មេបញ្ជាការជាន់ខ្ពស់នៃកងទ័ពសហរដ្ឋអាមេរិក ក្នុងតំបន់ឥណ្ឌូបាស៊ីហ្វិក បានផ្តល់ទស្សនៈដ៏ជាក់ច្បាស់អំពីការប្រឈមដែលកើតចេញពីការកសាងកម្លាំងយោធាចិនក្នុងតំបន់ ដោយលើកឡើងថា ការខ្វះខាតអាវុធយុទ្ធភណ្ឌស្ថិតក្នុងចំណោមវិស័យនានា ដែលសហរដ្ឋអាមេរិកត្រូវពង្រឹង ដើម្បីទប់ទល់ឱ្យមានប្រសិទ្ធភាពទៅនឹងភាពគឃ្លើនរបស់ប្រទេសចិន។
លោកនាយឧត្តមសេនីយ៍ Charles A. Flynn មេបញ្ជាការកងទ័ពជើងគោកតំបន់ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក បានប្រាប់អ្នកចូលរួមក្នុងកិច្ចប្រជុំមួយក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីសប្តាហ៍មុនថា «ខ្ញុំបានតាមដានកងទ័ពជើងគោកចិននិងកងទ័ពរំដោះប្រជាជនចិន PLA ចាប់តាំងពីឆ្នាំ២០១៤មក។លោកបានសម្រាកពីតួនាទីដ៏កម្រនៃបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក ដែលលោកធ្លាប់ធ្វើមេបញ្ជាការនៃកងពលជើងគោកទី២៥ ដែលមានមូលដ្ឋានក្នុងរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក។
លោកឧត្តមសេនីយ៍ Flynn បានពណ៌នាកងកម្លាំងយោធាចិនថាមិនធម្មតា និង«វិវត្តន៍ទៅរកការផ្លាស់ប្តូរជាប្រវត្តិសាស្រ្តមួយ» ដោយកត់សម្គាល់ថា ពួកគេកំពុងហាត់សម អនុវត្ត សាកល្បង ហើយពួកគេកំពុងត្រៀមកម្លាំងដើម្បីធ្វើអ្វីមួយ»។
លោកបានចែករំលែកដល់អ្នកចូលរួមក្នុងកម្មវិធីមួយនាពេលថ្មីៗ របស់វិទ្យាស្ថានសហគា្រសអាមេរិក អំពីការបង្កើនវត្តមាននិងសមត្ថភាពយោធាចិនដ៏រឹងមាំមួយ នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក តាំងពីឆ្នាំ២០១៤ រហូតមកដល់ពេលនេះ ដោយរំលេចឡើងពីការរៀបចំឡើងវិញ និងការរួមបញ្ជូលនូវការធ្វើទំនើបកម្ម ដែលចិនចាប់ផ្តើមធ្វើតាំងពីឆ្នាំ២០១៥មក ក៏ដូចជាការបង្កើតរចនាសម្ពន្ធទីបញ្ជាការដ្ឋានថ្មីជាបន្តបន្ទាប់។
លោក Flynn និយាយថា មកដល់ឆ្នាំ២០១៨ ប្រទេសចិន បានស្ថាបនាកោះសប្បនិមិ្មត្តបំពាក់អាវុធមួយចំនួនក្នុងសមុទ្រចិនខាងត្បូង និងបង្កើនប្រតិបត្តិការរួមគ្នា។ បច្ចុប្បន្ននេះលោកសង្កេតឃើញពីសកម្មភាពដឹកជញ្ជូនសំខាន់ៗជាច្រើនកើនឡើងនៅទីនោះ ដែលគេកំពុងធ្វើគ្រប់សេវាកម្មទាំងអស់ តាំងពីកងកម្លាំងបាញ់គ្រាប់រ៉ុកក្កែត ដល់កម្លាំងគាំទ្រយុទ្ធសាស្ត្រ ដល់ទីអវកាស ប្រព័ន្ធអ៊ីនធឺណិត លើដីនិងលើទឹក» ជាដើម។
