ក្រុមហ៊ុន​សម្លៀក​បំពាក់​ H&M សង្ឃឹម​ថា​ កម្ពុជា​អាច​សង្គ្រោះ​EBA​បាន​

រូបឯកសារ៖ កម្មករ​រោងចក្រ​កាត់ដេរ​ខ្មែរ កំពុង​ធ្វើការ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​មួយ​កន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ។

អ្នក​នាំ​ពាក្យ​ក្រុមហ៊ុន​កាត់ដេរ​សម្លៀកបំពាក់​ H&M បាន​ឲ្យដឹង​ថា ក្រុមហ៊ុន​របស់​ខ្លួន​អាច​នឹង​ប្ដូរ​ទីតាំង​​វិនិយោគ​​ដោយ​អន្លើ​ ប្រសិន​បើ​កម្ពុជា​បាត់​បង់​ឋានៈ​អនុគ្រោះ​ពន្ធ។

ក្រុមហ៊ុន​ច្នៃម៉ូដ​និង​កាត់ដេរ​សម្លៀក​បំពាក់ H&Mដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ស៊ុយអែត​បាន​ឲ្យ​ដឹង​ពី​ការ​រំពឹង​របស់​ខ្លួន​ថា​ ប្រទេស​កម្ពុជា​នឹង​អាច​ធ្វើទៅ​តាម​ការ​ស្នើ​របស់​សហភាព​អឺរ៉ុប​ ក្រោម​ក្របខណ្ឌ​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​ «គ្រប់មុខ​ទំនិញ​ទាំង​អស់​លើក​លែង​សព្វាវុធ» ឬហៅ​ថា​ EBA ដែល​រួម​ចំណែក​យ៉ាង​ខ្លាំង​ដល់​ការ​រក្សា​ភាព​ទាក់​ទាញ​របស់​កម្ពុជា​ ដើម្បី​ទាញ​ការ​វិនិ​យោគ​ទុន​ពី​ក្រៅប្រទេស​ឬ​ក៏រក្សា​ទុក​អ្នកវិនិយោគ​ដែល​មាន​ស្រាប់។

លោក​ស្រី​ Ulrika Isaksson មន្ត្រី​នាំពាក្យ​ក្រុមហ៊ុនH&M​ ដែល​បានផ្គត់​ផ្គង់​សម្ភារៈ​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​ជា​ច្រើន​ទៀត​ បាន​ឲ្យដឹង​តាម​សារ​អេឡិច​ត្រូនិក​អ៊ីម៉េល​កាលពី​សប្តាហ៍​មុន​ថា​ ក្រុម​ហ៊ុនH&M​ យល់​ស្របពេញ​ទំហឹង​ជាមួយ​ការ​ចង់បាន​របស់​សហភាព​អឺរ៉ុប​ ចំពោះ​ការ​ដោះស្រាយ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​ស៊ីវិល​ធ្ងន់​ធ្ងរ​នៅប្រទេស​កម្ពុជា។ លោកស្រី​បាន​បញ្ជាក់​ឲ្យដឹង​ថា​ ការ​ព្យួរ EBA នឹង​បង្កឲ្យ​មាន​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​លើ​ការ​ទទួល​បាន​ការងារ​របស់​ប្រជាជន​ក្នុង​ឧស្សាហកម្ម​កាត់​ដេរ។

លោក​ស្រី​ Ulrika Isaksson​ បាន​សរសេរ​ក្នុង​ន័យ​ដើមថា៖«EBA មាន​សារៈសំខាន់​សម្រាប់​ភាព​ប្រកួតប្រជែង​របស់​ឧស្សាហកម្ម​វាយនភណ្ឌ​កម្ពុជា។ បើ​គ្មាន EBAទេ​ កម្ពុជា​នឹង​មានការ​លំបាក​ដើម្បី​ប្រែក្លាយ​ភាព​ចាំបាច់​នានា​របស់​ឧស្សាហកម្ម​កាត់​ដេរ​ ដូចជា​ការ​ធ្វើ​ឲ្យ​មានកិច្ច​ព្រម​ព្រៀង​តថ្លៃ​ទូលំ​ទូលាយ​រួម​មួយ»។

លោក​ស្រី​បាន​បន្ថែមថា៖«ការ​ដក​ហូត​បុព្ធ​សិទ្ធិ EBA​នឹង​នាំ​ទៅ​រក​ការ​ផ្លាស់​ប្តូរ​ទីតាំង​វិនិយោគ​ដោយ​អន្លើ​ពី​ក្រុមហ៊ុន H&M Group។ ប៉ុន្តែ​វា​លឿន​ពេក​ពេល​នេះ ដែល​យើងមិន​អាចផ្តល់​សេចក្តី​លម្អិត​អំពី​រឿង​នេះ។ យើង​ចង់​បន្តជួយ​ដល់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​តាម​ផ្លូវ​វិជ្ជមាន​មួយ​ ក្នុង​នោះ​មាន​ ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​និង​ពង្រឹង​ស្ថានភាព​សិទ្ធិមនុស្ស»។

