អ្នកវិភាគឯករាជ្យខាងបញ្ហាយុវជននិងសង្គមលើកឡើងថា បណ្តាញទំនាក់ទំនងសង្គមដូចជា Facebook ជាដើម ទំនងជាមិនអាចធ្វើឲ្យមានការផ្លាស់ប្តូរនយោបាយបានទេ នៅក្នុងប្រទេសកម្ពុជាក្នុងការបោះឆ្នោតឃុំ សង្កាត់នៅឆ្នាំ២០១៧ និងការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខនេះ។ លោក ឆាំ ប៊ុនថេត សមាជិកនៃក្រុមអ្នកវិភាគឯករាជ្យវ័យក្មេង បានថ្លែងបែបនេះ នៅក្នុងកម្មវិធី «Hello VOA» នៅថ្ងៃច័ន្ទ ទី១៨ ខែមករានេះ។
Your browser doesn’t support HTML5
«Facebook គ្រាន់តែជាឧបករណ៍ជួយឲ្យយើងដឹងពីបញ្ហាទេ ចំណែកការផ្លាស់ប្ដូរ២០១៧ និង២០១៨នេះ ខ្ញុំគិតថា វាមិនងាយទៅរួចទេ ដរាបណា អ្នកនយោបាយ ដែលមានយុវជនដើរតាមច្រើនដូចសព្វថ្ងៃនេះ នៅមិនទាន់ប្រឈមជាមួយការពិត មិនហ៊ានប្រឈមនឹងរឿងអយុត្តិធម៌ និងសុខចិត្តគេចទៅឆ្វេង គេចទៅស្តាំនោះ»។
តាមការសិក្សាស្រាវជ្រាវចុងក្រោយមួយអំពីការប្រើប្រាស់ទូរស័ព្ទដៃនិងអ៊ីនធឺណិតនៅកម្ពុជា (Mobile Phone and Internet in Cambodia 2015) ដែលបានចេញផ្សាយកាលពីចុងឆ្នាំ២០១៥ ប្រជាពលរដ្ឋខ្មែរចំនួនជិត១ភាគ៣ក្នុងចំណោមប្រជាពលរដ្ឋសរុបប្រមាណ១៥លាននាក់ អាចទទួលបានព័ត៌មានតាមបណ្តាញអ៊ីនធឺណិតនិងFacebook។
ការសិក្សានេះ ក៏បានរកឃើញដែរថា ការប្រើប្រាស់បណ្ដាញអ៊ីនធឺណិត និងFacebook ដោយប្រជាពលរដ្ឋខ្មែរ ដើម្បីទទួលបានព័ត៌មាន បានកើនឡើងនៅឆ្នាំ២០១៥នោះ។
អ្នកជំនាញខាងបណ្ដាញសង្គម បានព្យាករណ៍ថា ការប្រើប្រាស់បណ្ដាញសង្គមដូចជា Facebookនេះ នឹងបន្តកើនឡើង ដោយសារតែមិនត្រឹមតែស្រទាប់យុវជនប៉ុណ្ណោះទេ សូម្បីតែអ្នកនយោបាយនិងអ្នកជំនួញធំៗ កាន់តែច្រើនឡើង បានហក់ចូលប្រឡូកយ៉ាងសកម្មនៅក្នុងបណ្តាញសង្គមនេះ ដើម្បីទាក់ទាញអ្នកគាំទ្ររបស់ពួកគេបន្ថែមទៀត។
អ្នកចុច«Like» នៅលើទំព័រFacebookរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន មានចំនួន ជិត ២លាននាក់ ខណៈដែលចំនួនអ្នកចុច«like» នៅលើទំព័រFacebookលោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលកំពុងនិទ្ទេសខ្លួនឯងនៅក្រៅប្រទេស ដើម្បីគេចពីរឿងក្តីក្តាំនៅតុលាការកម្ពុជានោះ មានជាង ២លាននាក់ គិតមកត្រឹមថ្ងៃច័ន្ទ ទី១៨ខែមករានេះ។
គណបក្សសង្គ្រោះជាតិ បានពឹងផ្អែកមួយផ្នែកធំទៅលើបណ្តាញទំនាក់ទំនងសង្គមជាពិសេស Facebook ដើម្បីការទាក់ទងជាមួយអ្នកគាំទ្រចាស់ៗ និងទាក់ទាញអ្នកគាំទ្រថ្មីៗបន្ថែមទៀត ចាប់តាំងពីមុនការបោះឆ្នោតជាតិឆ្នាំ២០១៣ ដែលគណបក្សប្រឆាំងនេះ ទទួលបានអាសនៈចំនួន៥៥ ក្នុងចំណោមអាសនៈសភាកម្ពុជាសរុប ១២៣ អាសនៈនោះ។
ប៉ុន្តែ លោក ឆាំ ប៊ុនថេត មានប្រសាសន៍ថា Facebook នឹងមិនទាន់អាចធ្វើឲ្យមានការផ្លាស់ប្តូរនយោបាយនៅកម្ពុជា ក្នុងការបោះឆ្នោត អាណត្តិក្រោយនេះទេ ពីព្រោះលោកពន្យល់ថា ការគ្រប់គ្រងនយោបាយនៅកម្ពុជា នៅតែមានលក្ខណៈបន្តវេនពីក្រុមបក្សពួកខ្លួន ឬ គ្រួសារនិយមពីជំនាន់អ្នកដឹកនាំវ័យចាស់ទៅដល់កូនៗរបស់ពួកគេ ដែលលោកហៅថា ជាការឡើងកាន់តំណែង «តាមជើងខោ»។
«អ្វីដែលពួកខ្ញុំជាយុវជនសង្ឃឹមគឺថា ឆ្នាំ ២០២៣ ពេលដែលយុវចាស់ លោកទន់អស់មែនទែនទៅ យុវជន ចាប់ផ្តើមពេញកម្លាំង អាហ្នឹងខ្ញុំគិតថា ការផ្លាស់ប្តូរ នឹងអាចមាននៅក្នុងសង្គមខ្មែរ ហើយអាការឡើងតាមជើងខោហ្នឹង អាចថយហើយ»៕