សកម្មជន​ហុងកុង ៣ នាក់ ជាប់​ឃុំ បន្ទាប់ពី​សារភាព​ថា​បាន​ញុះញង់​ឲ្យ​មាន​បាតុកម្ម​កាល​ពី​ឆ្នាំ​មុន

សកម្មជន​ហុងកុង (រាប់​ពី​ស្ដាំ​ទៅ​ឆ្វេង) លោក Joshua Wong លោក Ivan Lam និង​អ្នកនាង Agnes Chow បាន​ទៅ​ដល់​តុលាការ​​នៅ​ទីក្រុង​ហុងកុង ថ្ងៃច័ន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។

សកម្មជន​ហុងកុង​វ័យ​ក្មេង ៣ នាក់ ដែល​ក្នុង​នោះ​មាន​ទាំង​លោក Joshua Wong ផងដែរ ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅកាន់​មន្ទីរ​ឃុំឃាំង​វិញ​នៅ​ថ្ងៃ​ចន្ទ​នេះ បន្ទាប់ពី​បាន​សារភាព​ទទួល​ទោស​ចំពោះ​ការ​ញុះញង់​ឲ្យ​មាន​ការ​ធ្វើ​បាតុកម្ម​ក្នុង​អំឡុង​ពេល​នៃ​ការ​តវ៉ា​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​កាលពី​ឆ្នាំ​មុន។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ទីក្រុង​ហុងកុង​បាន​ប្រឈម​នឹង​ការ​តវ៉ា​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​អស់​រយៈពេល ៧ ខែ​ជាប់ៗ​គ្នា កាល​ពី​ឆ្នាំ​មុន ដែល​ជារឿយៗ​មាន​អំពើ​ហិង្សា​កើតឡើង។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​អាជ្ញាធរ​ក្រុង​ហុងកុង​បាន​ច្រានចោល​ការ​ទាមទារ​របស់​បាតុករ​ដែល​ចង់​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី ហើយ​បាន​ប្រឆាំង​នឹង​អ្នក​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ដោយ​ប្រើ​សំណុំ​រឿង​ព្រហ្មទណ្ឌ​និង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី។

លោក Joshua Wong អាយុ ២៤ ឆ្នាំ ត្រូវ​បាន​កាត់ទោស​ជាមួយ​លោក Ivan Lam និង​នាង Agnes Chow ទាក់ទិន​នឹង​ការ​តវ៉ា​ដែល​បាន​ធ្វើ​ឡើង​កាលពី​រដូវ​ក្តៅ​ឆ្នាំ​មុន​នៅ​ខាងក្រៅ​ទីស្នាក់ការ​ប៉ូលិស​ក្រុង​ហុងកុង។

លោក Joshua Wong បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​មុន​ពេល​ការ​កាត់ទោស​បាន​ចាប់ផ្តើម​ថា៖ «យើង​នឹង​បន្ត​ប្រយុទ្ធ​ដើម្បី​សេរីភាព ហើយ​ឥឡូវ​នេះ​មិន​មែន​ជា​ពេល​វេលា​សម្រាប់​យើង​ដើម្បី​លុតក្រាប​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​ចុះចាញ់​នោះ​ទេ»។

រី​ឯ​លោក Ivan Lam វ័យ ២៦ ឆ្នាំ​វិញ បាន​និយាយ​ថា៖ «យើង​មិន​មាន​ការ​ស្តាយក្រោយ​នោះ​ឡើយ»៕