លោកឧត្តមសេនីយ៍ Flynn បញ្ជាក់ថា មានរឿង៣នៅពេលនេះដែលចិនមានប្រៀបជាងសហរដ្ឋអាមេរិក។
«ពួកគេកំពុងប្រតិបត្តិការលើអ្វីដែលហៅថាខ្សែបន្ទាត់ខាងក្នុង។ ពួកគេស្ថិតនៅជិតនឹងគោលដៅដ៏សំខាន់ ហើយយើងមិនបាច់ឆ្ងល់ទេរឿងនេះ គឺបញ្ហាតៃវ៉ាន់ និងទឹកដី»។
លោកបន្តថា រឿងទី២ដែលចិនកំពុងមាន គឺចំនួនកងទ័ពច្រើន។
លោក Flynn ពន្យល់បន្ថែមទៀតថា៖ «ហើយជាការពិតរឿងទី៣ ដែលចិនមានច្រើន គឺគ្រាប់រំសេវ។ ចិនមានគ្រប់អាវុធយុទ្ធភណ្ឌច្រើន មានជម្រើសឬយុទ្ធសាស្ត្រច្រើន»។
កងទ័ពរបស់ចិន កំពុងបង្កើតអ្វីដែលលោក Flynn ហៅថា «ជាខ្សែបន្ទាត់ខាងក្នុងរួម» ដើម្បីជំរុញនិងទប់ទល់ទៅនឹងការប្រឆាំងណាមួយ នៃការពង្រីកមូលដ្ឋានយោធាចិន ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
លោក Flynn បញ្ជាក់ទៀតថា ក្នុងចំណោមមូលដ្ឋានសំខាន់ៗដែលចិនមានជាច្រើនកន្លែងក្នុងតំបន់ គឺ វាលយន្តហោះ១២កន្លែង ដែលស្ថិតក្រោមការគ្រប់គ្រងរបស់បញ្ជាការដ្ឋានតំបន់ខាងលិចរបស់ចិន ដែលភាគច្រើនមានទំហំប៉ុនព្រលានយន្តហោះ Dulles » ដោយលោកសំដៅទៅលើព្រលានយន្តហោះអន្តរជាតិដ៏ធំ ក្នុងរដ្ឋ Virgina ក្បែររដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក»។
ទីបញ្ជាការដ្ឋានតំបន់ភាគខាងលិចរបស់ចិន ដែលជាបញ្ជាការដ្ឋានយោធាមួយ ក្នុងចំណោមទីបញ្ជាការយោធាទាំង៥របស់ចិន ដែលត្រូវបង្កើតឡើង ក្រោមការណែនាំរបស់ប្រធានាធិបតីចិនលោក Xi Jinping នោះ ធ្វើប្រតិបត្តិការលើដែនយុត្ថាធិការព្រំដែនរបស់ចិន ជាមួយប្រទេសអាហ្វហ្គានីស្ថាន ប៉ាគីស្ថាន ឥណ្ឌា នេប៉ាល់ និងប្រទេសមីយ៉ាន់ម៉ា។
លោក Flynn បញ្ជាក់ទៀតថា បន្ថែមលើមូលដ្ឋានយោធាខាងលើ រដ្ឋាភិបាលក្រុងប៉េកាំង ក៏បានដកយោធារបស់ខ្លួនចំនួនពីរអង្គភាព ឱ្យទៅឈរជើងនៅតំបន់ «ត្រួតពិនិត្យជាក់ស្តែង Actual Control » ដែលជាចំណុចព្រំដែនរវាងប្រទេសចិននិងប្រទេសឥណ្ឌា បង្កើតវាលចំណតឧទ្ធម្ភាចក្រ និងទីតាំងបាញ់គ្រាប់មីស៊ីលពីដីទៅលើអាកាសជាច្រើនកន្លែង ក៏ដូចជាបិទខ្ទប់តំបន់ទឹកសាប