ជំងឺ​បេះដូង​ជាឃាតករ​សម្លាប់​ស្រ្តីអាមេរិក​ច្រើន​បំផុត

វិធីធ្វើតេស្តថ្មីមួយអាចរកឃើញមនុស្សដែលមានគ្រោះថ្នាក់ខ្លាំងក្នុងការកើតជំងឺបេះដូង

នៅ​ក្នុង​សារ​តាម​វីឌីអូ​មួយ​ជូន​ដល់​សន្និសីទ​ស្តី​អំពី​ជំងឺ​បេះដូង​របស់​ស្ត្រី​មួយ​នៅ​ក្នុង​ទី​ក្រុង​ញូយ៉ក លោកស្រី​ ខាថាលីន សេបេលីអ៊ស (Kathleen​ Sebelius)​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​សេវា​ថែទាំ​មនុស្ស​បាន​មាន​ប្រសាសន៍​ថា ស្ត្រី​អាមេរិកជិត​៤៣​លាន​នាក់​ ដែល​ចំនួន​នេះ​ស្មើ​នឹង​មួយ​ភាគបី​នៃ​ចំនួន​ស្ត្រី​អាមេរិកាំង​ទាំងអស់​ រស់​នៅ​ដោយ​មាន​ជំងឺ​បេះដូង​ ឬ​មាន​គ្រោះថ្នាក់​ដោយសារ​ជំងឺ​បេះដូង។​ លោកស្រី​បាន​បន្ថែម​ថា ជំងឺ​បេះដូង​យក​ជីវិត​ស្ត្រី​នៅ​ក្នុង​សរអា​ ច្រើន​ជាង​ មូលហេតុ​នាំមុខ​ បួន​ផ្សេង​ទៀត​រួមគ្នា។​ លោកស្រី​ ខាថាលីន មាន​ប្រសាសន៍​ថា៖

«ក្រុម​អ្នក​ស្រាវជ្រាវ និង​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ដឹង​អំពី​តួលេខ​ទាំង​នេះ។​ ប៉ុន្តែ​វា«​សំខាន់​ត្រង់​ថា ស្ត្រី​ក៏​ត្រូវ​ដឹង​ខ្លួន​ឯង​ផង​ដែរ​ ពីព្រោះ​សូម្បី​តែ​ស្ត្រី​ទំនង​ដូចជា​ស្លាប់​ដោយ​ជំងឺ​បេះដូង​ច្រើន​ជាង​បុរស​ក៏ដោយ​ ក៏ស្ត្រី​ហាក់​ដូចជា​បាន​ទទួល​ការ​ថែទាំ​ដែល​មាន​ការ​ណែនាំ​ឲ្យ​ទប់ស្កាត់​ជំងឺ​បេះដូង​នោះ​តិចតួច​ណាស់»។

អ្នក​ចូលរួមកិច្ចប្រជុំ​បាន​កត់​សម្គាល់​ថា​ ស្ត្រី​នៅ​អាមេរិក​ បាន​ស្លាប់​ដោយ​ជំងឺ​បេះដូង​ច្រើន​ជាង​បុរស​ចាប់​តាំង​ពី​ឆ្នាំ​១៩៨៤​មក។​ ប៉ុន្តែ​ក្រុម​អ្នក​ជំនាញ​និយាយ​ថា ស្ត្រី​ភាគ​ច្រើន​ មិន​បង្ហាញ​រោគ​សញ្ញា​នៃ​ជំងឺ​គាំងបេះដូង​ ដូចជា​បុរស​ទេ។​ លោកស្រី​វេជ្ជបណ្ឌិត​ ណូអែល ប៊រហ្ស៍ (Noel Berz)​ នៃ​មជ្ឈមណ្ឌល Cedars-Sinai​ Medical​ Center​ នៅ​ទី​ក្រុង​ឡូអានជ័រឡេស ( Los Angeles) បាន​ចង្អុល​សំដៅ​ទៅ​លើ​លក្ខណៈ​រោគសញ្ញា​របស់​បុរស​ថា ជា​ «ជំងឺ​គាំងបេះដូង​ដែល​ឃើញ​ជាក់ស្តែង» ដូច​ជា​ការ​ឈឺ​ទ្រូង​ ហើយ​ដួល​ភ្លាមៗ។​ លោកស្រី​វេជ្ជបណ្ឌិត​ ប៊រហ្ស៍ មាន​ប្រសាសន៍​ថា៖

