លោក​ហេង​សំរិន​មិន​ព្រម​បញ្ជូន​លិខិត​បក្ស​ប្រឆាំង​លើ​បញ្ហា​ព្រំដែន​ទៅ​រដ្ឋាភិបាល

នៅ​ក្នុង​រូប​ថត​ពី​អេក្រង់​ទូរទស្សន៍​នៅ​មន្ទីរ​ដ្ឋសភា​នេះ លោក ហេង សំរិន ប្រធាន​រដ្ឋសភា​ជាតិ​​​ នៅ​ក្នុង​សម័យ​ប្រជុំ​អនុម័ត​ច្បាប់​អង្គការ​កាល​ពី​ថ្ងៃ​ច័ន្ទ​ ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៥។ (នៅ វណ្ណារិន/VOA)

លោក ហេង សំរិន​ ប្រធាន​រដ្ឋសភា​ជាតិ​បាន​បដិសេធ​មិន​ចុះ​ហត្ថលេខា​បញ្ជូន​លិខិត​របស់​អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​ជំទាស់​មួយ​ក្រុម​ដែល​ស្នើ​ឲ្យ​សុំ​រដ្ឋាភិបាល​ផ្អាក​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​រហូត​ដល់​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨។​ នេះ​បើ​យោង​តាម​លិខិត​របស់​អគ្គលេខា​ធិការដ្ឋាន​នៃ​រដ្ឋសភា​ជាតិ​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ។​

នៅ​ក្នុង​លិខិត​នេះ​បាន​សរសេរ​ថា៖ «ប្រធាន​រដ្ឋសភា​ពុំ​ចុះ​ហត្ថ​លេខា​តាម​សំណូម​ពរ​នេះ​ ដោយ​រដ្ឋសភា​សម្រេច​អនុម័ត​ប្រគល់​ជូន​រាជរដ្ឋាភិបាល​បង្កើត​គណៈកម្មាធិការ​ជាតិ​ព្រំដែន​ឲ្យ​ទទួល​ខុស​ត្រូវ​រួច​ហើយ»។​ ​

លិខិត​បដិសេធ​នេះ​បាន​ឆ្លើយ​តប​ទៅ​នឹងសំណើ​របស់​អ្នក​តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​១២​រូប​ ដែល​សុំ​ការ​ពន្យល់​អំពីការ​ដោះ​ដូរ​ដី​ជាមួយ​ប្រទេស​វៀតណាម​ បន្ថែម​លើ​ការ​ស្នើ​សុំ​ឲ្យ​ផ្អាក​ការ​បោះ​បង្គោល​ជា​បណ្តោះ​អាសន្ន​រវាង​ប្រទេស​ទាំង​ពីរ។

លោក​អ៊ុំ​ សំអាន​អ្នក​តំណាង​រាស្រ្ត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​មក​ពី​មណ្ឌល​ខេត្ត​សៀម​រាប​ បាន​ប្រាប់​វីអូអេ​ថា​ លោក​គ្រោង​នឹង​ដាក់​លិខិត​ទៅក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នៃ​ព្រះ​រាជណាចក្រ​កម្ពុជា​ ប្តឹងលោក​ហេង សំរិន​ដែល​បាន​រំលោភ​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា។​

«ការប្រព្រឹត្តិ​របស់​សម្តេច​ ហេង សំរិន​ ក៏​ខុស​នីតិ​វិធី​នៅ​ក្នុង​រដ្ឋសភា​ផង​ដែរ​ ព្រោះ​មាត្រា​៩៦នៃ​រដ្ឋ​ធម្មនុញ្ញ​មិន​បាន​ចែង​ថាប្រធាន​រដ្ឋសភា​មាន​សិទ្ធ​បដិសេធ​លិខិត​របស់​អ្នក​តំណាង​រាស្រ្ត​ទេ​ គ្រាន់​តែ​ថា​ឲ្យ​តាម​រយៈ​ប្រធាន​រដ្ឋសភា​ប៉ុណ្ណឹង​ឯង»។

លោក​បាន​បញ្ជាក់​ថា​ ក្រុម​តំណាងរាស្រ្ត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ផ្ញើ​លិខិត​ជាច្រើន​រួច​ទៅ​ហើយ​ ដល់​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ប្រឆាំង​ការ​រំលោភមក​លើ​បូរណភាព​ទឹក​ដី​ពី​ភាគី​វៀតណា​ម​ តែ​ជំហរ​រដ្ឋាភិបាល​កម្ពុជា​ហាក់​នៅ​ទន់​ខ្សោយ​ដោយសារ​គុណ​ស្រ័យ​អំណាច​ពី​ទសវត្សរ៍​១៩៨០។​

