ​បណ្តាញ​ព័ត៌មាន​ហុងកុង​បានរង​ការ​ចោទ​ប្រកាន់​ពី​បទ«សមគំនិត​ក្នុង​ការ​បោះ​ពុម្ពផ្សាយ​ព័ត៌មាន​ដែល​បំបះបំបោរ»កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ គឺ​មួយ​ថ្ងៃ​បន្ទាប់ពី​ការឆ្មក់​ឆែកឆេរ​បណ្តាញ​ព័ត៌មាន Stand News ដែល​ផ្សព្វផ្សាយ​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ។ នេះបើតាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

ប្រទេស​ចិន​បាន​រឹតបន្តឹង​ការគ្រប់គ្រង​លើ​ទីក្រុង​ហុងកុង​ចាប់​តាំងពី​មាន​ការតវ៉ា​គាំទ្រ​លទ្ធិ​ប្រ ជា​ធិបតេយ្យ​ដ៏​ធំ​ដែល​ពេល​ខ្លះ​មាន​ហិង្សា​នៅ​ទូទាំង​ទីក្រុង​ក្នុង​ឆ្នាំ២០១៩ហើយ​ការគាប​សង្កត់​សារ​ព័ត៌មាន​ក្នុង​ស្រុក​ក៏កើន​ឡើង​ផង​ដែរ។ ប៉ូលិស​បាន​ឆែកឆេរ​ការិយាល័យ Stand News ក្នុង​ការ​បង្រ្កាប​ចុង​ក្រោយ​បំផុត​កាលពី​ថ្ងៃ​ពុធ​ដោយ​បាន​រឹបអូស​យក​ទូរស័ព្ទ កុំព្យូទ័រ​និង​ឯកសារ​ហើយ​និង​ចាប់​ខ្លួន​និពន្ធនាយក។

ក្រសួង​សន្តិសុខ​ជាតិ​ប៉ូលិស​ហុងកុង​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍ថា «បុរស​ពីរ​នាក់​អាយុ​៣៤​ឆ្នាំ​ម្នាក់ ​និង៥២​ឆ្នាំម្នាក់ និង​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​អនឡាញ»ត្រូវ​បាន​ចោទ​ប្រកាន់«ពីបទ​សម​គំនិត​ក្នុង​ការបោះ​ពុម្ពផ្សាយ​បំបះបំបោរ»។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​បាន​រាយ​ការណ៍​ថា អ្នកទាំង​ពីរ​គឺ​និពន្ធ​នាយក​ស្តីទី​លោក Patrick Lam និង​អតីត​និពន្ធនាយក​ Chung Pui-kuen។

បុរស​ទាំងពីរ​នាក់​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ព្រឹក​ថ្ងៃពុធ​រួមជាមួយ​មនុស្ស​ប្រាំ​នាក់ទៀត។ក្រោយ​មកបណ្តាញ​ព័ត៌មានStand News បាន​និយាយ​ថា នឹង​បិទ​ប្រតិបត្តិការ​ដោយសារ​ឧប្បត្តិហេតុ​ដែលនាំ​ឱ្យ​មាន​ការ​ថ្កោលទោស​ជា​អន្តរជាតិ​នេះ។

លោក Antony Blinken រដ្ឋ​មន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា«អ្នក​សារព័ត៌មាន​មិន​មែន​ជាអ្នក​បះបោរ​ទេ។តាមរយៈ​ការ​បំបិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ សាធារណរដ្ឋ​ប្រជា មានិត​ចិន​និង​អាជ្ញាធរ​មូលដ្ឋាន​ធ្វើឱ្យ​ខូច​ឈ្មោះ​និង​លទ្ធភាព​របស់​ក្រុង​ហុងកុង»។

មេ​ដឹកនាំ​ហុងកុង​អ្នកស្រី Carrie Lam បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា អ្នកស្រី​បាន​យល់​ស្រប​នឹង​ទស្សនៈ​របស់​លោក Blinken ដែល​ថា «សារ​ព័ត៌មាន​មិនមែន​ជា​ការបំបះ​បំបោរ»​ប៉ុន្តែ​បាន​បន្ថែម​ថា សកម្មភាព​បំបះបោរ«មិន​អាច​លើក​លែង​ដោយសារ​ការ​រាយ​ការណ៍​ព័ត៌មាន​ទេ»៕