ក្រសួង​សុខាភិបាល​ប្រកាស​ឱ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ក្រោយ​រក​ឃើញ​ជំងឺ​ហ្ស៊ីកា​មួយ​ករណី

រូបឯកសារ៖ ស្ត្រីម្នាក់កំពុងបីចៅ ខណៈដែលមន្ត្រីសុខាភិបាលកំពុងបាញ់ថ្នាំសម្លាប់មូស និងដង្កូវទឹក នៅ​គេហដ្ឋានប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦។

ក្រសួង​សុខាភិបាល​ប្រកាស​ឱ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន និង​អនុវត្ត​តាម​វិធាន​ការ​ណែនាំ​របស់​ក្រសួង ក្រោយ​រក​ឃើញ​ថា​មាន​ករណី​ជំងឺ​ហ្ស៊ីកា​(Zika)​ដែល​ចម្លង​ដោយ​សត្វ​មូស ដែល​កើត​ឡើង​លើ​ក្មេង​ស្រី​ម្នាក់ អាយុ​៧​ឆ្នាំ រស់​នៅ​ក្នុង​ខេត្ត​កំពង់ធំ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ចុះ​ថ្ងៃ​ទី ២៤ ខែ​កញ្ញា ឆ្នាំ​២០២៣។

ក្នុង​គ្រា​ដែល​មានកំណើន​ភ្លៀង និង​សំណើម ដែល​ជា​ស្ថាន​ការណ៍​នាំ​ឱ្យ​មូស​កើត​ច្រើន​ជាង​មុន ក្រសួង​សុខាភិបាល​បាន​រាយការណ៍​ករណី​ជំងឺ​ហ្ស៊ីកា ដែល​កើត​លើ​កុមារី​អាយុ​៧​ឆ្នាំ រស់​នៅ​ភូមិ​ពពេជ ឃុំ​ចុងដូង ស្រុក​បារាយ​ណ៍ ខេត្ត​កំពង់ធំ ដែល​បាន​ចូល​សម្រាក​នៅ​មន្ទីរ​ពេទ្យ​បង្អែក ស្រុក​បារាយណ៍-សន្ទុក កាល​ពី​ថ្ងៃ​ទី១៨ ខែ​កញ្ញា ឆ្នាំ​២០២៣ នៅ​ផ្នែក​សង្គ្រោះ​បន្ទាន់​កុមារ។ កុមារី​មាន​រោគ​សញ្ញា​ក្តៅ​ខ្លួន​ខ្លាំង មាន​ក្អួត និង​រាគ។ បន្ទាប់​ពី​គ្រូ​ពេទ្យ​ព្យាបាល កុមារី​បាន​ធូរ​ស្បើយ លែង​មាន​ក្អួត​ទៀត ហើយ​គ្រូពេទ្យ​បាន​ធ្វើ​តេស្ត​រហ័ស​រក​ជំងឺ​គ្រុន​ឈាម តែ​លទ្ធផល​អវិជ្ជមាន។ នៅ​ថ្ងៃ​ទី១៩ ខែ​កញ្ញា ក្រុម​គ្រូ​ពេទ្យ​បន្ត​យក​វត្ថុ​វិភាគ​និង​បាន​ផ្ញើ​ទៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២៣ បន្ទាប់​មក​លទ្ធផល​បង្ហាញ​នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០២៣ គឺ​វិជ្ជមាន​វីរុស​ហ្ស៊ីកា។

ក្រសួង​សុខាភិបាល​បញ្ជាក់​ថា៖ «វីរុស​ហ្ស៊ីកា​ឆ្លង​មក​មនុស្ស​តាម​រយៈ​មូស​ខ្លា ដែល​មាន​ផ្ទុក​វីរុស​ហ្ស៊ីកា​ខាំ។ ប្រភេទ​មូស​ខ្លា​នេះ គឺ​ដូច​គ្នា​នឹង​មូសខ្លា​ដែល​ផ្ទុក​វីរុស​ជំងឺ​គ្រុន​ឈាម និង​គ្រុន​ឈីក។ ជំងឺ​ហ្ស៊ីកា អាច​ឆ្លង តាម​ការ​រួមភេទ​ជា​មួយ​អ្នក​ដែល​ផ្ទុក​វីរុស​ហ្ស៊ីកា ពី​ព្រោះ​វីរុស​នេះ​មាន​នៅ​ក្នុង​ទឹក​កាម ឈាម ទឹក​នោម ទឹក​ភ្លោះ ទឹកមាត់ ព្រម​ទាំង​សារធាតុ​រាវ រាង្គ​កាយ នៅ​ក្នុង​ខួរក្បាល និង​ខួរ​ឆ្អឹង​ខ្នង។ វីរុស​ហ្ស៊ីកា​ឆ្លង​ពី​ម្តាយ​ទៅ​កូន ក្នុង​អំឡុង​មាន​ផ្ទៃ​ពោះ និង​នៅ​ពេល​សម្រាល»។

