រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានណែនាំដល់មន្រ្តីថ្នាក់ក្រោមឱ្យធានាការផ្តល់សេវាសុខាភិបាល២៤ម៉ោងនៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនៅតាមឃុំសង្កាត់នៅទូទាំងប្រទេស។
ការណែនាំរបស់រដ្ឋមន្រ្តីសុខាភិបាល លោក ម៉ម ប៊ុនហេង ធ្វើឡើងក្នុងលិខិតមួយច្បាប់ផ្ញើទៅប្រធានមន្ទីរសុខាភិបាលតាមបណ្តាខេត្តទូទាំងប្រទេស ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២។
នៅក្នុងលិខិតនោះ រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានក្រើនរំឭកដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្តឱ្យចាត់វិធានការដល់ការិយាល័យស្រុកប្រតិបត្តិ និងមូលដ្ឋានសុខាភិបាលសាធារណៈទាំងអស់ ត្រូវធានាការផ្តល់សេវា២៤ម៉ោងលើ២៤ម៉ោងជូនប្រជាពលរដ្ឋដែលទៅទទួលសេវា។ លោករដ្ឋមន្រ្តីបញ្ជាក់ថា ក្រសួងបានរកឃើញថា មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពមួយចំនួនមិនបានផ្តល់សេវាថែទាំបានពេញលេញដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានទេ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលបញ្ជាក់ក្នុងលិខិតនោះថា៖ «ក្រសួងបានសង្កេតឃើញមានមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពមួយចំនួនធំបានយកចិត្តទុកដាក់ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋបានល្អប្រសើរ ប៉ុន្តែនៅមានមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពមួយចំនួនតូចនៅមានការខ្វះខាតក្នុងការផ្តល់សេវា២៤ម៉ោងលើ២៤ម៉ោងនៅឡើយ»។
លោករដ្ឋមន្រ្តីសុខាភិបាលក៏បញ្ជាឱ្យមន្ទីរសុខាភិបាលរាជធានីខេត្ត ត្រួតពិនិត្យការអនុវត្តរបស់ការិយាល័យស្រុកប្រតិបត្តិ និងមូលដ្ឋានសុខាភិបាលសាធារណៈឱ្យបានខ្ជាប់ខ្ជួន អំពីបញ្ជីឈ្មោះរបស់បុគ្គលិកយាមប្រចាំការ។ ហើយក្រសួងណែនាំឱ្យបិទផ្សាយបញ្ជីឈ្មោះ និងលេខទូរស័ព្ទរបស់បុគ្គលិកប្រចាំការតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនីមួយៗជាប្រចាំ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា ការចេញលិខិតនេះដើម្បីធានាការអនុវត្តការងារនៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព ឱ្យកាន់តែល្អប្រសើរ និងឱ្យមានប្រសិទ្ធភាព។ លោកបន្ថែមថាការវិវឌ្ឍរបស់សេវាសុខាភិបាល គឺតែងតែមានជានិច្ច ដូចជាការបង្កើនសេវានិងប្រសិទ្ធភាព ឧបករណ៍សម្ភារ និងឱសថសម្រាប់ថែទាំ និងព្យាបាលប្រជាពលរដ្ឋ និងការបណ្តុះបណ្តាលធនធានមនុស្ស។
