កងកម្លាំងអ៊ីស្រាអែលនិងយុទ្ធជនហាម៉ាស់ (Hamas) បានប្រយុទ្ធគ្នាខ្លាំងក្លានៅថ្ងៃចន្ទនេះនៅក្នុងនិងជុំវិញទីក្រុង Khan Younis នៅភាគខាងត្បូងតំបន់ហ្កាហ្សា (Gaza) ខណៈដែលការប្រយុទ្ធនៅតែបន្តនៅក្នុងទីក្រុងហ្កាហ្សានៅភាគខាងជើង។
ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌បានបញ្ជាក់ថា ការចែកចាយជំនួយនៅក្នុងតំបន់ហ្កាហ្សាភាគច្រើនត្រូវបានផ្អាកលើកលែងតែនៅក្នុងតំបន់ Rafah នៅជិតព្រំដែនអេហ្ស៊ីប ដោយសារតែការប្រយុទ្ធគ្នាខ្លាំងក្លានិងការរារាំងលទ្ធភាពឆ្ពោះទៅកាន់ផ្លូវចម្បងៗបានបង្អាក់ដល់ប្រតិបត្តិការមនុស្សធម៌។
ការប្រយុទ្ធគ្នានេះបានធ្វើឱ្យមនុស្សប្រហែល ១ លាន ៩ សែននាក់ភៀសខ្លួនពីផ្ទះសម្បែងនៅក្នុងតំបន់ហ្កាហ្សា ដោយមនុស្សជាច្រើនបានស្វែងរកកន្លែងជ្រកកោននៅភាគខាងត្បូងក្នុងទីជម្រកដែលមានមនុស្សណែនណាន់តាន់តាប់ ស្របពេលដែលមានការក្រើនរំឭកអំពីស្ថានភាពអនាម័យមិនល្អនិងសញ្ញាណគ្រោះថ្នាក់នៃការកើនឡើងជំងឺឆ្លង។
ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌បានលើកឡើងថា មនុស្សរាប់ម៉ឺននាក់បានធ្វើដំណើរទៅដល់តំបន់ Rafah ក្នុងអំឡុងសប្ដាហ៍មុន។ ក្នុងអំឡុងពេលដូចគ្នានោះដែរ អ៊ីស្រាអែលបានពង្រីកសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស់ឆ្ពោះទៅទិសខាងត្បូងបន្ថែមទៀត ដែលរួមមានទាំងប្រតិបត្តិការរបស់ខ្លួននៅក្នុងទីក្រុង Khan Younis ដែលជាទីក្រុងធំជាងគេបង្អស់ទីពីរនៅក្នុងតំបន់ហ្កាហ្សាផងដែរ។
សហរដ្ឋអាមេរិកបានបញ្ជាក់កាលពីថ្ងៃអាទិត្យថា យោធាអ៊ីស្រាអែលបានបរាជ័យនៅក្នុងគោលបំណងរបស់ខ្លួនដែលបានប្រកាសថានឹងការពារជនស៊ីវិលប៉ាឡេស្ទីនឱ្យបានកាន់តែច្រើនតាមដែលអាចធ្វើបាន៕
អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ប្រចាំអង្គការសហប្រជាជាតិអ្នកស្រី Margaret Besheer រួមចំណែកនៅក្នុងសេចក្ដីរាយការណ៍នេះ។ ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP , Reuters និងAFP។