នៅក្នុងប្រទេសឥណ្ឌា មន្ដ្រីថ្នាក់ជាន់ខ្ពស់ដែលរៀបចំកីឡានៃអតីតអនានិគមន៍អង់គ្លេស ឬ Commonwealth Games ដែលមានរឿងចម្រូងចម្រាស កាលពីឆ្នាំមុនបានត្រូវអាជ្ញាធរចាប់ខ្លួនតាមបទប្រព្រិត្ដអំពើពុករលួយ។
អតីតប្រធានគណកម្មាធិការរៀបចំកីឡា ខូមិនវែល Suresh Kalmadi បានត្រូវនាំទៅមន្ទីរឃុំឃាំង នៅថ្ងៃច័ន្ទនេះក្រោយពីបានត្រូវសួរ ចម្លើយដោយប៉ូលិសសហព័ន្ឋ។
ស្រ្ដីអ្នកនាំពាក្យការិយាល័យស៊ើបអង្កេតកណ្ដាល Dharini Mishra ថ្លែងថាលោក កាមាលឌីបានត្រូវចាប់ខ្លនតាមការចោទប្រកាន់ពីបទយោគយល់ឲ្យក្រុមហ៊ុនស្វីស នូវកិច្ចសន្យាកុងត្រាសម្រាប់ការប្រើប្រាស់សម្ភារៈ កត់ពេល និងឲ្យពិន្ទុនៃការប្រកួត។
«គេបានចោទថាមន្ដ្រីនៃគណកម្មាធិការរៀបចំកីឡា បានឃុបឃិតជាមួយតំណាងរបស់ក្រុមហ៊ុនឯកជន នៅក្នុងប្រទេសស្វីស ហើយនិងកិច្ចសន្យាសម្រាប់ឧបករណ៍ផ្ទៀងម៉ោងពិន្ទុក្នុងលទ្ធផលប្រកួត បានត្រូវប្រគល់ទៅឲ្យក្រុមហ៊ុន ដោយមិនមានការប្រកួតដេញតម្លៃពីអ្នកដទៃតាមមធ្យោបាយគ្រោងទុកជាមុន»។
លោកកាមាលឌីបានត្រូវដកចេញពីដំណែង ជាប្រធានគណកម្មាធិការរៀបចំកីឡា ខូមិនវែល កាលពីខែមករា។ លោកជាមន្ដ្រីជាន់ខ្ពស់ទីបី ដែលបានត្រូវចាប់ខ្លួន ពាក់ព័ន្ធនឹងអំពើពុករលួយក្នុងព្រឹត្ដិការណ៍កីឡាដែលប្រព្រឹត្ដធ្វើនៅក្នុងទីក្រុងនិយដែលីកាលពីខែតុលាមុន។
លោក កាមាលឌី ជាអ្នកតាក់តែងច្បាប់មកពីគណបក្សកាន់អំណាច Congress Party បាននិយាយបញ្ជាក់ជាច្រើនដងថាលោកមិនមានកំហុសអ្វីទេ។
កីឡា ខូមិនវែលជាព្រឹត្ដិការណ៍កីឡាដ៏ធំបង្អស់ដែលឥណ្ឌាបានរៀបចំមិនធ្លាប់ធ្វើជាង ៣០ ឆ្នាំមកហើយ ហើយបានត្រូវគេរំពឹងថា នឹងទទួលកិត្ដិយសដល់ប្រទេសនោះដែលបានងើបចេញមុខនៅលើ ឆាកអន្ដរជាតិ។ តែព្រឹត្ដិការណ៍នោះបានក្លាយទៅជារឿងអាម៉ាស់មុខដ៏ធំបំផុតរបស់ប្រទេសជាតិដោយមានការចោទប្រកាន់ពីបទពុករលួយខ្នាតធំធេងការពន្យារពេលនិង ការរៀបចំមិនត្រឹមត្រូវ ហើយនឹងកិច្ចការសំណង់មិនល្អនៃទីកន្លែងប្រកួតបានត្រូវកាសែតចុះនៅក្នុងទំព័រទីមួយ។ព្រិត្ដិការណ៍កីឡានោះចុះសោហ៊ុយប្រាក់៦ពាន់លានដុល្លារ លើសពីថវិកាប៉ាន់ស្មាន។ គេឃើញមានការតវ៉ាថាថវិកាមួយភាគបី បានត្រូវកេងបន្លំ។
គ្រាមានការខឹងសម្បាពីសាធារណជនគណបក្សប្រឆាំងរដ្ឋាភិបាលសន្យាថានឹងធ្វើការស៊ើបអង្កេតមកលើកការចោទប្រកាន់ពីបទពុករលួយ និងដាក់ទណ្ឌកម្មអ្នកទទួលខុសត្រូវ។
ក្រោយពីការចាប់ខ្លួនលោក កាមាលឌី អ្នកនាំពាក្យនៃគណបក្សប្រឆាំងបារាទិយ៉ា ចាណាតា Nirmala Sitharaman ថ្លែងថាការស៊ើបអង្កេតត្រូវធ្វើឡើងឲ្យបានឆាប់រហ័សដើម្បីចាប់ឃុំអ្នកមានកំហុស។
«អ្នកដទៃដែលពាក់ព័ន្ធក្នុងរឿងនេះ ហើយអ្នកខ្លះនៅមិនទាន់ចេញឈ្មោះ រហូតពេលនេះ ជាអ្នកធំ មានឥទ្ធពលដែលដើរតួនាទីនៅក្នុងអំពើពុករលួយនេះ ដែលត្រូវយកទៅឲ្យតុលាការកាត់ក្ដី»។
ការចោទប្រកាន់ពីបទស៊ីសំណូកធំធេងពាក់ព័ន្ធនឹងការរៀបចំកីឡាបាននាំឲ្យមានការផ្ដោតចក្ខុមកលើអំពើពុករលួយក្នុងប្រទេសឥណ្ឌា មានទឹកប្រាក់ច្រើនពាន់លានដុល្លារ។ នៅក្នុងប៉ុន្មានខែថ្មីៗនេះរឿងអាស្រូវដ៏ធំធេងមួយពាក់ព័ន្ធនឹងលទ្ធភាពនៃការបាត់បង់ថវិកាជាតិ ៣៦ ពាន់ លានដុល្លារ ដោយសារតែការលក់ទូរស័ព្ទចល័តទាបជាងតម្លៃក្នុងទីផ្សារ នៅក្នុងប្រព័ន្ធទូរគមនាគមន៍របស់ប្រទេសឥណ្ឌា បានត្រូវកាសែតសរសេរចុះក្នុងទំព័រទីមួយ។
ការចោទប្រកាន់នៃបទប្រព្រឹត្ដអំពើពុករលួយធំធេង បានជំរុញឲ្យរដ្ឋាភិបាលដឹកនាំដោយសភា ប្រុងការពារខ្លួន ហើយដាក់សម្ពាធមកលើរដ្ឋាភិបាលដើម្បីឲ្យអនុម័តមកលើច្បាប់តឹងរ៉ឹងអំពីអំពើពុករលួយ៕
ប្រែសម្រួលដោយ អ៊ូ ធួក