ពួកអ្នកបោះឆ្នោតសហរដ្ឋអាមេរិកជាង៦២លាននាក់បានបោះឆ្នោតរួចហើយនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ដែលបំបែកឯកទត្តកម្មនៅក្នុងរដ្ឋខ្លះនិងកំពុងនាំឱ្យបេក្ខជនទាំង២នាក់សង្ឃឹមថាការណ៍នេះនឹងផ្តល់ឱ្យពួកគេនូវជ័យជម្នះ ទោះបីនៅ ពេលដែលពួកអ្នកជំនាញព្រមានថាទិន្ន័យជាការពិបាកដើម្បីបកស្រាយក៏ដោយ។
ការស្ទង់មតិបង្ហាញថាអ្នកស្រី Kamala Harris បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យនិងលោក Donald Trump បេក្ខជនគណបក្សសាធារណរដ្ឋកំពុងមានមានការគាំទ្រប្រកៀកប្រកិតគ្នា រួមទាំងរដ្ឋដែលមានការប្រកួតប្រជែងខ្លាំងចំនួន៧ដែលទំនងនឹងសម្រេចការបោះឆ្នោតជាតិ។
យុទ្ធនាការឃោសនាបោះឆ្នោតរបស់អ្នកស្រី Harris បានលើកទឹកចិត្តឱ្យមានការបោះ ឆ្នោតមុនពេលកំណត់ ដោយបេក្ខជនអនុប្រធានាធិបតីរបស់អ្នកស្រីគឺលោក Tim Walz ប្រធានាធិបតីចេញពីតំណែងលោក Joe Biden និងអតីតប្រធានាធិបតីលោក Barack Obama បានបោះឆ្នោតរបស់ពួកអស់លោករួចហើយ។
លោក Trumpមានការមន្ទិលសង្ស័យកាបោះឆ្នោតមុនពេលកំណត់ ដោយមិនមានភស្តុតាងអំពីភាពត្រឹមត្រូវនៃការបោះឆ្នោតមុនពេលកំណត់ ក៏ប៉ុន្តែ លោកបានសុខចិត្តទទួលយកការបោះឆ្នោតមុនកំណត់នេះដែលកំពុងលើកទឹកចិត្តពួកអ្នកគាំទ្ររបស់លោកឱ្យបោះឆ្នោតនៅពេលណាដែលសាកសម្យចំពោះពួកគេ។
រហូតមកដល់ថ្ងៃព្រហស្បតិ៍ម្សិលមិញ មនុស្សយ៉ាងតិចណាស់ក៏៦២លាន៧សែននាក់បានបោះឆ្នោតមុនពេលកំណត់ដែលនេះជាចំនួន៤០ភាគរយនៃការរាប់សន្លឹកឆ្នោតទាំងអស់នៅក្នុងឆ្នាំ២០២០។
ឧទាហរណ៍ នៅក្នុងរដ្ឋ Georgia មនុស្សជាង៣លាន៥សែននាក់បានបោះឆ្នោតរួចហើយដែលមានចំនួន៤៥ភាគរយនៃអ្នកបោះឆ្នោតដែលបានចុះឈ្មោះបោះឆ្នោត។ នេះបើតាមលោក Brad Raffensperger មន្ត្រីទទួលបន្ទុកការបោះឆ្នោតខាងគណបក្សសាធារណរដ្ឋ។
លោកបានបន្ថែមទៀតថាលោករំពឹងថាពលរដ្ឋ Georgiaរហូតដល់៧០ភាគរយនឹងបោះឆ្នោតមុនពេលកំណត់នៅក្នុងការបោះឆ្នោតនេះ។
ស្ថានភាពនេះមានលក្ខណៈស្រដៀងគ្នានៅក្នុងបណ្តារដ្ឋដែលមានការប្រកួតប្រជែងខ្លាំងផ្សេងទៀតជាច្រើនដែរ៕