ក្រសួងសុខាភិបាលកម្ពុជាបានបង្ហាញការព្រួយបារម្ភចំពោះផលិតផលបារីអេឡិចត្រូនិច ផលិតផលស៊ីហ្សា និងផលិតផលមួយចំនួនទៀត ដែលអាចបង្កផលប៉ះពាល់ដល់សុខភាព និងបង្កគ្រោះថ្នាក់ដល់សង្គម។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា កាលពីថ្ងៃ៣ ខែកុម្ភៈ ឆ្នាំ២០២៤។
សេចក្តីប្រកាសព័ត៌មានបង្ហាញថាកន្លងមកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានហាមឃាត់ការនាំចូល ការជួញដូរ ការធ្វើអាជីវកម្ម និងការប្រើប្រាស់បារីអេឡិចត្រូនិច (E-cigarette) ផលិតផលស៊ីហ្សា (SHISHA) និងផលិតផលអេចឈ៍ ធី ភី (Heated Tobacco Product) ដោយសារផលិតផលទាំងនេះបង្កឱ្យមានផលប៉ះពាល់ដល់សុខភាព និងបណ្តាលឱ្យអ្នកប្រើប្រាស់ងាយទទួលការញៀនដោយសារធាតុញៀនផ្សេងទៀត។ ក្រសួងបញ្ជាក់ថាបារីអេឡិចត្រូនិចមានរូបរាង ទំហំ និងឈ្មោះច្រើនប្រភេទដូចជា E-cigs, Mods, Vape pens ហើយទូទៅត្រូវបានស្គាល់ថា វ៉េបភីង (Vaping)។ ចំហាយបារីអេឡិចត្រូនិចផ្ទុកនូវសារធាតុនីកូទីន ហើយសារធាតុនេះមានគ្រោះថ្នាក់ទៅលើអ្នកប្រើប្រាស់ដូចជា បង្កឱ្យមានភាពញៀនខ្លាំង មានគ្រោះថ្នាក់ដល់គភ៌ ប៉ះពាល់ដល់ខួរក្បាលកុមារនិងក្មេងជំទង់ មានហានិភ័យដល់ការអភិវឌ្ឍខួរក្បាល និងបណ្តាលឱ្យមានជំងឺមហារីកពេលដែលសារធាតុល្អិតៗជ្រាបចូលក្នុងសួត។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ផលិតផលស៊ីហ្សា ឬខ្សៀរទឹក មានច្រើនបែប និងមានបរិមាណជាតិពុលខ្លាំងដែលបណ្តាលឱ្យមានជំងឺ ដូចជាជំងឺផ្លូវដង្ហើម ជំងឺបេះដូង ជំងឺធ្មេញ ទារកកើតមិនគ្រប់ខែ រលាកច្រមុះ ជំងឺមហារីកសួត ក្រពះ និងប្លោកនោមជាដើម។ ចំណែកផលិតផល អេចឈ៍ ធី ភី ជាថ្នាំជក់ មានច្រើនបែប ប្រើជំនួសផលិតផលថ្នាំជក់ធម្មតា ដោយបន្ថែមនូវសារធាតុក្រអូប និងផ្ទុកនូវសារធាតុនីកូទីនដែលបង្កផលប៉ះពាល់ដល់សុខភាពដូចបារីអេឡិចត្រូនិចដែរ។
ក្រសួងសុខាភិបាលបង្ហាញការព្រួយបារម្ភ និងអំពាវនាវដល់យុវជន និងពលរដ្ឋកុំសាកល្បងសូម្បីតែម្តងនូវផលិតផលខាងលើ ព្រោះមានជនឆ្លៀតឱកាសបានផ្សព្វផ្សាយលក់បារីអេឡិចត្រូនិច ស៊ីហ្សា និងផលិតផល អេចឈ៍ ធី ភី តាមរយៈបណ្តាញសង្គមថាជាឧបករណ៍ផ្តាច់ការជក់បារី និងថាជាផលិតផលដែលមានសុវត្ថិភាពជាងបារីធម្មតា ផ្ទុយទៅវិញវាមានផលប៉ះពាល់ដល់សុខភាព និងបង្កគ្រោះថ្នាក់ដល់សង្គម។
គួររំឭកថាបារីអេឡិចត្រូនិចទទួលបានប្រជាប្រិយភាព ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ជាពិសេសក្នុងស្រទាប់យុវជន៕