មន្ត្រី​នាំ​ពាក្យ​ក្រុមហ៊ុនH&M​ដដែល​ បាន​បញ្ជាក់​បន្ត​ទៀត​ថា​ ប្រសិនបើ​កម្ពុជា​ អាច​ធ្វើ​តាម​សេចក្តី​ត្រូវ​ការ​របស់​សហភាព​អឺរ៉ុប​នោះ​ កម្ពុជា​នឹង​អាច​រារាំង​មិន​ឲ្យ​មាន​ការ​ព្យួរ EBA​ ក៏​ដូច​ជា​ការ​ផ្តើម​ឲ្យ​មាន​យុទ្ធសាស្ត្រ​ថ្មី​របស់​ក្រុមហ៊ុន​ផលិត​សម្លៀក​បំពាក់។ កម្ពុជា​ក៏​នឹង​ក្លាយ​ជា​ទីតាំង​ផ្គត់​ផ្គង់​ទំនិញ​ដ៏​ទាក់​ទាញ​ផងដែរ។ ការ​ទាក់ទាញ​នេះ​គឺ​រួម​មាន​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ទាន់​សម័យ​ ដែល​សិទ្ធិ​ការ​ងារ​ត្រូវ​បាន​គោរព​ពេញ​លេញ​ ហើយ​ដែល​ស្ថិរភាព​និង​ភាពប្រកួត​ប្រជែង​ត្រូវ​បាន​ការ​ពារ​។

កាល​ពី​ចុង​ខែ​មករា​កន្លង​ទៅ​នេះ តំណាង​ក្រុមហ៊ុន​ និង​អ្នក​បញ្ជា​ទិញ​ទំនិញ​កាត់ដេរ​ពី​ប្រទេស​កម្ពុជា​ចំនួន​ជាង​២០​ បាន​អំពាវនាវ​ដល់រដ្ឋាភិបាល​កម្ពុជា​ ឲ្យ​កែប្រែ​លក្ខខណ្ឌ​ច្បាប់​លើ​ការ​អនុវត្ត​សិទ្ធិ​សហជីព​ បញ្ឈប់​ការ​គាប​សង្កត់​លើ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​លើក​លែង​ការ​ចោទប្រកាន់​ប្រឆាំង​នឹង​មេ​ដឹក​នាំ​សហជីព​ នៅ​គ្រា​ដែល​សហភាព​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក​កំពុង​ពិចារណា​ និង​ស្នើ​ឲ្យ​ពិនិត្យប្រព័ន្ធ​ឋាន:​អនុគ្រោះ​ពាណិជ្ជកម្ម​ដែល​បាន​ផ្តល់​ដល់​កម្ពុជា។

សហភាព​អឺរ៉ុប​នឹង​ធ្វើការ​សម្រេច​ចិត្ត​ចុង​ក្រោយ​ថា​នឹង​ទុក​កម្ពុជា​ក្នុង​ប្រព័ន្ធ​ឋាន:​អនុគ្រោះ​ពន្ធ EBAទៀត​ឬ​យ៉ាងណា នៅ​ថ្ងៃទី​១២​ ខែកុម្ភ: ​ខាងមុខ​ ក្រោយ​ការ​វាយតម្លៃ​របស់​ខ្លួន​លើ​ការ​ស្តារ​ឡើង​វិញ​នូវស្ថានភាព​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ​ដែល​បាន​ធ្លាក់​ចុះ​ដុនដាប​ខ្លាំង​ក្រោយ​ការ​ រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នៅ​កម្ពុជា។

ទោះ​យ៉ាងណា​ក៏​ដោយ​ ក្រុម​មន្ត្រី​ផ្លូវការ​របស់​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ជា​ច្រើន​លើក​ច្រើន​សារថា​ មិន​មាន​អ្នកណា​អាច​ដាក់​សម្ពាធ​លើ​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​បាន​ទេ។

ក្រុម​តំណាង​ក្រុមហ៊ុន ​និង​អ្នកបញ្ជា​ទិញ​ដែល​បាន​ផ្ញើ​លិខិត​ជូនលោក​ហ៊ុន សែន​ បាន​អះអាង​ថា​ ការ​ងារ​របស់​ពួកគេ​ជាមួយ​អ្នក​ផ្គត់ផ្គង់​នៅ​កម្ពុជា​ បាន​រួម​ចំណែក​ផ្តល់​ទឹកប្រាក់​៩,៥ពាន់​លាន​ដុលា្លរ​អាមេរិក​លើ​ទំនិញ​កាត់​ដេរ​ ស្បែក​ជើង​ និង​ផលិតផល​ធ្វើ​ដំណើរ​ដែល​បាន​នាំចេញ​ពី​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​មុន​នេះ៕​