លោកថ្លែងថា៖ «យើងមានមូលដ្ឋានឧបករណ៍សារវន្ត និងឱសថសារវន្តគ្រប់គ្រាន់សម្រាប់ការងារនេះ។ ហើយយើងបណ្តុះបណ្តាលបន្ថែម ដើម្បីឱ្យធនធានមនុស្សយើងកាន់តែមានភាពប៉ិនប្រសប់។ ហើយការណែនាំនេះគឺរំឭកមិនមែនជាការថ្មីទេ...ហើយយើងរំឭកដើម្បីឱ្យបងប្អូនយើងប្រតិបត្តិឱ្យកាន់តែល្អប្រសើរ កាន់តែមានប្រសិទ្ធភាព»។
ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា នៅក្នុងខេត្តស្វាយរៀងមានមន្ទីរពេទ្យខេត្ត១កន្លែង មន្ទីរពេទ្យបង្អែក៥កន្លែង និងមណ្ឌលសុខភាពចំនួន៤៧កន្លែង ដែលមានបុគ្គលិកសុខាភិបាលជាង៨០០នាក់ ដែលបានផ្លាស់វេនគ្នាជាប្រចាំនៅតាមមណ្ឌលថែទាំសុខភាពនីមួយៗ២៤ម៉ោងលើ២៤ម៉ោង។ លោកបន្ថែមថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ពេទ្យបានផ្តល់សេវាដល់ប្រជាពលរដ្ឋ២៤ម៉ោងលើ២៤ម៉ោង។
លោកបញ្ជាក់ថា៖ «ពីមុនធ្លាប់ថា មានខ្វះចន្លោះខ្លះ។ ប៉ុន្តែប៉ុន្មានឆ្នាំនេះ យើងគិតថា រយៈពេល៥ឆ្នាំមុនហ្នឹង គឺរហូតដល់ពេលនេះ គឺមិនដែលមានមណ្ឌលសុខភាពណា ឬមន្ទីរពេទ្យណាមិនប្រចាំការ២៤ម៉ោងនោះទេ»។
លោកបន្ថែមថា នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព គឺតែងតែផ្លាស់ប្តូរ និងបែងចែងក្រុមគ្រូពេទ្យជា៣វេនជាប្រចាំ ដែលរួមមានក្រុមគ្រូពេទ្យចូលធ្វើការ ក្រុមគ្រូពេទ្យប្រចាំការ និងក្រុមគ្រូពេទ្យចុះយាម។ លោកបញ្ជាក់ថា ក្រុមគ្រូពេទ្យយាមប្រចាំការក៏បានទទួលប្រាក់លើកទឹកចិត្តបន្ថែមពីរដ្ឋាភិបាលផងដែរ នៅពេលបំពេញការងារ។
វិស័យសុខាភិបាលកម្ពុជាត្រូវបានរិះគន់ថា នៅមានភាពទន់ខ្សោយនៅឡើយ ហើយថវិកាជាតិដែលរដ្ឋាភិបាលផ្តល់ដល់វិស័យសុខាភិបាលក្នុងមួយឆ្នាំៗក៏មានចំនួនទាបនៅឡើយ។
ប្រធានសមាគមគ្រូពេទ្យគុណធម៌ លោក អ៊ូច វុទ្ធី យល់ថា ដើម្បីឱ្យការណែនាំក្រើនរំឭករបស់ក្រសួងសុខាភិបាលមានប្រសិទ្ធភាព គឺក្រសួង និងប្រមុខរដ្ឋាភិបាលត្រូវតែលើកទឹកចិត្តដល់គ្រូពេទ្យបន្ថែមទៀត ដើម្បីជាការផ្តល់កម្លាំងចិត្តក្នុងការបំពេញការងារ និងបម្រើសេវាដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន។ លោកបន្ថែមថា ប្រធានមន្ទីរពេទ្យ និងប្រធានមណ្ឌលសុខភាពនីមួយៗក៏ត្រូវតែមានវិធានការតឹងរ៉ឹងផងដែរ ក្នុងករណីគ្រូពេទ្យណាគេចវេះមិនបានយាមប្រចាំការតាមកាលវិភាគ។
