ប្រធានសភាជាតិនៃប្រទេសកម្ពុជាគឺ លោកហេង សំរិន បានជំរុញឲ្យពលរដ្ឋកម្ពុជាមានសេចក្តីក្លាហានក្នុងការដាក់ពាក្យប្តឹងជនណាដែលប្រព្រឹត្តអំពើពុករលួយ ដើម្បីយកមកផ្តន្ទាទោស ដោយលោកទទួលស្គាល់ថា អំពើពុករលួយជាជំងឺសង្គមដ៏រ៉ាំរ៉ៃមួយ។
ថ្លែងនៅក្នុងសិក្ខាសាលាស្តីពីការយល់ដឹងអំពីច្បាប់ និងការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយដែលរៀបចំឡើងនៅក្នុងសភាជាតិកាលពីថ្ងៃម្សិលមិញនេះ លោកហេង សំរិនបានលើកឡើងថា អំពើពុករលួយគឺជាជំងឺកាចសាហាវដែលបានគំរាមកំហែង និងជះឥទ្ធិពលធ្ងន់ធ្ងរដល់ការអភិឌ្ឍសង្គមនិងសេដ្ឋកិច្ចជាតិ។
លោកមានប្រសាសន៍ថា៖ «សូមអំពាវនាវ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋត្រូវចូលរួមយ៉ាងសកម្មក្នុងការប្រឆាំងអំពើពុករលួយដោយមានភាពក្លាហានក្នុងការប្តឹង និងថ្កោលទោសចំពោះជនណាដែលប្រព្រឹត្តអំពើពុករលួយ»។
លោកក៏បានស្នើឲ្យគណៈកម្មការទី១០របស់រដ្ឋសភាបង្កើនការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដែលបានធ្វើឲ្យបាត់បង់ជំនឿទុកចិត្តពីប្រជាពលរដ្ឋមកលើវិស័យសាធារណៈក៏ដូចជាក្នុងវិស័យឯកជន។
លោកបន្ថែមថា៖ «គណៈកម្មការពាក់ព័ន្ធរបស់សភា ជាពិសេសគណៈកម្មការទី១០ ត្រូវបន្តពង្រឹងនឹងតាមដានការអនុវត្តច្បាប់ និងពិនិត្យពីភាពខ្វះចន្លោះនៃក្របខ័ណ្ឌច្បាប់ សំដៅធ្វើការកែលម្អ និងធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធនានា ដើម្បីទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់»។
អង្គការតម្លាភាពអន្តរជាតិ (Transparency International) កាលពីឆ្នាំ២០១៤ បានបញ្ចេញចេញសូចនាករនៃកម្រិតយល់ដឹងអំពីអំពើពុករលួយនៅប្រទេសកម្ពុជា ដោយបានដាក់ពិន្ទុឲ្យកម្ពុជា២១ពិន្ទុ ក្នុង១០០ពិន្ទុ និងបានដាក់ចំណាត់ថ្នាក់កម្ពុជានៅលេខរៀងទី១៥៦ក្នុងចំណោមប្រទេសចំនួន១៧៥ប្រទេស។
កម្ពុជាទទួលបានចំណាត់ថ្នាក់ដូចគ្នានឹងប្រទេសម៉ីយ៉ានម៉ា (Myanmar) ដែលជាចំណាត់ថ្នាក់ទាបបំផុតនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ នេះបើតាមរបាយការណ៍ដដែលនេះ។ សូចនាករនៃកម្រិតយល់ដឹងអំពីអំពីពុករលួយនៅក្នុងប្រទេស ត្រូវបានធើ្វឡើង តាមការវាស់ស្ទង់ទៅលើវិស័យសាធារណៈនៅកម្ពុជាដែលត្រូវបានគេយល់ថា ជាវិស័យដែលពុករលួយបំផុតនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។
អំពើពុករលួយនៅក្នុងវិស័យសាធារណៈរបស់ប្រទេសកម្ពុជាបានធ្វើឲ្យអង្គការផ្តល់ជំនួយដល់ប្រទេសក្រីក្រនេះ ធ្វើការតាមដានអង្កេតនិងឈានដល់ការទាមទារឲ្យប្រគល់ត្រឡប់មកវិញនូវទឹកប្រាក់ដែលបាត់បង់ទៅដោយសកម្មភាពស៊ីសំណូក។
នៅឯអង្គសិក្ខាសាលាដែលរៀបចំដោយសភាជាតិនេះ លោកឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានឲ្យដឹងថា តំណាងមូលនិធិសកលដើម្បីប្រឆាំងនឹងជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់ (Global Fund to Fight AIDS, Tuberculosis and Malaria) នឹងមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីបន្តការតាមដានលើការចោទប្រកាន់នានាទៅលើលោកដួង សុជាតិ អតីតប្រធានមជ្ឈមណ្ឌលជាតិកម្ចាត់ជំងឺគ្រុនចាញ់។ អតីតប្រធានមជ្ឈមណ្ឌលជាតិរូបនេះរងការចោទពីករណីទទួលយកសំណូកជាទឹកប្រាក់៣៥១០០០ដុល្លារពីក្រុមហ៊ុនផ្គត់ផ្គង់មុងបរទេសពីរដែលទទួលបានមកវិញនូវកុងត្រាដែលមានតម្លៃ១២លានដុល្លារ។ មូលនិធិសកលដើម្បីប្រឆាំងនឹងជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់ជាអ្នកបង់តម្លៃកុងត្រានេះ៕