«យើង​ដាក់​លិខិត​ទៅ​ច្រើន​ហើយ​រឿង​ផ្សេងៗ​ ប៉ុន្តែ​មើល​ទៅ​ហាក់​ដូច​ជា​ជំហរ​របស់​គាត់​ហ្នឹង​ហាក់​ដូច​ជា​ទន់​ជ្រាយ​ចំពោះ​វៀតណាម​ ព្រោះ​យើង​ដឹង​ហើយ​រដ្ឋាភិបាល​សព្វ​ថ្ងៃ​គាត់​ត្រូវ​វៀតណាមលើក​បន្តុប​កាល​ពីទសវត្សរ៍​ទី៨០។​ អញ្ចឹង​ធម្មតា​ទេ​ មេ​និង​កូន​ចៅ មិន​ដែល​ហ៊ាន​ជាមួយ​មេ​។ ដូច​រឿង​ថា​ ឲ្យ​យួន​គាត់​លុប​ស្រះ​អញ្ចឹង​មកដល់​ថ្ងៃ​ហ្នឹង​អត់​ទាន់​លុប​ទេ​ ៥-៦​ថ្ងៃ​ហើយ​។ ស្រះ​បី​ស្រះ​ហ្នឹង​លុប​តែ​មួយ​ភ្លែត​ហើយ ហើយ​អត់​លុប​ទេ​។​ មើល​ធ្វើ​ផ្លូវ​នៅ​ជិត​បង្គោល​២០៣​ ពី​ម្សិល​ម្ង៉ៃ​គ្នា​ខ្ញុំ​ទៅ​មើល​ហ្នឹង​គឺ​ផ្លូវ​ហ្នឹង​នៅ​ធ្វើ​នៅ​ឡើយ​ រហូត​ដល់​រយៈពេល​នេះ​អត់​ទាន់​ផ្អាក​នៅ​ឡើយ​ទេ»។

បង្គោល​២០៣​គឺ​ស្ថិត​នៅ​ក្នុង​ស្រុក​កំពង់រោទិ៍​ ខេត្ត​ស្វាយ​រៀង​ដែល​ការ​ប៉ះទង្គិចហិង្សា​មួយ​បាន​កើត​ឡើង​កាល​ពី​ចុង​ខែ​មិថុនា​កន្លងទៅ។​ ការ​ប៉ះទង្គិច​គ្នា​នេះ​បាន​កើតនៅ​ត្រង់​បង្គោល​២០២​ ស្ថិត​នៅ​ក្នុង​តំបន់​តែ​មួយ​នៃ​បង្គោល​២០៣ ​រវាង​ក្រុម​សកម្មជន​ព្រំដែន​ដែល​ដឹកនាំ​ដោយ​អ្នក​តំណាងរាស្ត្រ​មក ពី​គណបក្ស​ជំ​ទាស់​ដែល​បាន​ព្យាយាម​ទៅ​ពិនិត្យ​មើល​ចំណុច​ព្រំដែន​ដែល​សង្ស័យ​ថា​មាន​ភាព​មិន​ប្រក្រតី​ប៉ុន្តែ​ត្រូវ​បាន​រារាំង​ដោយ​ឆ្មាំ​ព្រំដែន​និង​ពលរដ្ឋ​វៀតណាម​ប្រដាប់​ដោយ​ដំបង​និង​អាវុធ​អាកា។​ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន​១០នាក់​បាន​រង​របួស​ក្នុង​ទំនាស់​ដោយ​ការ​ប៉ះទង្គិច​គ្នា​នេះ។​

ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ​បញ្ហា​ព្រំដែន​កម្ពុជា​វៀតណាម​បាន​ឡើង​កម្តៅ​សារ​ជា​ថ្មី​បន្ទាប់​ពី​វៀតណាម​បាន​ជីក​ស្រះ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​នា​ខេត្ត​រតនគិរី​និង​សាងសង់​ប៉ុស្តិ៍​យោធា​នៅ​ជាប់​ព្រំដែន​ខេត្ត​កណ្តាល​ ដែល​ជា​ចំណុច​មិន​ទាន់​មាន​ការ​ឯកភាព​គ្នា​នោះ។​

ការ​មិន​ចុះ​សម្រុង​គ្នា​ចំពោះ​ការ​ជីក​ស្រះ​នេះ​ បាន​នាំ​ឲ្យ​ភាគី​ទាំងពីរ​អង្គុយ​ចរចាគ្នា​រយៈពេល​បី​ថ្ងៃ​កាល​ពី​ដើមខែ​កក្កដា​នេះ​ តែ​លទ្ធផល​នៃ​ការ​ចរចា​នោះ ​មិន​ត្រូវ​បាន​គេ​បញ្ចេញ​ឱ្យ​ដឹង​ជា​សាធារណៈ​ទេ។