«ការ​ដកដង្ហើម​មិន​ស្រួល​ តឹង​ដើម​ទ្រូង​ ហើយ​ដួល។​ លោកអ្នក​បាន​ឃើញ​ហេតុការណ៍​នេះ នៅ​ក្នុង​ភាពយន្ត។​ ពិត​ណាស់​ថា ស្ត្រី​តិច​ជាង​ពាក់​កណ្តាល​មាន​រោគ​សញ្ញា​បែប​នេះ។​ រោគសញ្ញា​មិន​មាន​លក្ខណៈ​ទូទៅ​ដូចគ្នា​ទេ។​ វា​អាច​គ្រាន់​តែ​ឆ្អល់​ក្តៅ​ចុង​ដង្ហើម​ ឬអាច​ហត់​ខ្លាំង​ ឬ​អាច​គ្រាន់​តែ​ឈឺ​ធ្គាម ឬឈឺ​ដៃ​ខ្លះៗ​ប៉ុណ្ណោះ»។

លោកស្រី​ អ៊ីលីណា ភីណា (Ileana​ Pina)​ សាស្ត្រាចារ្យ​ខាង​វេជ្ជសាស្ត្រ​នៅ​សាកល​វិទ្យាល័យ​ ខេស វ៉េស្ទន រីហ្ស៊វ (Case Western​ Reserve​ University)​ នៅ​ទី​ក្រុង​ ឃ្លីវលែនដ៍ (Cleveland)​ រដ្ឋ អូហៃអូ (Ohio)​ មាន​ប្រសាសន៍​ថា​ ស្ត្រី​ខ្លួន​ឯង​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​យល់ដឹង​ឲ្យ​បាន​ច្រើន​អំពី​កត្តា​គ្រោះថ្នាក់​ទាំងឡាយ​ និង​សាក​សួរគ្រូពេទ្យរបស់ខ្លួន​នូវ​សំណួរត្រឹម​ត្រូវ។​ លោកស្រី​ ភីណា មាន​ប្រសាសន៍​ថា៖

«បើ​ការ​វាស់​កម្រិត​ជាតិខ្លាញ់​ក្នុង​ឈាម​របស់​លោកអ្នក​មិន​ទាន់​បាន​ធ្វើ​ ត្រូវ​សុំ​ឲ្យ​គ្រូ​ពេទ្យ​ពិនិត្យ។​ វាស់​កម្រិត​ជាតិស្ក​ ជាតិ​គ្លុយកូស​ ត្រូវ​មើល​ថា តើ​ទំហំ​ចង្កេះ​របស់​លោកអ្នក​ប៉ុណ្ណា​ និង​ត្រូវ​ពិនិត្យ​គ្រប់​កត្តា​ទាំងអស់​ ដែល​អាច​នឹង​ឲ្យ​លោកអ្នក​មាន​បញ្ហា»។

ក្រុម​អ្នក​ជំនាញ​ខាង​បេះដូង​ បាន​កត់​សម្គាល់​ថា​ ស្ត្រី​ជាញឹកញាប់​ ធ្វេស​ប្រហែស​នឹង​ការ​ថែ​ទាំ​សុខភាព​ផ្ទាល់​ខ្លួន​ ដោយ​រវល់​ថែ​ទាំ​គ្រួសារ។​ អ្នក​ចូល​រួម​ប្រជុំ​បាន​ផ្តល់​ការ​ណែនាំ​តាម​បទដ្ឋាន​ដែល​បាន​អនុវត្ត​នៅ​គ្រប់​ទី​កន្លែង​ ទៅ​ដល់​បុរស និង​ស្ត្រី​ស្មើៗ​គ្នា​ថា ហាម​ជក់បារី​ រឹត​ត្បឹត​ការ​ទទួល​ទាន​ស្រា​ ហាត់​ប្រាណ និង​ទទួលទាន​អាហារ​មាន​សុខភាព។​ គ្រោះថ្នាក់​នៃ​ការ​មិន​អើពើ​នឹង​ការ​ណែនាំ​ មិន​គ្រាន់​តែ​បង្ក​ឲ្យ​ស្លាប់​ភ្លាមៗ ឬ​ស្លាប់​មុន​អាយុ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​ជា​ការ​កាត់​បន្ថយ​គុណភាព​ជីវិត​រស់​នៅ​ដែរ​ ប្រសិន​បើ​បេះដូង​បាត់​បង់​លទ្ធភាព​នៃ​ការ​បូមឈាម​បន្តិច​ម្តងៗនោះ។​ ដូចដែល​វេជ្ជបណ្ឌិត​ម្នាក់​បាន​កត់​សម្គាល់​ថា​ វា​មិន​គ្រប់គ្រាន់​ទេ​ដែល​មាន​គ្រូពេទ្យ​តែ​ម្នាក់​ធ្វើការ​ណែនាំ​ អ្នក​ជំងឺ​ត្រូវ​ជឿ​លើ​ការ​ណែនាំ​នោះផង​ថា វា​ជា​ការ​ពិត​ និង​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​នោះ។

ប្រែសម្រួល​ដោយ​ នុច សារីតា