ប្រាក់ពន្ធឡើងខ្ពស់នៅប្រទេសតូហ្គោ (Togo) បង្ខំឲ្យអ្នកបើករថយន្តនិងម៉ូតូបែរទៅរកទិញប្រេងសាំងនិងម៉ាស៊ូតនៅតាមផ្សារងងឹត បណ្ដាលឲ្យហាងសាំងធំៗបាត់បង់អតិថិជនទៅខាងពាណិជ្ជកម្មខុសច្បាប់។
ការតម្លើងពន្ធប្រាំភាគរយលើប្រេងឥនន្ធៈ នៅក្នុងប្រទេសតូហ្គោបានបង្កើនសកម្មភាពដល់ផ្សារងងឹតសម្រាប់អ្នកបើករថយន្តនិងម៉ូតូដែលមិនចង់បង់ថ្លៃ ១ ដុល្លារ ២៤ សេន ក្នុងមួយលីត្រសម្រាប់ប្រេងសាំងគ្មានធាតុសំណរ នៅពេលដែលប្រេងសាំងដដែលនេះ ពីមុនថ្លៃត្រឹម ១ ដុល្លារ ១៨សេនប៉ុណ្ណោះ។
អ្នករត់ម៉ូតូឌុបនៅទីក្រុង ឡូមេ (Lome) អាប៊ូបាការ ដារេ និយាយថាប្រាក់ពន្ធឡើងខ្ពស់ធ្វើឲ្យគាត់ចំណេញតិច។
«ប្រេងឥន្ធនៈកំពុងឡើងថ្លៃនៅក្នុងផ្សារពិភពលោក។ ដារេ និយាយថាជនជាតិតូហ្គោមិនអាចធ្វើអ្វីបានទេអំពីរឿងនេះ ក៏ប៉ុន្តែរដ្ឋាភិបាលអាចធ្វើអ្វីបានខ្លះ»។
ប៉ូឡាំង អាមេវ៉ូ (Paulin Amevo) អ្នកធ្វើការនៅហាងសាំងនិយាយថាអ្នកលក់ប្រេងឥនន្ធៈផ្សារងងឹតនៅតាមដងផ្លូវ ធ្វើឲ្យហាងសាំងបាត់បង់ប្រាក់ចំណូល។
«ប៉ូឡាំង អាមេវ៉ូ និយាយថា អ្នកលក់ផ្សារងងឹតនៅក្បែរគាត់ ទាក់ទាញយកអ្នកទិញពីហាងសាំងគាត់ ពីព្រោះប្រាក់ ១ ពាន់ហ្រ្វង់ (francs) ទិញសាំងមិនបានពីរលីត្រទេពីហាងសាំង តែទិញបានជាងពីរលីត្រពីផ្សារងងឹត។ អាមេវ៉ូ និយាយថា អតិថិជនដឹងថាការទិញប្រេងសាំងពីផ្សារងងឹតអាចធ្វើឲ្យខូចម៉ាស៊ីនរថយន្តឬម៉ូតូរបស់គេ តែគេចង់បានថ្លៃថោក»។
រដ្ឋាភិបាលប្រទេសតូហ្គោ និយាយថា ប្រាក់ជំនួយរបស់រដ្ឋាភិបាល សម្រាប់ប្រេងឥនន្ធៈចំនួន ១០ លានដុល្លារ នៅក្នុងពេលប្រាំខែដំបូងនៃឆ្នាំនេះ មិនអាចបន្តទៅមុខទៀតបានទេ ពីព្រោះវាកាត់បន្ថយថវិកាជាតិ។ លោក អាកតែម ហ្ស៊ូនូ (Artheme Zunu) រដ្ឋមន្រ្តីពាណិជ្ជកម្មប្រទេស តូហ្គោ ពន្យល់ថាការតម្លើងប្រាក់ពន្ធលើប្រេងឥន្ធនៈជាការសមហេតុផល ពីព្រោះរដ្ឋាភិបាលបានកម្រិតត្រឹមប្រាំភាគរយ ហើយមានការបំបាត់ប្រាក់ពន្ធទៅលើវត្ថុប្រើប្រាស់ដទៃៗទៀត ដើម្បីជួយបន្ធូរផលវិបាក៕
ប្រែសម្រួលដោយ កែយ៉ាន