លោក ស្រី ស៊ីន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ធំ​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា កុមារី​មាន​ផ្ទុក​ជំងឺ​ហ្ស៊ីកា​ដែល​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក ស្រុក​បារាយ​ណ៍-សន្ទុក មក​ដល់​ពេល​នេះ មាន​ស្ថានភាពធូរស្បើយ​ច្រើន។

លោក​ថ្លែងថា​៖«បាទ​ក្មេង​ស្រី​ដែល​គាត់​សម្រាក​នៅ​ពេទ្យ​បង្អែក​ស្រុក​បារាយ​ណ៍-សន្ទុក ស្ថានភាព​គាត់​ប្រសើរ​ឡើង​ហើយ​ នៅ​សម្រាក​នៅ​មន្ទីរ​ពេទ្យ​ហ្នឹង​ធូរស្រាល​ច្រើន​ហើយ​ អត់​មាន​បញ្ហា​សុខភាព​អី​ធំ​ដុំ​ព្រួយ​បារម្ភ​អី​ទៀត​ទេ​បាទ»។

លោក​ក៏​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់​រូប​គួរ​តែ​ចូល​រួម​ទប់​ស្កាត់​និង​ការពារ​ឱ្យ​បាន​ទៅ​តាម​វិធាន​ការ​ណែនាំ​របស់​ក្រសួង​ ដើម្បី​កុំ​ឱ្យ​មាន​ឆ្លង​នូវ​ជំងឺ​ថ្មី​នេះ។

លោក​ថ្លែង​ថា​៖ «ក្រុម​ការងារ​សុខាភិបាល​យើង​បាន​សហការ​ជា​មួយ​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ដាក់​ថ្នាំ​អាបែត​សម្លាប់​ដង្កូវ​ទឹក​។ ដូច្នេះ​វិធាន​ការ​សម្រាប់​បង​ប្អូន​ប្រជាពលរដ្ឋ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​យ៉ាង​ណា​គឺ​សម្អាត​បរិ​ស្ថាន​ ការពារ​កុំ​ឱ្យ​មូស​ខាំ។ យើង​អន្ត​រាគមន៍​ដូច​ជំងឺ​គ្រុន​ឈាម​អ៊ីចឹង​បាទ។ អ៊ីចឹង​យើង​ការពារ​ទៅ​វា​បាន​ទាំង​ការ​ពារ​ជំងឺ​គ្រុន​ឈាម​ផង​ យើង​កុំ​ឱ្យ​ក្មេងៗ​ទៅ​លេង​កន្លែង​ងងឹត​»។

វីរុស​ជំងឺ​Zika ​ចម្លង​ដោយ​មូស​ខ្លា ដែល​ភាគ​ច្រើន​ខាំ​មនុស្ស​តែ​ក្នុង​ពេល​ថ្ងៃ។ ជំងឺ Zika ក៏​អាច​ឆ្លង​បាន​តាម​រយៈ​ការ​រួមភេទ​រវាង​មនុស្ស​និង​មនុស្ស​ អាច​ឆ្លង​ពី​ម្តាយ​ទៅ​កូន​នៅ​ពេល​ម្តាយ​មាន​ផ្ទៃពោះ។

សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​កម្ពុជា​លើក​ឡើង​ថា​រោគ​សញ្ញា​ទូទៅ​នៃ​ជំងឺ​ហ្ស៊ីកា​មាន​ដូច​ជា​គ្រុន​ក្ដៅ​ស្ទិញៗ និង​កន្ទួល​ក្រហម​លើ​ស្បែក អ្នក​ខ្លះ​ទៀត អាច​នឹង​មាន​ភ្នែក​ឡើង​ក្រហម ឈឺ​សាច់​ដុំ ឈឺ​សន្លាក់ និង​អស់​កម្លាំង ជា​ដើម។ រោគ​សញ្ញា​ទាំង​នេះ ជា​ធម្មតា​អាច​ជា​សះ​ស្បើយ​ក្នុង​រយៈពេល​ពី២​ទៅ៧ថ្ងៃ ហើយ​អត្រា​ស្លាប់​មាន​កម្រិត​តិច​តួច​ណាស់។ គេ​បាន​ប៉ាន់​ប្រមាណ​ថា​៨០%​នៃ​មនុស្ស​ដែល​បាន​ឆ្លង​វីរុស​នេះ មិន​បាន​បង្ហាញ​រោគ​សញ្ញា​អ្វី​ទេ។ មាន​ករណី​តិច​តួច​បំផុត ដែល​អាច​វិវត្ត​ទៅ​ជា​ទន់​ដៃ​ទន់​ជើង ហើយ​បើ​កើត​មាន​លើ​ស្រ្តី​មាន​ផ្ទៃ​ពោះ គឺ​អាច​ទារក​ស្លាប់​ក្នុង​ផ្ទៃ ឬ​ក្បាល​ទារក​អាច​តូច​ជាង​ធម្មតា។

ក្រសួង​សុខាភិបាល​បាន​លើក​ឡើង​ថា​ជំងឺ​ហ្ស៊ីកា​មិន​មាន​ការ​ព្យាបាល​ជាក់​លាក់​ទេ ប៉ុន្តែ​តម្រូវ​ឱ្យ​ផ្ដល់​ការ​ព្យាបាល​គាំទ្រ និង​ថែទាំ​ទៅ​តាម​រោគ​សញ្ញ​អ្នក​ជំងឺ ហើយ​គួរ​សម្រាក​និង​ពិសា​ទឹក​ឱ្យ​បាន​ច្រើន ព្រម​ទាំង​ព្យាបាល​ការ​ឈឺ​ចាប់ និង​គ្រុន​ក្តៅ ដោយ​ប្រើ​ថ្នាំ​បញ្ចុះ​កម្តៅធម្មតា តែ​មិន​តម្រូវ​ឱ្យ​ប្រើ​ថ្នាំ​ផ្សះ​ទេ។ បើ​រោគ​សញ្ញា​កាន់​តែ​ធ្ងន់ធ្ងរ ក្រសួង​សុខាភិបាល​ណែនាំ​ឱ្យស្វែង​រក​ការ​ពិគ្រោះ​ជំងឺ ជា​មួយ​គ្រូពេទ្យ​នៅ​តាម​មណ្ឌល​សុខភាព ឬ​មន្ទីរ​ពេទ្យ​រដ្ឋ ដែល​នៅ​ជិត។ បច្ចុប្បន្ន​មិន​មាន​វ៉ាក់សាំង ដែល​អាច​ប្រើ​សម្រាប់​បង្ការ​ជំងឺ​ហ្ស៊ីកា​នេះ​នៅ​ឡើយ​ទេ។

ក្រសួង​សុខាភិបាល​បន្ថែម​ថា​គូស្វាមី​ភរិយា ឬ​ស្ត្រី​មាន​គម្រោង​មាន​ផ្ទៃ​ពោះ ដែល​ទើប​វិល​ត្រឡប់​មក​ពី​តំបន់​ដែល​ផ្ទុះ ឬ​កំពុង​មាន​ជំងឺ​ហ្ស៊ីកា ត្រូវ​រង់​ចាំ​យ៉ាង​តិច ៦​ខែ មុន​ពេល​ព្យាយាម​មាន​ផ្ទៃ​ពោះ ដើម្បី​ធានា​ថា​គ្មាន​ការ​ឆ្លង​វីរុស​ហ្ស៊ីកា​ទៅ​ទារក​ដែល​នឹង​បង្ក​កំណើត។

គួរ​បញ្ជាក់​ថាជំងឺ​ហ្ស៊ីកា​បាន​កើត​មាន​នៅ​កម្ពុជា ចាប់​តាំង​ពី​ឆ្នាំ​២០០៧ រហូត​ដល់​ឆ្នាំ​២០១៦ មាន​ចំនួន​៨​ករណី​ហើយ​ត្រូវ​បាន​ជា​សះ​ស្បើយ។ នេះ​បើ​តាម​ក្រសួង​សុខាភិបាល៕