ក្រោយ​ជំនួប​ចរចា​បិទ​ទ្វារ​នេះ គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា​ និង​វៀតណាម​ ដឹកនាំ​ដោយ​លោក​វ៉ា គឹមហុង​សហ​ប្រធាន​គណៈកម្មការ​ចម្រុះ​កិច្ច​ការ​ព្រំដែន​កម្ពុជា​វៀតណាម​ និង​លោក​ស៊ូ ស៊ាន​សឿន​ (Xo Xuan Son) ​អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​វៀតណាម​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ទទួល​ស្គាល់​ការងារ​ខណ្ឌសីមា​និង​បោះ​បង្គោល​ព្រំដែន​គោក​នៃ​ប្រទេស​ទាំង​ពីរ​ថា​មាន​ភាព​ស្មុគស្មាញ​ច្រើន ​តែ​ភាគី​ទាំង​ពីរ​បាន​បញ្ជាក់​ថា​ ពួកគេ​សម្រេច​កិច្ចការ​នេះ​បានចំនួន​៨៥​ភាគរយ ហើយ​និង​បន្ត​ព្យា​យាម​បញ្ចប់​ឲ្យ​បាន​ឆាប់ៗ។​

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែលនេះ​ ក៏​ បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ភាគី​ទាំង​ពីរ​និង​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​នៅ​បណ្តាខេត្ត​តាម​ព្រំដែន​ត្រូវ​«សហការ​គ្នា​ដោះ​ស្រាយ​ឲ្យ​មាន​ប្រសិទ្ធភាព​រាល់​បាតុភាព​ដែល​កើត​មាន​ឡើង​នៅ​តាម​បណ្ដោយ​ព្រំដែន​ ដើម្បី​ទប់ស្កាត់​និង​បញ្ចៀស​ការ​រីករាល​ដាល​ដែល​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​ទំនាក់​ទំនង​ល្អ​នៃ​ប្រទេស​ទាំង​ពីរ»។

លោក វ៉ា គឹមហុង ​សហ​ប្រធាន​គណៈកម្មការ​ចម្រុះ​កិច្ច​ការ​ព្រំដែន​កម្ពុជា​វៀតណាម​បដិសេធ​ពុំធ្វើ​អត្ថាធិប្បាយ​ទេ។​

ដោយឡែក​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ​នៅ​ក្នុង​សប្តាហ៍​ទី​មួយ​នៃ​ខែ​កក្កដា​នេះ ​បាន​ផ្ញើ​លិខិត​ពិសេស​មួយ​ទៅ​លោក​បាន គីមូន ​(Ban Ki-moon) ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ ដើម្បី​សុំ​ខ្ចី​ផែន​ទី​ផ្លូវការ​ ដែល​ដាក់​តម្កល់​នៅ​អង្គការ​សហប្រជា​ជាតិ​សម្រាប់​ផ្ទៀង​ផ្ទាត់​ជាមួយ​ផែន​ទី​ដែល​កំពុង​ប្រើប្រាស់​ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​សព្វថ្ងៃ។​ ការ​ស្នើ​សុំខ្​ចី​ផែនទី​នេះ​ធ្វើ​ឡើងបន្ទាប់ពី​គណបក្ស​ជំទាស់​ដែល​មាន​សំឡេង​ភាគតិច​នៅ​រដ្ឋសភា​ចោទ​ថា ​រដ្ឋបាល​លោក​ហ៊ុន សែន​កំពុង​ប្រើប្រាស់​ផែនទី​ចម្លង​ និង​មិន​ផ្លូវការ​ក្នុង​ការ​បោះ​បង្គោល ​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ​និង​មាន​ការ​បាត់បង់​ទឹកដី​កម្ពុជា។

វីអូអេ​ពុំ​អាច​ទំនាក់​ទំនង​លោក​ជុំ​ សុន្ទរី​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​បាន​ទេ​ ដើម្បី​បញ្ជាក់​ពី​ការ​វិវត្តន៍​នៃ​ការ​ស្នើ​សុំ​ខ្ចី​ផែនទី​នេះ។

ប៉ុន្តែ​នៅ​ថ្ងៃនេះ​ដែរ​នៅ​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​ពី​បញ្ហា​ព្រំដែន​ដល់​អាជ្ញាធរ​ខេត្ត​ក្រុង​ លោក​ស ខេង ​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​រិះគន់​ថា​មាន​អ្នកខ្លះ​បាន​បំផុស​ទឹក​ចិត្ត​ជាតិ​និយម​ដល់​ប្រជាពលរដ្ឋ​ហើយ​ក៏​មាន​អ្នក​ខ្លះ​បាន​បញ្ហា​ព្រំដែន​ទៅ​ជា​រឿង​កេង​ចំណេញ​នយោបាយ​ទៅវិញ៕