មន្រ្តីសុខាភិបាលកម្ពុជាបានអំពាវនាវកុំឲ្យប្រជាពលរដ្ឋប្រើប្រាស់ឧបករណ៍ធ្វើតេស្តរហ័សរកអង្គបដិបក្ខឬអង់ទីគ័រ (Antibodies) ក្រោយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ពីរដូសរួចហើយ ដោយអះអាងថាលទ្ធផលតេស្តមិនអាចទុកចិត្តបាន ហើយ«មិនមានភាពចាំបាច់»នោះទេ។
អ្នកស្រី ឱ វណ្ណឌីនរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល បានថ្លែងបែបនេះនៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុក កាលពីថ្ងៃទី១២ ខែសីហា ហើយត្រូវបានផ្សព្វផ្សាយលើគេហទំព័រសារព័ត៌មាន Freshnews ដែលស្និទ្ធនឹងរដ្ឋាភិបាល។
អ្នកស្រី ឱ វណ្ណឌីន បានឲ្យដឹងថាការបង្កើតបានអង់ទីគ័រ ក្រោយចាក់វ៉ាក់សាំងពីរដូសរួចហើយ មានលក្ខណៈខុសគ្នាពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ដោយកត្តាច្រើន ដូចជាអាយុនិងលក្ខខណ្ឌសុខភាព។ អ្នកស្រីបន្តថា៖ «មិនមានភាពចាំបាច់» ទៅធ្វើតេស្តរហ័សរកអង់ទីគ័រ ដោយប្រើប្រាស់ឧបករណ៍ធ្វើតេស្តដែលមិនមានការទទួលស្គាល់ដោយក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក (WHO)។
អ្នកស្រីថ្លែងថា៖ «ហើយចេះតែនាំគ្នាផ្អើល ចេះតែនាំគ្នាយកទៅធ្វើតេស្ត រួចហើយក៏នាំគ្នាបន្លឺឡើងថាវ៉ាក់សាំងនេះ វ៉ាក់សាំងនោះ អត់មានអង់ទីគ័រ។ ឆែកទៅ។ ហើយអ្វីដែលខ្ញុំចង់ជម្រាបជូនទៀតថាការដែលធ្វើតេស្តនេះ ភាគច្រើនដែលខ្ញុំសង្កេតឃើញគឺសំដៅទៅលើតែវ៉ាក់សាំងដែលផលិតនៅសាធារណរដ្ឋប្រជាមានិតចិន។ មូលហេតុអី? ខ្ញុំគ្រាន់ដាក់សំណួរជូន ខ្ញុំមិនបាច់ចាំឆ្លើយទេចា៎»។
អ្នកស្រីបន្ថែមថាមានក្រុមទៅ«ពន្យុះ» ឬ «បង្អើល»ប្រជាពលរដ្ឋឲ្យធ្វើតេស្តរកអង់ទីគ័រ ដោយប្រើប្រាស់ឧបករណ៍ពុំមានការទទួលស្គាល់តាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ហើយលទ្ធផល«មិនអាចទទួលយកបានទេ»។
អ្នកស្រី ឱ វណ្ឌឌីន បានឲ្យដឹងទៀតថាកោសិការបស់មនុស្សដែលបានចាក់វ៉ាក់សាំងបានស្គាល់ភាពបន្សាំទៅនឹងវីរុសជំងឺកូវីដ១៩ ដូច្នេះអ្នកស្រីអំពាវនាវកុំឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភលើបញ្ហាថាតើមានអង់ទីគ័រក្នុងកោសិកាកម្រិតណា។
អ្នកស្រីថ្លែងបន្ថែមថា៖ «កោសិកាអ្នកខ្លះ ចូលទៅ គាត់ស្គាល់ហើយ ប៉ុន្តែគាត់អត់ធ្វើការ មានន័យថាចូលទៅ គាត់ដេកបាត់ទៅ។ គាត់ដេក គាត់អត់ធ្វើការទេ ទៅដល់គាត់លក់ឈឹងអញ្ចឹងទៅ។ ដល់អញ្ចឹងទៅ ទោះបីទៅធ្វើតេស្តទាល់ងាប់ទៀត ក៏វាអត់ឃើញអា antibodies ហ្នឹងដែរ វាអត់ឃើញអង់ទីគ័រ ព្រោះគាត់អត់ទាន់ចេញខ្លួនមក ប៉ុន្តែគាត់ស្គាល់ហើយ កោសិកាគាត់ស្គាល់ហើយ។ មួយទៀតចូលទៅគាត់សកម្មតែម្តង។ កោសិកាហ្នឹងគឺសកម្ម»។
ទាក់ទងនឹងការចាក់វ៉ាក់សាំងជំរុញ ឬដូសទី៣ អ្នកស្រី ឱ វណ្ណឌីន បានថ្លែងថាការសិក្សាបង្ហាញខុសៗគ្នា ប៉ុន្តែជារួមអង់ទីគ័រប្រឆាំងនឹងវីរុសកូវីដ១៩ អាចធ្លាក់ចុះ ក្នុងចន្លោះពី៦ខែទៅ១ឆ្នាំ បន្ទាប់ពីការចាក់វ៉ាក់សាំងដូសទី២រួចហើយ។ អ្នកស្រីអំពាវនាវឲ្យប្រជាពលរដ្ឋសម្រេចចិត្តឲ្យបានត្រឹមត្រូវ ចំពោះការចាក់ដូសជំរុញ ដោយត្រូវទុករយៈពេលយូរបន្តិចជារឿងល្អ ដែលការសិក្សាទុកចន្លោះពី៦ខែទៅ១ឆ្នាំ។
កាលពីខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានហាមឃាត់ការចែកចាយ លក់ និងធ្វើតេស្តរហ័សរកអង់ទីគ័រការពារជំងឺកូវីដ១៩ ដោយប្រើប្រាស់តេស្តរហ័សគ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល។ ក្រសួងបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី២១ ខែមិថុនាថា៖«ដើម្បីចៀសវាងនូវការខាតបង់ប្រាក់កាស និងបង្កឲ្យមានភាពអនាធិបតេយ្យក្នុងសង្គម ដែលធ្វើឲ្យប៉ះពាល់ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលដែលកំពុងចាក់វ៉ាក់សាំងកូវីដ១៩ នៅទូទាំងប្រទេសនោះ ក្រសួងសុខាភិបាលសូមជូនព័ត៌មានដល់សាធារណជនទាំងអស់ ត្រូវឈប់ជឿលើការឃោសនាកុហក បោកប្រាស់ ភូតភរទាំងនោះ ដោយត្រូវបញ្ឈប់ជាបន្ទាន់ការប្រើប្រាស់តេស្តរហ័សរកអង់ទីគ័រការពារជំងឺកូវីដ១៩ គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល ដែលកំពុងផ្សព្វផ្សាយលក់...»។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព បានប្រាប់វីអូអេនៅថ្ងៃសុក្រនេះថាលោកធ្លាប់បានឮប្រជាពលរដ្ឋប្រើប្រាស់តេស្តរហ័ស ដើម្បីពិនិត្យអង់ទីគ័រ ក្រោយចាក់វ៉ាក់សាំងរួចហើយ។ លោកជំរុញឲ្យមានការផ្តល់ព័ត៌មានបន្ថែមដល់ប្រជាពលរដ្ឋ ដើម្បីបង្ហាញទំនុកចិត្តលើការចាក់វ៉ាក់សាំងថាមានប្រសិទ្ធភាព និងអាចផលិតអង់ទីគ័រក្នុងកោសិកាការពារបាន។
ទោះជាយ៉ាងណា លោក យង់ គិមអេង យល់ថាប្រជាពលរដ្ឋមិនទាន់ទទួលបានព័ត៌មានគ្រប់គ្រាន់ទាក់ទងនឹងកម្រិតអង់ទីគ័រ ហើយអ្នកខ្លះ«អាចប្រថុយប្រថាន»ប្រើប្រាស់វ៉ាក់សាំងដូសជំរុញភ្លាមៗ។
លោកថ្លែងថា៖ «ខ្ញុំថាជាការប្រសើរដែលក្រសួងសុខាភិបាលបានបញ្ជាក់ ប៉ុន្តែត្រូវតែផ្តល់ព័ត៌មានបន្ថែមទៀតថាតើក្រសួងធ្វើយ៉ាងម៉េចបានដឹងថាអង់ទីគ័រ វាតិចឬក៏ច្រើន ឈានទៅដល់ការចាក់ដូសជំរុញ អាហ្នឹងជារឿងមួយសំខាន់ដែរ ដើម្បីឲ្យប្រជាពលរដ្ឋហ្នឹង កុំចេះតែដើរទៅធ្វើតេស្តដោយខ្លួនឯង អាចជាការចាញ់បោក អាចជាអីអញ្ចឹងទៅបាទ»។
គិតមកដល់ថ្ងៃទី១២ ខែសីហា កម្ពុជាចាក់វ៉ាក់សាំងដល់ពលរដ្ឋចំនួន៨លាន៧សែននាក់ ដោយប្រើប្រាស់វ៉ាក់សាំង៤ប្រភេទ គឺវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ស៊ីណូហ្វាម (Sinopharm) អាស្រ្តាហ្សេនីកា (AstraZeneca) ដែលប្រើពីរដូស និងចនសុន ចនសុន (Johnson&Johnson) ដែលប្រើតែមួយដូស។ រដ្ឋាភិបាលកម្ពុជាក៏បានសម្រេចឲ្យអ្នកដែលបានចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ និងស៊ីណូហ្វាមពីរដូសរួចហើយ អាចចាក់ដូសជំរុញវ៉ាក់សាំងប្រភេទអាស្រ្តាហ្សេនីកា ប៉ុន្តែត្រូវធានាថាខ្លួនបានចាក់វ៉ាក់សាំងដូសទីពីររួចហើយយ៉ាងតិច៦ខែ។
គួរបញ្ជាក់ថារដ្ឋាភិបាលបានដាក់ផែនការចាក់ដល់ពលរដ្ឋប្រមាណ១៣លាននាក់ក្នុងចំណោមពលរដ្ឋសរុប១៦លាននាក់ ដើម្បីបង្កើតភាពស៊ាំនៅក្នុងសហគមន៍៕