នៅក្នុងតំបន់ទន្លេមេគង្គជាដើម។ ទំនប់ទឹកដែលធ្វើឡើងដោយចិននៅទីតាំងខ្សែទឹកខាងលើក្នុងទឹកដីរបស់ខ្លួន ត្រូវបានក្រុមអ្នកស្រាវជ្រាវនិងស៊ើបអង្កេតពណ៌នាថា បានប៉ះពាល់ដល់ជីវភាពរស់នៅ ក៏ដូចជាបង្កើតនូវកន្លែងរាំងខ្ទប់ផ្លូវទឹកយុទ្ធសាស្ត្រមួយលើដងទន្លេមេគង្គ សម្រាប់ប្រទេសនិងសហគមន៍ដែលរស់នៅខ្សែទឹកខាងក្រោមក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
លោកFlynn ក៏បានកត់សម្គាល់ផងដែរថា ខ្សែបណ្តាញទំនាក់ទំនង ដែលត្រូវបានដាក់កាត់តាមប្រទេសមីយ៉ាន់ម៉ា និងប៉ាគីស្ថាន ដើម្បីងាយស្រួលចូលទៅដល់តំបន់សមុទ្រអូតូម៉ង់ ក៏ជារឿងគួឱ្យព្រួយបារម្ភមួយទៀតដែរ។ លោកបន្ថែមទៀតថា បញ្ហាជនភៀសខ្លួនប្រមាណ១លាន២សែននាក់ ក្នុងប្រទេសបង់ក្លាដែស ក៏ជាការប្រឈមដ៏សំខាន់មួយដែរ «ដែលនេះគ្រាន់តែនៅក្នុងតំបន់អាស៊ីខាងត្បូងមួយប៉ុណ្ណោះ»។
បើតាមលោក Flynn បានឱ្យដឹងថា ស្របពេលដែលតំបន់អាស៊ីអាគ្នេយ៍កំពុងមានទំនោរក្នុងទិសដៅវិជ្ជមានមួយនៃទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងអូសេអានីនោះ ពេលនេះកំពុងទទួលរងការប៉ះពាល់និងបៀតបៀន។ លោកបន្ថែមដូចនេះទៀតថា នៅក្នុងតំបន់នេះ ចិនបានបង្កើតបណ្តាញចូលទៅក្នុងប្រទេសទាំងនោះ តាមរយៈការទាក់ទងសម្របសម្រួលជាមួយឥស្សរជនសំខាន់ៗ។
លោកថ្លែងទៀតថា «ចិនបានប្រើលុយរបស់គេ ដើម្បីជាធ្នាក់នៃអំពើពុករលួយ ដោយទីបំផុតចិនចូលទៅដល់ទីកន្លែងសំខាន់ៗ»។
លោក Flynn បានលើកបង្ហាញពីវិស័យមួយចំនួន ដែលចិនអាចប្រើប្រាស់ដើម្បីចូលទៅដល់ក្នុងទឹកដីនៃតំបន់នោះ ដែលរួមមានការជួយផ្នែកបច្ចេកវិជ្ជា បណ្តាញអគ្គិសនី ឃ្លាំងផ្ទុកសម្ភារៈ ផែចូលចតនាវា ព្រលានយន្តហោះ និងកំពង់ផែជាដើម។
លោក Flynn ក៏បានលើកឈ្មោះប្រទេសមួយចំនួន ដែលឥទ្ធិពលរបស់ចិន កំពុងបង្កការប្រឈមជាពិសេសមួយដែលក្នុងនោះមានប្រទេសគិរីបាទី ដែនកោះ Solomon Islands ដែនដី ប៉ាពូអាស៊ីនូវែលហ្គីណេ ជាដើម។
លោកបញ្ជាក់ថា បើយើងក្រឡេកមើលជុំវិញតំបន់នោះ មានកន្លែងដទៃផ្សេងៗទៀត ដែលភាពតានតឹងបានកើតឡើង។ លោកថា ជាការពិតណាស់ មានសកម្មភាពនៅក្នុងតំបន់សមុទ្រចិនខាងត្បូងនិងខាងកើត និងនៅជុំវិញកោះតៃវ៉ាន់ផងដែរ៕
វ៉ាស៊ីនតោន —