លោកថ្លែងថា៖ «យើងត្រូវតែមានការលើកទឹកចិត្តដល់ពួកគាត់[គ្រូពេទ្យ] ទី១ ហៅថា ប្រាក់បន្ថែមប្រចាំថ្ងៃឱ្យគាត់។ ទី២ យើងមានវិញ្ញាបនបត្រដើម្បីលើកសរសើរគាត់ដែលជាគ្រូពេទ្យល្អ គំរូ មានក្រមសីលធម៌ល្អ។ ថ្នាក់ក្រោមជាតិ គួររៀបចំបែបហ្នឹងឱ្យពួកគាត់ ដើម្បីលើកទឹកចិត្តគាត់»។
លោកបន្ថែមថាអ្វីដែលសំខាន់ គឺសម្ភារត្រូវតែផ្តល់ឱ្យបានគ្រប់គ្រាន់ទៅមន្ទីរពេទ្យ និងមណ្ឌលសុខភាព ជាពិសេសក្នុងដំណាក់កាលកូវីដ១៩នេះ។
ចំណែកនាយកវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយកម្ពុជា(API) លោក ឡាំ សុជាតិ កត់សម្គាល់ថា នៅតាមមណ្ឌលសុខភាពមួយចំនួន គឺមិនទាន់មានគ្រូពេទ្យ ថ្នាំ និងសម្ភារគ្រប់គ្រាន់នៅឡើយទេសម្រាប់បម្រើសេវាដល់ប្រជាពលរដ្ឋ២៤ម៉ោងក្នុងមួយថ្ងៃ។ លោកថា ប្រសិនបើក្រសួងសុខាភិបាលចង់ឱ្យមន្ទីរពេទ្យ និងមណ្ឌលសុខភាពបម្រើសេវាបាន២៤ម៉ោង លុះត្រាណាក្រសួងបង្កើនក្របខណ្ឌគ្រូពេទ្យថ្មីឱ្យបានច្រើនទាំងសិស្សពេទ្យរៀនចប់សាលាឯកជន និងសាលារដ្ឋ ហើយត្រូវមានគោលការណ៍លើកទឹកចិត្តគ្រូពេទ្យ និងត្រូវបង្កើនថវិកាក្នុងវិស័យមួយនេះ។
លោកថ្លែងថា៖ «ហើយ[ក្រសួងសុខាភិបាល]លើកទឹកចិត្ត រៀបចំប្រព័ន្ធយ៉ាងម៉េច ដើម្បីឱ្យគាត់[គ្រូពេទ្យ]ទៅធ្វើការ រស់នៅ[តាមមូលដ្ឋាន] មានដី មានផ្ទះ [និង]ជាបុគ្គលិកពេទ្យរស់នៅសមរម្យ ហើយព្យាបាលជំងឺមានវិជ្ជាជីវៈ ហើយមានគុណភាព ហើយមិនឆ្លៀតឱកាសយកពេលវេលាទៅបម្រើឱ្យឯកជនផ្សេងទៀត»។
បើតាមលោក ឡាំ សុជាតិ កត្តាខ្វះគ្រូពេទ្យនៅតាមមណ្ឌលសុខភាពមួយចំនួន ជាពិសេសនៅតាមតំបន់ដាច់ស្រយាល គឺដោយសារគ្រូពេទ្យដែលបញ្ចប់ការសិក្សា មិនចង់ទៅធ្វើការតំបន់ដាច់ស្រយាលទេ ពីព្រោះកត្តាសេដ្ឋកិច្ច ដោយគ្រូពេទ្យទាំងនោះគិតថា នៅតាមទីប្រជុំជន ឬទីរួមខេត្ត អាចឆ្លៀតរកការងារបន្ថែមបាន។
លោកបន្តថា ការណ៍មានមណ្ឌលសុខភាពល្អនៅតាមមូលដ្ឋាននឹងបង្កភាពងាយស្រួលច្រើនដល់ប្រជាពលរដ្ឋក្នុងការទទួលបានសេវាថែទាំ ជាពិសេសពលរដ្ឋដែលក្រីក្រ។
ទោះជាយ៉ាងណា រដ្ឋមន្រ្តីសុខាភិបាល លោក ម៉ម ប៊ុនហេង បញ្ជាក់ថា គ្រូពេទ្យដែលធ្វើការតាមតំបន់ ឬមណ្ឌលសុខភាពដាច់ស្រយាល រដ្ឋាភិបាលបានផ្តល់ប្រាក់ឧបត្ថម្ភដើម្បីលើកទឹកចិត្ត៕