មន្ត្រីសង្ឃនៅវត្តឧណ្ណាលោកមានសង្ឃដីកាថា កុដិដែលត្រូវបានវាយកម្ទេច ហើយកំពុងតែមានភាពចម្រូងចម្រាសក្នុងចំណោមសាធារណជន គឺដើម្បីសាងសង់ចេតិយសម្រាប់សម្តេចសង្ឃ ទេព វង្ស ហើយគណៈកម្មការវត្តក៏មិនដឹងថា កុដិទាំងនោះ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌជាតិរបស់ក្រសួងវប្បធម៌ឡើយ។
ក្រោយមានការវាយកម្ទេចកុដិចំនួនបីនៅក្នុងវត្តឧណ្ណាលោម កាលពីសប្តាហ៍មុន ដើម្បីសាងសង់ចេតិយ ក៏មានប្រតិកម្មនិងការរិះគន់ជាច្រើនពីសាធារណជន ដោយសារតែកុដិទាំងនោះត្រូវបានសាងសង់ជាយូរមកហើយ និងត្រូវបានចាត់ទុកថាជាវត្ថុបុរាណជាតិ។
ព្រះតេជគុណ ស្រី ណារុន ព្រះគូសូត្រឆ្វេងវត្តឧណ្ណាលោម ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា មន្ត្រីនៅក្នុងវត្តឧណ្ណាលោមមិនបានដឹងថា កុដិទាំងនោះត្រូវបានដាក់បញ្ចូលក្នុងបញ្ជីរបស់ក្រសួងវប្បធម៌ឡើយ ដោយសារមិនឯកសារបញ្ជាក់ ខណៈអះអាងថា នៅក្នុងចំណោមកុដិទាំងបីនោះ មានតែមួយប៉ុណ្ណោះដែលមានសភាពចាស់។ ចំណែកពីរទៀតមិនចាស់ឡើយ។ ព្រះអង្គបន្តសង្ឃដីកាថា ការវាយកុដិចោលនេះជាតម្រូវការរបស់វត្ត ដោយសារតែមិនមានទីកន្លែងផ្សេងពីនេះឡើយដើម្បីសង់ចេតិយសម្រាប់សម្តេចសង្ឃទេព វង្ស។
ព្រះអង្គបញ្ជាក់ថា មន្ត្រីសង្ឃវត្តក៏បានពិភាក្សាជាមួយក្រសួងធម្មការនិងសាសនាអំពីបញ្ហានេះផងដែរ មុននឹងវាយកម្ទេចចោល។
តេជគុណ ស្រី ណារុន បញ្ជាក់ថា៖ «អ៊ីចឹងមានការឯកភាពគ្នាជាមួយគណៈសង្ឃៗ និងក្រសួងធម្មការ គាត់បានឯកភាពគ្នាឱ្យគាត់មកសម្រួលទីតាំងដើម្បីធ្វើសំណង់ចេតិយហ្នឹងថ្វាយសម្តេច ដោយសារតែការងារធ្វើសំណង់មិនមែនរបស់អ្នកធ្វើទេ របស់រដ្ឋាភិបាលគាត់ជួយរៀបចំថ្វាយសម្តេច ដោយសារតែលោកមានព្រះជន្ម ៩២ ហើយ លោកគង់នៅលើរទេះ»។
បើតាមព្រះតេជគុណ ស្រី ណារុន មន្ត្រីសង្ឃវត្ត និងអ្នកពាក់ព័ន្ធផ្សេងទៀត កំពុងតែដោះស្រាយជាមួយខាងក្រសួងវប្បធម៌ និងថាមិនទាន់មានការសម្រេចបែបណាមួយទេ។ ព្រះអង្គអះអាងថា ការរុះរើនេះជាការព្រមព្រៀងរបស់សង្ឃនៅក្នុងកុដិ ដែលត្រូវបានវាយកម្ទេច ខណៈព្រះសង្ឃនិងកូនសិស្សរបស់លោកទាំងនោះបាននាំគ្នាចាកចេញទៅស្នាក់នៅកុដិផ្សេងទៀត នៅក្នុងវត្តឧណ្ណាលោម។
ព្រះអង្គមានសង្ឃដីកាថា៖ «អ៊ីចឹងព្រះសង្ឃដែលលោកចេញទៅវិញចេញដោយតុណ្ហីភាព(ភាពពេញចិត្ត)។ លោកអត់មានតវ៉ា តអីទេ។ យើងទុកពេលវេលាឱ្យលោករើសម្ភារៈទៅនៅកន្លែងកុដិផ្សេងៗ ដែលយើងតម្រូវឱ្យលោកនៅ»។
វីអូអេមិនទាន់អាចសុំការបញ្ជាក់ពីលោក សេង សុមុនី អ្នកនាំពាក្យរបស់ក្រសួងធម្មការ និងសាសនាបាននៅឡើយទេ។
ការវាយកម្ទេចកុដិនេះក៏នាំឱ្យមានប្រតិកម្មផងដែរពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ នៅក្នុងលិខិតចុះថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២ ក្រសួងវប្បធម៌បានថ្វាយទៅសម្តេចសង្ឃ ទេព វង្ស ដែលជាគ្រូចៅអធិការវត្តឧណ្ណាលោមថា ក្រសួងមានការសោកស្តាយជាខ្លាំង ដោយហេតុថាកុដិទាំងបីនេះត្រូវបានក្រសួងចាត់ទុកជាសម្បត្តិបេតិកភណ្ឌជាតិ ហើយបានចុះក្នុងបញ្ជីរបស់ក្រសួង កាលពីឆ្នាំ ២០១៧។
បើតាមលិខិតដដែល ការវាយកម្ទេចកុដិចាស់ដែលមានអាយុកាលជាង ៩០ ឆ្នាំមកហើយ ដោយពុំបានពិគ្រោះក៏ដូចជាការអនុញ្ញាតពីក្រសួងវប្បធម៌ ជាការផ្ទុយនឹងច្បាប់ ខណៈស្នើឱ្យបញ្ឈប់ការរុះរើនិងវាយកម្ទេចអគារបុរាណទាំងនេះ៕