អ្នកវិភាគមើលឃើញថា កិច្ចប្រជុំកំពូលពិសេសរវាងមេដឹកនាំអាស៊ាននិងសហរដ្ឋអាមេរិកនៅរមណីយដ្ឋាន Sunnylands នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា គឺជាជោគជ័យមួយសម្រាប់សហរដ្ឋអាមេរិកព្រោះប្រទេសមហាអំណាចនេះទទួលបាននូវអ្វីដែលខ្លួនចង់បាន ហើយដែលនឹងកំណត់គោលនយោបាយការបរទេសរបស់ខ្លួនសម្រាប់តំបន់អាស៊ីក្នុងរយៈពេលជាច្រើនឆ្នាំទៅមុខទៀត។ នេះបើតាមការលើកឡើងរបស់អ្នកវិភាគ។
កិច្ចប្រជុំកំពូលដែលបានរៀបចំឡើង កាលពីថ្ងៃទី១៥ដល់១៦ខែកុម្ភៈនេះ បានចេញជាសេចក្តីប្រកាសមួយដែលមាន១៧ចំណុច ផ្តោតលើបញ្ហាសន្តិសុខ សេដ្ឋកិច្ចពាណិជ្ជកម្ម បរិស្ថាន ភេរវកម្ម សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
Your browser doesn’t support HTML5
លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អបានបញ្ជាក់ក្នុងកម្មវិធី Hello VOA កាលពីថ្ងៃច័ន្ទថា៖
«នេះនឹងក្លាយជាមរតកនៃគោលការណ៍នយោបាយរបស់សហរដ្ឋអាមេរិកទោះបីជាប្រធានាធិបតីក្រោយនៅគណបក្សសាធារណរដ្ឋឬគណបក្សប្រជាធិបតេយ្យរបស់លោកអូបាម៉ាក៏ដោយខ្ញុំជឿថានឹងនៅតែអនុវត្តគោលនយោបាយទាំង១៧ចំណុច»។
លោកសោភក្តិ៍បានបន្ថែមថា កិច្ចប្រជុំកំពូលនេះបានបង្កជា«ហានិភ័យមួយខ្ពស់ណាស់»សម្រាប់ប្រទេសមហាអំណាចចិនហើយក្នុងពេលមួយឬពីរទសវត្សរ៍ខាងមុខនៅពេលដែលអាស៊ានរួមកម្លាំងគ្នាក្នុងសំឡេងតែមួយ ប្រទេសចិនអាចនឹងនៅឯកោ ប្រសិនបើនៅតែចចេសប្រើប្រាស់ឥរិយាបទកម្លាំងយោធា។
លោកបានលើកឡើងនូវចំណុចទី៧ ទី៨ និងទី៩ នៃសេចក្តីប្រកាសដែលនិយាយដល់ការគ្រប់គ្រងរួមគ្នាដោយសន្តិភាព និងគ្មានអាវុធ នៅតំបន់ដែនសមុទ្រចិនខាងត្បូង។
លោកបានបន្ថែមថា៖
«ការណ៍នេះដូចជាចោទប្រទេសចិនថា យើងសុំសហការគ្នាដោយសន្តិភាពនិងដោយឈរលើច្បាប់អន្តរជាតិនៅក្នុងការគ្រប់គ្រងសមុទ្រ។ ដូច្នេះអ្វីដែលប្រទេសចិនធ្វើដោយអាងអំណាចអាងកម្លាំងវាខុសទៅនឹងស្មារតីហើយ។ ហើយបើសិនជាអាស៊ានទាំង១០ហ្នឹង តាមរយៈជ្រុងពាណិជ្ជកម្មសេដ្ឋកិច្ចហើយនឹងហិរញ្ញវត្ថុចូលរួមនៅក្នុងស្មារតីទាំងអស់ហ្នឹងប៉ុន្មានឆ្នាំទៅមុខទៀត។ ១០ ឬ ២០ ឆ្នាំទៅមុខទៀត ចង់ក៏ដោយមិនចង់ក៏ដោយប្រទេសចិននឹងឯកោ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំនោះ ដោយផ្ទាល់ផងដែរ។ នៅថ្ងៃទីមួយនៃកិច្ចប្រជុំមានបាតុករខ្មែរអាមេរិកាំងរាប់រយនាក់បានមកតវ៉ាទាមទារឱ្យមានការគោរពសិទ្ធិមនុស្សនៅប្រទេសកម្ពុជានិងសុំឱ្យលោកនាយករដ្ឋមន្ត្រីចុះចេញពីតំណែង។
សម្រាប់ប្រទេសកម្ពុជាលោក ឱក សេរីសោភក្តិ៍ មើលឃើញថា មានកិច្ចការចាំបាច់មួយចំនួនដែលពិភពលោកទាំងមូលចង់មើលឃើញដោយផ្អែកតាមស្មារតីនៃកិច្ចប្រជុំកំពូលនៅសាន់នីឡែននោះ។
ក្នុងនោះគឺការរៀបចំការបោះឆ្នោតឃុំសង្កាត់នៅក្នុងឆ្នាំ២០១៧ និងបោះឆ្នោតជាតិនៅឆ្នាំ២០១៨។
លោកបានបន្ថែមថា៖
«តើក្នុងការចូលរួមនោះ មានការចូលរួមពីគណបក្សជំទាស់និងគណបក្សផ្សេងទៀតដោយសេរី យុត្តិធម៌ហើយដោយគ្មានអំពើហិង្សាឬទេហើយថ្នាក់ដឹកនាំរបស់គណបក្សជំទាស់ហ្នឹងអាចមានសិទ្ធិមកចូលរួមនៅ ក្នុងរឿងហ្នឹងវិញបានឬទេ? នេះជាចំណុចដែលគ្រប់គ្នាសឹងថាពិភពលោកទាំងមូលផ្តោតភ្នែកសំឡឹងមើលមកយើង»។
លោកសោភក្តិ៍យល់ថា វាជាការសំខាន់ដែលកម្ពុជាត្រូវទប់កុំឱ្យមានវិបត្តិនៅក្រោយពេលបោះឆ្នោតនិងរៀបចំ ការបោះឆ្នោតមួយដែលគ្មានអំពើហិង្សាហើយអាចទទួលយកបាន។ ជាពិសេសនោះគឺកុំឱ្យមានហិង្សាលើសកម្មជននយោបាយឬអ្នកតំណាងរាស្រ្តដូចការប្រព្រឹត្តិដោយក្រុមអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាកាលពីចុងឆ្នាំ២០១៥។
លោកបន្ថែមថា៖
«រូបភាពដែលយើងប្រើអំពើហិង្សានៅ តាមផ្លូវវាយសមាជិកសភាទាំងអស់ហ្នឹងគឺរូបថតអស់ហ្នឹង វីដេអូអស់ហ្នឹងបានឃើញនៅសាកលលោកទាំងមូលហើយដែលគេពិបាកទទួលណាស់»។
ថ្នាក់ដឹកនាំកម្ពុជាត្រូវបានគេមើលឃើញថាមានភាពស្និទ្ធស្នាលខ្លាំងជាមួយនឹងប្រទេសចិនប៉ុន្តែ
លោកសោភក្តិ៍យល់ថាថ្នាក់ដឹកនាំខាងក្រោយនេះនឹងមានទស្សនវិស័យល្អនៅក្នុងការរក្សាទំនាក់ទំនងរវាងមហាអំណាចចិននិងសហរដ្ឋអាមេរិក៕