ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិក លោក Alejandro Mayorkas បានបង្កើតក្រុមឯករាជ្យដែលមកពីគណបក្សទាំងពីរ ដើម្បីពិនិត្យមើលការប៉ុនប៉ងធ្វើឃាតអតីតប្រធានាធិបតីលោក Donald Trump កាលពីដើមខែនេះ។
សមាជិកក្រុមនឹងមាន «បទពិសោធអនុវត្តច្បាប់ និងសន្តិសុខយ៉ាងទូលំទូលាយ ដើម្បីធ្វើការពិនិត្យឯករាជ្យរយៈពេល៤៥ ថ្ងៃអំពីផែនការ និងសកម្មភាពដែលធ្វើឡើងដោយកងអង្គរក្សថ្នាក់ដឹកនាំរបស់សហរដ្ឋអាមេរិក និងអាជ្ញាធររដ្ឋ និងមូលដ្ឋាន មុនពេល អំឡុងពេល និងបន្ទាប់ពីការជួបជុំឃោសនានយោបាយ និងគោលការណ៍គ្រប់គ្រងនិងនីតិវិធីរបស់កងអង្គរក្សថ្នាក់ដឹកនាំរបស់សហរដ្ឋអាមេរិក»។ ក្រសួងសន្តិសុខមាតុភូមិបាននិយាយដូចនេះនៅក្នុងសេចក្តីថ្លែងការណ៍។
មន្ត្រីដំបូងៗដែលត្រូវបានគេដាក់ឈ្មោះក្នុងក្រុមនេះគឺមានអតីតរដ្ឋមន្ត្រីសន្តិសុខមាតុភូមិ អ្នកស្រីJanet Napolitano អ្នកស្រីFrances Townsend អតីតទីប្រឹក្សាសន្តិសុខមាតុភូមិរបស់ប្រធានាធិបតី George W. Bush លោកMark Filip អតីតចៅក្រមសហព័ន្ធ និងជាអនុរដ្ឋមន្ត្រីយុត្តិធម៌ក្នុងរដ្ឋបាលរបស់លោកប្រធានាធិបតី George W. Bush និងលោក David Mitchell អតីតរដ្ឋលេខាធិការនៃមន្ទីរសុវត្ថិភាពសាធារណៈ និងសន្តិសុខមាតុភូមិសម្រាប់រដ្ឋ Delaware ។
សេចក្តីថ្លែងការណ៍បាននិយាយថា អ្នកជំនាញបន្ថែមអាចត្រូវបានស្នើសុំឱ្យចូលរួមក្នុងក្រុមនេះក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
នាយិកាកងអង្គរក្សថ្នាក់ដឹកនាំ អ្នកស្រី Kim Cheatle បាននិយាយថា អ្នកស្រីស្វាគមន៍ការពិនិត្យនេះ។ អ្នកស្រីCheatle បានផ្តល់សក្ខីកម្មកាលពីថ្ងៃចន្ទនៅចំពោះមុខគណៈកម្មាធិការត្រួតពិនិត្យនៃរដ្ឋសភាដោយអ្នកស្រីបានថ្លែងថាការប៉ុនប៉ងធ្វើឃាតលោកTrump គឺជា«ការបរាជ័យផ្នែកប្រតិបត្តិការដ៏ធំបំផុត»របស់ទីភ្នាក់ងារនេះក្នុងរយៈពេលជាច្រើនទសវត្សរ៍៕